យិន យន់ រៀបរាប់ពីការចងចាំក្នុងការចូលជាទាហានតស៊ូ រហូតដល់ខ្មែរក្រហមបានដួលរលំ

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

យិន យន់[[1]] មានអាយុ ៥៧ (គិតត្រឹមឆ្នាំ ២០០២) មានស្រុកកំណើតនៅភូមិកោះថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យន់ មានឪពុកឈ្មោះ យិន យាន់ បានស្លាប់ដោយសារជំងឺ និងមានមា្តយឈ្មោះ សួន ណាន។ យន់ គឺជាកូនទី២​ក្នុងចំណាមបងប្អូន៣នាក់ដែលបងមានឈ្មោះ យិន មាច និងប្អូនមានឈ្មោះយិនណយ។ នៅក្រោយពេលមានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម
សីហនុ នៅថ្ងៃទី១៨​​ ខែមីនា ឆ្នាំ១៩៧០​, សម្តេចព្រះនរោត្តម សីហនុ បានធ្វើសេចក្តីប្រកាសមួយពីទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីឲ្យប្រជាជនដែលស្រឡាញ់ និងគាំទ្រព្រអង្គ ចូលរួមចលនាតស៊ូទាមទារអំណាចជូនព្រះអង្គវិញ។ ឆ្លៀតឱកាសនេះផងដែរ កងទ័ពខ្មែរក្រហម ដែលជាចលនាប្រឆាំងនឹងរបបចក្រពតិ្តផងនេះ បានចូលទៅតាមភូមិស្រុកនានានៅតាមខេត្តទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើការបញ្ចុះបញ្ចូលប្រជាជនឲ្យ រត់ចូលព្រៃធ្វើជាទាហាន ក្នុងចលនាតស៊ូរបស់ខ្លួន​ ដោយក្រោមហេតុផលថា តស៊ូដើម្បីទាមទារអំណាចថ្វាយសម្តេចព្រះនរោត្តម សីហនុ វិញ។

ដោយសារ គោលនយោបាយ ឃោសនាប្រជាជននៅតាមភូមិនេះ ទើបនៅអំឡុងឆ្នាំ១៩៧០នោះ យន់ ក៏បានរត់ចូលព្រៃជាមួយអ្នកភូមិ៣ ៤នាក់ផ្សេងទៀត បាននាំគាត់រត់ចូលព្រៃនៅខាងជើងភូមិ ដែលអ្នកស្រុកហៅឈ្មោះថា តាស្រក់ ស្ថិតនៅក្នុងស្រុកកំពង់សៀមដែរ។ ពេលដែលបានចូលទៅដល់ក្នុងព្រៃហើយ យន់ និងអ្នកភូមិរួមជាមួយប្រជាជនផ្សេងទៀត ត្រូវបានខ្មែរក្រហមចាប់តាំងឱ្យធ្វើជាទាហាន រួចខ្មែរក្រហមក៏បានបន្ដបញ្ជូន​ យន់ និងអ្នកភូមិផ្សេងទៅប្រយុទ្ធតតាំងជាមួយកងសាធារណរដ្ឋខ្មែរ នៅក្នុងខេត្តកំពង់ធំ។ នៅពេលដែលបញ្ជូនទៅកាន់ខេត្តកំពង់ធំ យន់ មិនត្រូវបានជ្រើសរើសឱ្យទៅធ្វើការប្រយុទ្ធ ជាទាហានជួរមុខនោះ ដោយត្រូវបានខ្មែរក្រហមឱ្យធ្វើជាអ្នកដាំ និងជញ្ជូនបាយឱ្យកងទ័ព និងជិតសមរភូមិ និងនៅជិតខ្សែត្រៀមជាដើម។

នៅពេលដែលខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យន់ បានក៏ក្លាយជាកងទ័ពដែលវាយចូលកាន់កាប់ទីក្រុងភ្នំពេញ។ យប់ បានចូលជាទាហានត្រៀមធ្វើការប្រយុទ្ធតាំងពីឆ្នាំ ១៩៧៤ មកដោយមានមេកងឈ្មោះ ដាំ ផេង ជាអ្នកគ្រប់គ្រង។ ក្រោយទទួលបានជ័យជម្នះ ក្នុងឆ្នាំ ១៩៧៥ យន់ បានត្រឡប់មកលេងផ្ទះជួបម្តាយរបស់ខ្លួនបានម្ដងផងដែរ តែមិនបានជួបបងប្អូននោះទេ។ ខ្មែរក្រហមនៅតែបន្តស្រាវជ្រាវរកអ្នកមានចំណេះដឹង, ចំណេះខាងនយោបាយ និងខាងទ្រឹស្ដី ដែលធ្វើឱ្យធ្វើទាហានបានដូរកន្លែងធ្វើការជាច្រើនលើកច្រើនសារ។

រហូតដល់ឆ្នាំ ១៩៧៧ យន់ ត្រូវបានខ្មែរក្រហមបញ្ជូនបន្តទៅខេត្តកំពង់ឆ្នាំង ដោយចូលជាកម្លាំងក្នុងការកសាងប្រលានយន្តហោះ ។ ការងារកសាងប្រលានយន្តហោះនៅក្នុងខេត្តកំពង់ឆ្នាំង ជាការងារមួយមានភាពលំបាក មិនខុសពីកន្លែងធ្វើការផ្សេងៗ ទៀតនោះទេ។ យន់ ត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការមិនមានពេលសម្រាក ដោយត្រូវធ្វើការតាំងពីព្រឹកព្រលឹម រហូតដល់ ម៉ោង៩ ១០យប់ទើបបានសម្រាក ឯការហូបចុកវិញក៏ មិន គ្រប់គ្រាន់ដែល។ យន់ បានរងនូវទុក្ខលំបាក និងការបង្ខំឱ្យធ្វើការនៅការដ្ឋានប្រលានយន្តហោះខេត្តកំពង់ឆ្នាំង រហូតដល់ឆ្នាំ ១៩៧៩។

នៅខេត្តកំពង់ឆ្នាំង ដើម្បីកសាងប្រលានយន្តហោះ យន់ ត្រូវបានខ្មែរក្រហម សម្រេចឱ្យរៀបការជាមួយស្ត្រីម្នាក់ដែលខ្លួនមិនដែលស្គាល់ពីមុនមក តែដោយសារមានការជម្លៀសប្រជាជន ស្រ្តីដែលនឹងត្រូវរៀបការជាមួយ យន់ នោះក៏ត្រូវបានខ្មែរក្រហមជម្លៀសចេញទៅខេត្តបាត់ដំបងបាត់ទៅ។

នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន នៅដើមខែមករា ឆ្នាំ១៩៧៩។[[2]] យន់​ បានយល់ឃើញថា ការចូលព្រៃម៉ាគី ជាមួយកងទ័ពខ្មែរក្រហម ជាការដែលប្រជាជន និងខ្លួនផ្ទាល់មិនបានដឹងថា នឹងមានរបបប្រល័យពូជសាសន៍កើតឡើង បើខ្លួន និងប្រជាជនបានដឹងមុននោះ យន់ ជឿថានឹងមិនមានអ្នកណាចូលទៅតស៊ូជាមួយក្រុមខ្មែរក្រហមនោះទេ។ នៅពេលដែលនឹងឃើញពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម យន់ ចងចាំជាងគេគឺការបង្ខំឱ្យធ្វើការហួសកម្លាំង មិនមានការសម្រាក និងការហូបចុកគ្រាប់គ្រាន់។

អត្ថបទដោយ លី ដេវីត


[[1]] ឯកសារKCI0055, បទសម្ភាសន៍ យិន យន់ នៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០២ សម្ភាសន៍ដោយ ជួន សុភារិទ្ធ,​ បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[[2]] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin