ស្ងួន នុត៖ សកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលប្រយោជន៍អង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ព័រ គឺជារបស់ ស្ងួន នុត។ តាមរយៈចម្លើយសារភាព(J០០៣៣២) បង្ហាញថា នុត ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំ ពីឈ្មោះសន និងសាត ជាមេចោរព្រៃ ។ ការចូលបម្រើបដិវត្តន៍នេះ នុត បានធ្វើសកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលស្រូវអង្គការបដិវត្តន៍។ ខាងក្រោមនេះ គឺជាសកម្មភាព របស់ឈ្មោះ ស្ងួន នុត ៖
ឈ្មោះ ស្ងួន នុត[1] ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិកោះកាំពិ ឃុំកោះកាំពិ ស្រុកថ្មស ខេត្តកោះកុង។ តាំងពីដឹងក្ដីមក នុត រស់នៅជាមួយឪពុកម្ដាយ។ នៅពេលមានអាយុ១៩ឆ្នាំ នុត ត្រូវឪពុកបញ្ជូនឲ្យទៅរៀននៅសាលាវត្តកាំពិ បានរយៈពេល៣ឆ្នាំក៏ឈប់រៀន។
នៅឆ្នាំ១៩៦៩ នុត ជាមួយឪពុកម្ដាយ បានផ្លាស់មករកស៊ីនៅភូមិតាពៅ ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តកំពត ភូមិភាគ (៤០៥) តំបន់២៥[2] និងប្រកបមុខរបរធ្វើស្រែ។ ចំណែក នុត តាមការណែនាំពីឈ្មោះ សន និងសាត ជាមេចោរព្រៃ បានអប់រំឲ្យឃើញពីការទទួលបានបុណ្យស័ក្ដិ ក៏ចាត់តាំង នុត ជាមួយមនុស្សម្នាក់ទៀតឈ្មោះ ពក ដោយបញ្ចូលជាគិញ មានតួនាទីតាមដានប្រជាជនដែលចូលដៃជាមួយខ្មែរក្រហម និងកសាងកម្លាំងគិញ។ បន្ទាប់មក នុត និងសាត បានទាក់ទងខ្សែគិញចំនួន៥នាក់ និងរាយការណ៍ទៅឲ្យឈ្មោះ សាត និងសន ហើយដឹកនាំទាហានទៅវាយជាមួយទ័ពខ្មែរក្រហមចំនួន២ដង នៅភ្នំទ្រាលអំពែក, ភ្នំចកព្រៃ និងភ្នំរមូ ធ្វើឲ្យទាហាននៅ ភ្នំរមូ ត្រូវរបួសចំនួន១នាក់។
នៅឆ្នាំ១៩៧០ នុត អប់រំកម្លាំងបានចំនួន៣នាក់ទៀត ហើយរួមគ្នាចាប់បានប្រជាជនចំនួន២នាក់ដែលចូលដៃជាមួយខ្មែរក្រហម និងរាយការណ៍ទៅឲ្យ ឈ្មោះ សន។ នៅខែសីហា ឆ្នាំដដែល នុត និងខ្សែគិញចំនួន២នាក់ បានអប់រំមេភូមិឈ្មោះ គៀក មានសក្ដិ៤កន្លះ និងបញ្ចូលជាភ្នាក់ងារ សេ.អ៊ី.អា. ដោយឈ្មោះ គង់ ទូច និងទទួលស្គាល់ ដោយឈ្មោះ កែវ ម្នី។ ពេលនោះ នុត និងខ្សែគិញចំនួន២នាក់ បានទាក់ទងខ្សែចាស់ចំនួន៣នាក់ ថែមទាំងចាប់បានប្រជាជនចំនួន៣នាក់ និងទាហាន១នាក់ បញ្ជូនទៅឲ្យឈ្មោះ កែវ ម្នី។ នៅឆ្នាំ១៩៧១ នុត និងសមាជិក ចាំស្ទាក់បាញ់ខ្មែរក្រហមនៅភូមិបបុស នៅតាមតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ធ្វើឲ្យកម្លាំងខ្មែរក្រហមស្លាប់ចំនួន២នាក់។
នៅដើមឆ្នាំ១៩៧៣ នុត និងសមាជិកចំនួន៣នាក់ បានចូលធ្វើសកម្មភាពនៅតាមទូកនេសាទ របស់ពួកនាយទុន ថែមទាំងកសាងកម្លាំងបានចំនួន១នាក់ និងចាប់បានខ្មែរក្រហមចំនួន២នាក់នៅតាមច្រកភ្នំប្រមូល។ មួយឆ្នាំកន្លងទៅ នុត និងខ្សែចំនួន៣នាក់ កសាងកម្លាំងបានចំនួន៣នាក់ និងចាប់បានខ្មែរក្រហមដែលចូលបង្កប់ខ្លួនក្នុងកម្មករនេសាទបានចំនួន២នាក់។
នៅក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ នុត បានជម្លៀសទៅរស់នៅជាមួយប្រជាជនឈ្មោះ នុម ហើយថែមទាំងកសាងកម្លាំងបានចំនួន២នាក់ ហើយដើរលួច ដំឡូង ចេក និងដើរទាក់ជ្រូករបស់អ្នកភូមិ។ នៅខែធ្នូ ឆ្នាំ១៩៧៥ នុត បានទំនាក់ទំនងជាមួយខ្សែចាស់ឈ្មោះ ឈូក រួមគ្នាកសាងកម្លាំងបានចំនួន២នាក់ ថែមទាំងធ្វើសកម្មភាព ដុតបំផ្លាញស្រូវចំនួន៣បាវ និងយកអង់ទ្រីនចំនួន១ដប ទៅជូតនឹងមាត់ក្របី ធ្វើឲ្យងាប់ចំនួន១ក្បាល។ នៅខែមេសា ឆ្នាំ១៩៧៦ នុត និងឈូក បានទាក់ទងជាមួយឈ្មោះ សៀ និងវ៉ាន់ រួមគ្នាធ្វើសកម្មភាពក្រវែងស្រូវប្រជាជន ធ្វើឲ្យខូចខាតអស់មួយចំនួន និងកាត់ផ្ដាច់ខ្សែភ្លើងអស់មួយចំនួនទៀតក្នុងស្រុកព្រៃនប់។ លុះពេលបន្ទាប់ នុត និងសមាជិកចំនួន៥នាក់ ក៏បំពុលក្របីប្រជាជននៅភូមិព្រៃទប់ ធ្វើឲ្យងាប់ចំនួន១ក្បាល។
តាមរយៈឈ្មោះ ងន បានណែនាំ នុត និងឈូក ឲ្យភ្ជាប់ខ្សែ សេ.អ៊ី.អា. ជាមួយឈ្មោះ ដូង និងបានយកអំបិលទៅដាក់ក្នុងធុងសាំងត្រាក់ទ័រចំនួន១គ្រឿង ធ្វើឲ្យខូចខាតប្រើការលែងកើត ថែមទាំងលួចបង្ហូរទឹកចេញពីស្រែចំនួន២ហិចតា និងដុតបំផ្លាញស្រូវប្រជាជនចំនួន១ជង្រុក។ មួយរយៈក្រោយមក នុត និងសមាជិកចំនួន២នាក់ បានទាក់ទងខ្សែចោរព្រៃចំនួន២នាក់ ក៏ធ្វើសកម្មភាពបោកគ្រាប់បែកចំនួន២គ្រាប់នៅភូមិស្រែចាម និងលួចដុតស្រូវប្រជាជនអស់មួយចំនួន។ នៅដើមខែតុលា ឆ្នាំ១៩៧៦ នុត និងសមាជិកចំនួន២នាក់ បានយកអង់ទ្រីន ទៅបំពុលគោ នៅក្នុងភូមិចំរ៉ុង ធ្វើឲ្យងាប់ចំនួន១នឹម ថែមទាំងលួចដុតស្រូវនៅតាមសហករណ៍ នៅភូមិស្រែចាម ។ សហករណ៍នេះ ជាកន្លែងដែលប្រជាជនទាំងអស់ត្រូវរស់នៅ, ធ្វើការ, ហូបចុក និងចែករំលែកការកម្សាន្ដរួមគ្នា[3]។ នៅខែធ្នូ ឆ្នាំ១៩៧៦ នុត បានទាក់ទងជាមួយឈ្មោះ សំ ប៊ុន និងកង ជាមេចោរព្រៃនៅមាត់ច្រកភ្នំថ្ម៣ដុំ និងប្រជុំដាក់ផែនការ ឲ្យផ្ដល់ស្បៀងនិងថ្នាំពេទ្យឲ្យទៅខ្សែចោរព្រៃ។ បន្ទាប់ពីប្រជុំចប់ នុត និងសមាជិកចំនួន២នាក់ ក៏យកគ្រាប់បែកចំនួន២គ្រាប់ ទៅបោកក្នុងភូមិចំរ៉ុង ធ្វើឲ្យចលាចលទាំងយប់។ ក្នុងពេលជាមួយគ្នា ក្រុមនេះក៏លួចដុតស្រូវប្រជាជនចំនួន១ជង្រុក និងកាប់ទម្លាយទំនប់ធ្វើឲ្យខូចខាតស្រូវចំនួន៣ហិចតា។
នៅខែមករា ឆ្នាំ១៩៧៧ នុត និងសមាជិកចំនួន៣នាក់ បានទៅដឹកស្រូវនៅស្ទឹងព្រៃនប់ ហើយទម្លាក់ស្រូវចូលក្នុងទឹកទន្លេចំនួន១០បាវ។ នុត និងសមាជិកដដែល បានទំនាក់ទំនង មនុស្សចំនួន៣នាក់ ដែលជាខ្សែចោរព្រៃ និងបានធ្វើសកម្មភាពដុតបំផ្លាញស្រូវ ប្រជាជននៅភូមិបឹងវែងអស់មួយចំនួន។ នៅវេលាពេលយប់ នុត និងសមាជិកចំនួន៥នាក់ បានប្រជុំដាក់ផែនការនៅក្នុងការដ្ឋានព្រៃនប់ ដោយការប្រជុំដូចលើកមុនដដែល។ បន្ទាប់ពីប្រជុំចប់ នុត និងសមាជិក លួចដុតស្រូវប្រជាជននៅភូមិចាមចំនួន៥ការ៉ុង។ នៅខែមីនា ក្នុងឆ្នាំដដែល នុត និងសមាជិកចំនួន២នាក់ បានយកអង្ករចំនួន៣៥គីឡូ ត្រីងៀត១៥គីឡូ និងថ្នាំពេទ្យមួយចំនួន បញ្ជូនទៅឲ្យឈ្មោះ សំប៊ុន និងកង ដែលជាមេចោរព្រៃនៅច្រកភ្នំថ្មបីដុំ។ លើសពីនេះ នុត និងសមាជិក បានធ្វើសកម្មភាពបោកគ្រាប់បែកចំនួន២គ្រាប់នៅក្នុងភូមិបឹងវែង ធ្វើឲ្យក្របីងាប់ចំនួន៥ក្បាល។ នៅខែមេសា ឆ្នាំ១៩៧៧ ឈ្មោះ ឃុន បានចាត់តាំង នុត ឲ្យទៅរស់នៅភ្នំថ្មបីដុំ ហើយនុតបានឃើញ បក្ខពួកចោរព្រៃមានគ្នាចំនួន៣០នាក់ កាន់អាវុធគ្រប់ដៃ ក្នុងនោះមានបេ៤០ មួយដើម អង្ករ២បាវ និងគ្រាប់ត្រៀមប្រហែល២០ឡាំង។ រយៈពេល៣ថ្ងៃក្រោយ ឈ្មោះ សំប៊ុន និងកង បានហៅនុត ទៅណែនាំ និងបញ្ជូនទៅអង្គភាពកងចល័ត ជាមួយឈ្មោះ ឃុន ទទួលភារកិច្ច ឲ្យជួយផ្ដល់ស្បៀង និងថ្នាំពេទ្យឲ្យបក្ខពួកដែលជាខ្សែចោរព្រៃ ហើយបំផុសកងចល័តឲ្យរត់ចូលព្រៃ។ លុះពេលត្រលប់មកវិញ នុត ក៏ត្រូវយោធា ចាប់ខ្លួនបញ្ជូនទៅឲ្យឈ្មោះឆាយ ឃុំឃាំងខ្លួននៅព្រៃនប់រយៈពេល២ថ្ងៃ និងបញ្ជូនទៅដាក់នៅកំពង់សីលារយៈពេល៥ថ្ងៃ។ រហូតដល់ចុងខែមេសា ឆ្នាំ១៩៧៧ នុត ត្រូវបានអង្គការចាប់ខ្លួន និងបញ្ជូនទៅសួរចម្លើយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៧។
ជីម សុខគា
[1] ឯកសារ (J០០៣៣២) តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង៖ «ស្ងួត នុត៖ សកម្មភាអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលប្រយោជន៍អង្គការបដិវត្តន៍»។ បង្ហាញអំពីសកម្មភាព នុត ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំ ពីឈ្មោះ ពីឈ្មោះសន និងសាត ជាមេចោរព្រៃ ។ ការចូលបម្រើបដិវត្តន៍នេះ នុត បានធ្វើសកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលស្រូវអង្គការបដិវតន៍។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។
[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៤០។