សួន រី៖ ចូលធ្វើជាទាហានចាប់តាំងពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៨៧

សួន រី អាយុ៦៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងភូមិប្រសៀត ចាប់ផ្ដើមមានសង្គ្រាមទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ រី សម្រេចចិត្តចូលធ្វើទ័ពបដិវត្តន៍ តាមការឃោសនារបស់សម្ដេចព្រះ នរោត្តម សីហនុ រហូតដល់ទទួលបានជម្នះ ឆ្នាំ១៩៧៥។

បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការចាប់ផ្ដើមស៊ើបប្រវត្តិរូបរបស់ទាហាន ហើយប្រសិនបើមានទាហានណាជាប់ពាក់ព័ន្ធជាមួយរបប លន់ នល់ គឺត្រូវដកអាវុធ និងបញ្ជូនឲ្យទៅធ្វើការនៅតាមមូលដ្ឋាន។ ចំណែក រី ដែលមានបងប្អូនធ្វើជាទាហាន លន់ នល់ ត្រូវបានអង្គការបញ្ជូនទៅកាន់សាធារណការ ធ្វើថ្នល់នៅស្រែអំបិល និងបង្កបង្កើនផល។ ក្រោយមក រី ទទួលតួនាទីជាគ្រូបង្វឹកយោធាថ្មីដែលអង្គការជ្រើសរើសមក ព្រោះយោធាកាលពីមុនមួយចំនួនមិនទទួលបានការទុកចិត្តពីអង្គការ ដោយត្រូវដកអាវុធចេញឲ្យទៅធ្វើការងារនៅសហករណ៍។ បន្ទាប់មក រី បានចូលធ្វើជាទាហានវិញ ប្រចាំការនៅម្ដុំភ្នំដំរីរមៀល ដើម្បីការពារទាហានក្បត់ ព្រំសាន់។ នៅតាមព្រំដែន រី ត្រូវដើរយាមល្បាតពីភ្នំដំរីរមៀល ទៅដល់អន្លង់ទាវ រួចបន្តទៅបោះតង់ រហូតដល់ភ្នំនរាយណ៍។

បន្ទាប់មកទៀត រី បានចូលមកប្រចាំការនៅខ្សែត្រៀមទីមួយម្ដុំព្រែកអិនតាំ ទៅតាមភ្នំអិនជាប់ភ្នំក្រវ៉ាវ ព្រំដែនវៀតណាម។ រី បានរៀបរាប់ថា នៅតាមព្រំដែន មានការប្រយុទ្ធគ្នាបន្តិចបន្តួច រហូតដល់ថ្ងៃទី៣០ ខែមេសា(មិនច្បាស់ឆ្នាំ១៩៧៦ ឬឆ្នាំ១៩៧៧) មានតេអូពីបក្សកុម្មុយនីស្ដ ឲ្យយោធានៅតាមព្រំដែនផ្ទុះអាវុធជាមួយទាហានវៀតណាម។ ក្នុងពេលធ្វើសង្គ្រាមជាមួយវៀតណាម អង្គការបានប្ដូរគាត់ចេញពីកងពលមួយទៅកងពលមួយទៀត ហើយពេលខ្លះនៅក្នុងកងពលដដែល ប៉ុន្តែត្រូវប្ដូរកន្លែងប្រចាំការ។ រី បានឲ្យដឹងថា នៅក្នុងភូមិភាគនីរតី មាន៣កងពលគឺ កងពល២១០, កងពល២៣០ និងកងពល២៥០។

នៅឆ្នាំ១៩៧៩ រី កំពុងប្រយុទ្ធនៅសមរភូមិបាក់ដៃ ដំណាក់រវៀង។ ពេលប្រយុទ្ធនៅសមរភូមិ រី ត្រូវអំបែកគ្រាប់ និងមានរបួសបន្តិចបន្តួច។ អំឡុងពេលនោះ ស្ថានភាពនៅតាមព្រំដែនកាន់តែលំបាក ហើយយោធាបានតេអូមកបន្ទាយណាវី នៅខាងលិចត្រាំខ្នាំ ដើម្បីសុំគ្រាប់បន្ថែមទៀត ប៉ុន្តែត្រូវបានអង្គការបដិសេធ ទើបនាំគ្នាដកខ្លួនចេញមកវិញ។ ចាប់តាំងពីពេលនោះមក យោធានៅក្នុងក្រុមរបស់រី ចាប់ផ្ដើមបែកខ្ញែកគ្នា ហើយ រី បានចុះចូលជាមួយរដ្ឋាភិបាល និងត្រលប់មកផ្ទះវិញ។

នៅក្នុងភូមិ លោកយាយរបស់រី បានរៀបចំផ្សំផ្គុំគាត់ឲ្យរៀបការ និងប្រកបរបរជួញដូរ។ នៅពេល រី មានកូន៣នាក់ គាត់បានស្ម័គ្រចិត្តចូលធ្វើជាទាហាននៅខាងកើតទន្លេមេគង្គ ដើម្បីគេចពីការចាប់ទៅធ្វើជាទាហាននៅខេត្តប៉ៃលិន។ ពេលធ្វើជាទាហានប្រចាំការនៅតាមព្រំដែន រី ទទួលបានប្រាក់ខែ, ប្រាក់រកបានក្រៅ និងមានអាហារហូបគ្រប់គ្រាន់។ រី ធ្វើជាទាហានរហូតដល់ឆ្នាំ១៩៨៧។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១០ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៥ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin