ស្រយ លីម៖ អង្គការប្រើឲ្យអូសសាកសពយកទៅកប់

ស្រយ លីម អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ លីម មានឪពុកឈ្មោះ សេប ស្រយ, ម្ដាយឈ្មោះ ឆាង ហេង និងមានបងប្អូនចំនួន៨នាក់ (ស្រី៤នាក់) ក្នុងនោះមាន២នាក់បានស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់លីមឈ្មោះ ​សុង គឹមសាន្ត ហៅលីម មានកូនចំនួន៤នាក់។ លីម ចូលរៀនដំបូងនៅសម័យសង្គមរាស្រ្តនិយម នៅសាលាបឋមចំបក។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់លីម បានសម្រេចចិត្តភៀសចេញទៅរស់នៅទីក្រុងភ្នំពេញ ដោយសារនៅក្នុងភូមិមានសង្គ្រាមកាន់តែខ្លាំង។ នៅទីក្រុងភ្នំពេញ លីម បានចូលរៀនបន្តទៀតនៅសាលាបាក់ទូក។ លីម រៀនបានត្រឹមថ្នាក់ទី៧ ដែលពេលនោះ ខ្មែរក្រហមបានទទួលជ័យជម្នះទៅលើរដ្ឋាភិបាល លន់ នល់ និងជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសាររបស់លីម មានបំណងធ្វើដំណើរចេញពីផ្ទះនៅម្ដុំផ្សារដេអិន ទៅតាមផ្លូវជាតិលេខ២ ប៉ុន្តែត្រូវបានអង្គការហាមឃាត និងប្ដូរឲ្យធ្វើដំណើរតាមពោធិ៍ចិនតុងវិញ។ នៅពោធិ៍ចិនតុង និងតាមផ្លូវផ្សេងៗ មានការបាញ់សម្លាប់ប្រជាជនជាច្រើននាក់។ គ្រួសាររបស់លីម បានចំណាយពេលសម្រាកនៅ បាក់ម្នាស់ មួយយប់ ទើបបន្តដំណើរទៅដល់ភូមិតានប់វិញ។ នៅពេលទៅដល់ភូមិ ប្រធានសហករណ៍ បានមកសួរនាំប្រវត្តិរូបរបស់សមាជិកគ្រួសារលីមម្តងម្នាក់ និងចាត់តាំងឲ្យកម្មាភិបាលខ្មែរក្រហមក្រោមបង្គាប់ តាមដានជាបន្តបន្ទាប់។ លីម អាចលាក់បាំងប្រវត្តិការសិក្សារបស់ខ្លួនបាន ប៉ុន្តែបងថ្លៃរបស់គាត់ឈ្មោះ ប៉េង ត្រូវជាប្ដីរបស់បងស្រីគាត់ឈ្មោះតូ ត្រូវបានអង្គការតាមចាប់យកទៅសម្លាប់ ដោយសារតែគាត់ធ្លាប់ធ្វើជាគ្រូបង្រៀន។

បន្ទាប់មក អង្គការបានចាត់តាំង លីម ឲ្យធ្វើការក្នុងកងយុវជនស្នើ ដោយត្រូវធ្វើការកាយដីល្បាប, រែកដី និងធ្វើជី។ មួយវិញទៀត លីម និងប្រជាជនផ្សេងទៀត បាននាំគ្នាទៅវាយបំផ្លាញព្រះវិហារ រូបសំណាក់ព្រះពុទ្ធនៅក្នុង វត្តចំប៉ីមុនី។ ក្នុងការបំផ្លាញរូបសំណាកព្រះពុទ្ធ លីម មិនហ៊ានវាយនោះទេ ដោយគាត់គ្រាន់តែអូសកម្ទេចថ្មយកទៅចាក់ធ្វើជាផ្លូវ។ អំឡុងពេលធ្វើការងារ លីម បានឮពីការរំលោភស្រ្ដីម្នាក់នៅក្នុងភូមិ។ ឈ្មោះ លុយ ជាប្រធានសហករណ៍ បានហៅនារីម្នាក់នោះឲ្យកោសខ្យល់ និងចាប់រំលោភគាត់តែម្ដង។ ដោយសារតែខ្លាចអង្គការ ស្ត្រីនោះបណ្ដោយឲ្យរឿងរ៉ាវទាំងអស់នេះស្ងប់ស្ងាត់ទៅវិញ។ លីម ធ្វើការងារនៅក្នុងសហករណ៍បានមួយរយៈពេលខ្លី ទើបអង្គការបញ្ជូនគាត់ឲ្យចូលទៅក្នុងកងចល័ត ធ្វើការងារលើកទំនប់ប្រឡាយនៅ បឹងលាច ខាងកើតចំបក់។

គ្រួសាររបស់លីម ធ្វើការងារនៅភូមិតានប់ បានរយៈពេលប្រមាណ៣ខែ ទើបអង្គការជម្លៀសទៅកាន់ភូមិក្រាំងវិច ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនពេលចូលទៅរស់នៅក្នុងភូមិ គ្រួសាររបស់លីម ត្រូវដើរឆ្ងាយរហូតដល់ភ្នំបូរីសិន ទើបដើរត្រលប់មកក្រោយចូលទៅរស់នៅក្នុងភូមិ។ នៅក្នុងភូមិក្រាំងវិច លីម មិនបានរស់នៅជុំគ្រួសារនោះទេ ព្រោះអង្គការបែងចែកបងប្អូនរបស់គាត់ឲ្យទៅធ្វើការងារនៅកន្លែងផ្សេងគ្នា។ លីម ត្រូវទៅធ្វើការចាប់ពីព្រលឹមម៉ោង៣រសៀល រហូតដល់យប់ម៉ោងប្រមាណ១១យប់ ទើបអាចត្រលប់មកសម្រាក។ ចំណែករបបអាហារដែលគាត់ទទួលបានគឺ បបររាវ២ពេល និងមិនគ្រប់គ្រាន់នោះទេ។

នៅឆ្នាំ១៩៧៩ មុនពេលខ្មែរក្រហមចាញ់សង្គ្រាម កងឈ្លបបាននាំមនុស្សចំនួន៩នាក់ យកទៅសម្លាប់នៅក្រោយផ្ទះរបស់ លីម។ មុនពេលសម្លាប់ មានឈ្លបម្នាក់ បានមកសួររកកាំបិតពីផ្ទះរបស់លីម និងបានហាមគ្រួសារគាត់កុំឲ្យចេញទៅក្រៅផ្ទះ ព្រោះខ្លាចអង្គការច្រលំយកទៅសម្លាប់ដែរ។ លីម បានឲ្យកាំបិតចាស់មួយទៅកងឈ្លប និងលាក់ទុកកាំបិទមួយទៀតដោយខ្លួនឯង។ លីម និយាយថាប្រសិនបើអង្គការចូលទៅយកប្អូនពីរនាក់ និងម្ដាយទៅសម្លាប់ គាត់នឹងយកកាំបិតនោះប្រឆាំងជាមួយអង្គការវិញ។ បន្ទាប់ពីកងឈ្លបចេញដំណើរពីផ្ទះគាត់ទៅ លីម បានលួចមើលឃើញ កងឈ្លបយកភ្លៅរទេះ និងគល់ឬស្សី វាយសម្លាប់មនុស្សទាំង៩នាក់នោះ។

បន្ទាប់ពីសម្លាប់មនុស្សរួច អង្គការបានចាត់តាំងកម្មាភិបាលខ្មែរក្រហមឲ្យមកយាមផ្ទះរបស់លីម កុំឲ្យគាត់​លួចរត់ចេញ។ ពេលព្រឹកឡើង កងឈ្លបបញ្ជាឲ្យ លីម អូសសាកសពទាំងអស់យកទៅកប់។ លីម បានចាប់អូសសាសពម្ដងមួយៗ យកទៅកប់នៅភូមិវាល ឃុំក្ដាញ់។ បន្ទាប់ពីកប់រួច អង្គការបានឲ្យ លីម សែងយោធាខ្មែរក្រហមដែលមានរបួស ទៅភ្នំលិច។ លីម បានឲ្យដឹងថា ការសែងយោធារបួសមិនមែនជាការងាយស្រួលនោះទេ។ គាត់ត្រូវគេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងរហូតដល់ខ្មែរក្រហមទាល់ច្រក។ យោធាខ្មែរក្រហមបានប្រាប់ឲ្យ លីម និងអ្នកផ្សេងទៀត រត់ចេញដោយខ្លួនឯងព្រោះអង្គការលែងទទួលខុសត្រូវហើយ។ ពេលបំបែកចេញពីអង្គការ លីម បានធ្វើដំណើរវង្វេងផ្លូវរហូតដល់ថ្នល់ទទឹង ប៉ុន្តែដោយសារតែគាត់ចងចាំថាពេលធ្វើដំណើរ គាត់បានមកតាមទិសខាងលិច ដូច្នេះទើបគាត់ដើរត្រលប់ទៅវិញតាមខាងទិសកើតរហូតដល់ស្គាល់ភូមិសាស្រ្ដវិញ។

ក្រោយរបបខ្មែរក្រហមដួលរលំ លីម បានត្រលប់ទៅរស់នៅជាមួយម្ដាយវិញ និងចាប់ផ្ដើមស្ម័គ្រចិត្តចូលធ្វើជាសេនាជន។ អំឡុងពេលធ្វើជាសេនាជ​ននិងមានកាំភ្លើងក្នុងដៃ លីម គិតថាគាត់នឹងសម្លាប់កងឈ្លបដែលសម្លាប់ប្រជាជនកាលពីពេលមុន ប្រសិនបើគាត់បានជួប។ នៅឆ្នាំ១៩៨១ លីម បានរៀបការ និងប្ដូរការងារទៅផ្នែកកសិកម្មខេត្តវិញ។ លីម ធ្វើការងារនៅខេត្តបានរយៈពេល១០ឆ្នាំ ទើបឈប់មកធ្វើស្រែចម្ការវិញ ដើម្បីចិញ្ចឹមកូនៗ។ នៅពេលដែលអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ទៅសម្ភាសគាត់ គាត់មាននាទីជាមេភូមិ តានប់។

នៅក្នុងសម័យខ្មែរក្រហម លីម បាត់បង់ក្មួយបង្កើត៣នាក់ បងថ្លៃម្នាក់ និងបង២នាក់។ ក្នុងចំណោមបងទាំងពីរនាក់ មានម្នាក់ស្លាប់មួយគ្រួសារ និងបងម្នាក់ទៀតនៅសល់កូនម្នាក់។  លីម បន្តថា គាត់នៅតែនឹកឃើញរឿងរ៉ាវ ដែលអង្គការបណ្ដើរគាត់យកទៅសម្លាប់ និងការធ្វើបាបប្អូនស្រីរបស់គាត់។ រឿងរ៉ាវដែលគាត់នឹកឃើញ និងមិនអាចបំភ្លេចបានគឺ កងឈ្លបបានបណ្ដើរ គាត់ យកទៅសម្លាប់នៅក្នុងព្រៃទាំងយប់ ដោយសារតែមានអ្នកចោទប្រកាន់ថាគាត់ក្បត់។ មុនពេលសម្លាប់ កងឈ្លបបានសួរចម្លើយគាត់ ប៉ុន្តែដោយសារតែគាត់បដិសេធ ហើយអង្គការជឿ ទើបគាត់បានរួចខ្លួន។ រឿងមួយទៀតគឺ គាត់បានឃើញប្រធានក្រុមរបស់ប្អូនស្រីគាត់ តែងតែវាយបោចសក់ប្អូនស្រីរបស់គាត់ ប៉ុន្តែគាត់មិនអាចជួយបាន។ លើសពីនេះទៅទៀត នៅពេលដែលដើរតាមផ្លូវជួបគ្នា គាត់មិនអាចឈប់ សួរ ឬមើលមុខប្អូនបានឡើង គឺបានត្រឹមតែធ្វើមើលមិនឃើញរៀងខ្លួន ព្រោះខ្លាចអង្គការយកទៅកសាង។ ចំពោះប្អូនស្រី ដែលអង្គការតែងតែវាយធ្វើបាប បានធ្លាក់ខ្លួនឈឺនិងស្លាប់នៅក្នុងឆ្នាំ២០១៩ ដោយសារជំងឺគ្រាំគ្រានៅក្នុងរបបខ្មែរក្រហម។ លីម តែងតែអួលដើមក និង ខឹងចំពោះអង្គការខ្មែរក្រហម។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២៨ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៨ ខែមេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin