ផលលំបាកពីការហូបអាហាររួម

(ត្បូងឃ្មុំ)៖ ចន ម៉េត អាយុ៥៧ឆ្នាំ មានទីកន្លែងកំណើត និងលំនៅដ្ឋានបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវកើតមានលើរូបម៉េត ដែលគាត់ចងចាំមិនអាចបំភ្លេចបាន គឺខ្មែរក្រហមបានបំបែករូបគាត់ចេញពីឪពុកម្ដាយរបស់គាត់។
នៅឆ្នាំ១៩៧៥ ម៉េត មានអាយុប្រាំបីឆ្នាំ ហើយផលលំបាកដែលគាត់ជួបប្រទះនៅក្នុងរបបខ្មែរក្រហម គឺការបរិភោគអាហាររួម។ ខ្មែរក្រហម បានរៀបចំឲ្យប្រជាជនទាំងអស់ហូបអាហាររួមគ្នា។ ការដែលត្រូវហូបអាហាររួមគ្នានោះ គឺមិនមែនពេលដែលនរណាទៅដល់រោងអាហារមុន អាចបរិភោគបានមុននោះទេ ដោយត្រូវតែរង់ចាំឲ្យគ្រប់គ្នាសិនទើបអាចបរិភោគបាន។ ម៉េត បាននិយាយថា៖ “នៅថ្ងៃខ្លះ អង្គការឲ្យរង់ចាំគ្នាដល់ម៉ោងប្រាំបី ឬម៉ោងប្រាំបួនយប់ក៏មានដែរ”។ ពាក់ព័ន្ធនឹងរបបអាហាររបស់ប្រជាជន មានភាពខ្វះខាតខ្លាំង ប្រជាជនហូបតែបបររាវ លាយជាមួយសម្លត្រកួន, សម្លព្រលឹត និងសម្លដើមចេក។ ក្នុងសម្លមួយចាន ប្រជាជនត្រូវហូបចែកគ្នាចំនួនបួននាក់។
នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឲ្យ ម៉េត ធ្វើការងារនៅក្នុងកងកុមារ ឃ្វាលគោ និងក្របី។ ម៉េត បានរៀបរាប់ថា ចំពោះការងារជាអ្នកឃ្វាលគោ និងក្របី គឺមិនសូវមានផលលំបាកខ្លាំងនោះទេ ព្រោះតែគាត់អាចមានពេលអង្គុយសម្រាកខ្លះ មិនដូចជាប្រជាជនដែលធ្វើការងារខាងដក-ស្ទូង, រែកដី, ជីកប្រឡាយ និងលើកទំនប់ឡើយ។
នៅក្នុងរបបខ្មែរក្រហម ការឈឺថ្កាត់របស់ប្រជាជន គឺជាបញ្ហាប្រឈមមួយ ព្រោះតែនៅក្នុងរបបនោះមិនមានថ្នាំ និងមិនសម្បូរគ្រូពេទ្យដែលចាំព្យាបាលជំងឺឡើយ។ គ្រូពេទ្យមួយចំនួន គ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវតាមបទដ្ឋានរបស់គ្រូពេទ្យនោះទេ។ ការងារព្យាបាលរបស់គ្រូពេទ្យភាគច្រើន គឺអនុវត្តន៍តាមបែបបុរាណ ទាំងការព្យាបាល និងថ្នាំពេទ្យ មិនមានឧបករណ៍ទំនើបៗដូចជាពេលបច្ចុប្បន្ននេះទេ។ តាមការបញ្ជាក់របស់ ម៉េត នៅក្នុងអំឡុងពេលនោះ ថ្វីត្បិតតែប្រជាជនធ្វើការងារច្រើនលើសពីកម្លាំង និងបរិភោគមិនបានគ្រប់គ្រាន់។ ទោះបីជាយ៉ាងណាក្តី មិនសូវមានប្រជាជនឈឺថ្កាត់ឡើយ បើមានគឺភាគតិចប៉ុណ្ណោះ។
ម៉េត បានរៀបរាប់បន្ថែមថា នៅក្នុងរបបខ្មែរក្រហម រូបគាត់ត្រូវរស់នៅបែកពីឪពុកម្ដាយ និងបងប្អូន។ ឪពុករបស់គាត់ត្រូវអង្គការចាត់តាំងឲ្យទៅធ្វើស្ករ នៅភូមិក្រែកជើង ចំណែកម្ដាយទៅធ្វើការងារនៅភូមិម្កាក់ រីឯបងរបស់គាត់ត្រូវអង្គការចាត់តាំងឲ្យជីកប្រឡាយនៅខាងលិចស្ទឹងក្នងស្រុកពញាក្រែក។ ក្នុងរយៈពេលមួយខែកន្លះទើប គាត់បានជួបមុខបងប្រុសម្ដង។
ម៉េត ធ្លាប់ប្រទះឃើញសាកសពនៅវាលឫស្សីមួយកន្លែង ស្ថិតនៅភូមិចារ ពេលដែលគាត់មកពីជីកត្រពាំង។ គាត់មិនបានដឹងច្បាស់នោះទេថា សាកសពនោះស្លាប់ដោយរបៀបណាទេ។ នៅពេលនោះ សាកសពមានសភាពហើម ស្អុយ មើលលែងស្គាល់ថាជានរណា។ សាសនា និងការអប់រំ គឺត្រូវបានលុបបំបាត់ចោល។ ព្រះសង្ឃត្រូវផ្សឹក ឯព្រះវិហារ រូបសំណាក់ព្រះពុទ្ធត្រូវវាយកម្ទេច។ ការសិក្សា ត្រូវបានអង្គការអនុញ្ញាតឲ្យមានតែការបង្រៀនដល់កុមារតូចៗ ហើយការបង្រៀននោះមិនមានការបង្រៀនលម្អិតទេ ភាគច្រើនគឺផ្ដោតលើការបង្រៀនឲ្យក្មេងៗដឹងគុណអង្គការ និងគិតថាអង្គការគឺជាឪពុកម្ដាយ។
នៅក្នុងរបបខ្មែរក្រហម ម៉េត ពុំបានបាត់បង់សមាជិកគ្រួសារណាម្នាក់ឡើយ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ សមាជិកគ្រួសាររបស់គាត់ បានវិលត្រលប់មករស់នៅជុំគ្នាជាថ្មីម្ដងទៀត៕
សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥