សួន ឃ្លឿយ៖ ខ្មែរក្រហមធ្វើពិធីអបអរជ័យជម្នះរយៈពេល៧យប់៧ថ្ងៃនៅប្រាសាទអង្គរវត្ត

រូបពីសៀវភៅកងពលខ្មែរក្រហមលេខ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង។ បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សួន ឃ្លឿយ[1] ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ មាន​ទី​កន្លែង​កំណើត​​​នៅ​ភូមិ​សំរោង​ ឃុំ​ចន្លាស់​ដៃ​ ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប។ បច្ចុប្បន្ន​ ឃ្លឿយ ​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។

ឃ្លឿយ បាន​និយាយថា៖ «​ខ្ញុំ​និង​បងប្អូនបង្កើតរបស់​ខ្ញុំ​ទាំងអស់​មិន​បាន​​​រៀន​​សូត្រ​ទេ​ ដោយ​សារ​តែ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​​។ ខ្ញុំគឺ​ជាកូ​ន​ទី​៥ ក្នុង​ចំណោម​​​​បង​ប្អូន​បង្កើត​ចំនួន​៦នាក់។ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​​ធ្វើ​ស្រែ​ចម្ការ​ និង​ដាំ​ដំណាំ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព។

នៅក្នុង​​ឆ្នាំ​១៩៧០ ខ្ញុំ​បា​ន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​នៅ​​ក្នុង​​​​វ័យ​​​១៣​​ឆ្នាំ​​។​​ ​ខ្ញុំ​​​បាន​​ហ្វឹក​​ហាត់ផ្នែក​​​​យុទ្ធ​សាស្រ្ត​​​​សង្គ្រាម ​អស់​រយៈ​ពេល​​បី​ខែ។ ខ្ញុំ​​បាន​ចេ​ញ​ទៅ​​​សមរភូមិ​មុខ​ជា​មួយ​កង​ទ័ព​ដទៃ​ទៀត​។ ដំបូង​ឡើយ​ ខ្ញុំ​មិន​ស្គាល់​​អ្នក​ណាសោះ។ ក្រោយមក កង​ទ័ព​មុនៗ​ជា​ច្រើននាក់​​​ បាន​​​ស្រឡាញ់​រាប់​អានខ្ញុំ​​​ ដូច​​បង​​ប្អូន​។ ខ្ញុំ​មាន​​អារម្មណ៍​ថា​កក់​ក្ដៅ​ និង​លែង​សូវ​មាន​ការ​ភ័យ​ខ្លាច​។​ ខ្ញុំ​នៅ​តូច​ណាស់​។ ​ខ្ញុំ​ស្ពាយ​កាំ​ភ្លើង​​មិន​​ផុត​​ពី​ដី​ផង។​ នៅ​​ពេល​នោះ​ ខ្ញុំ​មានសេចក្តី​​រំ​ពឹង​ថាការ​​ខិត​ខំ​តស៊ូ​របស់ខ្ញុំ​គឺ​ដើម្បី​ការ​ពារ​ទឹក​ដី​​ខ្មែរ​។ មុខ​សញ្ញា​​ភាគច្រើន​ដែល​ខ្ញុំ​វាយប្រយុទ្ធគឺ​នៅ​ក្នុងភូមិសាស្ត្រ​នៃ​​ខេត្ត​សៀមរាប​ និង​ឧត្តរ​មាន​ជ័យ​។ ខ្សែ​ត្រៀម​​ខ្ញុំ​​​មិន​បានចល័ត​ទៅ​ខេត្ត​​ឆ្ងាយៗ​នោះ​ទេ​។

យុទ្ធ​សាស្រ្ត​មុន​ពេល​ចេញ​ទៅ​វាយមុខសញ្ញា​ណាមួយ​ កងទ័ព​ខ្មែរ​ក្រហម​​​តែង​តែ​មាន​គិញសម្ងាត់​ទៅ​​ស៊ើប​ការណ៍ពី​សត្រូវ​ឲ្យ​ច្បាស់​លាស់​​ជា​មុន​សិន។​​​ ​បន្ទាប់​មក​ ខ្មែរ​ក្រហម​ចាប់​ផ្ដើម​រៀប​​ចំ​កម្លាំង​ទ័ព​ចេញ​ទៅ​វាយ​ ទ័ព​ លន់​ នល់​ នៅត្រង់​​គោល​ដៅនោះ​តែ​ម្ដង​​។​ កម្លាំង​ទ័ព​ខ្ញុំមាន​​ចំនួន​៧០០​នាក់​។​ ស្ថាន​ភាព​នៅ​ក្នុង​សមរភូមិ​​​មាន​ការ​លំបាក​ណាស់​ ដោយ​សារភាគីទាំងសងខាង​គឺ​ជា​សាច់​ឈាម​ខ្មែរ​ដូច​គ្នា។​ យើង​​ត្រូវ​ប្រឈម​មុខ​វាយ​ប្រហារ​គ្នា ​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​។​ ​កង​ទ័ព​ខ្មែរ​ក្រហម​ និង​កង​​ទ័ព​ លន់​ នល់​ តែង​តែ​មានចំនួន​​មនុស្ស​ស្លាប់ និង​​របួស​ប្រហាក់​ប្រហែល​គ្នា​​។ ​ ​​កម្លាំង​ទ័ព​ខ្មែរ​ក្រហម​​បាន​រៀប​ចំ​ផែន​ការ​វាយ​ប្រយុទ្ធ​អស់​រយៈ​​ពេលជិត​​៥​ឆ្នាំ ​ទើប​អាច​ផ្ដួល​រំលំ​កង​ទ័ព លន់ នល់​។

បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​​ ខ្ញុំ​​រំពឹង​ថានឹង​បាន​ត្រឡប់​ទៅ​រស់​នៅ​ស្រុក​កំណើត ដើម្បី​ជួប​ជុំ​​ជា​មួយ​ឪពុក​ម្ដាយនិង​បង​ប្អូន​។​ ប៉ុន្តែ​​ សេច​ក្ដី​រំពឹង​នេះ​​មិន​បាន​សម​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ឡើយ​ ព្រោះ​ថា​ខ្មែរ​ក្រហម​មិន​បាន​អនុញ្ញាត​ឲ្យ​កង​ទ័ព​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​ជាដាច់​ខាត​​។​ កង​ទ័ព​ទាំង​អស់​ត្រូវ​នៅ​ឈរ​ជើង​តាម​មុខ​សញ្ញា​រៀងៗ​ខ្លួន​ដោយ​​​គ្មាន​​សិទ្ធិ​តវ៉ា​អ្វី​ឡើយ​។​

ខ្មែរ​​ក្រហម​​បាន​រៀប​ចំ​ពិធី​​ដ៏​ធំ​មួយ​នៅ​ប្រាសាទ​អង្គរ​វត្ត ​រយៈ​ពេល​៧យប់​៧​ថ្ងៃ ដើម្បី​អប​អរ​សាទរ​ ​ជ័យ​ជម្នះ​។​ ខ្ញុំ​ក៏បាន​ជួប​ជា​មួយ​ឪពុក​ម្ដាយរបស់ខ្ញុំ នៅក្នុងឱកាសនោះដែរ​។​​ ក្រោយ​មក​ទៀត ​ខ្ញុំ​ក៏​បាន​បែក​​​ពី​គ្រួសារ​ម្ដង​ទៀត ព្រោះ​​ខ្ញុំ​​​​ត្រូវបញ្ជូន​​ទៅ​ឈរ​ជើង​នៅ​​មុខ​សញ្ញា ដែល​អង្គ​ការ​ចាត់​តាំង​​។ ចាប់​តាំង​ពី​ពេល​នោះ ​ខ្ញុំមិន​បាន​ដឹង​ដំណឹង​​​​ពី​សុខ​ទុក្ខ​គ្រួសារ​ខ្ញុំ​ទៀត​ទេ។​ ចំណែកឯ​ខ្ញុំ​រួម​ទាំង​កង​ទ័ព​ចំនួន​៥០០​នាក់​​ដែល​នៅ​ក្នុង​អង្គ​ភាព​ជា​មួយ​​​គ្នា ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ឧត្តរ​មាន​ជ័យ ​ដើម្បី​លើក​ទំនប់​នៅ​បឹង​ស្នោរ។

​កង​ទ័ព​ខ្ញុំ​ចាប់​ផ្ដើម​ដើរ​ធ្វើ​ការ​នៅ​តាម​ភូមិ និង​​ពង្រឹង​ប្រជាជន​ឲ្យ​​លើក​ទំនប់​ ជីក​ប្រឡាយ​ ធ្វើ​ស្រែ​ ដាំ​​ដំណាំ​ និងបង្ក​បង្កើន​ផល។ ចំពោះ​ការ​ហូប​ចុក​ពេល​នោះ យើង​​មិន​ទាន់ជួប​​ការ​ខ្វះ​ខាត​នៅ​ឡើយ​ទេ។ ​ប្រជាជន​ រួម​ទាំង​កង​ទ័ព​ទទួល​បាន​អាហារ​​គ្រប់​គ្រាន់​។​ ខ្ញុំ​រស់​នៅ​ និង​ធ្វើ​ការ​ជា​មួយ​ប្រជាជន​ក្នុង​ខេត្ត​សៀម​​រាប​-ឧត្តរ​មាន​ជ័យ​ រហូត​ដល់​ឆ្នាំ​១៩៧៩​។

នៅពេល​ដែល​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​វាយ​ចូល​មក​ដល់​ខេត្ត​​ឧត្តរ​មាន​ជ័យ​ ​សហករណ៍​ទាំង​ឡាយ​ត្រូវ​រំសាយ​​។​ ​កម្លាំង​កង​ទ័ព​ និង​កម្លាំង​ប្រជាជន​ បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​​ទៅ​តាម​ជួរ​ភ្នំ​ដង​រែក​។​ នៅ​ពេល​ដែល​យើង​​​ធ្វើ​ដំណើរ​​​ដល់​ភ្នំ ​យើង​បាន​បែង​ចែក​កម្លាំង​ជា​ពីរ​ក្រុម៖​ ទី១) ​​កង​ទ័ព​ណា​ដែល​មាន​ប្រពន្ធកូន ​យើងអនុញ្ញាត​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​មុន និងទី២)​ កង​ទ័ពដែល​នៅ​លីវ​ ​យើង​​ត្រូវ​​​ឈរ​ជើង​នៅ​ខាង​ក្រោម​សិន ដើម្បី​វាយ​តទល់​ជា​មួយ​កង​ទ័ព​វៀត​ណាម​។

ខ្ញុំ​បាន​បន្ត​ការ​វាយ​ជា​មួយ​កង​ទ័ព​វៀត​ណាម​អស់រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ។ យើង​មិន​អាច​ដេញ​កម្លាំង​ទ័ព​​វៀត​ណាម​ចេញ​បាន​នោះ​ទេ​។​​ ​ខ្ញុំក៏​​ត្រូវរបួស​ដោយ​សារ​ការ​បាញ់​ប្រហារ​ពី​កង​ទ័ព​វៀត​ណាម​។​ កម្លាំង​ទ័ព​​ដែល​នៅ​ក្បែរ​នោះ​បាន​សែង​ខ្ញុំ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​លើ​ភ្នំ​។​ បន្ទាប់​ពី​​​ខ្ញុំ​​​បាន​ជា​សះ​ស្បើយ​ មេ​របស់​ខ្ញុំ​​​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ​មាន​គ្រួសារ​។​ ប្រពន្ធ​​ខ្ញុំ​ធ្វើ​ការ​​នៅ​ក្នុង​មន្ទីរ​ពេទ្យនោះ។ ខ្ញុំ​ស្គាល់​គ្នាអំឡុង​ពេល​​នៃ​ការ​សម្រាក​ព្យាបាល​របួស​។​

​ក្រោយ​ពី​​រៀប​ការ​ ខ្ញុំ​ឈប់​ទៅ​សមរភូមិ​ទៀត​ហើយ។​ ​រហូត​ដល់​ឆ្នាំ​១៩៩០​ តាម៉ុក​ ក៏​បាន​រៀប​ចំ​ភូមិ​ឃុំ​នៅ​តំបន់​អន្លង់​វែង ​ដើម្បី​បង្ក​លទ្ធភាព​ឲ្យ​​ប្រជាជន​​មានលំ​នៅដ្ឋាន​ត្រឹម​ត្រូវ​​​។​ ខ្ញុំ​ និង​​គ្រួសារ​​បាន​សម្រេច​ចិត្ត​​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​​ទួល​​ប្រាសាទ​។ ​​ប្រជាជន​ទាំង​អស់​មាន​ការ​ខ្វះ​ខាត​ច្រើន​ណាស់​។ ប៉ុន្តែ យើងតែ​ងតែ​​នាំ​គ្នា​កសាង​គ្រួសារ​​ពី​បាត​ដៃ​ទទេ។​ ការសាងសង់​លំនៅដ្ឋាន​គឺ​លំបាកណាស់​ នៅពេលនោះ​។​ ក្រៅ​ពី​នោះ ខ្ញុំ​និង​គ្រួសារ​បាន​នាំ​គ្នា​ខិត​ខំ​​ត្រួស​ត្រាយ​ព្រៃ​ ដើម្បី​​​ធ្វើ​ចម្ការ​និង​ដាំ​ដំណាំសម្រាប់​ជីវភាព​»​៕

អត្ថបទដោយ លី សុខឃាង


[1] សួត វិចិត្រ សម្ភាសន៍ សួន ឃ្លឿយ នៅក្នុងភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin