នៅតែនឹកឃើញនូវអំពើកាចសាហាវ

សៅ សួង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ សៅ សួង អាយុ៧២ឆ្នាំ នៅតែនឹកឃើញនូវអំពើដ៏កាចសាហាវ ដែលរបបខ្មែរក្រហមបានប្រព្រឹត្ត​មកលើប្រជាជនស្លូតត្រង់មកទល់សព្វថ្ងៃ។ សួង បច្ចុប្បន្នរស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីប្រវត្តិសាស្ដ្រម្នាក់ ដែលបានរៀបរាប់នូវការចងចាំ និង​​ភាព​ភ័យខ្លាចដែលបន្សល់ទុកនៅពេលនិយាយពីរបបប៉ុលពតម្តងៗ។

ដំបូងឡើយគាត់ជាប្រជាជនមូលដ្ឋាននៅខេត្តព្រះវិហារ គាត់មិនបានជម្លៀសដូចអ្នកមកពីក្រុងភ្នំពេញ ឬពីខេត្តផ្សេងនោះទេ ប៉ុន្តែគាត់ត្រូវធ្វើការរួម និងហូបបាយរួម។ ចំពោះការងារ គឺត្រូវធ្វើទាំងហួសកម្លាំង ទាំងយប់ទាំងថ្ងៃ។ មានថ្ងៃមួយ គាត់ទៅធ្វើស្រែ និងស្ទូងស្រូវទាំងយប់ ក្រោមពន្លឺនៃចង្កៀងមាំងសុង ពេលនោះធ្វើឲ្យគាត់រអិលដួល ឈឺជើងមកទល់ថ្ងៃ។ ក្នុងការលើកទំនប់នៅតាមសហករណ៍វិញ គាត់ថាខ្មែរក្រហមឲ្យលើកទាំងចាស់ទាំងក្មេង ដូច្នេះទំនប់មួយអាចលើកហើយ ក្នុងរយៈពេលប្រហែលជា៤ទៅ៥ថ្ងៃ។

សួងបន្តថា ការរស់នៅសម័យនោះមានភាពលំបាកខ្លាំង ដូចជាការហូបចុកមិនគ្រប់គ្រាន់ ដែលមានតែស្លឹកចេក ឬស្លឹកដំឡូងមី លាយជាមួយបបរសម្រាប់ហូប ដើម្បីចម្អែតក្រពះពីមួយពេលទៅមួយពេល។ នៅពេលគាត់គ្រុន ខ្មែរក្រហមបានបង្អត់បាយ និងផ្តល់តែថ្នាំ តែពុំសូវមានប្រសិទ្ធ​ភាពនោះទេ។

ក្រោយពីរៀបរាប់នូវរឿងរ៉ាវនៅសម័យនោះ អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសួរនាំគាត់ទាក់ទងនិងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និងសុខភាពប្រចាំថ្ងៃ។ សៅ សួង បានដឹងលឺខ្លះអំពីព័ត៌មាននៃការកាត់ទោសនោះតាមវិទ្យុ។ គាត់បានប្រាប់ថា បើនៅសម័យខ្មែរក្រហមវិញ ខ្មែរក្រហមបានសម្លាប់ប្រជាជនដោយគ្មានការកាត់ទោសអ្វីនោះទេ ឲ្យតែខ្មែរក្រហមចោទថាខុសគឺខុស សម្លាប់ចោលគ្មានត្រាប្រណីបន្តិចសោះឡើយ។ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយដូចជា ឈឺភ្នែក និង ក្រពះពោះវៀនជាដើម៕

សម្ភាសន៍ដោយ តាល់ សុគន្ធា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin