វ៉ន ហ៊ួយ៖ ស្ទើរតែស្លាប់ដោយសារតែលួចក្ដួចពុលមកហូប
វ៉ន ហ៊ួយ អាយុ៥៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហ៊ួយ មានឪពុកឈ្មោះ ចាន់ វ៉ន, ម្ដាយឈ្មោះ វុធ ព្រី និងមានបងប្អូនចំនួន៧នាក់។ បងប្អូនរបស់ហ៊ួយ ស្លាប់នៅក្នុងសម័យ លន់ នល់ ២នាក់ និងនៅក្នុងសម័យខ្មែរក្រហម២នាក់។ ហ៊ួយ រៀបការជាមួយឈ្មោះ ញែម សុខឿន និងមានកូនម្នាក់។
នៅក្នុងសម័យ លន់ នល់ ហ៊ួយ មិនបានរៀនសូត្រនោះទេ ព្រោះមានសង្គ្រាមកើតឡើង។ នៅពេលដែលមានការទម្លាក់គ្រាប់បែក និងប្រយុទ្ធគ្នានៅភូមិតានប់ គ្រួសាររបស់ហ៊ួយ បានរត់ភៀសខ្លួនទៅនៅ ភូមិតស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលជាស្រុករបស់ជីតា។ ក្រោយមកគ្រួសាររបស់គាត់ បានភៀសខ្លួនទៅនៅទីក្រុងភ្នំពេញ។ ការរស់នៅរបស់គ្រួសារហ៊ួយ បានជួបការលំបាកយ៉ាងខ្លាំង ហើយបងប្អូនរបស់គាត់២នាក់បានស្លាប់ក្នុងអំឡុងពេលនោះ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនទាំងអស់ រួមទាំងគ្រួសារហ៊ួយ ឲ្យចាក់ចេញពីទីក្រុង ទៅទីជនបទ។ ហ៊ួយ និងគ្រួសារ បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ត្រលប់ទៅភូមិតស៊ូវិញ។ នៅតាមផ្លូវធ្វើដំណើរ គ្រួសារហ៊ួយ បានជួបការលំបាក ព្រោះអង្គការបានដកយកម៉ូតូរបស់គាត់។ ហ៊ួយ ត្រូវធ្វើដំណើរដោយថ្មើរជើង កាន់បង្វិចខោអាវ និងមានប្អូនតូចៗនៅក្នុងបន្ទុក។ នៅពេលដែលទៅដល់ភូមិតស៊ូដំបូង អង្គការចាត់ឲ្យ ហ៊ួយ ចូលទៅក្នុងកងកុមារ ដើម្បីធ្វើការងាររែកដី។
នៅឆ្នាំ១៩៧៦ អង្គការបានជម្លៀសគ្រួសារហ៊ួយ ឲ្យទៅ ភូមិគោកសម្រកកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ពេល ហ៊ួយ ទៅដល់ មានអ្នកស្រុករាយការណ៍ទៅអង្គការថាឪពុករបស់គាត់ជា សេ.អ៊ី.អា.។ អង្គការបានហៅសមាជិកគ្រួសារទាំងអស់ទៅសួរប្រវត្តិម្ដងម្នាក់ៗ។ ហ៊ួយ ចាំថា អង្គការបានសួរអំពីប្រវត្តិការងាររបស់ឪពុកគាត់នៅក្នុងសម័យ លន់ នល់ ថាធ្វើអីខ្លះ។ ហ៊ួយ ឆ្លើយថាឪពុករបស់គាត់គឺជាអ្នករត់ម៉ូតូឌុប, រត់រ៉ឺម៉ក ហើយក្រោយមកទៅធ្វើជាអ្នកបង់សំណាញ់រកត្រី, ធ្វើចម្ការ និងឡើងត្នោត។ ពេលឮដូច្នេះ អង្គការបានពិសោធន៍ឪពុករបស់គាត់៦ខែ ដោយបីខែដំបូង ឪពុករបស់ហ៊ួយ ធ្វើការងារជាអ្នករកត្រី និងធ្វើចម្ការ។ បីខែក្រោយមកទៀត អង្គការចាត់តាំងឲ្យឪពុករបស់ហ៊ួយ ធ្វើការងារឡើងត្នោត ហើយនៅពេលដែលធ្វើបានគ្រប់យ៉ាងទើបអង្គការជឿថា គាត់ជាកសិករធម្មតា។ ហ៊ួយ ត្រូវបានចាត់ឲ្យចូលទៅរស់នៅក្នុងកងកុមារ និងធ្វើការងារជាមួយក្មេងផ្សេងទៀតនៅក្នុងសហករណ៍។
នៅឆ្នាំ១៩៧៧ អង្គការចាត់តាំង ហ៊ួយ និងកុមារទាំងអស់នៅក្នុងក្រុម ឲ្យទៅធ្វើការងារ រើសកួរស្រូវ នៅដំរីស ជិតបឹងទន្លេសាប។ បន្ទាប់ពីវិលត្រលប់មកវិញ ហ៊ួយ បានចូលទៅជួយ ស្ទូង, ដក, ជញ្ជូនកណ្ដាប់ និងរែកអាចម៍គោដាក់ស្រែជាមួយចាស់ៗ។ ហ៊ួយ បានឲ្យដឹងថា ការហូបអាហារនៅទីនោះគឺវេទនាខ្លាំងណាស់។ ហេតុនេះ បានជាគ្រួសារគាត់ហ៊ានទៅលួចជីកក្ដួចយកមកស្ងោរហូប។ បន្ទាប់ពីហូបរួច គ្រួសាររបស់គាត់កើតមានអាការៈពុលទាំងអស់គ្នា ប៉ុន្តែសំណាងល្អបានអ្នកស្រុកជួយទាន់ពេលវេលា។
ក្រោយមកទៀត បងប្រុសរបស់ហ៊ួយ បានទៅលួចគាស់គល់ចេកយកមកហូបបន្ថែមទៀត ប៉ុន្តែជាសំណាងអាក្រក់ គាត់ត្រូវអង្គការចាប់បាន និងយកទៅកសាងនៅមន្ទីរឃុំឃាំងស្វាយអាត់។ ក្រោយមក ហ៊ួយ បានឮដំណឹងថា បងដែលជាប់ឃុំឃាំងនោះឈឺ ហើយអង្គការបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ។ ពេលទទួលបានដំណឹង ហ៊ួយ ប្រញាប់ចេញទៅមើលបងភ្លាម ប៉ុន្តែពេលទៅដល់ ពេទ្យប្រាប់គាត់ថាបងរបស់គាត់បានស្លាប់ទៅហើយ និងត្រូវអង្គការយកចេញពីពេទ្យ។ បន្ទាប់មក នៅពេលដែលអ្នកស្រុកកាប់ដើមល្ហុងចោល ហ៊ួយ បានយកគល់ល្ហុងមកកោស រួចយកទៅស្ងោរចែកគ្នាហូប។ បន្តិចក្រោយមក គ្រួសាររបស់គាត់ចាប់ផ្ដើមហើមពោះ និងឈឺទាំងអស់គ្នា។
ហ៊ួយ បានឲ្យដឹងថា ជាញឹកញាប់ អង្គការបានធ្វើបបរមួយខ្ទះ ដាក់អង្ករប្រមាណ៣កំប៉ុងប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលដាច់ស្បៀងខ្លាំង អង្គការឲ្យប្រជាជនហូបត្រកួនប៉ិនកដៃកូនក្មេង ប្រវែងប្រមាណ១ម៉ែត្រ ដើម្បីជំនួសអាហារមួយពេល។ នៅរដូវប្រមូលផល អង្គការដាំបាយចែកឲ្យប្រជាជនម្នាក់មួយវែកក្នុងមួយពេល ប៉ុន្តែប្រជាជនអាចទទួលបានរបបអាហារបែបនេះ ត្រឹមតែរយៈពេលកន្លះខែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដើម្បីកាត់បន្ថយការអត់ឃ្លាន ហ៊ួយ បានលួចបេះស្លឹកផ្ទី ឬបន្លែផ្សេងៗទៀតមកស្ងោរលាយជាមួយបបរហូប។
នៅយប់មួយ ហ៊ួយ បានសម្រេចចិត្តលូនទៅលួចដំឡូងទាំងយប់ខែភ្លឺ ដើម្បីកាត់បន្ថយការស្រេកឃ្លាន។ ប៉ុន្តែគាត់មិនទាន់គាស់ដំឡូងបានផង ស្រាប់តែឮសម្រែកដ៏ឈឺចាប់ និងសំឡេងវាយសម្លាប់មនុស្ស ទម្លាក់ក្នុងរណ្ដៅ។ ហ៊ួយ មើលឃើញថា អង្គការយកដើម ដោះសង្កែ, គល់ឫស្សី និងដងចប វាយមនុស្សម្ដងម្នាក់ៗទម្លាក់ក្នុងរណ្ដៅខាងកើតវត្តកោះជុំ ស្រុកកោះជុំ ខេត្តពោធិ៍សាត់។ សភាពរបស់អ្នកទោសដែលអង្គការសម្លាប់ គឺសុទ្ធតែចងស្លាបសេក បិទមុខ និងអង្គុយលុតជង្គង់នៅមាត់រណ្ដៅស្រាប់។ ពេលឃើញដូចច្នេះ ហ៊ួយ បានរត់ត្រលប់មកផ្ទះវិញយ៉ាងប្រញាប់។
នៅឆ្នាំ១៩៧៩ មានសង្គ្រាមគ្រាប់បែកផ្លោងម្ដងទៀត។ គ្រួសារហ៊ួយ បានរត់រកកន្លែងសុវត្ថិភាពរហូតដល់ខ្មែរក្រហមចាញ់សង្គ្រាម។ នៅពេលដែលរបបខ្មែរក្រហមដួលរលំហើយភ្លាមៗ ស្ថានភាពរបស់គ្រួសារហ៊ួយ នៅតែលំបាក ហើយប្អូនរបស់គាត់ម្នាក់បានស្លាប់ដោយសារកើតជំងឺកញ្ជ្រឹល។ ក្រោយមក គ្រួសាររបស់ហ៊ួយ បានត្រលប់មកស្រុកកំណើតវិញ និងធ្វើស្រែរួមគ្នា ព្រមទាំងចែកស្រូវតាមកម្លាំងពលកម្ម។
ហ៊ួយ នៅតែឈឺចាប់ចំពោះការបាត់បង់បងប្អូននៅក្នុងសម័យខ្មែរក្រហម។ មួយវិញទៀត ហ៊ួយ នៅមានអារម្មណ៍ស្ដាយអ្នកចេះដឹង ដែលខ្មែរក្រហមសម្លាប់។ ប្រសិនបើអ្នកចេះដឹងទាំងនោះនៅរស់រានមានជីវិតដល់បច្ចុប្បន្ន ប្រទេសនឹងរីកចម្រើនជាមិនខាន។ ការឈឺចាប់នេះ បានជំរុញឲ្យគាត់និយាយបទពិសោធន៍ផ្ទាល់ខ្លួនប្រាប់ដល់កូនចៅជំនាន់ក្រោយ។ របបខ្មែរក្រហមបានធ្វើឲ្យ ហ៊ួយ មានជំងឺឈឺដៃ ឈឺជើង និងឈឺសន្លាក់ ដោយសារតែធ្វើការងារច្រើនពេកក្នុងពេលនោះ។ ប៉ុន្តែ ហ៊ួយ មានអារម្មណ៍ធូរស្រាល នៅពេលដែលដឹងថាមេដឹកនាំខ្មែរក្រហម ត្រូវបានកាត់ទោស។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី៣១ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២២ ខែមេសា ២០២៥