ពីរខែទើបចេះស្ទូង

(ក្រចេះ)៖ សេង គា អាយុ៦៣ឆ្នាំ មានទីលំនៅ នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់ជាស្រ្តីមេម៉ាយ និងមានកូនស្រីចំនួនពីរនាក់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងអំណាចលើទូទាំងប្រទេសកម្ពុជា។ នៅពេលនោះ ខ្មែរក្រហមបានជម្លៀសគាត់ និងគ្រួសារពីភ្នំពេញ ទៅខេត្តក្រចេះ។ គា ដឹងព័ត៌មានខ្លះៗអំពីភូមិសំបុកនៅមុនឆ្នាំ១៩៧៥ តាមរយៈការរៀបរាប់របស់អ្នកភូមិដែលគាត់ស្គាល់។ នៅភូមិនេះ ខ្មែរក្រហមបានចូលមកគ្រប់គ្រងតាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។
គ្រួសាររបស់ គា និងប្រជាជនដទៃទៀត ត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញដោយការបង្ខិតបង្ខំ។ ចរាចរនៅតាមដងផ្លូវមានសភាពស្ទះកកកុញ ព្រោះតែប្រជាជនជាច្រើនបានប្រជ្រៀតគ្នាចាកចេញពីទីក្រុងទៅតំបន់ផ្សេងៗដែលមានសាច់ញាតិនៅទីនោះ ហើយប្រជាជនមួយចំនួនទៀតចាកចេញទៅតាមការរៀបចំរបស់ខ្មែរក្រហម។ គា បានបញ្ជាក់បន្ថែមថា មានប្រជាជនជាច្រើន មិនថាចាស់ ក្មេង ឬ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺត្រូវខ្មែរក្រហមបង្ខំឲ្យចេញពីទីក្រុងទាំងអស់។ ប្រជាជនជាច្រើន បានស្លាប់នៅតាមដងផ្លូវ ព្រោះតែមិនមានអាហារបរិភោគ និងមួយចំនួនទៀតគឺដោយសារតែជំងឺ។ មនុស្សចាស់ជរា និងអ្នកជំងឺមួយចំនួនធំត្រូវសមាជិកគ្រួសារបោះបង់ចោលនៅតាមផ្លូវព្រោះតែពិបាកធ្វើដំណើរ។
គ្រួសាររបស់គា បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញដោយថ្មើរជើង រហូតដល់ព្រែកក្ដាមទើបសម្រេចចិត្តលួចទូកដែលចតចោលនៅកំពង់ ជិះទៅកាន់ខេត្តក្រចេះ។ នៅពេលដែលទៅដល់ខេត្តក្រចេះ គ្រួសាររបស់ គា ត្រូវបានចាត់ទុកជាប្រជាជនថ្មី ហើយសមាជិកគ្រួសារត្រូវបំបែកឲ្យរស់នៅផ្សេងគ្នា។ នៅអំឡុងរបបខ្មែរក្រហម គា មានអាយុ១២ឆ្នាំ ត្រូវរស់នៅបែកពីឪពុកម្ដាយ ទៅរស់នៅក្នុងមណ្ឌលកុមារ។ ខ្មែរក្រហម ចាត់តាំងឲ្យ គា ទៅស្ទូងស្រូវជាមួយនឹងប្រជាជនឯទៀត ប៉ុន្តែគាត់មិនចេះស្ទូងនោះទេ ទម្រាំតែចេះស្ទូងគឺប្រើរយៈពេលចំនួនពីរខែ។ អង្គការចាត់តាំងឲ្យគាត់ទៅធ្វើការជាច្រើនកន្លែងដូចជា សំបុក, បុសលាវ និងរោងដំរី។
ចំពោះរបបអាហារដែលប្រជាជនទទួលបាន គឺមិនដែលបានឆ្អែតក្រពះឡើយ ព្រោះពេលនោះទិន្នផលស្រូវដែលទទួលបានគឺភាគច្រើន ត្រូវបញ្ជូនចេញទៅក្រៅតំបន់ ដើម្បីគ្រប់តាមផែនការកំណត់។ មួយវិញទៀត ពាក់ព័ន្ធនឹងការវាយធ្វើបាបប្រជាជន គា ធ្លាប់បានឮចាស់ៗដែលនៅកន្លែងធ្វើការជាមួយនិយាយប្រាប់ប៉ុណ្ណោះ ប៉ុន្តែគាត់មិនធ្លាប់បានឃើញផ្ទាល់ឡើយ។ ចំពោះអ្នកទោសដែលជាស្រ្តី មុននឹងសម្លាប់សុទ្ធតែត្រូវកងឈ្លបបំពានរូបរាងកាយ។
ចំពោះវត្តអារាម ខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនវាយកម្ទេចចោល មិនឲ្យមានវិហារ រូបបដិមា ព្រះសង្ឃ និងការគោរពប្រណិប័តន៍សាសនាឡើយ។ ចំពោះសភាពការណ៍របស់ខ្មែរក្រហមនៅតាមតំបន់ គា មិនបានដឹងនោះទេ ព្រោះតែគាត់មានវ័យក្មេង។ ក្រោពីបញ្ចប់ការងារ គាត់ងូតទឹកសម្រាក ដោយមិនដែលបានតាមដានពីសភាពការណ៍ទេ។
បច្ចុប្បន្ននេះ គា មានជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ហើយគាត់នៅតែបន្តហូបថ្នាំបង្ការជារៀងរាល់ថ្ងៃ៕
សម្ភាសន៍ដោយ៖ ហែម សុខឃីម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥