ខ្មែរក្រហមចង់នាំកូនខ្ញុំទៅសម្លាប់

(ស្ទឹងត្រែង)៖ សាន សមឿន ភេទស្រី មានអាយុ ៨១ឆ្នាំ។ សមឿន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមឿន មានស្រុកកំណើតនៅខេត្តតាកែវ និងមានកូនប្រាំនាក់ ក្នុងនោះកូនស្រីបីនាក់។
នៅរបបខ្មែរក្រហម សមឿន ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅគាស់គល់ឈើ។ បន្ទាប់ពីសម្រាលបានកូនស្រីភ្លោះរួច សមឿន ត្រូវមើលថែទាំកុមារ ដោយហូបចុកមិនគ្រប់គ្រាន់។ របបអាហារ មានតែបាយលាយជាមួយគល់ចេក, មើមក្តួច ឬបបរលាយជាមួយទំពាំង, កន្ទក់ និងស្លឹកដំឡូងជ្វា។ សមឿន និយាយថា គាត់ឃើញផ្លែចេកពេញឃ្លាំង តែខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនហូបនោះទេ។
បន្ទាប់ពីធ្វើការរួច នៅពេលល្ងាច មានការប្រជុំ និងកសាងគ្នាទៅវិញទៅមក។ អ្នកទាំងនោះសុទ្ធតែជាអ្នកស្រុកភូមិ និងអ្នកធ្វើការជាមួយគ្នា។ ឪពុករបស់សមឿន ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ ដោយសារគាត់ជាអតីតទាហាននៃរបបមុន។ សមឿន ត្រូវបែកបាក់ឪពុកម្ដាយ និងបងប្អូន។ សមឿន បន្តថា សូម្បីតែកូនប្រុសគាត់ នៅពេលកំពុងឃ្វាលគោ កូនប្រុសគាត់ធ្វេសប្រហែសធ្វើឲ្យគោស៊ីស្រូវតែបន្តិចបន្តួច ក៏ខ្មែរក្រហមចង់នាំយកកូនប្រុសគាត់ទៅសម្លាប់ដែរ។
នៅឆ្នាំ១៩៧៩ សមឿន បានមករស់នៅភូមិអូរស្វាយ និងប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃ សមឿន មានជំងឺលើសឈាម និងជំងឺសន្លាក់ដៃជើង៕
សម្ភាសដោយ អ៊ី រក្សា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥