មិននឹកស្មានថាបានរួចរស់ជីវិតពីគុកទួលស្លែង

បរិវេណគុកទួលស្លែង (រូបថតឯកសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង)

“មួយ​ថ្ងៃគេ​សួរ​ប្រវត្តិរូបបីដង…ខ្ញុំ​មិននឹកស្មាន​ថា​ខ្លួនខ្ញុំ​រស់ដែរ​ប្អូន!” សេត កាលខាន់ ដែលមាន​ឪពុក​សញ្ជាតិ​ដើមអារ៉ាប់ និងធ្លាប់ជាអ្នកទោសទួលស្លែង បាន​រៀបរាប់ប្រាប់​បុគ្គលិក​មជ្ឈមណ្ឌលឯកសារ​កម្ពុជា​យ៉ាង​ដូច្នេះ។[1] ឪពុក​របស់​ សេត កាលខាន់ ឈ្មោះ​ អាប់ឌុល ហ្គោលីយ៉ាល មានដើមកំណើតនៅប្រទេស​អារ៉ាប់ និង​បានរើមករស់នៅប្រទេសកម្ពុជា​ នៅពេល​មានវ័យ​២៥ឆ្នាំ​ និង​បាន​រៀបការ​ជាមួយ​ម្តាយ​របស់​ សេត កាលខាន់ ឈ្មោះ សា លីម៉ា ជាជនជាតិលាវ​ ព្រមទាំង​​បង្កើតក្រុមគ្រួសារ​និង​មានកូន​ប្រុសស្រី​ចំនួន ៦នាក់ រស់នៅក្នុងសង្កាត់លេខ៥ (ហៅភូមិអារ៉ាប់ យោងតាម សេត កាលខាន់) ក្នុងទីក្រុង​ភ្នំពេញ ដែល​ជាភូមិកំណើត​របស់ សេត កាលខាន់។

គ្រួសារ​របស់​ សេត កាល​ខាន់​ ពឹង​ផ្អែកទៅលើកសិដ្ឋានចិញ្ចឹមគោ ដើម្បី​រឺតយក​ទឹកដោះលក់ ដោយមុខរបរនេះ អាច​ផ្តល់​នូវ​ជីវភាព​ធូរធារ​ និង​អនុញ្ញាតឲ្យ​បងប្អូន​ទាំងអស់របស់​ កាលខាន់​ បានរៀនសូត្រ។ កាលខាន់ បាន​រៀនដល់​ថ្នាក់ទី៥ (ចាស់) និង​ចេះ​ភាសាបារាំងតិចតួចផង។ នៅក្នុង​ឆ្នាំ​១៩៧០ ដោយសារ​តែ​ស្ថាន​ភាព​ច្របូក​ច្របល់​ កាលខាន់ បាន​សម្រេចចិត្ត​ឈប់រៀន និង​នៅ​ជួយការងារនៅកសិដ្ឋានចិញ្ចឹមគោរបស់​គ្រួសារ។ មិនតែប៉ុណ្ណោះ គ្រួសាររបស់គាត់​បាន​ពង្រីក​កសិដ្ឋាន​បានជា​ច្រើនកន្លែង។ ក្នុង​ឆ្នាំ​១៩៧៥ នៅពេល​ដែល​ខ្មែរក្រហមឡើង​កាន់​អំណាច សមាជិក​គ្រួសារ​របស់​កាលខាន់ទាំងអស់ ត្រូវ​បាន​ជម្លៀសចេញពីទីក្រុង​ភ្នំពេញ ទៅកាន់​ព្រែកដាច់ ដោយត្រូវធ្វើដំណើរ​តាម​ព្រែកប្រាចេញពីទីក្រុង និង​បោះបង់ចោល​នូវ​កសិដ្ឋានទាំងអស់របស់ខ្លួន។ នៅពេលជម្លៀស ខ្មែរក្រហមបានប្រាប់ថាឲ្យ​ប្រជាជន​ចេញពីផ្ទះសម្បែង​តែ ៣ថ្ងៃទៅ៧ថ្ងៃទេ ដើម្បី​ឲ្យក្រុម​ខ្មែរក្រហម​បោសសម្អាតក្រុង ហើយ​ប្រជាជន​នឹងអាច​វិល​មកភូមិ​ឋានវិញក្រោយការរៀបចំរួច។

ជាក់ស្តែង ការពោលរបស់​ខ្មែរក្រហមនេះ គឺមិនមែន​ជាការពិតឡើយ។ កាលខាន់ រំឭកថា ក្រៅពីក្រុម​គ្រួសារ​របស់គាត់ មានក្រុមគ្រួសារ​សញ្ជាតិអារ៉ាប់​ក្នុង​ភូមិ​ជាមួយគ្នា​ប្រមាណជាង​៣០ ទៅ៤០គ្រួសារ​ផ្សេងទៀត ត្រូវបានបង្ខំឲ្យចាកចេញ។ “សុទ្ធតែមីន សុទ្ធតែខ្មោចងាប់ទាំងអស់!” កាលខាន់ ឧទាន​ឡើង​អំពី​ទិដ្ឋភាព​តាមដង​ផ្លូវ​ដែលគាត់​បាន​ឃើញក្នុងអំឡុងពេលធ្វើដំណើរ។ មិនតែប៉ុណ្ណោះ កាលខាន់ បានរៀបរាប់ទៀតថា ខ្មែរក្រហមបាន​បាញ់​សម្លាប់​មនុស្ស​ ២​ ៣ នាក់ ដួល​នៅនឹង​មុខគាត់ ដើម្បីជាការ​គំរាម​ឲ្យ​ប្រជាជន​ដទៃទៀត រូតរះធ្វើដំណើរ​ចេញពីក្រុង។​ ដោយស្ថានការណ៍ច្របូកច្របល់ កាលខាន់​ ពុំ​បានខ្វាយខ្វល់ពីក្រុម​គ្រួសារដទៃឡើយ​ ហើយ​ក៏មិនដឹង​ថា​គ្រួសារទាំងនោះត្រូវទៅកាន់ទីតាំងណាដែរ។ កាលខាន់ និងគ្រួសារ​បានចំណាយពេល​ជិតមួយខែ​ធ្វើដំណើរ​ពីភ្នំពេញទៅព្រែកប្រា។ ក្រោយសម្រាក​បណ្ដោះអាសន្ននៅព្រែកប្រាជិត​២០ថ្ងៃដើម្បីចាំវិលទៅភ្នំពេញវិញ គ្រួសារ​របស់ កាលខាន់ ត្រូវ​បានទាហាន​ខ្មែរក្រហម​បង្ខំឲ្យ​បន្ត​ដំណើរទៅមុខ រហូតដល់​​ត្រើយស្លា។ ថេរវេលាសរុបដែល ​កាលខាន់ ​បានធ្វើដំណើរ គឺមាន​រយៈពេល​ប្រមាណជិត​បីខែ ទម្រាំតែ​ទៅដល់ទីតាំង​ចុងក្រោយ គឺ ព្រែក​ដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

មកដល់​ស្រុកលើកដែក​ ក្រុម​គ្រួសារ​របស់ ​កាលខាន់ ត្រូវ​ដាក់​ឲ្យស្នាក់នៅជាមួយ​ប្រជាជន​មូលដ្ឋាន។ នៅពេលនោះ ពុំ​ទាន់​មាន​ការចាត់ជា​សហករណ៍នៅឡើយ ហើយ​ក្រុម​គ្រួសារ​របស់ ​កាល​ខាន់ ត្រូវ​ស្នាក់នៅទីនេះ ជិត​មួ​យខែ ដោយ​រាវលៀស​ខ្ចៅ​ខ្យ​ង​ និង​រកត្រី​ក្នុង​ទន្លេ​ដើម្បី​បំពេញ​ក្រពះ។ កាលខាន់ ​រំឭកថា នៅទីនេះ គាត់ឃើញមាន​មូលដ្ឋានទ័ពជាច្រើន។ ក្រោយនៅទីនេះ​បាន​ប្រមាណ​មួយខែ គាត់ត្រូវបញ្ចូន​ឲ្យ​ទៅហ្វឹកហាត់ក្នុង​បន្ទាយ​មួយ​រយៈ មុននឹងត្រូវបញ្ជូន​បន្ត​ទាំងគ្រួសារ​ទៅកាន់ភូមិ​ព្រែកដាច់ ក្នុង​ស្រុកលើកដែក​វិញ។ នៅភូមិព្រែក​ដាច់ កាលខាន់ ឃើញមានគ្រួសារ​​ចិន និង​គ្រួសារ​វៀតណាមភាគច្រើននៅទីនេះ។ គាត់ព្រមទាំង​​បាន​ជួបជាមួយ ​និង​គ្រួសារ​អារ៉ាប់​ ពីរ​ បីគ្រួសារដែរ។ គ្រួសារអារ៉ាប់នោះ បាន​បបួល​គ្រួសារ​គាត់ឲ្យ​រត់ទៅវៀតណាមជាមួយ​គ្នា។ ដោយ​មិនហ៊ាន និង​មាន​កូនចិត្ត​ថាអាច​វិល​ត្រលប់ទៅភ្នំពេញ​វិញ គ្រួសារ​របស់ ​កាលខាន់ ពុំ​បានទៅជាមួយគេទេ។ គ្រួសារ​ទាំងនោះ​ក៏បានបណ្ដែត​ដើមចេក​តាមបណ្តោយទឹក លួចរត់ទៅវៀតណាម​បាត់ទៅ។

នៅស្នាក់​បន្តក្នុ​ង​ភូមិ​ព្រែកដាច់ គ្រួសារ​របស់​ កាលខាន់ ទទួល​បាន​ការចែកដី​ឲ្យធ្វើ​ស្រែ​ និង​របប​អាហារ​ដូចទៅនឹងប្រជាជន​មូលដ្ឋានដែរ។ ជាការងារ​បន្ថែម កាលខាន់ ​ត្រូវ​បាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើការងារ​ដំដែក។ នៅ​មូលដ្ឋាននេះ ប្រធានក្រុម មាន​ចិត្តសន្តោសប្រណីដែរ ពីព្រោះថា គេបានអនុញ្ញាត​ឲ្យ​គ្រួសារ​របស់ ​កាល​ខាន់ ដែល​មានសញ្ជាតិ​ដើមអារ៉ាប់​ និង​មិនអាច​ហូប​សាច់ជ្រូកបាន ហូបត្រី ​និង​ម្ហូប​ដទៃទៀត​ តែឲ្យគ្រួសារនេះ​នៅឲ្យឆ្ងាយពីគេ​ពេល​ហូបចុក ដើម្បីកុំ​ឲ្យរំខាន​អ្នក​ដទៃ។ មិនយូរ​ប៉ុន្មាន នៅ​ខែមីនា ឆ្នាំ​១៩៧៦ គ្រួសារ​របស់​ កាលខាន់ ត្រូវ​បានកោះហៅឲ្យឡើងរថយន្ត​ចេញពីព្រែកដាច់​កណ្តាលយប់​ម៉ោង​១២ ដោយខ្មែរក្រហម​ប្រាប់ថា​ឲ្យទៅស្រុកកំណើត។ ក្រុមគ្រួសារ​របស់ ​កាល​ខាន់ ត្រូវ​បាន​ដាក់​ក្នុង​រថយន្ត​ដាច់ពីគ្នា។ កាល​ខាន់ ចាំបានថា នៅប្រហែល​ម៉ោង​៤ ឬ៥ទៀបភ្លឺ រថយន្ត​បានដឹកគាត់ទៅដល់​ស្ថានីយ៍​រថភ្លើងក្រុងភ្នំពេញ។ គ្រាន់​តែមកដល់ទីនេះភ្លាម ខ្មែរក្រហម​មាឌធំៗ ៤​ ៥នាក់ បានដេញ​មនុស្ស​ម្នា​ចុះពីរថយន្ត និ​ងយកក្រណាត់​ខ្មៅរឹតបិទភ្នែក​មនុស្ស​ទាំងអស់។ កាលខាន់ នៅចាំបានយ៉ាង​ច្បាស់​អំពីកម្លាំងរឹតភ្នែករបស់​គាត់​នាពេលនោះ៖ “គេចងរឹត​មួយទំហឹង ឡើងក្បាលយើង​ ងើយទៅក្រោយ។ ដៃយើងទាំងពីរ ត្រូវ​ចងព័ទ្ធស្លាបសេក​ទៅក្រោយអស់។ គេរុញយើងដាក់​លើរថយន្ត ហើយយើងមើល​មិនឃើញអ្វីទាំងអស់ ដោយគ្រាន់​តែឮគេជជែកគ្នាតាមផ្លូវ​ថា យកយើងទៅទួលស្លែង”។

មកដល់​ទួលស្លែង ខ្មែរក្រហម បាន​រុញទម្លាក់​មនុស្ស​ទាំងអស់ចុះ​ពីរថយន្ត រួច​ស្រាយភ្នែក និង​ប្រាប់​អ្នក​ទាំងនោះថា៖ “ឯងស្គាល់ទួលស្លែងទេ ខ្ញុំសួរឯងឆ្លើយ​!” កាល​ខាន់ ​បាន​បន្ត។ ក្រោយមក​ ខ្មែរក្រហម បាន​បង្ហាញ​បន្ទប់​បាំង​វាំង​ននខ្មៅ នូវឧបករណ៍សួរចម្លើយ មាន​ដូចជា​ប្រដាប់​ដកក្រចក​ និង​ខ្សែភ្លើង ដល់​ក្រុម​មនុស្ស​មុនពេល​បញ្ជូនទៅកាន់​បន្ទប់​ឃុំ​រាងខ្លួន។ ខ្មែរក្រហម នៅតែសង្កត់ធ្ងន់ដដែលថា​ត្រូវឆ្លើយ​អ្វីដែល​គេសួរ។ បន្ទាប់មក គេបណ្តើរ ​កាល​ខាន់ ចូលក្នុងបន្ទប់ ដោយ​យកឃ្នាង​បណ្ដុះ​នឹង​ឥដ្ឋ​ដាក់​ស៊កជាមួយរបាដែកវែង ដាក់លើ ​កាលខាន់។ “ខ្ញុំ​មិនដឹងថាខ្លួនជាមនុស្សឬសត្វ ហើយ​យើង​គ្មាន​អារម្មណ៍ជាមនុស្សទេ ដូចថា​បាត់វិញ្ញាណ បាត់ការចងចាំអស់ហើយ ភ័យពេក។ គេដាក់​បាយដាក់​ទឹកឲ្យ​យើង ក៏យើងហូបមិនចូល” កាល​ខាន់ បាន​បង្ហាញពីអារម្មណ៍ពេលត្រូវឃុំ។

នៅពេល​នោះ កាល​ខាន់​ មិន​បានដឹង​ថា​ឪពុកម្តាយ​បង​ប្អូន​របស់​ខ្លួនត្រូវគេនាំ​យកទៅណាទេ។ ខ្មែរក្រហមបាន​នាំ​ កាល​ខាន់​ ទៅធ្វើ​ប្រវត្តិរូប​ និង​សួរចម្លើយ​មួយ​ថ្ងៃបីដង ដែលម្តងៗគឺសួរ​សំណួរ​ដដែលៗ៖ “ជំនាន់សីហនុ មិត្តធ្វើអី? ផ្កាយ១? សក្តិ៥ សក្តិ៤?” ឯ កាលខាន់ នៅតែបន្ត​តប​ដដែលៗ ថា “ខ្ញុំ​ឃ្វាល​គោ និង​ធ្វើជាងដែក។” អ្វី​ដែល​ខុស​ប្លែក​ពីអ្នកទោសដទៃនោះគឺ កាលខាន់​ ជាអ្នក​បំពេញ​ប្រវត្តិរូប​ដោយ​ខ្លួនឯង ដែលនេះបញ្ជាក់ថាគាត់ចេះអក្សរ ហើយ​គាត់ថែមទាំងបាន​ប្រាប់ទៅខ្មែរក្រហមតាម​ត្រង់​ថា គាត់មានសញ្ជាតិដើមអារ៉ាប់ទៀតផង។ ខ្មែរក្រហមបានដឹង​ព័ត៌មានទាំងនេះ តែបែរជាពុំ​បានធ្វើ​អ្វី កាល​ខាន់ ទេ។ កាលខាន់ បានចែករំលែកទៀតថា គាត់ពុំ​បាន​ថត​រូប​ភ្លាមៗ​នៅពេលធ្វើ​ប្រវត្តិរូបទេ គឺមួយរយៈបន្ទាប់ពីជាប់ឃុំ។

កាលខាន់ រំឭកថា៖ “ថ្ងៃមួយ គេមក​ហៅខ្ញុំ​ថតរូប។ គេស្រាយ​ឃ្នាង ហើយ​ដាក់​ខ្នោះទៅក្រោយវិញ រួចបណ្តើរ​​ខ្ញុំ​ចេញមក។ ខ្ញុំ​ដើរ​មិនរួច​ ខ្ញុំ​ដួល​ដោយសារ​ជាប់​ខ្នោះយូរពេក​ ស្ពឹក។ ក្រោយមក គេលើកខ្ញុំ​ដាក់នៅលើគ្រែ ហើយយក​ថ្នាំ​រឹតជើងឲ្យខ្ញុំប្រហែល​១០នាទី ក្តៅជើង។ ក្រោយខ្ញុំ​ដើរបានតិចៗ គេឲ្យខ្ញុំ​ទៅឈរកៀន​ជញ្ជាំង​ ហើយគេយកកែវមានទឹកមួយមកដើម្បីជ្រលក់ក្រាស់សិតសក់​ឲ្យខ្ញុំ។ ចិនជាអ្នកថតរូបឲ្យ គេមិនចេះខ្មែរទេ គេធ្វើតែកាយវិការ។ គេឲ្យខ្ញុំសើច ហើយទើបគេ​ថតរូប។ បន្ទាប់​មក ខ្មែរក្រហម​ នាំខ្ញុំទៅឃុំវិញ។”

បន្ទាប់ពីថតរូប ​និងធ្វើ​ប្រវត្តិរូបរួច ខ្មែរក្រហម​នៅតែបន្ត​សួរ​ចម្លើយ​ កាលខាន់​ បីដង​ក្នុង​មួយថ្ងៃ។ កាលខាន់​ នៅតែ​ផ្តល់​ចម្លើយ​ដដែលៗ។ ថ្ងៃមួយក្នុង​ឆ្នាំ​១៩៧៧ ខ្មែរក្រហម​ចំនួន​បួននាក់ បាន​មកកាន់​បន្ទប់របស់ កាលខាន់ គឺលេខ “០០៧” ដោយគេ​ប្រាប់ថា​យកទៅជុំ​គ្រួសារ។ ពេល​នោះ កាល​ខាន់ ភិតភ័យជាខ្លាំងព្រោះគិត​ថា​គេយកទៅសម្លាប់ចោល។ ជាសំណាង​ល្អ ខ្មែរក្រហម ពិតជានាំ​គាត់ទៅជុំឪពុកម្តាយ​និង​បងប្អូន​ដែល​ត្រូវ​ចាប់យក​មកទួលស្លែង​មែន ក៏ប៉ុន្តែត្រូវដាក់នៅបន្ទប់​ផ្សេង។ ទោះបីជាជុំគ្រួសារក្នុង​បន្ទប់តែមួយ​ក្តី ម្នាក់ៗ ត្រូវ​ខ្មែរក្រហម​ដាក់​ខ្នោះនិង​ឃុំឃាំង​ដដែល។ មិនយូរប៉ុន្មាន ខ្មែរក្រហម​ បាន​នាំ​កាលខាន់ និង​ក្រុម​គ្រួសារ​ឡើង​រថយន្តចេញទៅ​ដោយ​ប្រាប់​ថា​ “គេយកទៅប្រជុំ”។ កាល​ខាន់​ និង​គ្រួសារ មានការតក់ស្លុតជាថ្មីម្តងទៀត ព្រោះគិតក្នុង​ចិត្ត​ថានឹង​ត្រូវ​យកទៅសម្លាប់។ រថយន្តបានបរចេញពីមន្ទីរ​ឃុំឃាំង ឆ្ពោះទៅភ្នំតាម៉ៅ។ មនុស្សម្នា​នៅលើរថយន្ត ពុំ​ត្រូវ​បាន​ចងភ្នែក តែជាប់ខ្នោះ និង​ត្រូវ​សម្រាក​នៅលើ​រថយន្ត​មួយ​យប់​នៅភ្នំតាម៉ៅ។ ព្រឹកស្អែកឡើង រថយន្ត​បានបោះពួយ​ឆ្ពោះទៅកាន់​ច្បារអំពៅ រួចបាន​មក​ដល់​ព្រែកដាច់វិញនៅ​ម៉ោង​ប្រហែល​៧ ៨ យប់។

មកដល់ភូមិវិញ ខ្មែរក្រហម​ បាន​ស្រាយចំណង​ និងដាំបាយចែក​មនុស្ស​នៅក្នុង​រថយន្តទាំងអស់ហូប ដែល​រួមមាន​ កាលខាន់ និង​ក្រុម​គ្រួសារដែរ។ នៅព្រឹកព្រលឹម​នាថ្ងៃស្អែកឡើង ខ្មែរក្រហម​បានកោះប្រជុំ​​អប់រំស្មារតី ហាមប្រាម​ក្រុម​ប្រជាជន​ដែលទើបនឹង​បញ្ជូនមកនេះ ពីការ​នឹកនាចំពោះការវិល​ត្រលប់ទៅភ្នំពេញវិញ ព្រមទាំង​បាន​អប់រំ​ឲ្យខិតខំ​ធ្វើស្រែចម្ការ។ ក្រោយពីប្រជុំ​ ខ្មែរក្រហមបានចែកស្រូវ​មួយ​បាវ​ៗឲ្យទៅគ្រួសារនីមួយ។ ដោយសារ​ថាខ្លាច​ត្រូវ​ខ្មែរក្រហមចោទថា​ក្បត់ ឪពុក​របស់ ​កាលខាន់​ បាន​សម្រេច​ប្រគល់​ស្រូវនោះឲ្យទៅសហករណ៍ ដែលក្រុម​គ្រួសារ​គាត់​រស់នៅ ពីព្រោះនៅពេល​នោះ មានការ​បែងចែក​សហករណ៍នៅទីតាំងនេះទៅហើយ។ មួយរយៈក្រោយមក នៅក្នុង​ឆ្នាំ​១៩៧៧ដដែល ឪពុករបស់​កាលខាន់​ បាន​ធ្លាក់​ខ្លួនឈឺ និង​ចែកឋានទៅ។ ក្រោយពី​ត្រលប់មកព្រែកដាច់វិញ កាលខាន់ ត្រូវ​ចាត់តាំង​ឲ្យ​ចុះ​រែកដីនិងជីក​ប្រឡាយ​លើកទំនប់​ ភ្លឺស្រែ ដូច​ប្រជាជន​ដទៃដែរ។ ចំណែក​ឯម្តាយរបស់ ​កាលខាន់ ដោយ​សារតែ​ស្ថិត​ក្នុង​វ័យចាស់ ខ្មែរក្រហម​បានចាត់តាំង​ឲ្យធ្វើការងារស្រាលៗនៅផ្ទះ ដូចជា​ធ្វើ​បង្គី ធ្វើ​កញ្ច្រែង និង​កាប់ឫស្សីធ្វើ​ដងរែកជាដើម។ កាលខាន់ ព្រម​ទាំង​ម្តាយ​និង​បងប្អូន បន្ត​រស់​នៅដោយ​ភិតភ័យ​នៅក្នុង​សហករណ៍នេះ ហើយក៏មិន​ហ៊ាន​ប្រាប់អ្នក​ដទៃ​ថា ខ្លួនត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅគុកទួលស្លែងដែរ។

ក្រោយ​ពីរបបខ្មែរក្រហម​ដួល​រលំ សេត កាល​ខាន់ និង​គ្រួសារ​ បាន​បន្តរស់នៅ​ក្នុង​ភូមិព្រែកដាច់ដដែល។ គិត​ត្រឹម​ថ្ងៃ​ផ្តល់​បទសម្ភាស កាលខាន់ មានវ័យ​៥៨ឆ្នាំ​ បានរៀបការ​រួច និង​មាន​កូន​ប្រុសស្រី៤នាក់។ ដោយសារ​បាត់បង់ទ្រព្យ​ធន​ គ្មាន​សេសសល់​ បង្កឡើង​ដោយ​របប​ខ្មែរក្រហម ដូចទៅនឹង​ប្រជាជន​កម្ពុជា​ទូទៅដែរ កាលខាន់ ត្រូវ​ចាប់​ផ្តើម​ជីវិត​ពីបាតដៃទទេ គាត់​ត្រូវ​ប្រកប​របរ​រត់ម៉ូតូឌុប និង​ស៊ីឈ្នួលធ្វើកម្មករគេ ដើម្បី​ចិញ្ចឹមជីវិត៕

អត្ថបទដោយ សុភ័ក្រ្ត ភាណា

[1] បទសម្ភាសជាមួយ​ សេត កាលខាន់ នៅថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០០៨ ដោយ​ ឡុង​ ដានី​ បុគ្គលិក​មជ្ឈមណ្ឌលឯកសារ​កម្ពុជា។ នៅក្នុង​អំឡុងពេល​ផ្តល់​បទសម្ភាស សេត កាលខាន់ មាន​អាយុ ៥៨ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក​ ខេត្តកណ្តាល។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin