មាន សម្បត្តិ៖ អនុប្រធានក្រុមការពារគុកតំបន់៥ ប្រចាំនៅថ្មពួក

មាន សម្បត្តិ រស់នៅភូមិពី ឃុំកំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

នៅក្នុងឆ្នាំ១៩៧៥ សម្បត្តិ គឹជាមនុស្សតែម្នាក់ដែលមេភូមិជ្រើសរើសឲ្យចូលធ្វើកងទ័ពខ្មែរក្រហម រហូតមានតួនាទីជាអនុប្រធានការពារគុកនៅតំបន់៥, មានតួនាទីជាអនុរងកងចល័តនៅត្រពាំងថ្ម និងជាអនុរងកងចល័តស្រុកនៅថ្មពួក។ សម្បត្តិ បាននិយាយរៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនដូចខាងក្រោម៖

មាន សម្បត្តិ[1] ហៅ​ លឹម ហុង ឬអូន ភេទប្រុស អាយុ៧០ឆ្នាំ​។ ស​ព្វថ្ងៃ សម្បត្តិ ជាអនុសេនីយ៍ទោកងខេមរភូមិន្ទនៃសឹករង(សក្តិ២) ខេត្តបន្ទាយមានជ័យ។ សម្បត្តិ មានស្រុកកំណើតនៅភូមិរលួស ឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិពី ឃុំកំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ សម្បត្តិ មានប្រពន្ធឈ្មោះ ប៊ូ ភាត់ អាយុ៧០ឆ្នាំ ស​ព្វថ្ងៃជាមេផ្ទះ និងមានកូនស្រីចំនួន៣នាក់​។  សម្បត្តិ មានឪពុកឈ្មោះ ទុយ វុធ(អតីតកងទ័ពសម្ដេចព្រះ នរោត្ដម​ សីហនុ ហើយបានស្លាប់នៅស្វាយដូនកែវក្នុងឆ្នាំ១៩៧០) និងម្ដាយឈ្មោះ ជាម និល សព្វថ្ងៃរស់នៅភូមិសូភី ឃុំកំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ សម្បត្តិ មានបងប្អូនចំនួន៦នាក់(ប្រុស៥នាក់ ស្រី១នាក់) ហើយគាត់ជាកូនទី២ នៅក្នុងគ្រួសារ។ ។

កាលពីក្មេង​សម្បត្តិ បានរៀនត្រឹមថ្នាក់ទី៩ នៅសាលាស្វាយចេក។ នៅឆ្នាំ១៩៧០ សម្បត្តិ បានឈប់រៀន​ ហើយបានសម្រេចចិត្តសុំឪពុកម្ដាយចូលបួសនៅវត្តស្វាយចេក បានចំនួន៣វស្សា។ បន្ទាប់ពីឪពុកបានទទួលមរណភាពនៅស្វាយដូនកែវ ដោយឃើញម្ដាយហត់នឿយក្នុងការធ្វើស្រែ និងមើលគោក្របី សម្បត្តិ បានសម្រេចចិត្តសឹក និងត្រលប់មកជួយធ្វើស្រែ និងធ្វើការងារម្ដាយនៅឯផ្ទះវិញ។

នៅឆ្នាំ១៩៧៥ មេភូមិឈ្មោះ តាពេញ ដែលជាអ្នកគ្រប់គ្រងនៅក្នុងភូមិរលួស បានចាប់ផ្ដើមជ្រើសរើសប្រជាជននៅក្នុងភូមិឲ្យចូលបម្រើកងទ័ពខ្មែរក្រហម។ កាលនោះ គ្មានប្រជាជននៅក្នុងភូមិណាម្នាក់ស្ម័គ្រចិត្តចូលបម្រើកងទ័ពទេ។ នៅក្នុងចំណោមប្រជាជននៅក្នុងភូមិរលួសទាំងអស់ សម្បត្តិ គឺជាមនុស្សតែម្នាក់ដែលត្រូវបានមេភូមិជ្រើសរើសឲ្យចូលបម្រើកងទ័ពខ្មែរក្រហម។ បន្ទាប់ពីការជ្រើសរើសត្រូវបានបញ្ចប់ សម្បត្តិ ត្រូវបាន តាពេញ បញ្ជូនទៅយោធាតំបន់៥នៅថ្មពួក ដែលគ្រប់គ្រងដោយ តាធន ដែលមាន២វរគឺ វរ៥១៣ និងវរ៤២៥។ ពេលមកដល់យោធាតំបន់ថ្មពួក កងទ័ពដែលត្រូវបានជ្រើសរើសត្រូវ តាធន ប្រមូលផ្ដុំ ដើម្បីបែងចែកឲ្យធ្វើការងារ។ កងទ័ពខ្លះត្រូវបានបែងចែកឲ្យទៅការពារនៅតាម​ព្រំដែន​ ចំ​ណែក សម្បត្តិ និងកងទ័ព៦នាក់ទៀត ត្រូវបានបែងចែកឲ្យនៅការពារឃ្លាំងដាក់កាំភ្លើង និងដាក់គ្រាប់នៅថ្មពួក។

នៅឆ្នាំ១៩៧៧ ក្នុងតំបន់៥ ចាប់ផ្ដើមមានការបង្កើតជាកន្លែងសន្តិសុខចំនួនមួយខ្នង ដែលមាន៤ទៅ៥បន្ទប់​ ហើយអាចដាក់មនុស្សបាន៧ទៅ៨នាក់។ ពេលនោះ សម្បត្តិ និងកងទ័ព៦នាក់ទៀត ត្រូវបាន តាធន បញ្ជាឲ្យដើរយាមគុកនៅក្នុងតំបន់៥ ដែលមានទីតាំងនៅក្បែរសាលារៀនថ្មពួកបន្ថែមទៀត។ ​ នៅក្នុងអំឡុងពេលនោះ សម្បត្តិ មានតួនាទីជាអនុក្រុមការពារគុកតំបន់៥  និងមានប្រធានក្រុមរបស់គាត់ឈ្មោះ សួត ដែលមានតួនាទី​ការពារឃ្លាំងដាក់គ្រាប់ និងដើរយាមគុកនៅតំបន់៥។ សម្បត្តិ បាននិយាយបន្តថា ប្រជាជនដែលចាប់បញ្ជូនយកមកដាក់គុកនៅក្នុងតំបន់៥ ភាគច្រើន គឺជាប្រជាជន១៧មេសាដែលជម្លៀសពីភ្នំពេញមកស្វាយ ហើយបានរត់គេចខ្លួនទៅព្រះនេត្រព្រះបម្រុងនិងរត់ចូលទៅរស់នៅក្នុងដីថៃ ប៉ុន្តែត្រូវបានក្រុមជីវពល និងក្រុមឈ្លបស្ទាក់ចាប់បានតាមផ្លូវ។ ​ប្រជាជនដែលក្រុមជីវពលនិងក្រុមឈ្លបចាប់បាន ភាគច្រើនត្រូវបានចាប់យកទៅសម្លាប់​ ចំណែកប្រជាជនខ្លះទៀត ត្រូវបានសួរចម្លើយរួចបញ្ជូនយកទៅដាក់គុកនៅតំបន់៥។

សម្បត្តិ បាននិយាយបន្តទៀតថា​ ប្រជាជនដែលចាប់បានយកមកដាក់គុកនៅតំបន់៥ ពេលដែលយកទៅសួរចម្លើយម្ដងទៀត ត្រូវបានដាក់ខ្នោះជើងបញ្ជូនយកទៅសួរចម្លើយនៅខាងតំបន់​ ដែលស្ថិតក្នុងផ្ទះមួយខ្នង មានជញ្ជាំងបាំងជិត នៅឯខាងត្បូងគុក។​ ប្រជាជនដែលខាងតំបន់សួរចម្លើយចប់ ភាគច្រើនយប់ឡើងប្រហែលម៉ោង៧ទៅ៨​​ ត្រូវបានសេនាជនមកចាប់ចងដៃនឹងខ្សែអង្រឹង ហើយយកទៅសម្លាប់ជាបន្តបន្ទាប់។ ទីតាំងសម្លាប់ស្ថិតនៅខាងត្បូងសាលាកូលេស​ និងនៅវិទ្យាល័យថ្មពួក។ មុននឹងសម្លាប់ប្រជាជន កងទ័ពខ្មែរក្រហមបានជីកអន្លង់យ៉ាងជ្រៅ ហើយបានយកប្រជាជនដែលចាប់យកមក ដាក់ឲ្យអង្គុយនៅតាមមាត់អន្លង់។ បន្ទាប់មក សេនាជនបានយកត្បូងចបមកវាយប្រជាជន​ទាំងនោះនៅនឹងកញ្ចឹងកពីក្រោយសម្លាប់ រួចទម្លាក់ចូលទៅក្នុងអន្លង់នោះ។ ចំណែកប្រជាជនផ្សេងទៀត​ បន្ទាប់ពីសួរចម្លើយចប់ ត្រូវបានដោះលែងបញ្ជូនឲ្យទៅនៅស្វាយវិញ។ សម្រាប់អាហារហូបចុករបស់អ្នកទោសនៅក្នុងគុកតំបន់៥ គឺហូបបាយធម្មតា។ សម្រាប់ម្ហូប មានដូចជា​សម្លម្ជូរព្រលិតត្រីឆ្លាំង ដែលកងទ័ពចេញរកបាននិងមានសម្លផ្សេងៗទៀត។

នៅចុងឆ្នាំ១៩៧៧ គុកតំបន់៥ត្រូវបានរំសាយ។ ពេលនោះ សម្បត្តិ ត្រូវបាន តាធន ផ្លាស់ឲ្យទៅការពារនៅព្រំដែនក្បាលរមាស ស្ថិតក្នុងស្រុកឆ្លក។​ បន្ទាប់ពីរស់នៅឆ្លកមិនបានមួយឆ្នាំផង សម្បត្តិ ត្រូវបាន តាធន ហៅឲ្យមកក្ដាប់កងចល័តនៅមេបុណ្យ នៅក្នុងគ៦ ដែលមានគ្នា១០០នាក់ សម្រាប់ដឹកនាំឲ្យធ្វើស្រែ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ សម្បត្តិ ត្រូវបានផ្លាស់ចេញពីឆ្លក និងត្រូវបញ្ជូនឲ្យទៅធ្វើការងារនៅត្រពាំងថ្មវិញ។ ពេលចូលទៅដល់ត្រពាំងថ្ម សម្បត្តិ ត្រូវបាន ង៉ាន ប្រធានកងចល័តជ្រើសរើសឲ្យធ្វើជាអនុរងនៅក្នុងកងចល័ត។​​ ការងារដែលសម្បត្តិត្រូវធ្វើ គឺត្រូវដឹកនាំប្រជាជនប្រហែល២០០ទៅ៣០០នាក់ឲ្យទៅស្ទូងស្រែនៅមេបុណ្យ។ បន្ទាប់ពីបញ្ចប់ការស្ទូងស្រែ សម្បត្តិ ត្រូវដឹកនាំប្រជាជនទាំងអស់នោះឲ្យទៅរែកដីធ្វើជាទំនប់នៅត្រពាំងថ្មវិញ។ សម្រាប់ការងារលើកទំនប់របស់ប្រជាជននៅត្រពាំងថ្ម ក្នុងមនុស្សម្នាក់ត្រូវកាប់ដីនិងរែកដីឲ្យបាន៤ម៉ែត្រគូបក្នុងមួយថ្ងៃ។ ប្រជាជនដែលធ្វើគ្រប់ផែនការចាត់តាំង អាចសម្រាកឬចង់ទៅធ្វើអ្វីក៏បាន។ ប្រជាជនដែលធ្វើមិនគ្រប់ផែនការ ត្រូវបាននាំខ្លួនយកទៅអប់រំ។ សម្រាប់អាហារហូបចុកនៅក្នុងកងចល័តគឺទទួលបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ។

នៅឆ្នាំ១៩៧៨ ផែនការលើកទំនប់នៅត្រពាំងថ្មត្រូវបានបញ្ចប់។​ ពេលនោះ កងចល័តទាំងអស់ត្រូវបានរំសាយ។ បន្ទាប់ពីរំសាយកងចល័ត សម្បត្តិ បានធ្វើដំណើរចេញពីត្រពាំងថ្ម ត្រលប់មកថ្មពួកវិញ ហើយត្រូវបាន សៅ សួត ប្រធានកងចល័តនៅថ្មពួក ជ្រើសរើសឲ្យធ្វើជាអនុប្រធានកងចល័តស្រុក។ ការងារដែលសម្បត្តិត្រូវ​ធ្វើប្រចាំថ្ងៃ គឺត្រូវដើរមើលប្រជាជនធ្វើស្រែ។ បន្ទាប់ពីគ្រប់គ្រងកងចល័តនៅថ្មពួកបានមួយរយៈ សម្បត្តិ ចាប់ផ្ដើមមានបញ្ហាជាមួយ សៅ សួត ព្រោះ សៅ សួត បានចោទប្រកាន់ សម្បត្តិ ថា សម្បត្តិចង់ឡើងធ្វើប្រធានកងចល័តជំនួសខ្លួន។ ពេលនោះ សម្បត្តិ ត្រូវបាន សៅ សួត រករឿងបម្រុងនិងចាប់យកទៅសម្លាប់ ប៉ុន្តែត្រូវបាន យន់(ប្រធានអភិបាលស្រុក) និងរាម ដឹងទាន់ហើយបានហាម សៅ សួត ព្រោះ យន់ បានស៊ើបដឹងថា សម្បត្តិ មើលការខុសត្រូវនៅក្នុងកងចល័តបានល្អ។ បន្ទាប់ពី យន់ ត្រូវបានថ្នាក់លើចោទប្រកាន់រួចចាប់យកទៅសម្លាប់ រាម បានឡើងគ្រប់គ្រងអភិបាលស្រុកជំនួសរហូតដល់វៀតណាមវាយចូលមករំដោះ។

ពេលកងទ័ពវៀតណាមវាយចូលមកដល់ស្រុកថ្មពួក សម្បត្តិ បានរត់ចេញពីថ្មពួក ទៅស្នាក់នៅស្វាយចេកបណ្ដោះអាសន្ន ហើយបានបន្តដំណើរតាមរទេះចេញពីស្វាយចេក ត្រលប់ទៅភូមិកំណើតវិញ។ ពេលចូលមកដល់ភូមិកំណើត សម្បត្តិ បានបន្តដំណើរទៅរស់នៅភូមិត្រាំសសរ ស្រីស្នំ ខេត្តសៀមរាប។ បន្ទាប់ពីរស់នៅត្រាំសសរបានមួយរយៈ កងទ័ពវៀតណាមដែលមានទីតាំងនៅខេត្តសៀមរាប បានជ្រើសរើសប្រជាជនឲ្យចូលបម្រើការងារនៅក្នុងនគរបាល។ ពេលនោះ សម្បត្តិ រៀបចំនិងដាក់ពាក្យ ប៉ុន្តែត្រូវបានប្រពន្ធដែលទើបតែរៀបការថ្មីៗឈ្មោះ ប៊ូ ភាត់ ដែលជានារីតម្បាញនៅសាលាកូលេស ស្រុកថ្មពួក និងម្ដាយក្មេកហាមឃាត់មិនឲ្យចូល។

នៅឆ្នាំ១៩៨០ សម្បត្តិ បានស្ម័គ្រចិត្តចូលបម្រើកងទ័ពនៅក្នុងកងវរឯករាជ្យ ដែលមានតួនាទីការពារព្រំដែន(មិនបានបញ្ជាក់) ដែលគ្រប់គ្រងដោយឈ្មោះ អ៊ិន (ប្រធានវរ)។ បន្ទាប់ពីការពារព្រំដែនបានរយៈពេល២ឆ្នាំ កងទ័ពវៀតណាមបានវាយចូលមករំដោះ ពេលនោះ សម្បត្តិ បានរត់ចេញពីព្រំដែនមកចូលរួមជាមួយដឺបេជើងគោក ដែលមានទីតាំងនៅអាដន។ សព្វថ្ងៃ សម្បត្តិ និងប្រពន្ធ បានមករស់នៅភូមិពី ឃុំកំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ ចំណែកតួនាទីការងារបច្ចុប្បន្ន សម្បត្តិ មានតួនាទីជាអនុសេនីយ៍ទោកងខេមរភូមិន្ទនៃសឹករង ខេត្តបន្ទាយមានជ័យ។

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] ឯកសារលេខBMI0129 , បទសម្ភាសន៍ជាមួយ មាន សម្បត្តិ នៅឃុំកំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១០ សម្ភាសន៍ដោយ ឡុង ដានី សុខ វណ្ណៈ, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin