យុទ្ធជនមន្ទីរសន្តិសុខស-២១ ក្បត់

អំឡុងពេលធ្វើការនៅផ្នែកសេដ្ឋកិច្ច អៀម រ៉ុន ត្រូវបានចាប់ខ្លួនដោយការចោទប្រកាន់ថាបានដាក់កម្ទេចដែកក្នុងអាហារឲ្យអ្នកទោស និងកម្មាភិបាលខ្មែរក្រហមនៅមន្ទីរសន្តិសុខស-២១ បរិភោគ។ មន្ទីរសន្តិសុខស-២១ ឬហៅថាគុកទួលស្លែងគឺជាកន្លែងឃុំខ្លួនកម្រិតខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ មន្ទីរសន្តិសុខនេះគឺជាគុកមជ្ឈិមមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញ ហើយអ្នកទោសស្ទើរតែទាំងអស់គឺជាកម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ថាក្បត់បដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៦ ស្ទើរតែគ្មានអ្នកទោសណាម្នាក់ត្រូវបានដោះលែងឡើយ ហើយអ្នកទោសតិចតួចណាស់ដែលអាចរួចជីវិតពីមន្ទីរស-២១នេះ។[1]
ខាងក្រោមនេះជាប្រវត្តិសកម្មភាពរបស់ រ៉ុន ដែលបានក្បត់បដិវត្តន៍តាំងពីឆ្នាំ១៩៧១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ១៩៧៨ ពេលអង្គការចាប់ខ្លួន។
អៀម រ៉ុន[2] អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រងិល ឃុំត្រងិល ស្រុក១៦ តំបន់៣១[3]។ រ៉ុន មានឪពុកឈ្មោះ អៀម អុន និងម្តាយឈ្មោះ សេង សន។
មុនឆ្នាំ១៩៧០ រ៉ុន ប្រកបរបរទិញទំនិញពីភ្នំពេញមកលក់នៅខេត្តកំពង់ឆ្នាំង ជាមួយឪពុកម្តាយ។ បន្ទាប់ពីរដ្ឋប្រហាររបស់ឧត្តមសេនីយ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រ៉ុន បានស្គាល់ជាមួយ វឿន ជាទាហានសក្តិ២របប លន់ នល់ ប្រចាំការនៅបន្ទាយកំពង់បឹង។ សក្តិ២វឿន តែងតែបញ្ចុះបញ្ចូល និងបង្ខំ រ៉ុន រួមទាំងមិត្តភក្តិរបស់គាត់ម្នាក់ទៀតឈ្មោះ ថេត ឲ្យធ្វើជាគិញរបប លន់ នល់ ហើយមានភារកិច្ចរាយការណ៍អំពីសភាពការណ៍តំបន់រំដោះដើម្បីឲ្យយន្តហោះមកទម្លាក់គ្រាប់បែកសម្លាប់យោធាបដិវត្តន៍។ នៅឆ្នាំ១៩៧១ រ៉ុន និងមិត្តថេត បានស្ម័គ្រចិត្តចូលធ្វើគិញរបប លន់ នល់ ហើយសក្តិ២វឿន បានផ្តល់ប្រាក់ខែចំនួនមួយពាន់រៀល។ រ៉ុន និងមិត្តថេត បានរាយការណ៍ប្រាប់សក្តិ២វឿន ពីសភាពការណ៍នៅតំបន់រំដោះដូចជាចំនួនយោធា, ទីតាំងឈរជើង, ចំនួនអាវុធ និងបានបំផុសបំផុលឲ្យ យុវជន-យុវនារី ចូលរួមជាមួយរបប លន់ នល់។ សក្តិ២វឿន បានណែនាំ រ៉ុន និងមិត្តថេត ឲ្យស្គាល់កម្លាំងគិញនៅបន្ទាយកំពង់បឹងចំនួនប្រាំពីរនាក់ឈ្មោះ សូយ, វៃ, យ៉ុង, ធីវ, ព្រឿង, ស៊ីម និងឈ្មោះ គឹម ដើម្បីងាយស្រួលសហការ។ ក្រោយមកអ្នកទាំងអស់គ្នាបានរាយការណ៍ប្រាប់សក្តិ២វឿន រហូតដល់មានយន្តហោះមកទម្លាក់គ្រាប់បែកលើយោធាបដិវត្តន៍ចំនួនពីរលើកនៅភូមិអំពេ និងភូមិត្របែក ព្រមទាំងឃោសនាអូសទាញ យុវជន-យុវនារី ឲ្យចូលរួមធ្វើទាហានជាមួយរបប លន់ នល់ ផងដែរ។ នៅឆ្នាំ១៩៧៣ រ៉ុន ត្រូវបានបដិវត្តន៍ចាត់តាំងឲ្យធ្វើជាឈ្លប ឃុំត្រងិល ប៉ុន្តែ រ៉ុន នៅតែបន្តធ្វើជាគិញឲ្យរបប លន់ នល់ ដដែល។ នៅចុងឆ្នាំ១៩៧៣ រ៉ុន និងមិត្តថេត បានសម្លាប់គោរបស់បដិវត្តន៍ពីរក្បាល និងបានរាយការណ៍ថាគោងាប់។ នៅឆ្នាំ១៩៧៤ រ៉ុន និងមិត្តថេត បានលួចមាន់ និង បំផ្លាញទិន្នផលស្រូវអង្គការខូចខាតជាច្រើនហិកតា។
នៅឆ្នាំ១៩៧៥ បដិវត្តន៍ខ្មែរក្រហមរំដោះបានខេត្តកំពង់ឆ្នាំងទាំងស្រុង។ រ៉ុន និងមិត្តថេត ព្រមទាំងកម្លាំងគិញទាំងអស់បានដាច់ខ្សែរយៈទាក់ទងគ្នា។ រ៉ុន និងមិត្តថេត ត្រូវបានអង្គការផ្លាស់ប្តូរពីឃុំត្រងិល ឲ្យទៅធ្វើការនៅទីរួមខេត្តកំពង់ឆ្នាំង។ នៅចុងឆ្នាំ១៩៧៥ រ៉ុន និងមិត្តថេត បានភ្ជាប់ខ្សែគិញម្តងទៀតជាមួយឈ្មោះ ថុន, ណេង, ម៉ៅ, កត, សែន, ពៅ, អឿន និងវិតតា។ អ្នកទាំងអស់គ្នាបានសន្យាសហការគ្នាធ្វើសកម្មភាពបំផ្លាញសម្ភារ, ផលដំណាំរបស់អង្គការ និងខ្ជិលធ្វើការងារ ព្រមទាំងដើរបំផុសបំផុលឲ្យ យុវជន-យុវនារី ស្អប់អង្គការ។ អ្នកទាំងអស់គ្នាបានបំផ្លាញបង្គោលអង់តែនធ្វើឲ្យបាក់អស់បីដើម, លួចអង្ករហូបពីរដង, បំផ្លាញស្រូវ, ដើមត្រប់ និងដើមដូង។ មួយខែក្រោយមក អង្គការបានបញ្ជូន រ៉ុន និងមិត្តថេត ពីខេត្តកំពង់ឆ្នាំង ទៅតំបន់បឹងទំពុន ក្រុងភ្នំពេញ។ រ៉ុន និងមិត្តថេត នៅភ្ជាប់ខ្សែគិញជាមួយឈ្មោះ ពៅ, ណេង, ថុន, អឿន, សែន, ម៉ៅ, កត និងវិតតា ហើយអ្នកទាំងអស់គ្នាបានលាក់ប្រវត្តិរូបរបស់ខ្លួន។ នៅបឹងទំពុន រ៉ុន បានលួចអង្ករដាំបាយហូបពេលយប់, រុះរើសម្ភាររបស់ប្រជាជន និងមិនធ្វើការ។ ក្រោយមក រ៉ុន, មិត្តថេត និងអ្នកផ្សេងៗ ត្រូវបញ្ជូនទៅរៀនបច្ចេកទេសយោធា នៅសាលាយោធា៧០៣ ក្រុងតាខ្មៅ ហើយនៅទីនោះ រ៉ុន បានរក្សាទំនាក់ទំនងគិញពីបឹងទំពុន និងអូសទាញខ្សែគិញបានម្នាក់ឈ្មោះ មឿន ជាទាហាន (អង្គការចាប់ខ្លួន)។ រ៉ុន និងមឿន មិនយកចិត្តទុកដាក់រៀន និងមិនទៅសាលា និងដើរលេងជារឿយៗ។ រ៉ុន, មិត្តថេត និងអ្នកផ្សេងៗទៀត ហាត់បច្ចេកទេសមិនយកចិត្តទុកដាក់, នាំគ្នាលួចអង្ករ, លួចបំផុសដល់សិក្ខាកាមឲ្យតវ៉ា, និងពេលធ្វើស្រែបានចាក់ទម្លុះភ្លឺស្រែឲ្យទឹកហូរចេញ។
បន្ទាប់ពីហាត់បច្ចេកទេសបាន៣ខែ កន្លះ គឺនៅឆ្នាំ១៩៧៧ អង្គការបានផ្លាស់ប្តូរ រ៉ុន ពីសាលាយោធា៧០៣ ឲ្យមកធ្វើការនៅមន្ទីរសន្តិសុខស-២១ វិញ។ នៅមន្ទីរសន្តិសុខស-២១ រ៉ុន រស់នៅជាមួយឈ្មោះ ឈុំ ជាមេក្រុមការពារមន្ទីរស-២១ (អង្គការដកទៅធ្វើស្រែ)។ ពេលនោះ រ៉ុន ត្រូវបាន ឈុំ អប់រំថា ពេលយាមអ្នកទោសត្រូវបង្អត់បាយ, បង្អត់ទឹក, មិនផ្តល់សម្លៀកបំពាក់, ដោះលែងអ្នកទោស, និងវាយអ្នកទោសឲ្យស្លាប់ដើម្បីដាច់ចម្លើយ។ ក្រោយពីទទួលការអប់រំ រ៉ុន បានដោះលែងអ្នកទោសម្នាក់ និងលួចដេកពេលយាម។ បន្ទាប់មក ឈុំ បានហៅ រ៉ុន ទៅប្រជុំនៅផ្ទះរបស់ឌិន ជាកងហាមន្ទីរស-២១ (អង្គការចាប់ខ្លួន) ស្ថិតនៅជិតលូបឹងត្របែក។ អំឡុងពេលប្រជុំ រ៉ុន បានស្គាល់ខ្សែគិញឈ្មោះឌិន, និងហូ ជាកងការពារមន្ទីរស-២១ (អង្គការចាប់ខ្លួន)។ រ៉ុន ត្រូវបានអប់រំឲ្យយាមអ្នកទោសដោយធ្វេសប្រហែស, ត្រូវបង្អត់អាហារអ្នកទោស និងបំផ្លាញបន្លែបង្ការផ្សេងៗ។ រ៉ុន បានអនុវត្តផែនការដោយបង្អត់អាហារ និងវាយអ្នកទោស ព្រមទាំងបានដកស្ពៃ និង ត្រប់ ចោលអស់ជាច្រើន។
នៅឆ្នាំ១៩៧៧ ដដែល រ៉ុន ត្រូវបានអង្គការផ្លាស់ប្តូរពីអ្នកយាមគុកទួលស្លែងឲ្យទៅរែកលាមកមនុស្ស និងធ្វើស្រែ។ នៅទីនោះ រ៉ុន បានជួបជាមួយគិញឈ្មោះ ខា, នួន, ង៉ុន, និងខុន។ អ្នកទាំងអស់បានណែនាំ រ៉ុន ឲ្យខ្ជិលធ្វើស្រែ, បំផ្លាញសម្ភារអង្គការ និងបត់គល់សំណាបឡើងលើពេលស្ទូង។ នៅកន្លែងរែកលាមកមនុស្ស និងធ្វើស្រែ បានកន្លះខែ អង្គការបានផ្លាស់ប្តូរ រ៉ុន ឲ្យទៅធ្វើការងារនៅកន្លែងសេដ្ឋកិច្ចមន្ទីរស-២១។ នៅទីនោះ រ៉ុន ត្រូវបានឈ្មោះ អ៊ុក, នួន, ពៅ និង ប៉ាង (អង្គការចាប់ខ្លួន) អប់រំឲ្យខ្ជិលធ្វើការងារ, ពេលចិតបន្លែត្រូវលួចដាក់ដុំដី, គ្រួស ឬកម្ទេចដែក ចូលសម្ល និងចិតបន្លែយឺតៗកុំឲ្យទាន់អ្នកទោសហូប។ ក្រោយមក រ៉ុន បានធ្វើសកម្មភាពទាំងនេះជាច្រើនលើក។ រហូតដល់ខែកុម្ភៈ ឆ្នាំ១៩៧៨ អ៊ុក និងប៉ាង បានយកកម្ទេចដែកដាក់ក្នុងពងទាចៀនឲ្យសមមិត្តបងនៅកន្លែងសេដ្ឋកិច្ចហូប។ ក្រោយពីឃើញពងទាចៀនមានកម្ទេចដែកអង្គការបានចាប់ខ្លួន ប៉ាង និង រ៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧៨។ ចម្លើយសារភាពរបស់ រ៉ុន បានសួរចប់ក្រោយមួយថ្ងៃ បន្ទាប់ពីចាប់ខ្លួននិងបានចង្អុលបង្ហាញអ្នកពាក់ព័ន្ធចំនួន២៩នាក់ ដែលភាគច្រើនធ្វើការនៅគុកទួលស្លែងឬមន្ទីរស-២១៕
កំណត់ចំណាំ៖ ចម្លើយប្រវត្តិក្បត់ដែលបានឆ្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយរបស់ខ្មែរក្រហម។
អត្ថបទដោយ អេង សុខម៉េង
[1] ផេង ពង្សរ៉ាស៊ី, និងអ្នកនិពន្ធដទៃទៀត, សៀភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ភ្នំពេញ(២០២០), បោះពុម្ពលើកទី២, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រ៥៣។
[2] ឯកសារ (J00379) តម្កល់ទុកនៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ប្រវត្តិរូបសកម្មភាពក្បត់របស់ អៀម រ៉ុន អតីតទាហានកំពង់បឹង មុនពេលចាប់ខ្លួនគឺជាយុទ្ធជនសេដ្ឋកិច្ចមន្ទីរសន្តិសុខស-២១ ។ រ៉ុន ត្រូវបានចាប់ខ្លួន និងសួរចម្លើយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៧៨។
[3] បច្ចុប្បន្នស្ថិតក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។