ពេជ្រ ជឹម៖ អតីតមេបញ្ជាការទ័ពស្រុកត្រាំកក់ ក្នុងជំនាន់ខ្មែរក្រហម

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)ខ្ញុំ​ឈ្មោះ​ ពេជ្រ ជឹម[1]​​​ ​ភេទ​ប្រុស​ អាយុ​​៨៩​ឆ្នាំ​ ​មាន​ទី​កន្លែង​​កំណើត​​នៅ​ក្នុង​ភូមិ​​ត្រពាំងប្រិយ៍​ ឃុំ​ត្រពាំង​ធំ​ ស្រុក​ត្រាំ​កក់ ខេត្ដ​តាកែវ។​ បច្ចុប្បន្ន ​ខ្ញុំ​រស់​នៅ​ក្នុង​​ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្ដ​ឧត្ដរ​មាន​ជ័យ។​ ខ្ញុំ​បាន​មក​រស់​នៅ​តំបន់​អន្លង់​វែង​​នៅ​ក្នុង​​ឆ្នាំ​​១៩៩១។ ​​

​ខ្ញុំ​បាន​ចូល​រួម​​ក្នុង​ចលនា​​តស៊ូ​​ចាប់​ពី​​ឆ្នាំ​​១៩៥៣មកម្ល៉េះ។​ ខ្ញុំ​បាន​​ចូល​ក្នុង​ចល​នា​​ទាម​ទារ​ឯករាជ្យ​​ជូន​​​​ប្រទេស​ពីសំណាក់​​អាណា​និគម​បារាំង​។​​ ខ្ញុំ​បាន​ចូល​ចលនានេះ ​ស្រប​ពេលជាមួយ​នឹង​​ការ​​បង្កើត​បក្ស​​ប្រជាជន​​​បដិវត្ដន៍​​​ខ្មែរ។ ​​បង​ប្រុស​របស់​ខ្ញុំ​បាន​​​ចូលរួម​​​ក្នុង​ចលនា​នេះ​មុន​ខ្ញុំ ហើយ​​គាត់​​បាន​ប្រាប់​ឲ្យ​ខ្ញុំ​​ចូល​រួម​ក្នុង​ចលនា​តស៊ូ​ជា​សម្ងាត់​នៅក្នុ​ង​ភូមិដែរ។​ ដំបូង​ឡើយ​​​ អ្នក​​ចូល​​រួម​ក្នុង​ចលនា​តស៊ូ​ក្នុង​ឃុំ​របស់​ខ្ញុំ​មាន​ចំនួន​តែ​​២​នាក់​ប៉ុណ្ណោះ។ ​ប៉ុន្ដែ​ក្រោយ​មក​ ម្នាក់​ទៀត​​បាន​ស្លាប់​បាត់​ហើយ​។​​ ​ម្ដាយ​ខ្ញុំ​ត្រូវ​ជា​ម្ដាយ​មីង​របស់​តាម៉ុក។​​ ភូមិ​របស់​តាម៉ុក​ស្ថិត​នៅ​ជាប់​គ្នា​ជា​មួយ​ភូមិ​របស់​ខ្ញុំ​ដែរ។​​ តាម៉ុ​ក​គឺជា​មនុស្ស​​រហ័ស​រហួន​​ ហើយ​ជាអ្នក​​​ធ្លាប់​បួស​រៀនទៀតផង។​ បន្ទាប់​ពី​លា​ចាក​សិក្ខា​​បទ​ តាម៉ុក​​​បាន​​ក្លាយ​ជា​​ដង្ខៅ​ឈើ ​និង​​កសិករ​​ស្ដុក​​ស្ដម្ភ។​​ ខ្ញុំ​បាន​ដឹង​ពី​សកម្មភាព​​សម្ងាត់​ក្នុង​ចលនា​តស៊ូ​​របស់​តាម៉ុក​ជា​យូរ​មក​ហើយ ចាប់​​​តាំង​ពី​ជំនាន់​ខ្មែរ​ឥស្សរៈ​ប្រឆាំង​​ជា​មួយ​​បារាំង​មក​​ម្ល៉េះ។​​

នៅ​ពេល​បារាំង​​បាន​ប្រគល់​ឯករាជ្យ​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​​១៩៥៣ ​សកម្មភាព​នៃ​ចលនា​របស់​យើង​​បាន​ថម​​ថយ​ចុះ ​ហើយ​ជន​បដិវត្ដន៍​​បាន​​រស់​នៅ​​ និង​ប្រកប​មុខ​របរ​​រក​ស៊ី​ដូច​ប្រជាជន​​ធម្មតា។​ ប៉ុន្ដែ ជន​បដិវត្តន៍​ទាំងនោះ​​មិន​បាន​​ផ្ដាច់​ខ្សែ​រយៈ​ ​​ចលនា​នេះ​ឡើយ។​​ ឆ្លង​កាត់​​ការ​ដឹក​នាំ​ដ៏​ពេញ​លេញ​​របស់ស​ម្ដេច​ព្រះ​នរោត្ដម​ សីហនុ​ ក្នុង​សម័យ​​សង្គម​រាស្រ្ដ​និយម​​​ យើង​បាន​​ឃើញ​ពី​ភាព​ប្រសើរ​ឡើង​លើ​គ្រប់​​វិស័យ។​ ​ខ្ញុំ​ផ្ទាល់​បាន​កាន់​​​តួនាទី​ជា​​នាយកសាលា​បឋម​សិក្សា​វត្ដ​អង្គ​គយ ព្រម​ទាំង​​​បាន​​ទទួល​មេដាយ​​ប្រាក់​ពី​ព្រះអង្គ ​នៅ​ពេលដែល​​ព្រះ​អង្គ​យាង​ទៅកាន់​​ខេត្ដ​​តាកែវ។​

ចលនា​តស៊ូ​របស់​ខ្មែរក្រហម​បាន​ធំ​ធាត់​ឡើង​បន្ដិច​ម្ដងៗ​ ​នៅ​តាម​បណ្ដា​​ស្រុក​ស្រែ​ចម្ការ​​ ដើម្បី​ប្រឆាំង​នឹង​សម័យ​​សង្គម​​រាស្រ្ដ​និយម។ ​​ក្រុម​ជាតិ​និយមជ្រុល​ បាន​ងើបឡើង​​ប្រឆាំង​នឹង​​របប​នាយ​ទុន​ និងរបប​សក្ដិ​ភូមិ។​ ​សម្ដេច​ព្រះ​ ​នរោត្ដម​ សីហនុ​ បាន​ទប់​ស្កាត់មិន​ឲ្យ​​ចលនា​​នេះ​ផុស​ផុលឡើយ ហើយ​ក៏​បាន​​​​​ស្ងៀម​ស្ងាត់​ត្រឡប់​ទៅ​វិញ។ ​

រហូត​ដល់​ ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​​១៩៧០​ លន់​ នល់​ បាន​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​​ព្រះអង្គ។​ លន់​ នល់ ​បាន​ចេញ​មុខ​ថា ​ខ្លួន​បាន​ចេញ​មុខ​​ដោះស្រាយ​​​​វិបត្ដិ​នៃការ​​លង់​ខ្លួនជាមួយ​​បរទេសជិតខាង​​​ហើយ​ សម្ដេច​ព្រះ​នរោត្ដម​ សីហ​នុ​ គ្រាន់​តែ​​នៅ​ឲ្យ​ស្ងៀម​ទៅ​បាន​ហើយ​ និង​មិន​បាច់​មាន​សកម្មភាព​​អ្វី​ទាំង​អស់។​​ ដោយសារ​តែ​ភាគ​ច្រើន​ប្រជាជន​​នៅ​តែ​បន្ដ​គាំទ្រ​ សម្ដេច​ព្រះ ​នរោត្ដម ​សីហនុ ​យើងក៏បាន​​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​​នៅ​តាម​បណ្ដា​ខេត្ដ​នានា​។​

​ខ្មែរក្រហម​បាន​ឆ្លៀត​ឱកាស​នេះ​ ដើម្បី​ដុត​ភ្លើងកំហឹង​ឲ្យ​កាន់​តែ​ផ្ទុះ​ឡើង​​ និង​ទាក់​ទាញ​ប្រជាជន​ឲ្យ​ចូល​រួម​ក្នុង​ចលនា​​តស៊ូ​របស់​ខ្លួន​​ថែម​ទៀត។​​ ខ្ញុំ​ជឿ​ជាក់​ថា ​កម្លាំង​ខ្មែរក្រហម​ដែល​រីកដុះដាលខ្លាំងឡើង​ ​បានមកពី​​ការ​រួម​បញ្ចូល​គ្នា​នៃ​ប្រជា​ប្រិយភាព​​របស់​សម្ដេច​​ព្រះ​នរោត្ដម ​សីហនុ។​​ ព្រឹត្ដិការណ៍​​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​​បាន​បណ្ដាល​ឲ្យ​​ប្រជាជន​​ ​និង​កម្លាំង​អ្នក​ស្នេហា​ជាតិ​ជា​ច្រើន​បាន​ពលីកម្ម។ ​ខ្ញុំ​បាន​ឃើញ​ទិដ្ឋភាព​ជន​ទាំង​នោះ​ ស្លាប់​នៅ​ក្នុង​លេណដ្ឋាន​ ​តាមផ្លូវ​ និង​​លូ ដែល​ស្ថិត​នៅ​​ខាង​​លិច​​ផ្សារ​​អង្គ​តា​សោម​ ខេត្ដ​តាកែវ។​​

នៅ​ពេល​នោះ ​ខ្ញុំ​ត្រូវ​បាន​​កង​កម្លាំង​​តស៊ូ​ខ្មែរក្រហម ​​ផ្ដល់​តួនាទី​ជា​មេ​បញ្ជាការ​កង​ទ័ព​ស្រុក​១០៥ ​​ ​ខេត្ដ​តាកែវ​ ដែល​មាន​កម្លាំង​​​ប្រមាណ​៨​ពាន់​នាក់​។​ ខ្ញុំ​បាន​ទទួល​កាំភ្លើង​​គាំទ្រ​ប្រភេទ​១០៤ ​ដើម្បី​វាយ​ប្រ​ហារ​ជា​មួយ​ទាហាន ​លន់ នល់។ ​ខ្ញុំគឺ​ជា​អ្នក​បញ្ជា​កាំភ្លើង​នេះ​ផ្ទាល់។ ការ​បញ្ជា​នៅ​ពេល​នោះ ​គឺការ​​អនុវត្ដន៍​ជាក់​ស្ដែង​តែ​ម្ដង​ ដោយ​មិន​មាន​ជំនាញ​ការ​ណា​មួយ​មក​បណ្ដុះ​បណ្ដាល​យើង​ទេ។​ នៅ​ពេល​នោះ ​យុទ្ធសាស្រ្ដ​បញ្ជា​កងទ័ព​​របស់​យើង​មាន​ភាព​​ស្រួច​ស្រាល់​នៅ​​ឡើយ​។​ យើង​តែង​បើក​ការ​ប្រជុំ​​អំពី​ផែន​ការ​យុទ្ធសាស្រ្ដ​នៅ​តាម​ទីតាំង​ដ៏​សម​ស្រប​មួយ​ ហើយ​ជា​ញឹកញាប់ទៀត​ផង​។​ ការ​ប្រជុំ​​របស់​យើង​ គឺ​មាន​ទិសដៅ​​ប្រមែ ប្រមូល​កម្លាំង​​កង​ទ័ព​​ ​ដើម្បី​វាយ​ប្រហារ​ជាមួយ​ទាហាន ​លន់ ​នល់​ នៅ​ឯ​សមរភូមិ​ និង​​ការ​ផ្លាស់​ប្ដូរ​ផែនការ​​នៅ​​​សមរភូមិ​ណា​មួយ​​ដែល​បរាជ័យ។​ យើង​ត្រូវ​ផ្លាស់​ប្ដូរ​យុទ្ធសាស្រ្ដ​ថ្មី ​ដើម្បី​អនុវត្ដន៍​ឲ្យ​ទទួល​បាន​ជ័​យ​ជម្នះ​ឡើ​ង​វិញ។​​

ក្នុង​ដំណាក់​កាល​ណោះ ​កង​ទ័ព​ ​មាន​សព្វាវុធ​​គ្រប់​ដៃ​ ​ទាំង​ធន់​ធំ​ និង​ធន់​​តូច ​ព្រម​ទាំង​កាំភ្លើង​ប្រភេទដេកា៨២​ដែរ។​​ នៅពេល​យើង​ជួប​ប្រយុទ្ធ​ជាមួយ​​​ទាហាន​ លន់ នល់​ យើង​បាន​ប្រើប្រាស់​យុទ្ធ​សាស្រ្ដ​​រំកិ​ល​ខ្លួន​បន្ដិច​ម្ដងៗ​ និង​ជីក​លេណដ្ឋាន​ដើម្បី​លាក់​ខ្លួន​។​​ ​ចំណុច​ដែល​ខ្ញុំ​មើល​ឃើញ​ថា​​ ខ្មែរក្រហម​អាច​​យក​​ឈ្នះ​ទាហាន​ លន់ នល់​ បាន ​គឺ​ដោយ​សារ​ស្មារតី​​ជាតិ​និយម​​ខ្លាំង​ក្លា ​និង​លេណ​ដ្ឋាន​រឹង​មាំ។​​ កង​ពល​​ទី១ ​ដឹក​នាំ ​ដោយ ​មាស មុត​ និង​កង​ពល​ទី២​ ដឹក​នាំ​ដោ​យ​​ កឺត​ ហៅ​សឿ​ន​ បាន​​ដឹកនាំ​កម្លាំង​ឆ្ពោះ​ទៅ​​ពោធិ៍​ចិន​តុង​​ រហូត​ ​ទទួល​បាន​​ជ័យ​ជម្នះ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​១៩៧៥។​​

នៅ​ពេល​នោះ ​ខ្ញុំ​កង​កម្លាំង​របស់​ខ្ញុំ​មិន​មាន​មុខ​សញ្ញា​ទៅ​កាន់​​ទី​ក្រុង​ភ្នំពេញ​ទេ។​ ខ្ញុំ​កាន់​តួនាទី​ជា​មេបញ្ជាការ​​កង​ទ័ព​​នៅ​ក្នុង​ខេត្ដ​​តាកែវ​ដដែល​។​​ គោល​ដៅ​ដ៏​សំខាន់​របស់​យើង ​គឺ​ការពារ​សមរភូមិ​ដែល​​វាយ​ដណ្តើមបានពីទាហាន​លន់ នល់​។​​ ​បន្ទាប់​ពី​ខ្មែរក្រហម​ទទួល​បាន​ជ័យ​​ជម្នះ​ទាំង​ស្រុង​​នៅ​ទី​ក្រុង​ភ្នំពេញ​ ​ខ្ញុំ​មាន​តួនាទី​ដឹក​នាំ​​ទាំង​កង​ទ័ព​​នៅ​ស្រុក​១០៥ ​(ស្រុក​ត្រាំ​កក់)​ផង ​និង​គ្រប់​គ្រង​ប្រជាជន​ផង។​

ក្រោយ​មក​​ ​កង​កម្លាំង​កង​ទ័ព​ស្រុក​របស់​ខ្ញុំ​ក៏​មាន​ការ​​សង្ស័យ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​បណ្ដាល​ឲ្យ​សមមិត្ដ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន។ ​សម​មិត្ដ​នី  ​គឺ​ជា​តំណាង​របស់​ខ្ញុំ​ផ្ទាល់ ​ត្រូវ​បាន​ថ្នាក់​លើ​ទាម​ទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​ប្រវត្ដិ​មិន​ស្អាត​ស្អំ​ទាក់ទង​នឹង​វណ្ណៈ​អធន។​ ខ្ញុំ​ធ្លាប់​បាន​និយាយ​ការពារ​គាត់ម្ដង​រួច​មក​ហើយ ​ប៉ុន្ដែ​ក្រោយ​មក​ ថ្នាក់​លើ​​នៅ​តែ​សម្រេច​ចិត្ដ​យក​គាត់​ទៅ​​វាយ​ចោល​នៅ​ឯ​មន្ទីរ​ខេត្ដ​កំពត​​ដដែល។​​ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ធ្វើ​​ឲ្យ​កម្លាំង​ខ្មែរក្រហម​​បាន​ថម​ថយ​ និង​ទទួល​បរាជ័យ​ទៅ​វិញ។​​

​ក្រោយ​មក​ ​នៅ​ពេល​កងទ័ព​វៀតណាម​ចូល​ដល់​ទី​ក្រុង​ភ្នំពេញ​ កង​ទ័ព​របស់​យើង​បានបំផ្លាស់ទី​មក​​កាន់​ព្រំដែន​ រហូត​ក្រោយ​​មក​យើង​បាន​មក​ដល់​តំបន់​អន្លង់វែង។​ នៅ​តំបន់​នេះ​ ​ខ្ញុំ​បាន​ជួប​នឹង​តាម៉ុក​យូរៗ​​ម្ដង​នៅ​ពេល​ប្រជុំ​​ផែន​ការ​​កង​ទ័ព។​​ រហូត​ដល់​ពេល​បង្កើត​​គណៈ​កម្មាធិការ​ទី​១៩ ​ខ្ញុំ​ត្រូវ​បាន​​ខ្មែរ​ក្រហម​​​ដក​ឈ្មោះ​ចេញ​មិន​ឲ្យ​ឈរ​ជើង​ ដោយ​សារ​តែ​​ខ្ញុំ​មិន​ចុះ​សម្រុង​ក្នុង​ខ្សែ​សង្វាក់​ដឹក​នាំ​។​​

ខ្ញុំ​បាន​ពិការ​ដៃ​ម្ខាង​​នៅ​ក្នុង​ឆ្នាំ​១៩៩១​ (កាត់​២​ដង)​ ដោយ​សារ​មាន​​កង​កម្លាំង​ក្បត់​បង្កប់​ខ្លួន​បោក​គ្រាប់​បែក​ប្រុង​ធ្វើ​ឃាត​ខ្ញុំ​នៅ​ក្នុង​ព្រៃ ​ប៉ុន្ដែ​មិន​បាន​ជោគ​ជ័យ។​ ខ្ញុំ​រង​របួស​ចំ​ដៃ ​ដើម​ទ្រូង​ ក្រលៀន ​ ​និង​ជង្គង់។​ ចំណែ​ក​ឯ​វ៉ាល់លី​របស់​ខ្ញុំ​បាន​រហែក​ខ្ទេច​ខ្ទី​អស់។ ​ក្រោយ​មក​ កម្លាំង​ក្បត់​ទាំង​ពីរ​នាក់​នោះ ​ត្រូវ​កង​កម្លាំង​ខ្មែរក្រហម​យក​ទៅ​សម្លាប់​ចោល។​​ ខ្ញុំ​យល់​ឃើញ​ថា ​អ្វី​ដែល​ជា​បទ​ពិសោធន៍​​តស៊ូ​របស់​ខ្ញុំ​កន្លង​មក​នេះ​ វា​ជា​ស្មារតី​​តស៊ូ​ដើម្បី​ជាតិ​ និង​​ការ​ឆ្លង​កាត់​​ព្រឹត្ដិការណ៍​ជាតិ​​»៕

អត្ថបទដោយ សួត វិចិត្រ


[1] លី សុខឃាង សម្ភាសន៍ជាមួយ ពេជ្រ ជឹម នៅក្នុងវេទិកាប្រវត្ដិសាស្រ្ដគ្រួសារនៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ដ​​ឧត្ដរ​មានជ័យ នៅក្នុងឆ្នាំ​២០២២។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin