ឪពុកមាបីនាក់ត្រូវខ្មែរក្រហមសម្លាប់

សៃ ហ្វែង រស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​(២០២៤)

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦២ សៃ ហ្វែង ភេទប្រុស​ មានអាយុ ៦២ឆ្នាំ។ សព្វថ្ងៃ ហ្វែង រស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។  ហ្វែង មានឪពុកជាជនជាតិឡាវ និងម្ដាយជាជនជាតិខ្មែរ។ ហ្វែង មានកូនបីនាក់ ក្នុងនោះមានកូនស្រីម្នាក់។

នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់ហ្វែង មករស់នៅភូមិកោះឈើទាលតូច។ ការរស់នៅដំបូងនៅលើកោះឈើទាលតូច គឺមានការលំបាកដោយសារគ្មានការបង្កបង្កើនផលពីមុនមក និងមានប្រជាជនមករស់នៅជាច្រើនគ្រួសារ។ នៅឆ្នាំ១៩៦៨ ហ្វែង បានចូលរៀននៅសាលាក្នុងភូមិអូរស្វាយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ហ្វែង បានឈប់រៀន និងត្រលប់មកជួយការងារឪពុកម្ដាយ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលទើបតែឡើងកាន់អំណាច បានជម្លៀសប្រជាជនចេញពីភូមិទៅរស់នៅភូមិព្រះរំកិល។ នៅទីនោះ ហ្វែង ធ្វើការក្នុងកងកុមារ និងឃ្វាលគោក្របី។​ ចំណែកឪពុកម្ដាយគាត់ ធ្វើស្រែចម្ការ។

នៅឆ្នាំ១៩៧៧ គ្រួសាររបស់ហ្វែង ត្រូវបានខ្មែរក្រហមជម្លៀសម្តងទៀតទៅរស់នៅភូមិពងទឹក។ បន្ទាប់ពីរស់នៅភូមិពងទឹកអស់រយៈពេលពីរខែ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ហ្វែងជាលើកទី៣ ទៅរស់នៅភូមិរំដេង។ នៅភូមិរំដេង ហ្វែងធ្វើការក្នុងកងចល័ត ដោយជីកប្រឡាយ លើកទំនប់ និងលើកភ្លឺស្រែនារដូវប្រាំង។ ខ្មែរក្រហមបានបង្កើតតំបន់១០៣ និងតំបន់១០៤ ដូច្នេះកងចល័តមិនអាចឆ្លងកាត់តំបន់ដើម្បីទៅជួបគ្រួសារបាននោះទេ។ របបអាហាររបស់គាត់មានសភាពមិនគ្រប់គ្រាន់ ដោយមានតែបបរលាយជាមួយដើមចេក និងដំឡូងជ្វា។

នៅរបបខ្មែរក្រហម ឪពុកមារបស់ហ្វែង ចំនួនបីនាក់ត្រូវបានខ្មែរក្រហមសម្លាប់ មានឈ្មោះ ថង លូយ, ថង ម៉ៃ និង លី ញត។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហ្វែង បានឆ្លងទៅប្រទេសឡាវ និងក្រោយមកត្រលប់មកប្រទេសកម្ពុជា ធ្វើជាទាហានអស់រយៈពេលជិតប្រាំមួយឆ្នាំ។

បន្ទាប់ពីឈប់ធ្វើទាហាន ហ្វែង បានប្រកបរបរដាំថ្នាំជក់ និងនេសាទត្រី។ ហ្វែង និយាយថា ចាប់តាំងពីឆ្នាំ២០០៩ ការនេសាទមានការធ្លាក់ចុះ ដោយការនេសាទខុសច្បាប់ និងការប៉ះពាល់បរិស្ថានតាមដងទន្លេមេគង្គ ធ្វើឲ្យប្រជាជនក្នុងភូមិមួយចំនួនចាប់ផ្តើមទៅធ្វើការចំណាកស្រុក៕

សម្ភាសដោយ លុច លេខ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin