យើងយំក៏មិនអាចជួយបានដែល

គុយ សឹង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ គុយ សឹង អាយុ ៨១ ឆ្នាំ សព្វថ្ងៃករស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ នៅក្រោមរបបខ្មែរ សឹង រស់នៅភូមិព្រះអណ្តូង ខេត្តកំពង់ចាម ជាអ្នកដឹកស្បៀង នឹងសម្ភារ ដូចជាត្រី ប្រហុក និងអង្ករសម្រាប់ចែកចាយតាមកងចល័ត។​ គាត់បានប្រាប់អំពីការហូបចុកមិនគ្រប់គ្រាន់ ដូចជា ពោតស្ងាជាមួយបបរសម្រាប់ហូប។ នាសម័យនោះប្រជាជនខ្មែរជាច្រើននាក់ត្រូវបានបាត់បង់ជីវិត ជាក់ស្តែង គីឡូលេខ ៧ បែកអន្លង់ មានការសម្លាប់មនុស្សជារៀងរាល់ថ្ងៃ គុយ សឹងបាននិយាយថា “យើងឃើញគេវាយហើយយើងយំក៏មិនអាចជួយបានដែល….ក្មេងតូចៗជាអ្នកវាយដំ ធ្វើបាប”។

គុយ សឹង យល់ឃើញថាការកាត់ទោសមេដឹកនាំខ្មែរក្រហម នៅមិនទាន់ពេញចិត្តនូវឡើយសម្រាប់រូបលោក។ ចំណុចទី ១ គឺ ដោយសារការសម្លាប់នាសម័យនោះមានសភាពឃោរឃៅខ្លាំង ទី ២ ការមិនបានតាមដាននូវដំណើរការកាត់ទោស ដោយគាត់លើកឡើងថា “គ្មានបានផ្តល់អ្វីទេចៅអើយ……យើងគ្រាន់តែដឹងថាខ្មែរក្រហមត្រូវបានកាត់ទោស…..យើងមិនសូវបានដឹងដោយពុំមានវិទ្យុស្តាប់​ មិនបានតាមដាន”។ ការមិនបានដឹងព័ត៌មានគ្រប់ជ្រុងជ្រោយនៃដំណើរការកាត់ទោសនៃមេដឹកនាំខ្មែរក្រហម ជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលធ្វើឲ្យអ្នករស់រានមានជីវិតដូចលោកតា គុយ សឹង មិនទាន់ពេញចិត្ត និងយល់ឃើញថាយុត្តិធម៌នៅឡើយសម្រាប់រូបលោក។

ការអប់រំ និងការរៀបចំទីកន្លែងសម្រាប់ស្រាវជ្រាវ ចងក្រង ឯកសារសម្រាប់អ្នកជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហមជាការបង្ហាញឲ្យដឹងពីការពិត និងមូលហេតុនៅពីក្រោយឆាកជីវិត គុយ សឹង។ គុយ សឹង បានជួបប្រទះការលំបាកដោយសារការមិនបានសិក្សារៀនសូត្រនាសម័យខ្មែរក្រហម ដែលជះឥទិ្ធពលដល់ការរស់នៅ ជីវភាព នឹងសុខភាពរបស់គាត់៕

សម្ភាសន៍ដោយ កាត សារ៉ាត់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin