ប្តីជាទាហាន លន់ នល់ ត្រូវបានសម្លាប់

​ឆេង ឌឿក រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង

(ខេត្តព្រៃវែង) ឆេង ឌឿក មានអាយុ៧៣ឆ្នាំ និង​រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឌឿក មានឪពុកឈ្មោះ ខឹម​ ឆេង និងម្ដាយឈ្មោះ ជា លន់។ ឌឿក បានរៀបការក្នុងរបប លន់ នល់ ជាមួយប្តីដែលជាទាហាន និងត្រូវ​បានខ្មែរក្រហមចាប់យកទៅសម្លាប់ភ្លាមៗពេលរបប​ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃ គាត់ប្រកបរបរលក់ដូរបន្តិចបន្តួច និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតជាមួយកូន។

ឌឿក បានរៀបរាប់ពីរឿងរ៉ាវជីវិតក្នុងនាមជាស្រ្តីមេម៉ាយនៅរបបខ្មែរក្រហមថា ក្នុងរបប លន់ នល់ គាត់រស់នៅទីក្រុងភ្នំពេញ​មានជីវភាពធូរធារ ដោយប្តីបម្រើការងារជាទាហាន លន់ នល់។ នៅពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្តីរបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់ក្នុងព្រឹត្តិការណ៍បោសសម្អាតអតីតទាហាន និងអ្នករដ្ឋការរបបចាស់ ហើយ ឌឿក និងកូន ត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីទីក្រុងភ្នំពេញ។ នៅពេលនោះដោយសារស្ថានភាពជ្រួលច្របល់​ខ្លាំង គាត់មិនអាចជ្រើសរើសទីកន្លែងដែលត្រូវជម្លៀសទៅបានទេ។ ឌឿក និងកូន ត្រូវបានខ្មែរក្រហម​បង្ខំឲ្យចេញពីភ្នំពេញតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់តំបន់អារ៉ែង ខេត្តពោធិ៍សាត់។ ពេលទៅដល់ ឌឿក និងកូន ត្រូវបានកងឈ្លបខ្មែរក្រហមកំណត់ឲ្យរស់នៅដាច់ដោយឡែកពី «ប្រជាជនចាស់ ឬប្រជាជនមូលដ្ឋាន»។ កងឈ្លបខ្មែរក្រហម បានចាត់ទុក ឌឿក, កូន និងប្រជាជនជម្លៀសថា «ប្រជាជន១៧មេសា ឬប្រជាជនថ្មី»។ ការរស់នៅ និងធ្វើការនៅទីនោះ មានការលំបាកខ្លាំង ព្រោះគាត់​ត្រូវប្រជាជនចាស់រើសអើង និងកងឈ្លបខ្មែរក្រហមតាមដាន។ ឌឿក ខ្លាចគេធ្វើបាបបានខិតខំធ្វើការមិនហ៊ានសម្រាក។ របបអាហាររបស់ ឌឿក មានតែបបររាវៗពីរពេលក្នុងមួយថ្ងៃ ទោះបីជារបបអាហារមិនគ្រប់គ្រាន់ក៏គាត់​មិនហ៊ានតវ៉ា ឬលួចរបស់របរអង្គការហូបបន្ថែមនោះទេ។ ឌឿក និយាយថាការងាររបស់គាត់ និងប្រជាជនថ្មីត្រូវធ្វើរួមមាន ជីកប្រឡាយ, លើកទំនប់ ដែលមានជម្រៅស្ទើរប្រហែលកម្ពស់ចុងត្នោត។ នៅរដូវវស្សា ឌឿក ត្រូវទៅទប់ទឹកស្ទឹង ដើម្បីកុំឲ្យលិចទិន្នផលស្រូវ និងធ្វើស្រែនៅក្នុងក្រុមពិសេសដែលខ្មែរក្រហមកំណត់ថាជាកម្លាំងស្នូលរបស់សហករណ៍។ ប្រជាជនបួន ទៅប្រាំពីរនាក់ ក្នុងក្រុមពិសេសត្រូវបង្កបង្កើនទិន្នផលស្រូវទំហំ១ហិកតា។ ប្រសិនបើមិនសម្រេចតាមផែនការទេ អង្គការនឹងផ្តាច់របបអាហារ និងធ្វើទារុណកម្មដោយវាយនឹងខ្សែតី។ ចំណែកកូនរបស់ ឌឿក ត្រូវរស់នៅក្នុងកងកុមារ។

ក្រោយមក កងឈ្លបខ្មែរក្រហមបានបន្តជម្លៀស ឌឿក និងកូន ទៅស្រុកបាកានក្រោម (បច្ចុប្បន្នស្រុកបាកាន) ខេត្តពោធិ៍សាត់។ នៅទីនោះ​ ឌឿក ត្រូវរស់នៅជាមួយក្រុមទាហានខ្មែរក្រហម ហើយទាហានខ្មែរក្រហមទាំងនោះបានប្រើ ឌឿក ឲ្យជញ្ជូនកណ្តាប់ និងស្ទូងស្រូវ។ នៅសហករណ៍បាកាន អាហារមានការខ្វះខាតខ្លាំងជាងនៅអារ៉ែង។ ប្រជាជនដែលមិនអាចទ្រាំនឹងសេចក្តីស្រេកឃ្លានបាន បានទៅលួចរបស់របរហូប និងត្រូវអង្គការចាប់ទៅសម្លាប់ក៏មានដែរ។ ចំណែក ឌឿក វិញ នៅពេលស្ទូងស្រូវ គាត់បានលួចលាក់ចាប់ក្តាមហូប។ ឌឿក រស់នៅស្រុកបាកាន រហូតដល់របបខ្មែរក្រហមដួលរលំ និងបានធ្វើដំណើរដោយថ្មើរជើងត្រលប់​មករស់នៅស្រុកកំណើតភូមិពាយនាយ ជាមួយកូនរហូតដល់សព្វថ្ងៃ។

ស្ថានភាពសុខភាពរបស់ ឌឿក មិនសូវជាល្អទេដោយសារតែអាយុ និងការធ្លាប់ធ្វើការងារច្រើនក្នុងរបបខ្មែរក្រហម។ ឌឿក មានជំងឺលើសឈាម និង ជំងឺងងឹតភ្នែក ដោយសារភ្នែកឡើងបាយ។ គាត់បានទៅទទួលការព្យាបាលនៅមណ្ឌលសុខភាព៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin