ហេង ថេន ៖ កងទ័ពនារីស្រុក៥៦

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ហេង ថេន[1]​ ភេទស្រី អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សំ សង្កាត់បន្ទាយដែក ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ អៀង មិចនិងម្ដាយឈ្មោះ ចាន់ ថន (ស្លាប់​)។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ ហើយមានបងប្អូនបង្កើតចំនួន៤នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន២នាក់។ ​ខ្ញុំមានប្ដីឈ្មោះ ឌុជ សឿន ​អាយុ៦០ឆ្នាំ។ ខ្ញុំមានកូន៦នាក់ ស្រីចំនួន៤នាក់ និងប្រុសចំនួន២នាក់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែ។ កាលពីវ័យកុមារខ្ញុំបានចូលរៀន​ត្រឹមថ្នាក់ទី៨ ។

នៅឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧២ ខ្ញុំបានជម្លៀស​ទៅរស់នៅកោះខែល។ ទៅដល់ទីនោះ ខ្ញុំបានចូលបម្រើក្នុងជួរកងទ័ព ខាងរំដោះជាតិ ដោយស្ម័គ្រចិត្ត​ និងបានទៅរស់នៅជាមួយទ័ពយុវជ​ន។ មួយរយៈក្រោយមក ទើបប្រធានក្រុមបែងចែកកងទ័ព​​ ​យុវជន និងនារី ​ដាច់ដោយឡែកពីគ្នា។ ​មុននឹងចូលបម្រើក្នុងជួរកងទ័ពនេះ ខ្ញុំត្រូវរៀនពីរបៀបបាញ់កាំភ្លើងចំនួន២ខែជាមុនសិន។ បន្ទាប់ពី រៀនចប់ ​​ខ្ញុំក៏ចាប់ផ្ដើមចេញវាយនៅ​សមរភូមិចម្ការគរ នៅខាងកើតផ្លូវជាតិលេខ៤ មានឈ្មោះ ទូត និង នាន ជាប្រធាន។ ខ្ញុំបានកាន់កាំភ្លើង សេ កា សេ (CKC) ស្រដៀងនឹងកាំភ្លើងអាកា (AK)ដែរ។ នៅក្នុង​​កាំភ្លើងនោះមាន​គ្រាប់​ចំនួន៦​គ្រាប់។ អំឡុងពេលចូលបម្រើក្នុងជួរកងទ័ព ខ្ញុំបានទៅវាយនៅតំបន់ភ្នំ តាមដងផ្លូវជាតិលេខ៤ ចាប់ផ្ដើមពីភ្នំក្រាំងកាតន់, ភ្នំដើរក្រជើល, ម៉ាជនា និងភ្នំមហាសាគរ។ ​ ខ្ញុំ​​ចូលបម្រើក្នុងជួរកងទ័ពនៅកងវរសេនា២​។ នៅពេលនោះ មានការទម្លាក់គ្រាប់​ ​នៅក្នុងព្រៃ។ ប្រជាជនបានរៀបចំជីកត្រង់សេ ដើម្បីការពារជីវិតពីការទម្លាក់គ្រាប់​​ទាំងនោះ។ នៅក្នុង​ហេតុការណ៍នេះ បានធ្វើឲ្យ ​តា និងមីង របស់ខ្ញុំចំនួន៤នាក់ ​ត្រូវស្លាប់ក្នុងពេលទម្លាក់គ្រាប់នោះ។​ ក្នុងចំណោម អ្នកទាំង៤នាក់ មាន តា​ របស់ខ្ញុំ ចំនួន ១នាក់ និងមីង ​ចំនួន ១នាក់ គាត់ធ្លាប់ចូលបម្រើយោធាខ្មែរក្រហម។ ​

​ក្រោយបែកទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ អង្គភាពយោធាត្រូវបានរំសាយ ​ខ្ញុំក៏បានទៅនៅ តំបន់៣៣ នៅកងទ័ពនារីស្រុក៥៦ ភូមិភាគនិរតី ​ស្រុកបាទី ខេត្តតាកែវ។[2] ពេលនោះ ខ្ញុំត្រូវបានខ្មែរក្រហមចាត់​ចូលជា​ប្រជាជនមូលដ្ឋានចាស់ ប៉ុន្តែបងប្អូនរបស់ខ្ញុំជាប្រជាជនថ្មីទាំងអស់។  ខ្ញុំបានចូលធ្វើការតាមកងចល័ត ​នៅ​​មហាសាំង គឺ​ទៅ​ជីកប្រឡាយ និងជីក​ទំនប់នៅតាមព្រែកត្នោត ក្រាំងតាតន់ និងដោះក្រជរ។ ​ការងារនេះខ្ញុំត្រូវធ្វើ​​ទាំងថ្ងៃទាំងយប់។ ​ ចំពោះការហូបចុកមិនបានគ្រប់គ្រាន់ឡើយ។ ​ ​ពេលនោះ ខ្ញុំត្រូវរស់នៅបែកបាក់ពីគ្រួសារ។ ខ្ញុំបានឃើញខ្មែរក្រហមបណ្ដើរអ្នកទោសទាំងខ្សែៗ ​ចងនឹងអំបោះ​ បណ្ដើរទៅធ្វើការ ពុំឃើញត្រឡប់មកវិញឡើយ។ ​ ​

នៅឆ្នាំ១៩៧៦ ខ្ញុំក៏វិលត្រឡប់មកនៅស្រុកបាទីវិញ។ លុះពេលមកដល់ ខ្ញុំបានទៅជីកទំនប់ ជីកប្រឡាយ នៅទំនប់មើមកាចិន។ ការជីកទំនប់នេះ ដើម្បីស្ទុកទឹកសម្រាប់ធ្វើស្រូវនៅរដូវប្រាំង។ ​ ​ពេលនោះកម្មាភិបាលខ្មែរក្រហមបានបែងចែក កងយុវជន និងកងនារីដាច់ដោយឡែកពីគ្នា។ ​​​បន្ទាប់មក ​ក៏បានរៀបចំសន្និបាទ បង្ហាញពីស្វ័យទិតៀនគ្នា ធ្វើឡើងរយៈពេលមួយខែម្ដង ​ឬ​ពីរខែម្ដង​។ ​

កាលនោះ​ទីតាំងឃុំឃាំងអ្នកទោស មាននៅស្រុកបាទីនេះមួយកន្លែង គឺនៅវត្តកកោះ។ ខ្ញុំបានឃើញ អ្នកទោសមួយចំនួន មានសភាពស្គមស្គាំងណាស់ ​មូលហេតុដោយសារដាច់បាយ។ អ្នកទោសដែលត្រូវបានកម្មាភិបាលចាប់ខ្លួន លាយចម្រុះគ្នា មានទាំងប្រជាជនមូលដ្ឋាន និងប្រជាជន១៧មេសា។ អ្នកដែលបានបណ្ដើរអ្នកទោស​ពេលនោះ មានឈ្មោះ តាពុត មានតួនាទីជាមេវត្តកកោះ។ ​ ​លុះពេលបែករបបខ្មែរក្រហម តាពុត ត្រូវបានជន​មិនស្គាល់មុខបានលួចសម្លាប់។ ហេតុការណ៍នេះ យើងមិនអាចសន្និដ្ឋានបានថា នរណាជាអ្នកសម្លាប់ទេ ព្រោះប្រជាជន​មួយចំនួនធំបានចងកំហឹងយ៉ាងខ្លាំង មកលើតាពុត ដែល​បាន​ធ្វើវាយធ្វើបាបមកលើ​សាច់ញាតិ​​របស់ខ្លួន។ ​​​

នៅឆ្នាំ១៩៧៩ ខ្ញុំត្រូវបានអង្គការរៀបចំឲ្យមានគ្រួសារ។ ការរៀបការនេះ ធ្វើឡើងទាំងបង្ខិតបង្ខំ ​ដោយ​ប្ដេជ្ញា ស្ម័គ្រចិត្តរួមរស់ជាមួយគ្នាអស់មួយជីវិត។ ការប្ដេជ្ញានេះ ធ្វើឡើងនៅវេលាម៉ោង ៨យប់។ កម្មាភិបាលខ្មែរក្រហម គិតថា ធ្វើដូច្នេះ កុំឲ្យខាតពេលវេលាសម្រាប់ធ្វើការងារ។ ​​​​លុះស្អែកឡើង វៀតណាមក៏ចូលមកដល់​ ខ្ញុំមិនបានរត់​ចេញឆ្ងាយ​ពីភូមិទេ ប៉ុន្តែប្ដីរបស់ខ្ញុំ និងបុរសៗនៅក្នុងភូមិជាច្រើននាក់ទៀតត្រូវ​វៀតណាមជម្លៀស​ឲ្យទៅរៀននៅ​ស្តាតអូឡាំពេក។ ពេលនោះ ប្ដី របស់ខ្ញុំភ័យខ្លាំងណាស់ ព្រោះគាត់បានគិតក្នុងចិត្តថាខ្លួននឹងត្រូវស្លាប់ ហើយ​មិនបានត្រឡប់មកជួបជុំប្រពន្ធកូនទៀត។ សំណាងល្អ​រយៈកន្លះខែក្រោយមក ​ប្ដីរបស់ខ្ញុំ​ក៏ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ចំណែកអ្នក​ផ្សេងទៀតក៏​ត្រឡប់មកវិញដូចគ្នា ពុំមាននរណាត្រូវបាត់ខ្លួនឡើយ៕

អត្ថបទដោយ ជីម សុខគា


[1] ឯកសារ TKIO77, តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសជាមួយ ហេង ថេន រស់នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ,  ចំណងជើងអត្ថបទ« ហេង ថេន ៖ ​កងទ័ពនារីស្រុក៥៦» ។ សម្ភាសន៍ ដោយ សុខ វណ្ណៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។ ចំនួន៣៤ទំព័រ។

[2] ផេង ពង្សរ៉ាស៊ី និង អ្នកនិពន្ធផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),៣៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin