ណុប សរ៖ អតីត ទាហាន និងអ្នកសិល្បៈ ឬជាកម្មករ ចំណតយន្តហោះ និងរថភ្លើង

មានឯកសារពីរប្រភព ដែលនិយាយខុសគ្នាអំពីការងាររបស់ឈ្មោះ ណុប សរ។ នៅក្នុងឯកសារលេខ K06485 ដែលសរសេរដោយដៃចំនួន២ទំព័របានបង្ហាញថា៖ បន្ទាប់ពី សរ ឈប់រៀនគាត់ចូលទៅធ្វើការងារជាកម្មកររថភ្លើង ហើយក្រោយមក ធ្វើការងារជាកម្មករចំណតយន្តហោះ និងធ្លាប់ធ្វើដំណើរទៅប្រទេសឡាវ និងប្រទេសថៃ។ តាមសម្ដីរបស់ ង៉ែត សុខ ជាប្អូនស្រីបង្កើតរបស់ សរ បានឲ្យដឹងថា បន្ទាប់ពីឈប់រៀន សរ ចូលទៅធ្វើជាទាហាន លន់ នល់ និងក្រោយមកចូលធ្វើជាតួសម្ដែងខ្សែភាពយន្ត។ បើមើលទៅលើឯកសារទាំងពីរ យើងឃើញថាមានភាពខុសគ្នាទាំងស្រុងទៅលើប្រវត្តិរូបរបស់ ណុប សរ ប៉ុន្តែយើងមិនអាចសន្និដ្ឋានបានថា ឯកសារមួយណាពិតប្រាកដនោះទេ ព្រោះម្ចាស់ប្រវត្តិរូបបានបាត់ខ្លួន។ ខាងក្រោមនេះគឺជាប្រវត្តិរូបខ្លះៗរបស់ សរ ដែលបានយកចេញពីឯកសារ និងការរៀបរាប់របស់ប្អូនស្រី៖
សរ ហៅ ចាវីន និងហៅង៉ែត ង៉ែម[1] អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ សរ មានឪពុកឈ្មោះ ណុប ង៉ែត ហើយម្ដាយឈ្មោះ ស្មុល សក់ និងមានបងប្អូនចំនួន៥នាក់ឈ្មោះ ណុប ង៉ែត, ណុប សុន, ណុប សុក, ណុប នាវ និង ណុប សាណែម។ ឪពុកក្មេករបស់សរ ឈ្មោះ ម៉ាន ម៉ាក់ឡែន ហើយម្ដាយក្មេកឈ្មោះ ណាំង វីសាន មានស្រុកកំណើតនៅឡាវ និងប្រកបរបរធ្វើជំនួញនៅឡាវ។
នៅឆ្នាំ១៩៦៦ សរ រៀនដល់ថ្នាក់ទី៥ នៅវិទ្យាល័យសន្ធមុខ ខេត្តតាកែវ។ បន្ទាប់ពីឈប់រៀន សរ ចូលធ្វើការងារជាកម្មកររថភ្លើង និងជាកីឡាករ រហូតដល់ឆ្នាំ១៩៦៩។ នៅឆ្នាំ១៩៧០ សរ បានចេញទៅប្រទេសឡាវ ដើម្បីរៀនអង្គុលីលេខ។ នៅឆ្នាំ១៩៧១ សរ ចូលធ្វើការងារជាកម្មករព្រលានយន្តហោះនៅប្រទេសថៃ រហូតដល់ឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៤ សរ ត្រលប់ទៅប្រទេសឡាវ សុំធ្វើការនៅព្រលានយន្តហោះ ឡាវអេឡាយ។ នៅខែមីនា ឆ្នាំ១៩៧៥ សរ បានត្រលប់ចូលប្រទេសកម្ពុជាវិញ និងធ្វើការងារក្នុងក្រុមហ៊ុនយន្តហោះ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការបានជម្លៀស សរ ឲ្យទៅភូមិព្រៃស្គារ ឃុំពោធិ៍អង្គ្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៦ សរ បានធ្វើដំណើរទៅសុំសំបុត្រអង្គការនៅត្រាំខ្នារ ប៉ុន្តែត្រូវបានអង្គការឃាត់ខ្លួននៅភូមិព្រៃស្លែង នៅថ្ងៃបន្ទាប់។ អង្គការចាប់ខ្លួន សរ ដោយសារគាត់ចង់រត់ទៅប្រទេសឡាវ។
ង៉ែត សុខ[2] អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មី ឃុំរកាក្រៅ ស្រុកក្រាំកក់ ខេត្តតាកែវ។ សុខ មានម្ដាយឈ្មោះ ប៉ុល សាក់ ហើយឪពុកឈ្មោះ ណុប ង៉ែត និងមានបងប្អូន៥នាក់។ សុខ គឺជាប្អូនស្រីបង្កើតរបស់ឈ្មោះ ណុប សរ។ សុខ បានរៀបរាប់ថា៖ កាលពីកុមារ សរ បានឈប់រៀនត្រឹមថ្នាក់ឌីប្លូម។ បន្ទាប់ពីឈប់រៀន សរ បានសុំម្ដាយឪពុកទៅធ្វើជាទាហាន ដើម្បីរកប្រាក់មកផ្គត់ផ្ដង់គ្រួសារ។ សរ ចូលធ្វើជាទាហានដំបូងនៅឆ្នាំ១៩៦៧ និងប្រចាំការនៅត្រាំខ្នា។ ក្រោយមក សរ បានពាក់ស័ក្ដិ២ និងបានផ្លាស់ប្ដូរទៅនៅទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញ សរ បានជួលផ្ទះថ្មមួយនៅផ្លូវសុកហុក ដើម្បីឲ្យគ្រួសារស្នាក់នៅ។ នៅឆ្នាំ១៩៧៣ សរ បានចូលសិល្បៈ លេងកុន បន្ថែមទៀត ដើម្បីយកប្រាក់ចិញ្ចឹមឪពុកម្ដាយ និងបងប្អូនទាំងអស់ រួមទាំងអ្នកមានគ្រួសារ៣នាក់ ព្រោះនៅភូមិមានសង្គ្រាម។ ពេលចូលសិល្បៈ សរ បានប្ដូរឈ្មោះពី ណុប សរ ទៅជា ណុប ង៉ានវិញ។
សុខ បានរៀបរាប់បន្តថា សរ បានចូលសិល្បៈ ដោយសារតែបានការណែនាំរបស់ឈ្មោះ គង់ សំអឿន និងឈ្មោះ ណុប ណែម ដែលជាអ្នកសិល្បៈធ្លាប់សម្ដែងរឿងពីមុន។ សរ បានស្គាល់ សំអឿន និងណែម នៅពេលចូលរួមពិធីមង្គលការ និងចាប់ផ្ដើមរាប់អានគ្នាបន្តបន្ទាប់។ ក្រោយមក សំអឿន បានបង្រៀន សរ ឲ្យចេះដើរតួ ទើបបានចូលសម្ដែងរឿងជាមួយគាត់។ សុខ បានឲ្យដឹងថា កុនដែល សំអឿន និងសរ ធ្លាប់លេងជាមួយគ្នាមានចំនួន៧រឿង ប៉ុន្តែគាត់ចាំចំណងជើងបាន៤រឿងគឺ ប៉ាអាសូរម៉ាក់ផង, ក្រមុំប៉េងបោះ កំឡោះត្រីអាំង និងហីងយំក្រមុំផ្អើល។ នៅក្នុងសាច់រឿង សំអឿន ធ្វើជាតួឯក ហើយ សរ ធ្វើជាតួរង។
នៅទីក្រុងភ្នំពេញ សរ មានគូដណ្ដឹងម្នាក់ឈ្មោះ ហ៊ាន ហៅអូ រស់នៅជាមួយបងស្រី។ សរ និងគូដណ្ដឹង មិនបានរៀបការនោះទេ ដោយសារតែខ្មែរក្រហមចូលគ្រប់គ្រងទីក្រុងភ្នំពេញជាមុន និងបានបែកគ្នាចាប់ពីពេលនោះ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនចេញពីទីក្រុង ទៅជនបទ។ គ្រួសាររបស់ សរ បានជម្លៀសមកភូមិព្រៃស្កៀរ ខេត្តកំពង់ស្ពឺ។ ពេលមកដល់ភូមិ បងប្អូនរបស់សរ ដែលមានគ្រួសាររស់នៅផ្ទះជិតម្ដាយឪពុក។ ចំពោះ សរ រស់នៅជាមួយឪពុកម្ដាយ និងប្អូនពៅម្នាក់ដែលមិនទាន់រៀបការ។
សុខ បានឲ្យដឹងទៀតថា នៅពេលទៅដល់ដំបូង អង្គការបានហៅ សរ និងក្រុមគ្រួសារទៅសួរប្រវត្តិរូប។ នៅពេលសាកសួរ សរ បានប្រាប់ទៅអង្គការថាគាត់ជាអ្នកកីឡា ប៉ុន្តែអង្គការមិនជឿ និងបានដកពិសោធន៍គាត់ឲ្យទៅធ្វើការងារ ដក ស្ទូង ជាមួយមិត្តនារី។ អង្គការបានកំណត់ឲ្យ សរ ដកសំណាបឲ្យបាន៥ផ្លូនក្នុងមួយថ្ងៃ ប៉ុន្តែគាត់ដករួចរាល់ត្រឹមមួយព្រឹក ហើយយកទៅស្ទូងក្នុងស្រែបានស្អាតបន្ថែមទៀត។ សួន និយាយថា មុនពេល សរទៅធ្វើជាទាហាន គាត់ធ្លាប់ធ្វើស្រែពីមុនមក ហេតុនេះហើយបានជាគាត់អាចធ្វើឲ្យអង្គការជឿបាន។ ក្រៅពីនេះ ប្រធានសហករណ៍បានឲ្យកង់ទៅ សរ មួយសម្រាប់ដឹងអង្ករពីកន្លែងផ្សេងយកដាក់ក្នុងសហករណ៍។
នៅយប់មួយ កម្មាភិបាលខ្មែរក្រហមបានមកហៅ សរ ឲ្យទៅដឹកអង្ករទាំងយប់។ នៅពេលដែល សរ ចេញទៅ ម្ដាយនិងសុខ មិនហ៊ានឃាត់នោះទេ គឺបានត្រឹមតែចាំផ្លូវគាត់ត្រលប់មកផ្ទះវិញ។ ក្រោយមក សុខ បានឮដំណឹងពីអ្នកមូលដ្ឋានថា អង្គការបានចាប់ សរ នៅត្រង់ថ្នល់បត់ ហើយខ្លះទៀតថានៅវត្តស្លែង។ ពេលឮដូច្នេះ សុខ និងម្ដាយ មិនហ៊ានយំនោះទេ ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។ ម្ដាយរបស់សរ និយាយថា សក់អ្នកណាក្បាលអ្នកណឹង ប្រាប់ទៅសុខ។ នៅពេលអង្គការចាប់ សរ គាត់មានអាយុប្រមាណ៣៤ ទៅ៣៥ឆ្នាំ។


នៅក្នុងសម័យខ្មែរក្រហម សុខ លាក់បានរូបថតពីរសន្លឹកនៅក្នុងខ្លួន ក្នុងនោះមានរូបថតរបស់ សរ ដែលថតនៅឆ្នាំ១៩៧២ មុនពេលដែលគាត់ចូលសិល្បៈ។ ចំពោះរូបថតផ្សេងៗទៀត ឬរបស់របរសល់ពីសង្គម អង្គការប្រមូលដុតចោលទាំងអស់។ សុខ គិតថា សរ បាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហមហើយ ព្រោះប្រសិនបើគាត់នៅរស់ ប្រាដកជាត្រលប់មកផ្ទះវិញ។ នៅពេលដែល សុខ ទៅទីក្រុងភ្នំពេញដើម្បីព្យាបាលជំងឺ មានមិត្តរបស់ សរ មកប្រាប់គាត់ថាឃើញរូបថត សរ នៅក្នុងគុកទួលស្លែង ប៉ុន្តែ សុខ មិនដែលបានទៅមើលនោះទេ។
អត្ថបទដោយ ភា រស្មី
[1] ឯកសារលេខ K06485, សរ ហៅថាវីន និងហៅង៉ែត ង៉ែម, ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ TKI0071, សម្ភាសជាមួយង៉ែត សុខ ជាប្អូនស្រីបង្កើតរបស់ សរ ហៅង៉ែត ង៉ាម, នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៣ ដោយអ៊ីសា ឧស្មាន, មជ្ឈមណ្ឌលឯកសារកម្ពុជា។