សោកស្ដាយដែលជឿលើបដិវត្តន៍

ឯកលេខ I១០៦២៧. (១៩៧៦). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ កុយ ស៊ិន នៅរបបខ្មែរក្រហម(១៩៧៥-១៩៧៩). មជ្ឈមណ្ឌលឯកសារកម្ពុជា.

បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ បងប្អូនរបស់ព្រឿង ចំនួនប្រាំពីរនាក់បានចូលរួមបដិវត្តន៍ទាំងអស់ ហើយមានតែពីរនាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ មុល ព្រឿង[1] មានអាយុ ៦៩ឆ្នាំ (គិតត្រឹមឆ្នាំ២០០៦)។ ព្រឿង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ព្រឿង មានប្រពន្ធឈ្មោះ ប៊ុន ខាន់ ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៧៩ និងមានកូនបីនាក់ ក្នុងនោះស្លាប់ម្នាក់។ ព្រឿង មានឪពុកឈ្មោះ កុយ មុល, ម្ដាយឈ្មោះ សាន់ និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបីនាក់, ទី១ ឈ្មោះ មុល ម៉ិល, ទី២ មុល សាវ, ទី៣ មុល ព្រឿង, ទី៤ មុល ព្រឿន, ទី៥ មុល សៀន, ទី៦ មុល ស៊ិន (កុយ ស៊ិន)[2] និងទី៧ មុល ខែង។

នៅឆ្នាំ១៩៧០ ព្រឿង និងបងប្អូនប្រាំមួយនាក់ទៀត បានចូលរួមចលនាបដិវត្តន៍តាមការអំពាវនាវរបស់សម្ដេចព្រះ នរោត្តម សីហនុ ដែលប្រកាសឲ្យប្រជាជនចូលព្រៃម៉ាគី។ ប្រជាកសិករក្នុងភូមិកកោះជាង១០០គ្រួសារ មានការជឿជាក់ទៅលើការដឹកនាំ និងការអំពាវនាវរបស់ទ្រង់ ទើបសម្រេចចិត្តចូលបដិវត្តន៍។ នៅពេលនោះ ព្រឿង និយាយថា ខ្លួនមិនបានដឹងថាបដិវត្តន៍នាំឲ្យមានការសម្លាប់រវាងខ្មែរនិងខ្មែរនោះទេ។ ព្រឿង បានចូលព្រៃម៉ាគីដំបូងនៅទួលត្របែក។ នៅព្រៃម៉ាគី គណៈតំបន់៤ ភូមិភាគពាយ័ព្យ ឈ្មោះ តាស៊ូ គ្រប់គ្រង និងបង្ហាត់បង្រៀនផ្នែកសិល្បៈ និងពេទ្យ, ចំណែក តាស៊ុយ គ្រប់គ្រង និងបង្ហាត់បង្រៀនផ្នែកយោធា។ គណៈតំបន់ខ្មែរក្រហម បានអប់រំ ព្រឿង និងបងប្អូនព្រឿង ឲ្យស្ដាប់តាមការដឹកនាំរបស់អង្គការដើម្បីរំដោះជាតិ។ យុវជន-យុវនារី ត្រូវបានខ្មែរក្រហមបំពាក់អាវុធ ដោយយុវជនត្រូវទៅប្រយុទ្ធនៅសមរភូមិមុខជាមួយទាហាន លន់ នល់ ចំណែក យុវនារីត្រូវការពារនៅតាមមូលដ្ឋាន។

នៅឆ្នាំ១៩៧១ ព្រឿង និងបងប្អូន បានហាត់សម ដើម្បីទៅប្រយុទ្ធជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៣ ព្រឿង និយាយថា មានកងទ័ពវៀតណាមខាងជើងធ្វើដំណើរតាមព្រៃចូលមកជួយ និងសហការជាមួយយោធាខ្មែរក្រហមនៅបាត់ដំបង។ កងទ័ពវៀតណាម​បាននាំយកមកជាមួយនូវសព្វាវុធមកប្រយុទ្ធ និងបាញ់ទម្លាក់យន្តហោះរបស់ទាហាន លន់ នល់។ ចំណែក ខ្មែរក្រហម គឺជាអ្នកផ្គត់ផ្គង់ស្បៀងដល់កងទ័ពវៀតណាមទាំងនោះ។ កងទ័ពវៀតណាមទាំងនោះអាចសន្ទនាជាភាសាខ្មែរ។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ព្រឿង និងប្រពន្ធកូន ត្រូវខ្មែរក្រហមបញ្ជូនទៅរស់នៅសហករណ៍ព្រៃតូច។ នៅឆ្នាំ១៩៧៦ ព្រឿង និងកងវរសេនាតូច ដែលមានយោធាខ្មែរក្រហមជាង១០០នាក់ ត្រូវបានខ្មែរក្រហមបញ្ជូនទៅប្រចាំនៅតាមព្រំដែនប្រទេសកម្ពុជា-ថៃ នៅប៉ោយប៉ែត និងម៉ាឡៃ។ កងវរសេនាតូចនេះ ដឹកនាំដោយប្រធានកងឈ្មោះ តាខយ ជាអ្នកមកពីខេត្តសៀមរាប។ ព្រឿង និយាយថាមានយោធាខ្មែរក្រហមប៉ុន្មាននាក់ ដែលយាមល្បាតនៅពេលយប់ បានរត់គេចខ្លួនទៅប្រទេសថៃ។ នៅពេលកំពុងការពារព្រំដែន ព្រឿង ត្រូវរបួសជើងដោយសារការប៉ះទង្គិចជាមួយចោរព្រៃមកពីប្រទេសថៃ។

នៅឆ្នាំ១៩៧៧ ដោយសារមានរបួស ព្រឿង បានស្នើសុំអង្គការត្រលប់មកជួបប្រពន្ធកូនដែលកំពុងរស់នៅសហករណ៍ព្រៃតូច។ នៅពេលមកដល់ ព្រឿង ឃើញវត្តអារាម ដូចជាវត្តកកោះ និងវត្តទួលព្រុំ ត្រូវបានថ្នាក់លើបញ្ជាឲ្យវាយកម្ទេច។ ខ្មែរក្រហមបានចាត់តាំង ព្រឿង ឲ្យធ្វើជាប្រធានសេដ្ឋកិច្ចក្នុងសហករណ៍ ដែលមានតួនាទីដឹកជញ្ជូនសម្ភារ និងស្បៀងសម្រាប់ផ្គត់ផ្គង់សហករណ៍។ ព្រឿង ត្រូវទៅដឹកអង្ករពីឃ្លាំងនៅស្រុកមោងឫស្សី ចំនួនពី២០ដល់៣០បាវក្នុងមួយដង។ ពីរខែក្រោយមក ព្រឿង ត្រូវបានខ្មែរក្រហម បញ្ជាឲ្យទៅធ្វើស្រែ។

នៅចុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានបញ្ជូនកម្មាភិបាលភូមិភាគនិរតីមកគ្រប់គ្រងនៅភូមិភាគពាយ័ព្យ ដោយក្នុងមួយសហករណ៍មានកម្មាភិបាលភូមិភាគនិរតីចំនួនដប់នាក់។ ប្រជាជនទាំងអស់ រួមទាំងប្រជាជនថ្មី និងប្រជាជនចាស់ ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយមានតែបបររាវប៉ុណ្ណោះ។ ចំណែក គណៈតំបន់ តាស៊ូ និងកម្មភិបាលតំបន់៤ ត្រូវបានកម្មាភិបាលភូមិភាគនិរតីចាប់ខ្លួន និងបាត់ដំណឹងតាំងពីពេលនោះមក។ ការរស់នៅ គឺមានសភាពកាន់តែលំបាកជាងមុន។ ប្រជាជន ត្រូវបានស្លាប់ដោយអត់អាហារ និងបាត់ខ្លួនជាច្រើននាក់។ នៅសហករណ៍ កម្មាភិបាលភូមិភាគនិរតីបានបញ្ជាឲ្យប្រជាជនជីករណ្តៅ។ កម្មាភិបាលទាំងនេះ បានវាយមនុស្សទម្លាក់រណ្តៅស្ទើរតែជារៀងរាល់ថ្ងៃ។ បងប្អូនព្រឿង ក៏ត្រូវបានខ្មែរក្រហមសម្លាប់ផងដែរ។ ព្រឿង និយាយថាគាត់បានឃើញយោធាខ្មែរក្រហម និងឈ្លបមកចាប់យកបងប្អូនគាត់ដោយផ្ទាល់។ ក្រៅពីនោះ ក៏មានជនជាតិភាគតិចចាមមួយក្រុម ដែលមកធ្វើការក្នុងសហករណ៍ ត្រូវបានខ្មែរក្រហមដឹកចេញទៅយករៀនសូត្រ។

នៅចុងឆ្នាំ១៩៧៨ ដោយសារឃើញការកាប់សម្លាប់របស់ខ្មែរក្រហម ព្រឿង ក៏សម្រេចចិត្តរត់ចូលព្រៃនៅពេលយប់ និងជួបកងទ័ពវៀតណាមក្នុងព្រៃ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ព្រឿង បានត្រលប់មករស់នៅភូមិកំណើតវិញ។ បងប្អូនព្រឿង បានស្លាប់ដោយសារធ្វើជាយោធាខ្មែរក្រហម, ជំងឺគ្រុនចាញ់ និងការហូបចុកមិនគ្រប់គ្រាន់។ ក្នុងចំណោមបងប្អូនប្រាំនាក់ដែលស្លាប់នៅរបបខ្មែរក្រហម គឺមានម្នាក់ឈ្មោះ មុល ស៊ិន ឬកុយ ស៊ិន ហៅ រុន ភេទស្រី ត្រូវបានរកឃើញថាជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ (គុកទួលស្លែង) ដែលជាមន្ទីរសន្តិសុខសំខាន់បំផុតក្នុងរបបខ្មែរក្រហម។[3]

ឯកសារលេខI១០៦២៧[4] ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង កុយ ស៊ិន ហៅ រុន ភេទស្រី ជនជាតិខ្មែរ មានអាយុ ២៥ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិកកោះ ឃុំកកោះ ស្រុកមោង ខេត្តបាត់ដំបង។ មុនឆ្នាំ១៩៧៥ ស៊ិន ធ្វើការជាយុវនារីមន្ទីរឃុំត្របែក និងមានតួនាទីទទួលខុសត្រូវរោងចក្រប-១ នៅឃុំត្របែក។ ស៊ិន មានឪពុកឈ្មោះ កុយ មុល និងម្ដាយឈ្មោះ សាន់។ ស៊ិន ត្រូវបានឃាត់ខ្លួននៅរោងចក្រប-១ នាថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៦។ តាមបញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរ ស-២១ (គុកទួលស្លែង) “១៩៧៦-១៩៧៨,”  ស៊ិន ត្រូវបានកម្ទេច(សម្លាប់)នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៧។[5]

ព្រឿង និយាយថា ស៊ិន មិនបានរៀនសូត្រអ្វីនោះទេ និងជួយធ្វើការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ស៊ិន បានមកជួបព្រឿងនៅបាត់ដំបង។ បន្ទាប់មកនៅឆ្នាំ១៩៧៦ ស៊ិន ត្រូវបានបញ្ជូនទៅក្ដោបក្តាប់ការងារនៅលាច។ តាំងពីពេលនោះមក ស៊ិន ត្រូវបានបាត់ខ្លួន។ ព្រឿង មានការសោកស្ដាយដែលជឿលើបដិវត្តន៍ ដោយមិនបានពិចារណា។ បដិវត្តន៍នេះ បានធ្វើឲ្យបងប្អូនព្រឿងប្រាំនាក់បាត់បង់ជីវិត៕


អត្ថបទដោយ ស្រ៊ាង លីហួរ

[1] ឯកសារលេខ BBI០០២៣. (២០០៦). សម្ភាសជាមួយ មុល ព្រឿង ដោយ សុខ វណ្ណៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកលេខ I១០៦២៧. (១៩៧៦). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ កុយ ស៊ិន នៅរបបខ្មែរក្រហម(១៩៧៥-១៩៧៩). មជ្ឈមណ្ឌលឯកសារកម្ពុជា.

[3] ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ ៥៨.

[4] ឯកលេខ I១០៦២៧. (១៩៧៦). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ កុយ ស៊ិន នៅរបបខ្មែរក្រហម(១៩៧៥-១៩៧៩). មជ្ឈមណ្ឌលឯកសារកម្ពុជា.

[5] បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរ ស-២១ (គុកទួលស្លែង) “១៩៧៦-១៩៧៨.” លេខរៀង១៨៨៦ ទំព័រទី១១៣. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin