មីងឯងជាគ្រួសារបញ្ញើ

(ស្ទឹងត្រែង)៖ ជ័យ គាំ ភេទស្រី មានអាយុ៨៨ឆ្នាំ។ គាំ មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាំ មានបងប្អូនប្រាំបួននាក់ ក្នុងនោះស្រីប្រាំមួយនាក់។
នៅឆ្នាំ១៩៦៦ ប្តីគាំដែលជាទាហាន និងគាំ បានមករស់នៅភូមិអូរស្វាយ តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីការពារព្រំដែន។ គាំ មានកូនប្រាំមួយនាក់។ គ្រួសារគាំ ទទួលបានផ្ទះមួយខ្នង និងដីស្រែមួយប្លង់សម្រាប់ដាំដុះ។ នៅអូរស្វាយ ប្រជាជនភាគច្រើនធ្វើស្រែចម្ការ ដាំសណ្តែក និងធ្វើការនៅឡឥដ្ឋ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលចូលកាន់កាប់ភូមិអូរស្វាយ បាននាំប្តីគាំទៅវាយសម្លាប់។ បន្ទាប់ពីខ្មែរក្រហមសម្លាប់ប្តីគាំ ខ្មែរក្រហមគំរាមគាត់ថា៖ «មីងឯង គេយកទៅវាយចោលស្មាម៉ានក៏បានដែរ។ មីងឯងជាគ្រួសារបញ្ញើ មិនមែនគ្រួសារស្មើសិទ្ធិនឹងគេ នឹងឯងនោះទេ»។ គាំ និងកូនតូចដែលមានអាយុ ២ឆ្នាំ បានត្រឹមតែនឹករឭកប្តី និងឪពុកប៉ុណ្ណោះ។ ចំណែក កូនផ្សេងទៀត ត្រូវបានខ្មែរក្រហមបំបែកបំបាក់ដោយឲ្យទៅធ្វើការក្នុងកងចល័ត និងកូនម្នាក់ធ្វើជាកងទ័ពខ្មែរក្រហម។ ក្រោយមក ទើបគាំដឹងថាកូនគាត់ម្នាក់នោះបានស្លាប់នៅសមរភូមិ។
របបខ្មែរក្រហមបានបំបែកបំបាក់គ្រួសារគាំ មិនឲ្យជួបជុំគ្នា។ គាំ ត្រូវធ្វើការពីព្រលឹមទល់ព្រលប់ ដោយមិនហ៊ានតវ៉ាជាមួយខ្មែរក្រហមនោះទេ។ អ្នកដែលតវ៉ា នឹងត្រូវយកទៅរៀនសូត្រ (សម្លាប់)។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ គាំ និងកូនបានរត់ភៀសខ្លួនចូលព្រៃរហូតដល់ខេត្តសៀមរាបអស់រយៈពេលជាច្រើនខែ។ ក្រោយមក គាំ បាននាំកូនៗត្រលប់មករស់នៅភូមិអូរស្វាយ ដោយប្រកបរបរធ្វើស្រែចម្ការ និងនេសាទ៕
សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥