រត់គេចពីការរៀបការ

ឌី យ៉េត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តកំពង់ស្ពឺ (២០២៤)។

(កំពង់ស្ពឺ)៖ ឌី យ៉េត អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ចាប់តាំងពីពេលដែលរបបខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជននៅក្នុងតំបន់ដែល យ៉េត រស់នៅត្រូវរស់នៅបែកពីសមាជិកគ្រួសារ។ ឪពុកម្ដាយ ត្រូវបែកពីកូនៗ បងប្អូនត្រូវបែកគ្នា ដោយរស់នៅតាមកងដាច់ដោយឡែកពីគ្នា។ នៅតំបន់ដែល យ៉េត រស់នៅ អង្គការបានបែងចែកប្រជាជនជាពីរផ្នែកគឺ ប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិ ត្រូវចាត់តាំងឲ្យធ្វើជាគណៈកង មេក្រុម ឬជាកម្មាភិបាល។ ចំពោះ យ៉េត វិញ នៅពេលនោះ អង្គការចាត់ចូលនៅក្នុងប្រជាជនត្រៀម។

នៅពេលមានជំងឺ និងស្នើសុំឈប់សម្រាកពីការងាររយៈពេលចាប់ពីមួយថ្ងៃឡើង អ្នកជំងឺនោះនឹងត្រូវអង្គការចោទថាកុហកធ្វើពុតជាឈឺ ឈឺដើម្បីបម្រើឧបាយកលខ្មាំង។ អ្នកជំងឺភាគច្រើន ត្រូវអង្គការបង្អត់អាហារ ព្រោះតែមិនបានទៅធ្វើការងារឲ្យអង្គការ។ ដូច្នេះ ប្រជាជនទាំងអស់ត្រូវតែបង្ខំចិត្តទៅធ្វើការងារទាំងខ្លួនមានជំងឺ។ ពាក់ព័ន្ធទៅនឹងម៉ោងធ្វើការងារ ប្រជាជនត្រូវក្រោកពីព្រលឹម នៅម៉ោងប្រាំព្រឹក ដោយត្រូវតម្រង់ជួរដើម្បីគោរពទង់ជាតិ ហើយបន្ទាប់ពីនោះ គឺចាប់ផ្ដើមចេញទៅកន្លែងធ្វើការរៀងៗខ្លួន។ យ៉េត បានបញ្ជាក់ថា៖​ គាត់ចេញទៅធ្វើការងារតាំងពីព្រឹកព្រលឹម រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបអង្គការវាយជួងសម្គាល់ដល់ម៉ោងត្រូវហូបអាហារថ្ងៃត្រង់។ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួចរាល់ សម្រាកបានបន្តិច នៅម៉ោងប្រហែលមួយរសៀល ប្រជាជនទាំងអស់ចេញទៅធ្វើការងារបន្តដល់ម៉ោងប្រាំល្ងាច ទើបអង្គការចែកអាហារឲ្យម្ដងទៀត។ នៅពេលនោះ មានប្រជាជនមួយចំនួនបានសម្រាកបន្ទាប់ពីហូបអាហារពេលល្ងាចរួច ប៉ុន្តែមួយចំនួនទៀតត្រូវទៅរែកដីបន្តនៅពេលយប់។

យ៉េត ធ្លាប់ត្រូវបានអង្គការកសាង ព្រោះតែពេលនោះគាត់រត់គេចពីមង្គលការដែលអង្គការរៀបចំឲ្យ។ នៅអំឡុងឆ្នាំ១៩៧៧ អង្គការខ្មែរក្រហមបានបើកការប្រជុំមួយ ហើយបានហៅឈ្មោះយុវជន-យុវនារី ចំនួន២០គូ ដែលនៅក្នុងនោះក៏មានឈ្មោះរបស់ យ៉េត ដែរ។ អង្គការបានបញ្ជាក់ថា អ្នកដែលមានឈ្មោះនៅក្នុងនេះទាំងប៉ុន្មានមិនត្រូវបាត់វត្តមានពីការប្រជុំនេះឡើយ។ បន្ទាប់ពី យ៉េត បានឮបែបនោះភ្លាម គាត់អាចដឹងភ្លាមថាអង្គការនឹងរៀបចំមង្គលការឲ្យគាត់ជាមិនខាន។ ដូច្នេះ គាត់បានរត់គេចចេញពីកន្លែងនោះ ទៅពួននៅផ្ទះរបស់គាត់ដែលនៅមិនឆ្ងាយប៉ុន្មានពីសហករណ៍ដែលគាត់ស្នាក់នៅ ។ លុះព្រឹកឡើង យ៉េត ក៏ត្រលប់ទៅកន្លែងធ្វើការងារវិញ ហើយត្រូវអង្គការនាំខ្លួនទៅកសាង។ នៅក្នុងការកសាងនោះ អង្គការមិនបានវាយធ្វើបាបលើរូបគាត់ឡើយ ដោយគ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចប៉ុណ្ណោះ។

រហូតដល់ពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមចូលប្រទេសកម្ពុជា របបខ្មែរក្រហមបានដួលរលំ យ៉េត ត្រលប់ទៅផ្ទះជួបជុំបងប្អូនរបស់គាត់វិញ។ យ៉េត បានរៀបការជាមួយប្ដីរបស់គាត់ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំរយៈពេលមួយឆ្នាំ។ បច្ចុប្បន្ននេះ គាត់មានជំងឺ លើសសម្ពាធឈាម និងត្រូវលេបថ្នាំជាប្រចាំថ្ងៃ៕

សម្ភាសន៍ដោយ៖ ស្រេង ដាណេ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin