អ្នកចេះអក្សរធ្វើពុតជាមិនចេះ

មិញ សាយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(កំពង់ឆ្នាំង)៖ មិញ សាយ រស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នគាត់មានអាយុ ៦៨ ឆ្នាំ ជាកសិកររស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គាត់ក៏ដូចជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឯទៀតបានរៀបរាប់ពីភាពជូរចត់ និងទិដ្ឋ​ភាព​ផ្សេងៗដែលបានកើតឡើងនាសម័យនោះ។

នៅឆ្នាំ ១៩៧៥ ការចាប់ផ្គើមនៃសម័យខ្មែរក្រហម សាយ មានកូនតូចអាយុ ពីរឆ្នាំ ដែលតម្រូវឲ្យរស់នៅផ្សេងគ្នា​។​ សាយ ត្រូវបានជម្លៀសទៅស្រុកលើ (តំបន់ព្រៃភ្នំ) រហូតដល់ អូររលួស ទីដែលគាត់តម្រូវឲ្យធ្វើជាសហករណ៍តាមក្រុម។ ក្រុមរបស់គាត់ ទទួលបន្ទុក លើកភ្លឺស្រែ ដាំដំឡូង ជីកទំនប់ គាស់ដី និងតាមការបញ្ជារបស់មេកង។ គាត់មិនតម្រូវឲ្យជួបជុំគ្រួសារនោះទេ។ អ្វីដែលគាត់មានប្រសាសន៍ គឺដូចទៅនឹង​រឿងរ៉ាវរបស់អ្នករស់រានមានជីវិតផ្សេងទៀតដែរ ក្នុងនោះរួមមានការស្លៀកពាក់ខោអាវខ្មៅមួយកំផ្លេ និងក្រណាត់ពណ៌ស​ជ្រលក់ពណ៌ឲ្យទៅជាខ្មៅ ព្រមទាំងការហូបមិនគ្រប់គ្រាន់ដោយម្នាក់ទទួលបាន មួយវែក (វែកក្រចកសេះ) ប៉ុណ្ណោះសម្រាប់អាហារមួយពេល។​

ពេលខ្លះក៏ហូបអ្វីបន្ថែម ដូចជាមើមត្រាវ ដើមចេក ដើមល្ហុង ដំឡូង និងស្មៅ មានអ្នកខ្លះបានពុលស្លាប់ជាដើម។ បន្ថែមពីលើនេះ ខែស្ទូងស្រូវ គាត់ត្រូវ​បានចាត់​តាំងឲ្យទៅស្ទូងពីកន្លែងមួយទៅកន្លែងមួយ ខណៈនោះមានការបាត់ខ្លួនអ្នកស្ទូងជាមួយជាបន្តបន្ទាប់។​ រយៈពេលពីរបីថ្ងៃក្រោយទើបដឹងថាត្រូវបានគេសម្លាប់។ អ្នកទាំងនោះភាគច្រើនជា គ្រូបង្រៀន ទាហាន អ្នកចេះអានអក្សរ ដែលត្រូវបានខ្មែរក្រហម តាមដាន អំពីជីវប្រវត្តិ​។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកចេះអក្សរធ្វើពុតជាមិនចេះ ឯអ្នកមិនចេះទុកសម្រាប់ធ្វើជាមេ ដោយមានភាពក្អេងក្អាង និងមិនអាណិតអាសូរចំពោះជាតិសាសន៍គ្នាឯង។

របបកម្ពុជាប្រជាធិបតេយ្យ មិនបានកសាង និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋម្នាក់ៗនោះទេ ផ្ទុយមកវិញរបបនេះបានបំផ្លិចបំផ្លាញ់សង្គមជាតិជាប្រព័ន្ធ។ ការសម្លាប់អ្នកចេះដឹង ការព្រាត់ប្រាសគ្រួសារ ការបរិភោគមិនគ្រប់គ្រាន់ និងការធ្វើការហួសកម្លាំងជាដើម៕

សម្ភាសន៍ដោយ បឿន ស្រីនិច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ 

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin