ទិន តាំ ប្រជាជនមូលដ្ឋាននៅក្នុងសម័យខ្មែរក្រហម

ទិន តាំ[1] អាយុ ៧១ឆ្នាំ មានទីកន្លែងនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានឪពុកឈ្មោះទាវ ទិន, ម្តាយឈ្មោះ ជា កុក និងជាកូនទី២ ក្នុងចំណាមបងប្អូន ៤នាក់។ សព្វថ្ងៃ តាំ រស់នៅក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ កាលពីកុមារភាព តាំ បានចូលសិក្សានៅសាលាបឋមសិក្សាព្រែកព្រះអង្គ បានត្រឹមថា្នក់ទី១១ (ថ្នាក់ទី២ កម្មវិធីសិក្សាបច្ចុប្បន្ន) ដោយសារតែកត្តាជីវភាព និងត្រូវឃ្វាលគោក្របីផង ទើបមិនបានបន្តការសិក្សា។

នៅក្នុងឆ្នាំ ១៩៧០ ក្រោយពេលដែលបានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ ពេលនោះ តាំ និងអ្នកភូមិផ្សេងទៀតបាននាំគ្នាទៅធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាម ដោយធ្វើដំណើរតាមកាណូត ដោយសារតែការធ្វើដំណើរតាមផ្លូវគោក មានការលំបាក និងមួយវិញកាណូតដែលដឹកប្រជាជនមកធ្វើបាតុកម្មត្រូវប្រមូលតាមភូមិផ្សេង ដងទន្លេមេគង្គតាំងពីស្រុកក្រូចឆ្មារមក។ ការធ្វើដំណើររបស់តាំ មិនបានមកដល់ទីរួមខេត្តកំពង់ចាមនោះទេ ដោយសារកាណូតដែលដឹកពេលមកដល់ម្ដុំឃុំរអាង ស្រុកកំពង់សៀម មានអ្នកស្រុកនៅទីនោះប្រាប់ថាមានស្រឡាងដែលដឹកប្រជាជនទៅធ្វើការបាតុកម្មត្រូវបានកងទ័ពលន់ នល់ បាញ់លិចចូលក្នុងទន្លេ ព្រមទាំងមានមនុស្សលង់ទឹក និងស្លាប់អស់ជាច្រើននាក់។ ដោយសារតែ ស្ថានភាពមិនស្រួលទើបអ្នកភូមិ និង តាំ បានសម្រេចចិត្តនាំគ្នា ត្រឡប់មកភូមិវិញ។

មកដល់ឆ្នាំ១៩៧២ ខ្មែរក្រហមបានត្រួតត្រាលើចលនាតស៊ូស្ទើរតែតាំងស្រុងទៅហើយ ប៉ុន្តែដើម្បីបានការទទួលស្គាល់ពីអន្តរជាតិ និងការគាំទ្រពីប្រជាជននៅក្នុងប្រទេស ចលនានេះនៅបន្តស្ថិតក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ និងរាជរដ្ឋាភិបាលនិរទេសរបស់ព្រះអង្គ។[2] ហេតុនេះហើយបាននៅឆ្នាំ ១៩៧២-១៩៧៣ ក្រុមទាហានខ្មែរក្រហមបានចូលកាន់កាប់តំបន់មួយចំនួននៅក្នុងប្រទេសរួមទាំងភូមិរបស់តាំ រស់នៅផងដែរ។ នៅពេលដែលចលនាតស៊ូចូលមកដល់ភូមិ ក្រុមចលនាតស៊ូ ទាំងអស់នោះបានចាប់ផ្ដើមប្រមែលប្រមូលគោក្របី និងបង្កើតជាសហករណ៍នៅក្នុងភូមិ។

នៅក្នុងឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមទទួលជ័យជម្នះ និងបានចូលកាន់កាប់ទាំងស្រុងលើប្រទេសកម្ពុជា តាំ និងអ្នកភូមិទាំងអស់ត្រូវបានខ្មែរក្រហម ប្រមូលយកសម្ភារ និងសត្វពាហនៈទាំងអស់ទៅធ្វើជារបស់រួមទុកតែចាន និងស្លាព្រាមួយ។ តាំ ត្រូវបានខ្មែរក្រហមបញ្ជូលទៅលើកទំនប់នៅភូមិតាឡី និងក្រោយមកទៀតត្រូវបានបញ្ជូនមកផ្ទះវិញ ដើម្បីធ្វើការស្រែចម្ការ នៅម្ដុំជិតៗ ផ្ទះ។ ក្រោយមកទៀត តាំ ក៏ត្រូវបានបញ្ជូនបន្តទៅស្ទឹងធំ ហើយខ្មែរក្រហមចល័តបន្តទៅធ្វើការនៅស្រែចក រួចក៏ត្រូវបានចល័តទៅស្រែវាលទៀត។ ដោយសារតែ តាំ ជាកងចល័តនៅក្នុងរបបខ្មែរក្រហម ហេតុនេះហើយបានជាត្រូវខ្មែរក្រហមចល័ត ទៅធ្វើការច្រើនកន្លែង ការចល័តនេះត្រូវធ្វើឡើងគ្រប់ពេលដែលមានការបញ្ជារ ពីកម្មាភិបាល​ខ្មែរក្រហម ហើយសម្រាប់ការធ្វើដំណើរពេលខ្លះត្រូវធ្វើដំណើរទាំងយប់ និងដោយថ្មើរជើង។ សម្រាប់ជីវិត​គ្រួសារ តាំ បានរៀបការនៅឆ្នាំ១៩៧០ ហើយនៅសម័យខ្មែរក្រហម តាំ ត្រូវបែកពីគ្រួសារដោយសារតែត្រូវ​ធ្វើការនៅទិសដៅផ្សេងគ្នា។ តាំ បានសុំមេកងមកលេងផ្ទះពេលខ្លះមួយខែបានមកលេងផ្ទះម្តង ដោយ​សារខ្លួនជាប្រជាជនមូលដ្ឋានចាស់ ទើបមានការអនុញ្ញាត តែទោះបីជាទទួលបានការអនុញ្ញតក្ដី ក៏មិន​អាចចេះតែសុំ ឬមកលេងពេលណា​ថ្ងៃណាក៏បានបានតាមតែចិត្តនោះទេ។ ខ្មែរក្រហមបានកំណត់ចំនួនថ្ងៃ និងមានលិខិតពីមេកង ឬគណៈគ្រប់គ្រងណាមួយរបស់ខ្មែរក្រហម។

ទោះបីជាក្នុងនាមជាប្រជាជនក្នុងមូលដ្ឋានក៏ពិតមែន តែជីវិតរបស់ តាំ​ មិនខុសប៉ុន្មានពីប្រជាជនទាំងអស់ដែលបានឆ្លងកាត់សម័យខ្មែរក្រហមនោះទេ ត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការងារហួសកម្លាំង និង ផ្ដល់អាហារមិនគ្រប់គ្រាន់ និងត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជានិង សង្គ្រោះប្រជាជន នៅដើមខែមករា ឆ្នាំ១៩៧៩[3] តាំ បានរួចផុតពីការធ្វើបាប និងការបង្ខំឱ្យធ្វើការហួសកម្លាំង រួចបានត្រឡប់មករួមរស់នៅជាមួយគ្រួសារវិញ៕

អត្ថបទដោយ លី ដេវីត


[1] បទសម្ភាសន៍ជាមួយ ទិន តាំ នៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្នាំ២០២៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៨

[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin