ទុក្ខវេទនារបស់ប្រជាជនបញ្ញើ

ហ៊ីង គីមស្រៀង រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ហ៊ីង គីមស្រៀង ភេទស្រី អាយុ ៦២ឆ្នាំ ជាកសិករ។ គីមស្រៀង មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៣ បន្ទាប់ពី គីមស្រៀង រៀនសូត្របានពីរឆ្នាំ គាត់បានឈប់រៀន ដោយសារមានការទម្លាក់គ្រាប់បែកដោយប្រភេទយន្តហោះបេ-៥២ នៅភូមិកំពង់ពោធិ៍ ជារៀងរាល់យប់។

នៅខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច គ្រួសារគីមស្រៀង ត្រូវបានជម្លៀសពីភូមិកំពង់ពោធិ៍ទៅភូមិតាគល់។ ខ្មែរក្រហមបានចាត់ទុកគ្រួសារគីមស្រៀង ជាប្រជាជនបញ្ញើ មានន័យថា គឺជាប្រជាជនដែលរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ខ្មែរក្រហមគំរាមថា ប្រសិនបើមានអ្នកណាលួចហូប សូម្បីតែម្ទេសមួយផ្លែ គឺស្មើនឹងជីវិតមនុស្សម្នាក់។

នៅភូមិតាគល់ ឪពុកគីមស្រៀង ត្រូវឃ្វាលគោ, ម្ដាយត្រូវទៅដកសំណាប ចំណែក គីមស្រៀង ត្រូវទៅធ្វើការនៅកងកុមារ ដូចជាលើកដី និងមិនឲ្យជួបមុខឪពុកម្ដាយនោះទេ។ ប្រជាជននៅភូមិតាគល់ទាំងអស់ត្រូវហូបបាយរួម និងមិនគ្រប់គ្រាន់ ដោយក្នុងមួយថ្ងៃ ទទួលបានអាហារហូបពីរពេល។ គីមស្រៀង និយាយថា ប្រជាជនពេញសិទ្ធិហូបបាយបួនវែក ចំណែកប្រជាជនបញ្ញើហូបបាយបីវែកប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៧ របបអាហារ មានតែពោតក្រហមមួយផ្លែ, ចេកបីផ្លែ និងសម្លត្រកួន សម្រាប់ហូបក្នុងមួយពេល។ នៅពេលនោះ គីមស្រៀង មានអាយុ ១៥ឆ្នាំ រួមទាំងកុមារជាច្រើនរយនាក់ទៀត ត្រូវលើកភ្លឺស្រែឲ្យបានសម្រេចតាមផែនការ ដោយធ្វើការតាំងពីម៉ោង៤ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបបានសម្រាកហូបបាយ និងធ្វើការងារ​បន្តរហូតដល់ម៉ោង៩យប់។  អ្នកដែលមិនទាន់ក្រោកទៅធ្វើការ នឹងត្រូវខ្មែរក្រហមទាត់ធាក់។ គីមស្រៀង ត្រូវជីកប្រឡាយ ឬលើកភ្លឺស្រែឲ្យបានបណ្ដាយ២៥ម៉ែត្រគុណនឹងទទឹង១ម៉ែត្រក្នុងមួយថ្ងៃ។

នៅឆ្នាំ១៩៧៨ គីមស្រៀង និងមនុស្សជាង១៥០០នាក់ ត្រូវខ្មែរក្រហមបញ្ជូនទៅលើកផ្លូវនៅទួលក្រសាំង។ គីមស្រៀង ថាមានអ្នកចងកសម្លាប់ខ្លួន ដោយសារតែលំបាកខ្លាំង និងមានមនុស្សមួយចំនួនធំ ស្លាប់នៅការដ្ឋានពេលកំពុងធ្វើការ។ មនុស្សមួយចំនួនទៀត ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយហៅទៅធ្វើបង្គីនៅកោះគរ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គីមស្រៀង បានជួបមុខឪពុកម្ដាយម្តងទៀត ក្រោយពីបែកបាក់អស់រយៈពេលជាងបីឆ្នាំ ប្រាំបីខែ។ បើនិយាយអំពីសម្លៀកបំពាក់ គឺមួយសម្រាប់ត្រូវប្រើប្រាស់បីឆ្នាំ និងគ្មានសូម្បីតែក្រមាសម្រាប់ងូតទឹក។ ក្រោយមក គីមស្រៀង បានធ្វើដំណើរទៅកោះគរ និងឃើញដោយផ្ទាល់នូវសាកសពមនុស្សជាច្រើនដែលត្រូវបានខ្មែរក្រហមសម្លាប់។

ជាចុងក្រោយ គីមស្រៀង និយាយថា «អ្នកមិនដែលរងគ្រោះ អ្នកមិនដឹងទេ ថាអ្នករងគ្រោះឈឺចាប់ប៉ុណ្ណា»។ គីមស្រៀង ចង់ឲ្យមានការចងក្រងទុករឿងរ៉ាវទាំងនេះ ជាមេរៀនប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយបានដឹងអំពីរបបខ្មែរក្រហម និងការពារកុំរបបខ្មែរក្រហមកើតមានឡើងសាជាថ្មី៕

សម្ភាសដោយ ឆែ អ៊ីឡេង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin