អតីតយោធាខ្មែរក្រហមយាមព្រំដែនខេត្តស្វាយរៀង

ចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ ១៩៧៩ ឈៀង និងកងទ័ពជាច្រើនត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមកការពារព្រំដែននៅខេត្តស្វាយរៀង។ ឈៀង ធ្លាប់បានវាយបណ្ដេញកងទ័ពវៀតណាម ឲ្យរត់ខ្ចាត់ខ្ចាយរហូតដល់ខេត្តហាទៀង និងតៃនីញប្រទេសវៀតណាម។ ឈៀង បាននិយាយរៀបរាប់ពីការតស៊ូដូចខាងក្រោម៖

ឡេង ឈៀង[1] ភេទប្រុស អាយុ៦៧ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ។ ឈៀង មានស្រុកកំណើតនៅភូមិអូរក្រសារ ឃុំកែប ស្រុកកំពត ខេត្តកំពត។ បច្ចុប្បន្ន ឈៀង រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឈៀង មានឪពុកឈ្មោះ នាក់ តេន (ស្លាប់ក្នុងឆ្នាំ១៩៧០ ដោយសារជំងឺឬសដូងបាត) និងម្ដាយឈ្មោះ ប៉ូ ញែត (ស្លាប់ដោយសារជំងឺចាស់ជរា)។ ឈៀង មានបងប្អូនចំនួន៧នាក់  (ប្រុស៦នាក់ ស្រី១នាក់)។ បងប្អូន ឈៀង បានទទួលមរណៈភាពចំនួន៣នាក់ (បងទី១ទី២ស្លាប់ពេលដែលប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់ នៅឆ្នាំ១៩៧៥ និងប្អូនស្រីម្នាក់ស្លាប់ដោយសារពុលពងត្រីកំពត)។ ​ឈៀង ជាកូនទី៦នៅក្នុងគ្រួសារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ឈៀង​ មានប្រពន្ធឈ្មោះ អោម វឿន អាយុ៦៨ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ។ ឈៀង មានកូនចំនួន៥នាក់ ( ប្រុស២នាក់ ស្រី៣នាក់ ) ។

កាលពីក្មេង ឈៀង បានរៀនត្រឹមថ្នាក់ទី២​ ពីសង្គមចាស់ នៅសាលានៅក្នុងវត្ត-ចរិយាវង្ស ដែលស្ថិតនៅភូមិអូរក្រសារ ឃុំកែប ស្រុកកំពត ខេត្តកំពត។ ។ គ្រូបង្រៀន​ឈ្មោះ គ្រូ ថុល ។ ឈៀង ចូលរៀនដំបូងមានអាយុ១២ឆ្នាំ។ ឈៀង ឈប់រៀនដោយសារតែប្រទេសជាតិធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយគ្រូៗមួយចំនួនបានឈប់បង្រៀនដើម្បីចូលបម្រើកងទ័ព។

នៅឆ្នាំ១៩៧៣ មានយន្តហោះជាច្រើនគ្រឿងបានមកទម្លាក់គ្រាប់បែកបេ៥២និងគ្រាប់បែកចង្កោមយ៉ាងសន្ធឹកសន្ធាប់​មកលើភូមិអូរក្រសារ។ ប្រជាជននៅក្នុងភូមិជាច្រើនបានស្លាប់ ហើយផ្ទះសម្បែងត្រូវឆាបឆេះគ្មានសល់។ ការទម្លាក់គ្រាប់បែកចេះតែបន្តខ្លាំងទៅៗជារៀងរាល់ថ្ងៃ ម្ដាយរបស់ ឈៀង បានសម្រេចចិត្តចាកចេញពីភូមិអូរក្រសារទៅរស់នៅចម្ការលើបណ្ដោះអាសន្ន ព្រោះគាត់ មានផ្ទះមួយសង់ទុកនៅទីនោះ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ ការទម្លាក់គ្រាប់បែកនៅតែទម្លាក់ឥតឈប់ឈរ ម្ដាយ ឈៀង បានជម្លៀស ឈៀង និងបងៗចេញពីចម្ការលើឲ្យទៅរស់នៅភូមិក្រាំងលាវ ស្រុកឈូក ខេត្តកំពតវិញ ព្រោះនៅទីនោះមិនសូវមានការទម្លាក់គ្រាប់បែក។

នៅឆ្នាំ១៩៧៤ ដោយសភាពការណ៍ស្ងប់ស្ងាត់​ ឈៀង និងគ្រួសារបានផ្លាស់ចេញពីភូមិក្រាំងលាវ ស្រុកឈូកមករស់នៅភូមិកំណើតវិញ។ ឈៀង បានចូលមករស់នៅក្នុងភូមិបានរយៈពេលមួយខែក៏សង្កេតឃើញមានកងទ័ពខ្មែរក្រហមរាប់រយនាក់​ចូលមកឃោសនាក្នុងភូមិគាត់។ ថ្នាក់ដឹកនាំដែលចូលមកឃោសនាដំបូងឈ្មោះ តា រ៉ែន ។ តា រ៉ែន បានអំពាវនាវឲ្យប្រជាជនចូលរួមជាមួយកងទ័ពរណសិរ្ស ដើម្បីវាយផ្ដួលរបបលោកសេនាប្រមុខលន់ នល់។ បន្ទាប់ពីឃោសនាមិនបានប៉ុន្មានថ្ងៃ ឈៀង បានសម្រេចចិត្តចាកចេញពីក្រុមគ្រួសារ ដើម្បីចូលរួមជាមួយកងទ័ពរណសិរ្ស។ នៅពេលចូលបម្រើកងទ័ពដំបូង តា រ៉ែន បានចាត់តាំងឲ្យ ឈៀង ធ្វើឈ្លបយាមកាមនៅក្នុងភូមិបានរយៈពេលមួយសប្ដាហ៍ ទើបផ្លាស់ទៅធ្វើកងទ័ពស្រុកវិញ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៤ ​តា រ៉ែន ចាប់ផ្ដើមជ្រើសរើសកងទ័ពចូលថ្មីម្ដងទៀត។ ឈៀង ត្រូវបានតា រ៉ែន ជ្រើសរើសឲ្យចូលបម្រើកងទ័ពនៅក្នុងកងពលលេខ២ប្រចាំភូមិភាគនិរតី។ បន្ទាប់ពីចូលបានមួយរយៈ តា រ៉ែន បានបញ្ជាឲ្យកងពលលេខ២ រៀបចំកម្លាំងដើម្បីវាយជាមួយទាហាន លន់ នល់ ដែលមានទីតាំងក្នុងខេត្តកំពត កំពង់សិលា និងកោះកុង។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញ ហើយបានទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ។ បន្ទាប់ពីទទួលបានជ័យជម្នះ កងពលលេខ២ បានផ្លាស់ចេញពីកំពតមកកាន់ខេត្តតាកែវ។ មកដល់ខេត្តតាកែវ តា រ៉ែន បានបំបែក ឈៀង និងកងទ័ពមួយចំនួន​ដែលមានគ្នាប្រហែល១០០នាក់ ចេញពីកងពលលេខ២ ឲ្យទៅកាន់កងពលតូច ដែលដឹកនាំដោយ អៀង ផាន ដើម្បីឲ្យនៅយាមកាមតាមព្រំដែនខេត្តតាកែវ។ ពេលដែលយាមកាមនៅតាមព្រំដែនខេត្តតាកែវ ឈៀង គឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាត​អ្វីឡើយ។ ពេលឈឺថ្កាត់ម្ដងៗគឺមានពេទ្យចាំព្យាបាល។ ឈៀង រស់នៅតាកែវបានរយៈពេល១ឆ្នាំទើបផ្លាស់ប្ដូរ ទៅប្រយុទ្ធជាមួយកងទ័ពកងទ័ពវៀតណាមនៅតាមព្រំដែនខេត្តស្វាយរៀង ហើយបានវាយបណ្ដេញកងទ័ពវៀតណាមរត់ខ្ចាត់ខ្ចាយរហូតមកដល់ខេត្តហាទៀង និងតៃនីញ​ប្រទេសវៀតណាម។​ ឈៀង រស់នៅស្វាយរៀងរហូតដល់ឆ្នាំ១៩៧៩។ នៅថ្ងៃទី០៤  ខែមករា ឆ្នាំ១៩៧៩ កងទ័ពកងទ័ពវៀតណាមបានប្រមូលកម្លាំងវាយចូលមកស្វាយរៀងម្ដងទៀត។ ដោយសារកងទ័ពវៀតណាមមានកម្លាំងច្រើន ទប់ទល់លែងឈ្នះកងពលតូច​ដែលដឹកនាំដោយ អៀង ផាន បាន​ដកថយមកតាមរមាសហែក តាសំរោង តាមត្រឡោកបែក រហូតមកដល់ផ្លូវជាតិលេខ៥ ហើយបានបន្តដំណើរមកដល់ឧត្ដុង ខេត្តកំពង់ស្ពឺ។ ចុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលជាបន្តបន្ទាប់ ដោយទប់ទល់លែងបានកងពលតូចរបស់ ផាន បានរត់មកតាមភ្នំខ្មោចរហូតមកដល់ព្រំដែនថ្មដា ​ខេត្តពោធិ៍សាត់។​ នៅពេលមកដល់ព្រំដែនថ្មដា កងទ័ពខ្មែរក្រហមទាំងអស់ បានចាប់ផ្ដើមប្រមូលកម្លាំងសាជាថ្មី ដោយបូកបញ្ចូលជាមួយកងពល ស៊ូ ម៉េត មកពីសំឡូត​ កងពលតា សេង មកពីកោះកុងនិងកងពលតា រ៉ែន សរុបបានប្រហែល៧០០នាក់ បានបំបែកជាអង្គភាពតូចៗ​ ក្នុងមួយអង្គភាពមានគ្នា១២នាក់ សម្រាប់ការពារនៅតាមព្រំដែន។​ ចំណែកអង្គភាពរបស់​ ឈៀង មានតួនាទីការពារព្រំដែនថ្មដា។ មិនយូរប៉ុន្មាន កងទ័ពវៀតណាមបានធ្វើដំណើរតាមផ្លូវលេខ៥៦ រហូតមកដល់ស្ពានមេទឹក និងបានបោះទីតាំងនៅទីនោះ។ នៅពេលបានទទួលដំណឹងនេះអង្គភាពតូចៗដែលបានបំបែកបានរៀបចំកម្លាំងសារឡើងវិញ ដើម្បីចុះមកវាយជាមួយកងទ័ពវៀតណាមដែលបោះទីតាំងនៅស្ពានមេទឹក ហើយបានវាយបណ្ដេញកងទ័ពវៀតណាមថយរហូតដល់ទីរួមខេត្តពោធិ៍សាត់ រួចបានត្រឡប់មកព្រំដែនថ្មដាវិញ។

នៅឆ្នាំ១៩៨២ កងទ័ពវៀតណាមបានវាយចូលមកដល់ស្រុកសំឡូត ខេត្តបាត់ដំបង។ ដោយខ្វះកម្លាំងទប់ទល់ជាមួយកងទ័ពវៀតណាម ស៊ូ ម៉េត បានស្នើសុំឲ្យអង្គភាពតូចៗដែលការពារនៅតាមព្រំដែនថ្មដាទៅជួយ។ អង្គភាព ឈៀង បានទៅជួយវាយជាមួយកងទ័ពវៀតណាមនៅសំឡូតបានប្រហែលកន្លះខែ។ ក្រោយមក កងទ័ពវៀតណាមបានដកចេញពីសំឡូត ត្រឡប់មកព្រំដែនថ្មដាវិញ។ នៅពាក់កណ្ដាលឆ្នាំ១៩៨២ កងទ័ពវៀតណាមបានធ្វើដំណើរមកស្ពានមេទឹកម្ដងទៀត ពេលនោះអង្គភាពតូចៗបានរៀបចំកម្លាំងដើម្បីចុះមកទប់ទល់ជាមួយកងទ័ពវៀតណាមម្ដងទៀត។ ពេលដែលកំពុងធ្វើដំណើរចុះបានពាក់កណ្ដាលផ្លូវ ឈៀង បានដើរជាន់មីនដែលកងទ័ពវៀតណាមបានបង្កប់ពីមុន។ បន្ទាប់ពីរងរបួស ឈៀង មានការឈឺចាប់និងតក់ស្លុតជាខ្លាំង។ ឈៀង ត្រូវបានអ្នកដែលនៅក្នុងអង្គភាពជាមួយបានបញ្ជូនមកព្យាបាលនៅអង្គភាពពេទ្យដែលឈរជើងនៅព្រំដែនថ្មដា។ ដោយមើលទៅជើងមានសភាពធ្ងន់ធ្ងរពេក ពេទ្យបានសម្រេចចិត្តកាត់ជើងម្ខាង។  ឈៀង សម្រាកព្យាបាលបានរយៈពេល៣ខែ ទើបជាសះស្បើយ។ បន្ទាប់មកពីជាសះស្បើយ កងទ័ពវៀតណាម​បានវាយចូលដល់ព្រំដែនថ្មដា។ អង្គភាពតូចៗបាននាំគ្នារត់ទៅរស់នៅជំរុំសាយខេក្នុងទឹកដីថៃ។ ឈៀង រស់នៅជំរុំសាយខេបានរយៈពេល៤ឆ្នាំ ទើបរៀបចំមានគ្រួសារនៅទីនោះ។

នៅឆ្នាំ១៩៨៦ ឈៀង និងគ្រួសារបានធ្វើដំណើរចេញពីជំរុំសាយខេមករស់នៅក្នុងដីខ្មែរវិញ ដោយធ្វើដំណើរចុះមកតាមផ្លូវអូរននោង រហូតមកដល់សំឡូត ហើយបាននាំប្រពន្ធកាប់ឆ្ការព្រៃយកដីដាំបន្លែនិងធ្វើចម្ការដើម្បីចិញ្ចឹមជីវិត។ ​ឈៀង រស់នៅសំឡូតបានរយៈពេល៧ឆ្នាំ ដោយសារតែជីវភាពខ្វះខាត ឈៀងនិងប្រពន្ធបានសម្រេចចិត្តផ្លាស់ទីលំនៅពីសំឡូត​ មករស់នៅភូមិដីក្រហម ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានចាប់ដីបន្តិចបន្តួចដើម្បីធ្វើចម្ការរហូតមកដល់សព្វថ្ងៃ។ ជាចុងក្រោយរឿងរ៉ាវដែល ឡេង ឈៀង ចងចាំមិនអាចបំភ្លេចបាន គឺនៅពេលដែលចុះមកទប់ទល់ជាមួយកងទ័ពវៀតណាម ហើយបានដើរជាន់មីនបណ្ដាលឲ្យដាច់ជើងម្ខាង៕

អត្ថបទដោយ ចាន់ ណារិទ្ធ

[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយ ​ឈ្មោះ ឡេង ឈៀង  ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin