សាន់ រឿង៖ រដ្ឋប្រហារមិនបានជោគជ័យប្រឆាំងនឹងប៉ុល ពត នៅក្នុងឆ្នាំ១៩៧៦

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សាន់ រឿង[1] ​ភេទ​ប្រុស​ អាយុ៦៩ឆ្នាំ​​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​​ពាម​លាន់​ ឃុំ​ល្វា ​ស្រុក​​ព្រៃ​ឈរ​ ខេត្ដ​​កំពង់​ចាម​។​ សាន់​ រឿង​​ បាន​និយាយ​ពី​បទ​ពិសោធន៍​​របស់​ខ្លួន​ថា​៖  «​នៅ​ឆ្នាំ​​១៩៧២​ ខ្ញុំ​បាន​ចូល​បម្រើ​ក្នុង​ចលនា​​បដិវត្ដន៍​ខ្មែរក្រហម​។ ខ្ញុំ​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​១០​ពី​សង្គ​ម​ចាស់​។​ ខ្ញុំ​ចេះ​អក្សរ​បាន​បន្ដិច​បន្ដួច។​​  នៅ​ពេល​ដែលលន់​ នល់​ ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ​ ចេញ​ពី​តំណែង​​ព្រះ​ប្រមុខ​រដ្ឋ​​ ខ្ញុំ​មាន​វ័យ​​១៧​ឆ្នាំ។​​ ​ខ្ញុំ​បាន​​ចូល​រួម​​ធ្វើ​បាតុកម្ម​។​

ខ្ញុំ​បាន​​ឮ​ក្រុម​បាតុករ​ប្រឆាំង​​នឹង​​ លន់ នល់​ ស្រែក​ឡើង​ថា៖​ «​ជយោ​សម្ដេច​ឪ ​អ្នក​ណា​មិន​ទៅ​​កាប់​ចោល!»​។ ​ប្រជាជន​ម្នាក់​ៗ​សុទ្ធ​តែ​មាន​​ជំនឿ​​យ៉ាង​មុះ​មុត​លើ​​សម្ដេ​ច​ព្រះ ​នរោត្ដម សីហនុ​ ថា​នៅ​ពេល​ណា​មួយ​​នឹង​​យាង​ព្រះ​​អង្គ​ឲ្យ​ត្រលប់​មក​​ដឹក​នាំ​ប្រទេស​​​ជា​ថ្មី​​ម្ដង​ទៀត។​​ ក្រុម​បាតុករ​បាន​​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​ជ្រោយ​​ចង្វារ​ប្រឆាំង​​នឹង​​ទាហាន ​លន់ នល់​ ខណៈ​​ដែល​ទាហាន​ទាំង​នោះ​បាន​ធ្វើ​ជា​រនាំ​ង​ការពា​រ ​និង​ហាម​ឃាត់​មិន​ឲ្យ​​ឈាន​​ជំហាន​​ទៅ​មុខ​ទៀត។​ ទោះ​​ជា​យ៉ា​ង​នេះ​ក្ដី​​ ខ្ញុំ​ឃើញ​ថា​ ក្រុម​បាតុករ​មិន​បាន​​បញ្ឈប់​​សកម្មភាព​របស់​ខ្លួន​ទេ​​ ដែល​បណ្ដាល​ឲ្យ​ទាហាន​​ លន់ នល់ ​បាញ់​ស្រោច​ស្លាប់​អស់​ជា​ច្រើន​នាក់​។​​

កង​ទ័ព​ លន់ នល់​ បាន​ប្រកាស​​បក​ត្រលប់​វិញ​ថា៖ ​«សម្ដេច​ សីហនុ​​ មាន​និន្នាការ​ទៅ​រក​ក្រុម​កុម្មុយ​នីស្ដ​និយម​ និង​បាន​​លក់​ឧត្ដម​គតិ​ទៅ​ឲ្យ​ពួក​បរទេស»។​ ការ​ធ្វើ​បាតុកម្ម​បាន​ជម្រុញ​ឲ្យ​យើង​​រឹតតែ​ផ្ទុះ​កំហឹង​ឡើង​​ ជា​ពិសេស ​គឺ​ចលនា​តស៊ូ​ប្រឆាំង​នឹង​ពួក​​ចក្រ​ពត្ដិ​និយម​សហរដ្ឋ​អាមេរិក ​ដែល​បាន​ជួយ​គាំទ្រ​ដល់​​ លន់ នល់​ និង​កំហឹង​​វណ្ណៈ​។​ កម្លាំង​​ខ្មែរក្រហម​​បាន​រីក​សាយ​​កាន់​តែធំ​ធាត់​ឡើង​​ ដោយ​សារ​តែ​បណ្ដា​ប្រជាជន​​នៅ​តាម​ជនបទ​​ស្រែ​​ចម្ការ​​ បាន​យល់​ឃើញ​រួម​គ្នា​​ការ​ប្រឆាំង​ជាមួយ​​ចក្រពត្ដិ​​និយម,​​ ការ​ទទួល​ការ​ជិះ​ជាន់​​, ការ​ប្លន់​ទ្រព្យ​សម្បត្ដិ,​​ អំពើ​ពុក​រលួយ,​​ អំពើ​ហិង្សា​​ និង​ការ​ប៉ះ​ពាល់​ដោយ​សារ​​ការ​ទម្លាក់​គ្រាប់​ពី​ទាហាន​​ លន់ នល់​ មក​លើ​​ភូមិ​ស្ថាន​របស់​ខ្លួន​។​​ ប្រជាជន​ខ្លះ​ក៏​​ទទួល​រង​ការ​​ចោទ​ប្រកាន់​ថា​មាន​ជាប់​និន្នាការ​​ជាមួយ​ខ្មែរក្រហម​ដែរ​ ដូច្នេះ​ បាន​​ប្រឈម​នឹង​​ការ​​ចាប់​ខ្លួន​​ពី​ទាហាន ​លន់ ​នល់​។​​

ដំបូង​ខ្ញុំ​បាន​ហាត់​រៀ​ន​អំពី​​យុទ្ធសាស្រ្ដ​សង្គ្រាម​​រួមមាន​​ ការ​វាយ​​ថ្មើរ​ជើង,​​ ចុច​មីន​​, កន្ដ្រាក់​មីន​​ និង​វាយ​ការពារ។​​​ យើង​​បាន​ហាត់​រៀន​ទាំង​​ទ្រឹស្ដី ​និង​មនោគមន៍​វិជ្ជា​ពី នួន ជា​​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​តស៊ូ​វណ្ណៈ​តាមរយៈ​ការ​ជិះ​ជាន់,​ ការ​កាប់​សម្លាប់,​ ការ​កេង​ប្រវ័ញ្ច,​​ ការ​ទារ​ពន្ធដារ,​ អំពើ​ពុក​រលួ​យ​ និង​ភាព​មិន​ប្រក្រតី​​នៃ​តុលាការ​។​​ បន្ទាប់​មក​ ខ្ញុំ​បាន​ចូល​​ទៅ​ក្នុង​​កង​ទ័ព​​តំបន់​​៤១ ​ចល័ត​ភូមិ​ភាគ​ឧត្ដរ។​ មុខ​សញ្ញា​ធ្វើការ​របស់​យើង​ គឺ​​សមរភូមិ​ព្រៃ​​ទទឹង,​ ស្គន់,​ ​ព្រែកក្ដាម,​ កោះ​ត្រឡាច​​លើ,​ កោះ​ត្រឡាច​ក្រោម​​, ជើង​ព្រៃ, ​ថ្នល់​កែង​, សំបូ​រ,​ សង្កើច,​ ឡ​ជី​កង់,​ ជ្រោយ​ជី​ហួរ, ​ព្រែក​តាមាក់,​ ស្ពាន​តាមិន​, ស្ពាន​តា​ពេច​, រោង​ចក្រ​​កង់, ​រោង​ចក្រ​ភួយ​ និង​ខ្លា​គ្រហឹម​។​​ ភាគច្រើន យើង​​ប្រយុទ្ធ​នៅ​ទល់​​មុខ​គីឡូ​លេខ​៦​ ឬ​ទល់​មុខ​ឬស្សី​កែវ​​ វិហារ​ឥស្លាម​។​ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​​ឲ្យ​ជន​​ជាតិ​​ខ្មែរ-អ៊ិស្លាម​ភាគ​ច្រើន ​​រត់​ទៅ​ចូល​រួម​ជាមួយ​ទាហាន​ លន់ នល់​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​កង​អង្គភាព​របស់​ខ្ញុំ​​ចម្រុះ​​ទៅ​ដោយ​​បង​ប្អូន​ខ្មែរ​-អ៊ិស្លាម​, ជន​ជាតិ​ដើម​ភាគ​តិច​​ព្នង,​ ទំពួន​ និង​ចារ៉ាយ​មក​ពី​ខាង​រតនៈ​គិរី។ ​នៅអំឡុង​ពេល​នោះ​​ ខ្ញុំ​ធ្លាប់​បាន​ជួប​ជាមួយ​​នឹង​ កែ ពក​​ ​ហើយ​គាត់​ក៏​ធ្លាប់​បើក​វគ្គ​នយោបាយ​​បង្រៀន​​ពី​យុទ្ធសាស្រ្ដ​ធ្វើ​​សង្គ្រាម​​ដល់​កង​ទ័ព​​ដែរ។​​​ មុន​នឹង​វាយ​​ប្រយុទ្ធ​នៅ​សមរភូមិ​ណា​មួយ​​ កែ ពក​ តែង​​តែ​ប្រជុំ​​ជា​ញឹកញាប់។​​

លុះ​ដល់​​ជ័យ​​ជម្នះ​​​ខ្មែរក្រហម​​នៅ​​ថ្ងៃ​ទី​១៧ ​ខែមេសា ​ឆ្នាំ១៩៧៥​ ខ្មែរ​ក្រហម​បាន​​ចាត់​តាំង​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ជាកងទ័ព​មជ្ឈឹម​​ លេខ​៤៥០​ ​ដោយមាន​ អ៊ិត​ សួង​ ជាប្រធាន។​ អ៊ិត សួង​ តែង​តែ​​បើក​ការ​ប្រជុំ​​ជាមួយ​​យោធា​ក្នុង​អង្គភាព​របស់ខ្លួន​​ជា​ប្រចាំ។ ​កង​របស់​ខ្ញុំ​ ​ដឹក​នាំ​ដោយ​ អ៊ិត សួង ​ធ្លាប់​មាន​ការ​ប៉ុន​​ប៉ន​រដ្ឋ​ប្រហារ​ទម្លាក់​​ ប៉ុល ពត​ ចន្លោះ​ពី​ឆ្នាំ១៩៧៦-១៩៧៧​ ប៉ុន្ដែ​គម្រោង​ការ​នេះ​​ត្រូវ​បាន​បរាជ័យ។​​ កង​របស់​ខ្ញុំ​​បាន​រួម​ដៃ​គ្នា​ក្នុង​កិច្ចការនេះ​ជាមួយ​កង​៣១០, កង៥០២,​ កងរថក្រោះ ​និង​កង​យន្ដ​ហោះ។​ ​នៅ​ពេល​នោះ ​ខ្ញុំ​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ប្រ​ធាន​អនុសេនា​ធំ​ ក្ដាប់​កម្លាំង​​កង​​ទ័ព​ប្រមាណ​១២០​នាក់។

​អ៊ិត សួង​ ធ្លាប់​រៀប​ចំ​កាំភ្លើង​​ប្រភេទ​សេអ៊ឹ​ម​ចំនួន​១២​គ្រឿង ​គ្រាប់​៥០០០​គ្រាប់ ​និង​សព្វាវុធ​ដទៃ​ទៀត​​សម្រាប់​ត្រៀម​វាយ​ប្រហារ​​ត្រង់​ភូមិ​សាស្រ្ដ​ច្រាំង​ចំរេះ, ​ឬស្សី​កែវ​ និង​ព្រែក​ព្នៅ។ ​ក្រោយ​មក​ យើង​មិន​បាន​​ឯកភាព​​គ្នា​ឲ្យ​ពេញ​លេញ ​និង​គួប​ផ្សំ​នឹង​ការ​បែក​ការណ៍​​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​​ដំណាក់​កាល​ផង​នោះ ​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​របស់ ​ប៉ុល ពត​ បំបែក​កម្លាំង​របស់​យើង​បាន​​ និង​រក​ឃើញ​​ខ្មាំង​​ស៊ី​រូង​ផ្ទៃ​ក្នុង​។​​ សភាព​​ការណ៍​​នៅ​ពេល​នោះ ​ចាប់​ផ្ដើម​មាន​ភាព​ចលាចល​ គួប​ផ្សំ​​នឹង​ការ​​ប៉ះ​​ទង្គិច​ជាមួយ​​​កងទ័ព​វៀត​ណាម​​​នៅ​តាម​ព្រំដែន។​ បញ្ហា​សំខាន់​ គឺ​ទាក់​ទង​នឹង​ការ​កំណត់​​ព្រំដែន​មិ​ន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ រវាង​ភាគី​​ខ្មែរក្រហម​ និង​វៀតណាម។

​ប៉ុល ពត ​មាន​គោល​គំនិត​ម្ចាស់​ការ​លើ​​អធិបតេយ្យ​ភាព​​ប្រទេស​របស់​ខ្លួន​ និង​ប្រឆាំង​នឹង​គោល​គំនិត​របស់​វៀតណាម​ដែល​ចង់​បង្កើត​សហព័ន្ធ​ឥណ្ឌូចិន​​។​ ប៉ុល ពត​ ក៏​បាន​បញ្ជូន​​កង​ទ័ព​ក្នុង​អង្គភាព​​លេខ​​១៦៤ ទៅ​វាយ​​ដណ្ដើម​​កោះត្រល់​យក​​មក​កាន់​កាប់​ដែរ​​ ប៉ុន្ដែ​​ត្រូវ​ទទួល​បរាជ័យ​ ហើយ​កងទ័ព​វៀតណាម​​បាន​​រុញ​ច្រា​ន​ត្រលប់​មក​វិញ។​​​ ​

លុះ​ដល់​របប​ខ្មែរក្រហម​បាន​ដួល​រលំ​នៅ​ក្នុង​​​ឆ្នាំ​​១៩៧៩ ​ខ្ញុំ​បាន​រត់​ទៅ​រស់នៅ​តាម​ជាយ​ដែន​ នៅ​ត្រង់​ចំណុច​ភ្នំ​ជេរ​ប្ដី។ ​ក្រោយ​មក​ យើង​បាន​​ចូល​ទៅ​កាន់​ភូមិ​ប្រជាជន​ ហើយ​ក៏​បាន​ជួប​បញ្ហា​ជា​ច្រើន។​ ប្រជាជន​​បាន​ដេញ​កាប់​យើង ​ដោយ​សារ​​តែ​​មាន​កា​រ​ខឹង​​សម្បារ​ និង​ស្អប់​របប​ខ្មែរក្រហម​ ទាំង​ដែល​យើង​ជា​កងទ័ព​​មិន​សូវ​ដឹង​ព័ត៌មាន​​សុខទុក្ខ​របស់​​មូលដ្ឋាន​ខាង​ក្រោយ​ទេ។​​ បន្ទាប់​មក​ កម្លាំង​របស់​យើង​​ប្រហែល​មួយ​ពាន់​នាក់​​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ទឹង​ត្រង់​ដោយ​ប្រើ​កប៉ាល់​ចំនួន​​២​ដើម្បី​ដឹ​ក​ជញ្ជូន។​ ខ្មែរក្រហម​បាន​ឃោសនា​​ទៅ​កាន់​​ប្រជាជន​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​វត្ដមាន​​កង​ទ័ព​វៀតណាម​ដែល​ចូល​មក​​ ហើយ​ប្រជាជន​​​មួយ​​ចំនួន​​បាន​រត់​តាម​យើង​​ឡើង​មក​កាន់​តំបន់​១០០៣​ នៅ​ព្រំ​ដែន​​ភាគ​ខាង​ជើង»៕

អត្ថបទដោយ សួត វិចិត្រ


[1] លឹម​ ជ័យទត្ដ សម្ភាសន៍ជាមួយសាំងរឿងនៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅក្នុងខែធ្នូ ឆ្នាំ២០១៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin