ខ្មែរក្រហមគំរាមកំហែងប្រជាជន

(ស្ទឹងត្រែង)៖ បិន ពិន ភេទប្រុស មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិន មានឪពុកឈ្មោះ ផាត់ បិន និងម្ដាយឈ្មោះ ហឿន។ ពិន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។
នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ពិន បានមករស់នៅភូមិកោះឈើទាលតូច។ ពិន និយាយថា ប្រជាជនបានមករស់នៅទីនេះដើម្បីការពារព្រំដែន និងប្រកបរបរធ្វើស្រែចម្ការ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ពិនពីភូមិទៅរស់នៅសហករណ៍អូរនោង ស្រុកសៀមប៉ាង។ នៅសហករណ៍អូរនោង ពិន ធ្វើការក្នុងកងចល័ត ដោយត្រូវរស់នៅរួម ធ្វើការរួម និងហូបរួម។
ពិន និយាយថា នៅឆ្នាំ១៩៧៧ ការរស់នៅចាប់ផ្តើមមានការលំបាកកាន់តែខ្លាំងឡើងៗ ដោយសារខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ពិន ថាគាត់ត្រូវជីកប្រឡាយ លើកទំនប់ ធ្វើស្រែ និងឃ្វាលគោ ទាំងយប់ទាំងថ្ងៃ រហូតដល់យប់អធ្រាត្រទើបគាត់បានសម្រាក។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់ពិន បានត្រលប់មករស់នៅភូមិកំណើតវិញ ដោយធ្វើដំណើរថ្មើរជើងអស់រយៈជាងមួយសប្តាហ៍។ នៅឆ្នាំ១៩៨០ ពិន បានចូលធ្វើទាហានសាធារណរដ្ឋប្រជាមានិតកម្ពុជា ឬទាហាន ង-១៧ និងប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅភ្នំដងរែក។
នៅឆ្នាំ១៩៨៧ ពិន បានរៀបការជាមួយប្រពន្ធឈ្មោះ អន ចាន់ថាយ និងមានកូនប្រាំនាក់ ក្នុងនោះស្រីបួននាក់។ ពិន បានមករស់នៅភូមិកោះព្នៅ ដោយប្រកបរបរជាកសិករ និងអ្នកនេសាទ។
អ្វីដែល ពិន ចងចាំមិនភ្លេចពីរបបខ្មែរក្រហម គឺការសម្លាប់, ការគំរាមកំហែង និងបិទសិទ្ធិសេរីភាពរបស់ប្រជាជន។ ពិន ថាឪពុកក្មេករបស់គាត់ បានបាត់ខ្លួនដោយសារខ្មែរក្រហមចោទថាខុសសីលធម៌៕
សម្ភាសដោយ ហ៊ លីអឺរ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥