ជំងឺឃ្លានបាយ

ព្រំ សុខុន អាយុ ៦១ឆ្នំា រស់នៅក្នុងភូមិដូងជ្រុំ ឃុំព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នាសម័យសាធារណរដ្ឋកម្ពុជា សុខុន មានអាយុប្រហែលប្រាំបួនឆ្នំា គាត់​រៀនបានត្រឹមថ្នាក់ទីប្រំាបួនក្នុងសង្គមចាស់ ដែលត្រូវនឹងថ្នាក់ទីបួននាសម័យបច្ចុប្បន្ន។ សុខុន មានបងប្អូនចំនួនប្រំាមួយនាក់។

នៅមុនរបបកម្ពុជាប្រជាធិបតេយ្យ សុខុន បានរស់នៅ​ជួបជុំគ្រួសារនៅគីឡូលេខ៦ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ​ក្នុងឆ្នំា១៩៧៥ ក្រោយខ្មែរក្រហមបានកាន់កាប់ទីក្រុង​ភ្នំពេញ សុខុន និងគ្រួសារត្រូវបានជម្លៀសមកកាន់ខេត្តពោធិ៍សាត់តាមរយៈរថភ្លើង ដោយមានឈ្មោះជាប្រជាជនថ្មី។

សុខុន ស្ថិតក្នុងកងកុមារ និងត្រូវរើសកស្រូវ កាប់ដើមទន្រ្ទានខែត្តដាក់ក្នុងការ៉ុងឲ្យអង្គការជាប្រចំាថ្ងៃ ក្នុង    រយៈ​ពេល៣ឆ្នំា ៨ខែ ២០ថ្ងៃ។ សុខុន បានបញ្ជាក់ថា នាសម័យនោះលុះត្រាតែពេញវ័យ ទើបខ្មែរក្រហមចាត់ឲ្យចូលក្នុងកងនារី ហើយត្រូវច្រូតស្រូវ ដកស្ទូង ភ្ជួរស្រែជាដើម។

គាត់មិនដែលទទួលបាន​ការហូបអាហារ​គ្រប់គ្រាន់ទេ គឺមានតែការវាល់បបររាវម្នាក់មួយចាន ដោយក្នុងមួយថ្ងៃហូបបានតែពីរពេលប៉ុណ្ណោះគឺ ថ្ងៃត្រង់ម៉ោង១១ និងពេលល្ងាចម៉ោង៥។

សុខុន បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនដែលអត់ឃ្លាននាសម័យនោះថា៖«រឿងរ៉ាវដែលខ្ញុំចំាមិនភ្លេច គឺភាពអត់ឃ្លានដែលមានតែបបររាវ។ ខ្ញុំបានបាយហូបដោយ​សារតែអ្នកកិនអង្ករ បានជួយឲ្យអង្ករកន្លះកំប៉ុង ជួនខ្លះមួយកំប៉ុងសម្រាប់លួចដំាបាយហូបជាមួយគល់ល្ហុង និងត្រកួន។»

នាសម័យនោះ មិនមានគ្រូពេទ្យសម្រាប់ព្យាបាលទេ មានតែថ្នំាអាចមន៍ទន្សាយ និងថ្នំាដែលផ្សំពីរុក្ខជាតិសូនជាមួយទឹកឃ្មុំ។ សុខុន បានបន្តថា៖ «សម័យមុនមិនសូវមានអ្នកឈឺប៉ុន្មានទេ មានតែជំងឺឃ្លានបាយព្រោះខ្វះអីហូបដែលនំាឲ្យឈឺ ដោយសារខ្វះជីវជាតិ។ មិនដូចសម័យនេះ មានជំងឺច្រើន ដោយសារអាហារគីមី។»

សុខុន បានបន្តថា ដោយសារអត់ឃ្លានពេកគាត់បានប្រថុយលួចដំឡូង ដែលស្មានថា គេបោះចោលដោយអារម្មណ៍ត្រេកអរ ប៉ុន្តែត្រូវអង្គការចាប់បាន និងវាយដៃ។ ក្រោយបានដំណឹងពីអ្នកជិតខាង បងស្រីរបស់ សុខុន បានចូលខ្លួនធានា សុខុន ពីអង្គការថាប្អូនស្រីទើបសាងកំហុសជាលើកទីមួយ ព្រោះស្មានថា ដំឡូងបោះចោល ទើបអង្គការព្រមដោះលែង សុខុន មកវិញ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin