ឈន សាអ៊ុន៖ សង្រ្គាមបន្សល់ទុកឲ្យខ្ញុំនូវពិការភាព

ឈន សាអ៊ុន[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត នៅភូមិទួលក្រសា ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន សាអ៊ុន រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សាអ៊ុន បាននិយាយរៀបរាប់ពីជីវិតតស៊ូរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ខ្ញុំគឺជាកូនទោលនៅក្នុងគ្រួសារកសិករ។ ការងារស្រែចម្ការនៅជំនាន់នោះគឺជាប្រភពតែមួយគត់សម្រាប់ចិញ្ចឹមជីវិត។ នៅពេលដែលខ្ញុំទំនេរពីការសិក្សារៀនសូត្រ ខ្ញុំក៏បានជួយធ្វើការងារស្រែចម្ការឪពុកម្ដាយខ្ញុំដែរ។
លុះដល់ឆ្នាំ១៩៧០ ប្រទេសជាតិចាប់ផ្ដើមមានភាពវឹកវរដោយសារតែ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្តម សីហនុ ពីតំណែង។ បន្ទាប់មកទៀត ព្រឹត្តិការណ៍អាមេរិកទម្លាក់គ្រាប់បែកបានរាលដាលនៅក្នុងភូមិទៀត ដែលធ្វើឲ្យមានការខូចខាតទ្រព្យសម្បត្តិនិងស្លាប់គោក្របី ព្រមទាំងធ្វើឲ្យមនុស្សស្លាប់និងរបួសអស់ជាច្រើននាក់។ ប្រជាជនរស់នៅទទួលរងនូវភាពភ័យខ្លាច ហើយមិនអាចចេញទៅធ្វើស្រែចម្ការដូចមុនបានទៀតឡើយ។ ចំណែកឯគ្រួសារខ្ញុំ ក៏ដូចទៅនឹងប្រជាជនដទៃទៀតដែរ រស់នៅគ្មានសេរីភាព។ ទន្ទឹមនឹងនេះ ក៏មានការចាប់បង្ខំប្រជាជននៅក្នុងភូមិឲ្យចូលបម្រើនៅក្នុងជួរកងទ័ពដែរ។
នៅ ឆ្នាំ១៩៧២ ខ្ញុំបានពិភាក្សាជាមួយឪពុកម្ដាយ ដើម្បីចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម។ កាលនោះ ខ្ញុំគិតថា ក្រុមបដិវត្តន៍ខ្មែរក្រហមមានគោលដៅតស៊ូទាមទារសិទ្ធិអំណាចជូនដល់ សម្ដេចព្រះ នរោត្តម សីហនុ។ ជំនាន់នោះ សន្ទុះនៃការស្រលាញ់និងគោរពលើ សម្ដេចព្រះ នរោត្តម សីហនុ គឺខ្លាំងណាស់។ ប្រជាជនរាប់ម៉ឺននាក់បានស្ម័គ្រចិត្តចូលព្រៃតស៊ូ ដោយគ្មានទទួលបានប្រាក់ឧបត្ថម្ភពីអ្នកណាឡើយ។ យើងតស៊ូដោយចិត្តស្រឡាញ់ និងគោរព។
មុនដំបូង ខ្ញុំមិនទាន់បានចូលក្នុងជួរកងទ័ពភា្លមៗនោះទេ។ ខ្ញុំបម្រើការជាស្មៀនឃុំមួយរយៈពេលសិន ទើបខ្ញុំធ្វើការផ្លាស់ប្ដូរទៅខាងកងទ័ពវិញ។ បន្ទាប់ពីខ្ញុំបានចូលពេញសិទ្ធិនៅជួរកងទ័ព ខ្ញុំក៏បានចេញទៅវាយនៅសមរភូមិម្ដុំទួលគោក។ កាលណោះ ការបើកឆាកប្រយុទ្ធគ្នារវាងភាគីខ្មែរក្រហម និង លន់ នល់ គឺមានស្ថានភាពក្ដៅគគុក។ ការប្រយុទ្ធនេះបានចំណាយពេលមួយយប់មួយថ្ងៃពេញ ដោយគ្មានពេលឈប់សម្រាកទាល់តែសោះ។ កងទ័ពមានភាពនឿយហត់ជាខ្លាំង។ ជាក់ស្ដែង ការធ្វើសង្គ្រាមពេលនោះកងទ័ពខ្មែរក្រហមពុំមានអាវុធទំនើប ដូចកងទ័ព លន់ នល់ នោះទេ។
កត្ដាដែលធ្វើឲ្យកងទ័ពខ្មែរក្រហមមានប្រៀបជាងនោះគឺ កត្តារៀបចំយុទ្ធសាស្រ្ត និងគ្រប់គ្រងបច្ចេកទេសយោធាបានល្អ។ បើទោះបីជាកងទ័ពគ្មានរថយន្ត និងអាវុធទំនើបៗប្រើប្រាស់គ្រប់គ្រាន់ដូចខាង លន់ នល់ ភាគីខ្មែរក្រហមបានប្រើប្រាស់ក្បួនយុទ្ធសាស្រ្តយ៉ាងឆ្លាតវៃ ដើម្បីវាយផ្ដួលទ័ព លន់ នល់។ អំឡុងពេលសមរភូមិកំពុងតែក្ដៅគគុក ខ្មែរក្រហមបានរៀបចំលេណដ្ឋានតាមគោលដៅរួចជាស្រេច។ មិនត្រឹមតែប៉ុណ្ណោះ កម្លាំងទ័ពខ្មែរក្រហមមានស្មារតីរឹងមាំ និងភាពស្វាហាប់ ក្នុងការវាយប្រយុទ្ធជាមួយ លន់ នល់។ កងទ័ពខ្មែរក្រហម មានជំនាញកាំភ្លើងបាញ់ច្បាស់លាស់ ពេលបាញ់គ្នាម្ដងៗមិនដែរបាញ់ខុសម្ដងណាទេ។ ចំណែកឯ យុទ្ធសាស្រ្តខ្លាំងមួយទៀត គឺការវាយដេញពីទីជនបទ ចូលទៅទីក្រុង។
ខ្មែរក្រហមបានស៊ើបការណ៍ដឹងអំពីទីតាំងសេដ្ឋកិច្ចរបស់ លន់ នល់ នៅម្ដុំព្រែកអ្នកលឿង។ ដូច្នេះ ខ្មែរក្រហមបានលួចរៀបចំកម្លាំងទ័ព និងកាំភ្លើងធំតំរៀបគ្នានៅខាងក្រោយព្រែកអ្នកលឿង ដោយមិនទាន់ធ្វើសកម្មភាពអ្វីទាំងអស់។ ទន្ទឹមនឹងនេះ ខ្មែរក្រហមបានបញ្ជា ឲ្យកងកម្លាំងវាយនៅសមរភូមិក្បែរទីក្រុងភ្នំពេញវាយសម្រុកទៅមុន។ ការរៀបចំយុទ្ធសាស្រ្តបែបនេះ បានធ្វើឲ្យកងទ័ព លន់ នល់ ឈរជើងនៅព្រែកអ្នកលឿងកើតមានភាពចលាចលជាខ្លាំង ព្រោះភ័យខ្លាចទ័ពខ្មែរក្រហមវាយដណ្ដើមទីក្រុងភ្នំពេញបាន។ ភ្លាមៗនោះ ខាងទ័ព លន់ នល់ ក៏ បានដកកម្លាំងទ័ពចេញពីព្រែកអ្នកលឿងទាំងអស់ ដើម្បីទៅការពារភ្នំពេញ។ សកម្មភាពទាំងអស់នេះបានធ្វើឲ្យខ្មែរក្រហមមានប្រៀបជាង ព្រោះកងទ័ព លន់ នល់ កំពុងតែចលាចលគ្រប់គ្រងស្ថានការណ៍មិនបាន។ លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមក៏បានទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ។ ពេលនោះ ដំណឹងនៃជ័យជំនះនេះ បានផ្សព្វផ្សាយទូទាំងប្រទេស។
បន្ទាប់ពីទទួលបានជ័យជំនះ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅឈរជើងនៅព្រំដែនវៀតណាម ក្នុងខេត្តមណ្ឌលគិរី។ ចាប់តាំងពីពេលនោះ របៀបរបបនៃការរស់មានការផ្លាស់ប្ដូរទាំងអស់។ ប្រជាជនត្រូវប្រមូលទ្រព្យសម្បត្តិដាក់ជាសមូហភាព និងគ្មានកម្មសិទ្ធិឯកជននោះទេ។ ការរស់នៅរបស់ប្រជាជនចាប់ផ្ដើមមានការលំបាកវេទនាក្នុងការត្រូវបង្ខំឲ្យធ្វើការងារធ្ងន់ និងការហូបចុកមិនគ្រប់គ្រាន់។ ទុក្ខលំបាក និងភាពអត់ឃ្លាន បានធ្វើឲ្យមនុស្សមួយចំនួនកើតការមិនពេញចិត្តក្នុងរបបគ្រប់គ្រងរបស់ខ្មែរក្រហម ទើបធ្វើឲ្យកើតមានរនុកក្នុងក្បត់អង្គការចូលដៃជើងជាមួយវៀតណាម។ សកម្មភាពទាំងអស់នេះ បានធ្វើឲ្យអង្គការខ្មែរក្រហមមានការសង្ស័យលើបក្ខពួកគ្នាឯង និងបង្កឲ្យមានការចាប់មនុស្សជាខ្សែៗយកទៅសម្លាប់ចោល។ ដំបូង ខ្មែរក្រហមបានចម្រាញ់រកជនក្បត់នៅក្នុងជួរអង្គការ ដោយសារតែភាពចលាចលខ្លាំងពេក និងគ្រប់គ្រងលែងបាន។ នៅក្នុងជំនាន់នោះ ខ្មែរក្រហមបានធ្វើបាបប្រជាជនខ្មែរដោយបង្អត់អាហារ។ ប៉ុន្តែ នៅពេលមានថ្នាក់លើមកត្រួតពិនិត្យនៅសហករណ៍ម្ដងៗគឺ អង្គការរៀបចំបាយទឹកឲ្យប្រជាជនហូបបានគ្រប់គ្រាន់។ នៅពេលដែលថ្នាក់លើត្រឡប់ទៅវិញ ការរៀបចំគឺមានការខ្វះខាតដូចដើម។
បន្ទាប់ពីខ្ញុំរស់នៅឈរជើងតាមព្រំដែនអស់រយៈពេលជិត៤ឆ្នាំ ខ្ញុំក៏បានធ្វើដំណើរមកកាន់ភ្នំដងរែកដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។ ខ្ញុំបានបន្តធ្វើជាកងទ័ពដដែល។ ការធ្វើសង្គ្រាមពីមួយថ្ងៃទៅមួយ ហើយពីមួយខែទៅមួយខែ បានធ្វើឲ្យខ្ញុំមានភាពហត់នឿយជាខ្លាំង។ អារម្មណ៍ពេលនោះគឺថាខ្ញុំត្រូវការសន្តិភាពណាស់។ ការតស៊ូរបស់កងទ័ពអស់រយៈពេលជាច្រើនឆ្នាំ មិនបានទទួលអ្វី ប៉ុន្តែបែរជាបន្សល់ទុកនូវពិការភាពជាប់ខ្លួនទៅវិញ។ លើសពីនេះ យើងត្រូវបានបែកចេញពីក្រុមគ្រួសារតាំងពីកុមារភាពមិនដែលបានជួប ឬដឹងសុខទុក្ខគ្នាទាល់តែសោះ។ រហូតដល់ឆ្នាំ១៩៩៨ ខ្មែរក្រហមដែលបានឈរជើងនៅតំបន់អន្លង់វែងបានយល់ព្រមចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ ឈន សាអ៊ុន ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៥។