ការដ្ឋាននោះមានន័យដូចម្ដេច?

(កំពង់ធំ)៖ ហួន ហៀក អាយុ៧៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ ជាយុវជនដែលកើតក្នុងគ្រួសារមានវណ្ណៈកសិករ។ ដោយសារតែខ្លាចការចាប់បង្ខំធ្វើជាទាហានឲ្យរបប លន់ នល់ ហៀក បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃ។ ក្រោយពីបួសបានរយៈពេលពីរឆ្នាំ គាត់ក៏លាចាកសិក្ខាបទវិញ។ ដំបូងឡើយ ហ៊ូ នឹម និង ហ៊ូ យន់ បានបង្កទ័ពនៅក្នុងព្រៃ ហើយបានអះអាងថាខ្លួនជា រណសិរ្សសង្រ្គោះលើកជ្រុងសាសនា អនុញ្ញាតឲ្យប្រជាជនគោរពប្រណិប័តន៍សាសនា។ នៅពេលដែលទទួលបានការឃោសនានយោបាយបែបនោះ គ្រប់អ្នកភូមិទាំងអស់មិនថាជាព្រះសង្ឃ ឬជាប្រជាជនធម្មតានោះទេ បាននាំគ្នាខិតខំរៀនសូត្រសង្វាតយកចំណេះវិជ្ជា។
នៅអំឡុងពេលកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ក៏ចាប់ផ្ដើមលេចចេញនូវវត្តមានខ្មែរស, ខ្មែរលើ, ខ្មែរក្រហម និងមានសកម្មភាពផ្សេងៗ មកជាបន្តបន្ទាប់។ ទាំងនោះអាចនិយាយបានថា គឺជាសង្រ្គាមចិត្តសាស្រ្ត ដើម្បីអូសទាញប្រជាជនឲ្យជឿលើការធ្វើបដិវត្តន៍របស់ខ្លួន។ នៅឆ្នាំ១៩៧៣ ចលនាខ្មែរក្រហមជ្រៀតចូលបន្តិចម្ដងៗនៅក្នុងភូមិរបស់ ហៀក ហើយចាប់ផ្ដើមមានការអនុវត្តផែនការ មហាលោតផ្លោះ មហាអស្ចារ្យ។ ប្រជាជននៅក្នុងភូមិត្រូវបានចាត់តាំងឲ្យទៅធ្វើការងារនៅការដ្ឋាន សំណង់ទំនប់បារាយណ៍។ ប្រជាជនមិនបានដឹងមុននោះទេថា ពេលនោះអង្គការឲ្យគាត់ទៅធ្វើអ្វីនៅទីនោះ សូម្បីតែពាក្យថា “ការដ្ឋាន” ក៏អ្នកភូមិមិនដឹងថាមានន័យយ៉ាងណាឡើយ និងមានចម្ងល់សួរគ្នាទៅវិញទៅមក។ ពេលដែលទៅដល់ទីនោះ ប្រធានកង ចាប់ផ្ដើមវាស់ដីចែកឲ្យប្រជាជនជីក ទើបប្រជាជនដឹងថាគាត់ត្រូវធ្វើការជីកប្រឡាយនៅទីនោះ។
នៅឆ្នាំ១៩៧៥ មានការចាប់ផ្ដើមបង្កើតជាសហករណ៍ និងរស់នៅជាសមូហភាព ដោយមានសហគមន៍ មានកងចល័ត។ បន្ទាប់ពីមានការបង្កើតសហករណ៍ ប្រជាជនទាំងអស់នៅក្នុងភូមិ ត្រូវរស់នៅបែកពីសមាជិកគ្រួសារ។ បុរសរស់នៅផ្សេង ស្រ្តីនៅផ្សេង និងកុមារនៅផ្សេង។ ប្រជាជនតស៊ូធ្វើការងារទាំងភ្លៀង ទាំងក្ដៅឲ្យអង្គការ មិនហ៊ានត្អូញត្អែរ ព្រោះខ្លាចអង្គការធ្វើបាប។ ហៀក បាននិយាយថា៖ “ប្រជាជននៅពេលនោះមិនសូវមានអ្នកឈឺឡើយ ទោះបីជាខំធ្វើការងារទាំងមេឃក្ដៅ ត្រជាក់យ៉ាងណាក៏ដោយ”។ ក្នុងករណីមានប្រជាជនឈឺថ្កាត់ គឺមានគ្រូពេទ្យនៅចាំព្យាបាលនៅក្នុងសហករណ៍។ របបអាហារដែលអង្គការចែកឲ្យប្រជាជន គឺសុទ្ធតែកំណត់ចំនួនច្បាស់លាស់។ ហៀក និងសមាជិកប្រាំមួយនាក់ទៀត ក្នុងមួយពេលទទួលបានអង្ករចំនួនមួយកំប៉ុងសម្រាប់បបរហូប។
ប្រជាជនដែលមិនស្ដាប់បង្គាប់ និងមិនប្រព្រឹត្តតាមច្បាប់របស់អង្គការ នឹងត្រូវចាប់យកទៅកសាង ឬរៀនសូត្រ។ នៅអំឡុងពេលនោះមានប្រជាជនភាគតិចណាស់ដែលដឹងថាពាក្យ កសាង និងរៀនសូត្រ ស្មើនឹងពាក្យសម្លាប់។
នៅឆ្នាំ១៩៧៦ ហៀក និងប្រពន្ធរបស់គាត់ បានរៀបការជាមួយគ្នា ដោយអង្គការជាអ្នករៀបចំផ្សំផ្គុំ រួមគ្នាជាមួយបុរស-ស្ត្រីចំនួន១៣គូផ្សេងទៀត។ ប្រជាជនទាំងអស់នោះសុទ្ធតែត្រូវអង្គការបង្ខំឲ្យរៀបការ។ ប្រពន្ធរបស់ ហៀក ពេលនោះមានអាយុទើបតែ១៧ឆ្នាំ ប៉ុណ្ណោះ ចំណែក ហៀក នៅពេលនោះគាត់មានអាយុ២៦ឆ្នាំ។ ហៀក និងប្រពន្ធរបស់គាត់មិនធ្លាប់បានស្គាល់គ្នាពីមុនមកនោះទេ ហើយប្រសិនជាចង់ប្រកែកមិនព្រមរៀបការក៏មិនអាច។ ដូច្នេះ អ្នកទាំងពីរបានសម្រេចចិត្តចាប់ដៃគ្នាតាំងពីពេលនោះមក៕
សម្ភាសន៍ដោយ៖ សេង គឹមឡាង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥