ស្រី ឈៀង៖ មួយគ្រួសារនៅរស់តែម្នាក់ឯង
ស្រី ឈៀង អាយុ៨០ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីសង្គមចាស់ គ្រួសាររបស់ឈៀង មានជីវភាពល្អប្រសើរ ព្រោះឪពុករបស់គាត់ជាអ្នកកាត់ក្ដីនៅខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឈៀង មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានតែឈៀងម្នាក់គត់ដែលនៅរស់រានជីវិត។ ឪពុកម្ដាយ និងបងប្អូនរបស់ឈៀង ស្លាប់ដោយសារតែអត់អាហារ, មានជំងឺហើយគ្មានថ្នាំព្យាបាល និងកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់។
នៅឆ្នាំ១៩៧២ ឈៀង បានចូលធ្វើជាយុវជនស្ម័គ្រចិត្តបដិវត្តន៍ សហការជាមួយវៀតណាម ប្រយុទ្ធជាមួយទាហាន លន់ នល់។ សមរភូមិដែល ឈៀង ចងចាំជាងគេនៅក្នុងពេលនោះ គឺការប្រយុទ្ធគ្នានៅបន្ទាយអូរចំបក់។ នៅសមរភូមិ ឈៀង ត្រូវរត់គេចពីទាហានវៀតណាម និងរត់ពីការទម្លាក់គ្រាប់បែករបស់ លន់ នល់។ ពេលរត់រួចជីវិត ឈៀង ចូលទៅសម្រាកនៅក្នុងវត្តសឹង្ហ និងបានអាហារពីប្រជាជន។
នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានចាត់តាំង ឈៀង ឲ្យធ្វើជាកងឈ្លប នៅក្នុងសហករណ៍។ ឈៀង រៀបរាប់ថា គាត់មិនដែលយកសម្ដីរបស់ប្រជាជនប្រាប់ដល់អង្គការនោះទេ គឺមានតែប្រាប់ឲ្យប្រជាជនសម្រាក កុំនិយាយស្ដីអ្វីបន្តទៀត ព្រោះខ្លាចមានឈ្លបផ្សេងចូលមកស្ដាប់ឮ។ ក្រោយមកអង្គការបានដឹងថា ឈៀង ជួយលាក់ការណ៍ឲ្យបងប្អូន ទើបប្រធានកងប្ដូរការងារគាត់ចេញ។ បន្ទាប់ពីឈៀង ប្ដូរការងារ មានបងប្អូនរបស់គាត់ត្រូវបានអង្គការចាប់យកទៅសម្លាប់។
ឈៀង បានចូលទៅធ្វើការងារនៅក្នុងក្រុមសេដ្ឋកិច្ចស្រុកអង្គរបូរី។ នៅក្នុងក្រុមសេដ្ឋកិច្ច អង្គការបានឲ្យ ឈៀង ទទួលបន្ទុកលើរទេះគោដឹកស្រូវយកទៅកិននៅរោងម៉ាស៊ីន តាម៉ៅ។ នៅពេលដឹកស្រូវយកទៅកិន ឈៀង តែងតែចេញដំណើរទៅមុនគេ ដើម្បីមានពេលទម្លាក់ស្រូវដែលលួចបានឲ្យគ្រួសាររបស់គាត់នៅផ្ទះ។ ពេលទទួលបានស្រូវ ប្រពន្ធរបស់ឈៀង បានយកទៅលាក់លើធ្នឹមផ្ទះ ដើម្បីកុំឲ្យកងឈ្លបរកឃើញ។ ឈៀង បានឲ្យដឹងទៀតថា ស្រូវដែលគាត់យកទៅឲ្យគ្រួសារ គឺបានមកពីលួចច្រូតពេលគាត់ចេញទៅកាត់ស្មៅឲ្យគោ។ ក្នុងថ្ងៃមួយ នៅពេលដែលគាត់ច្រូតស្រូវលាក់ក្នុងស្មៅ ឈ្មោះ ប៉ាវ បានតាមទាន់ និងបានរាយការណ៍ប្រាប់ប្រធានកងឈ្មោះ សាង។ សាង មិនបានចាប់កំហុស ឈៀង ទេ ថែមទាំងជួយសម្រួលជាមួយ ប៉ាវ ថែមទៀតផង។
បន្ទាប់មក អង្គការបានដករទេះពី ឈៀង វិញ និងឲ្យគាត់ប្រើកាណូត ដឹកស្រូវពីកោះព្នៅ មករោងម៉ាស៊ីនតាម៉ៅវិញ។ ពេលបើកកាណូត មានស្ត្រីម្នាក់ដែលធ្វើការងារនៅកងចល័ត បានសុំឲ្យ ឈឿង ជួយជូនគាត់មកផ្ទះនៅត្រពាំងក្រហម ព្រោះផ្លូវស្របគ្នា ប៉ុន្តែនៅពេលដែលអង្គការដឹង បានចោទគាត់ថាខុសសីលធម៌។ អង្គការបានធ្វើការកសាង ឈៀង និងហាមគាត់អនុញ្ញាតឲ្យអ្នកណាជិះទៀតនៅពេលក្រោយ។ ការរស់នៅរបស់ ឈៀង នៅកោះព្នៅ មិនសូវជួបការលំបាកប៉ុន្មានទេ ព្រោះគាត់អាចយកអង្ករពីរោងម៉ាស៊ីន ទៅដាំបាយហូបដោយខ្លួនឯង ហើយគាត់មិនសូវខ្លាចកងឈ្លបនៅទីនោះទេ។ ឈៀង បានរៀបរាប់ថា ប្រជាជនទៅកោះព្នៅ ខ្វះខាតអាហារហូប ហើយប្រសិនបើនរណាម្នាក់ប្រព្រឹត្តខុស នឹងត្រូវយកទៅសម្លាប់ចោល។
នៅក្នុងកងសេដ្ឋកិច្ច ក្រៅពីការដឹកស្បៀង ឈៀង មាននាទីជាអ្នករកត្រីដាក់ក្នុងសហករណ៍ដែរ។ នៅថ្ងៃមួយ ឈៀង បានចុះទៅដោះត្រីក្នុងទំនប់ និងបោះទៅឲ្យសមាជិកក្រុមនៅខាងលើ ប៉ុន្តែមានត្រីរ៉សធំមួយដែលគាត់បោះទៅទើលើម្ខាងទំនប់ ហើយសមាជិកក្រុមគាត់មិនបានទៅរើសយក។ នៅពេលឃើញដូច្នេះ ឈៀង បានលួចត្រីនោះទៅឲ្យម្ដាយ។ ក្រោយមក ប្រធានក្រុមដឹងរឿងនេះ និងមានបំណងយកគាត់ទៅសម្លាប់។ ពេលដឹងដូច្នេះ ឈៀង បានត្រលប់មកផ្ទះ និងឲ្យប្រពន្ធទៅសុំអង្គការថាខ្លួនឈឺ។ ពេលឮដូច្នេះអង្គការក៏យល់ព្រមឲ្យ ឈៀង សម្រាក និងឲ្យអង្ករ១០កំប៉ុងបន្ថែមទៀត។ ឈៀង សម្រាកនៅផ្ទះបានរយៈពេលប្រមាណ៣ថ្ងៃ ប្រធានក្រុមរបស់គាត់បានមកហៅគាត់ត្រលប់ទៅធ្វើការវិញ ហើយនិយាយថាបើឈឺមែនគឺឲ្យទៅសម្រាក និងរកថ្នាំព្យាបាលនៅកន្លែងស្រុកវិញ។ ពេលឮដូច្នេះ ឈៀង បានត្រលប់ទៅកន្លែងការងារវិញ ប៉ុន្តែគាត់មិនហ៊ានសម្រាកទេ គឺបរទេះទៅភ្នំជីសូរបន្តទៀត។
មិនយូរប៉ុន្មាន ឈៀង បានប្រព្រឹត្តកំហុងម្ដងទៀត។ ឈៀង បានដឹកក្ដារពី សែនភាស យកមកផ្ទះ ព្រោះគាត់គិតថាខ្មែរក្រហមបានដួលរលំហើយ ប៉ុន្តែដោយសារស្ថានភាពចលាចល ហើយឈៀង បានដឹងខ្លួនជាមុន ទើបគាត់អាចគេចផុតពីការស្លាប់។ នៅពេលដែលមានភាពចលាចល ឈៀង បានរត់ទៅសម្រាកនៅក្រាំស្ដៅ ប៉ុន្តែដោយសារស្ថានភាពមិនស្រួល ទើបគាត់ត្រលប់មកភូមិព្រៃទីវិញ ដែលជាភូមិចាស់គ្មានមនុស្សរស់នៅ។ នៅភូមិចាស់ ឈៀង សម្រាកនៅលើដើមស្វាយ ២ថ្ងៃ ទើបគាត់ហ៊ានត្រលប់មកផ្ទះវិញ។ នៅពេលត្រលប់មកផ្ទះ ឈៀង និងឈិត បាននាំគ្នាកាប់ជ្រូកមួយហូប ព្រោះឃ្លានខ្លាំងពេក។
នៅពេលអ្នកស្ម័គ្រចិត្តសម្ភាស ឈៀង មានជំងឺលើសឈាម, លើសជាតិអាស៊ីត, លើសជាតិស្ករ និងខ្សោយបេះដូង។ ឈៀង គិតថា ជំងឺរបស់គាត់កើតឡើងដោយសារអាយុរបស់គាត់កាន់តែច្រើន និងបណ្ដាលមកពីរបបខ្មែរក្រហម។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៤ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៤ ខែមេសា ២០២៥