ខ្មែរក្រហមចាប់មនុស្សយកទៅបណ្តែតទឹក

ទឹម ម៉ិច រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​​ (២០២៤)

(ស្ទឹងត្រែង)៖ ទឹម ម៉ិច ភេទស្រី មានអាយុ ៧៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ម៉ិច មានស្រុកកំណើតនៅខេត្តតាកែវ។ ម៉ិច មានបងប្អូន៤នាក់ ស្រី៣នាក់។

នៅរបបខ្មែរក្រហម ម៉ិច រស់នៅភូមិកំពង់ចក ឃុំព្រែកល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្មែរក្រហមបានបញ្ជា ម៉ិច ឲ្យធ្វើពលកម្មហួសកម្លាំង ថែមទាំងបង្អត់អាហារ ដោយឲ្យគាត់ហូបត្រឹមបបរមួយកូនចានចង្កឹះ និងមិនឲ្យសម្រាកគ្រប់គ្រាន់នោះទេ។ រៀងរាល់ថ្ងៃ ម៉ិច ត្រូវរែកដី រែកជី និងធ្វើស្រែ។ នៅពេលគាត់មានផ្ទៃពោះ ខ្មែរក្រហមបានបញ្ជាឲ្យគាត់មើលក្មេង។

នៅភូមិកំពង់ចក ម៉ិច បានឃើញខ្មែរក្រហមចាប់មនុស្សចងនឹងក្ដារឈើបណ្តែតទឹកទាំងរស់។ ខ្មែរក្រហមចោទអ្នកទាំងនោះជាបក្ខពួកខ្មែរស។ នៅពេលឃើញដូច្នោះ ម៉ិច មិនហ៊ាននិយាយអ្វីទាំង និងខិតខំធ្វើការ ព្រោះខ្លាចខ្មែរក្រហមយកទៅសម្លាប់។

នៅឆ្នាំ១៩៧៩ ម៉ិច បានមករស់នៅភូមិកោះព្នៅជាមួយម្ដាយមីង នៅអាយុ ៣៥ឆ្នាំ។ ម៉ិច និយាយថា ម្ដាយមីងរបស់គាត់ មករស់នៅភូមិកោះព្នៅតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ក្រោមការចាត់តាំងរបស់សម្តេចព្រះ នរោត្តម សីហនុ។ សព្វថ្ងៃ ម៉ិច មានជំងឺប្រចាំកាយ ដូចជាឈឺសន្លាក់ដៃសន្លាក់ជើង និងជំងឺលើសឈាម៕

សម្ភាសដោយ អ៊ី រក្សា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin