ព្រាត់ប្រាសឪពុកម្ដាយទាំងវ័យក្មេង

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ព្រំ ឈន ភេទប្រុស មានអាយុ ៥២ឆ្នាំ ជាកសិករ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឈន មានស្រុកកំណើតនៅខេត្តក្រចេះ។ ឈន មានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។
នៅមុនឆ្នាំ១៩៧០ គ្រួសារឈន បានផ្លាស់ទៅរស់នៅខេត្តកំពង់ចាម។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ។ ឈន ដឹងពីចាស់ៗថា ខ្មែរក្រហមបានជម្លៀសគ្រួសារខ្លួន ចេញពីក្រុងកំពង់ចាមទៅរស់នៅតាមសហករណ៍។ នៅទីនោះ គ្រួសារឈន ត្រូវរស់នៅរួម ធ្វើការរួម និងហូបរួម ជាមួយប្រជាជនជម្លៀសមកពីស្រុកឯទៀត។ ចំណែក ឈន ត្រូវដើរតាមកងឃ្វាលគោ និងព្រាត់ប្រាសឪពុកម្ដាយ។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ គ្រួសារឈន បានត្រលប់ទៅរស់នៅក្រុងកំពង់ចាមវិញ និងប្រកបរបរធ្វើស្រែចម្ការ។ ឈន និយាយថា របបខ្មែរក្រហម បានសម្លាប់ឪពុកមា, ម្ដាយមីង និងបងស្រីម្នាក់របស់ឈន។ នៅឆ្នាំ២០០១ ឈន បានផ្លាស់មករស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនិងរៀបការជាមួយប្រពន្ធឈ្មោះ សំ ឧត្តម និងមានកូនបីនាក់ ក្នុងនោះស្រីពីរនាក់។ អ្វីដែល ឈន ចងចាំមិនភ្លេចនៅរបបខ្មែរក្រហម គឺការព្រាត់ប្រាសពីឪពុកម្ដាយ៕
សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥