មាស ពៅ ៖ ខ្ញុំបម្រើការក្នុងកងនារីដឹកជញ្ជូន

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

មាស​ ពៅ[1]​ ភេទស្រី​ អាយុ​៦៦​ឆ្នាំ​ មាន​​ស្រុក​​​កំណើត​​នៅ​​​ភូមិ​​តាំង​​បន្ទាយ​ ឃុំ​វាល​ពន់​​ ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ​។ បច្ចុប្បន្ន​​ ពៅ​ រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​

ពៅ​ បាន​និយាយ​រៀប​រាប់​ពី​​​ការ​តស៊ូ​ និង​បទ​ពិសោធន៍​របស់​ខ្លួន​​ក្នុង​សម័យ​ខ្មែរ​ក្រហមថា​៖ «ខ្ញុំ​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវ​ភាព​ធូរ​ធារ។ ខ្ញុំ​គឺជា​កូន​ពៅ ​ដែល​បាន​​រៀន​​​​ច្រើន​ជាង​គេ​​​ក្នុងចំណោមបង​ប្អូន​បង្កើត​​ចំនួន​៨នាក់។ ​បើ​ទោះជា​គ្រួសារ​​របស់​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​ក៏ដោយ​ ក៏​ការ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​មិន​ដែល​ខក​ខាន​នោះ​​ទេ​។​​ ឪ​ពុក​ខ្ញុំ​​​មិន​សូវ​​មាន​ពេល​ទំ​នេរ​ក្នុង​ការ​ជួយ​ធ្វើ​ស្រែ​ចម្ការប៉ុន្មាន​​ទេ​ ព្រោះ​គាត់មាន​តួនាទី​​ជា​ក្រុម​ប្រឹក្សា​ឃុំ ដែល​​មាន​​កាតព្វ​កិច្ច​​ត្រូវ​​ទៅ​ធ្វើ​ការ​ជា​ប្រចាំ​​។​ ​

​នៅ​ក្នុងសម័យ​​​​សង្គមរាស្រ្ត​និយម​ ខ្ញុំមើល​​ឃើញ​ថា​មាន​ភាព​សម្បូរ​សប្បាយ​ និង​មាន​ភាព​កក់​ក្ដៅ​នៅ​ក្នុង​គ្រួសារ​។ ​ប្រជាជន​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​រស់​នៅ និងការ​ប្រកប​មុខ​របរ​​ប្រចាំ​ថ្ងៃ​។ នៅក្នុង​​ឆ្នាំ​១៩៦៨​ ខ្ញុំ​​​បាន​ឈប់​សម្រាក​ពី​​ការ​សិក្សាមួយ​រយៈ​​ ដោយ​សារ​តែ​កង​ទ័ព​ លន់​ នល់​ បាន​​ផ្ដាច់​ផ្លូវ​ និង​ស្ពាន​អស់​មួយ​ចំនួន ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​មិន​អាច​ធ្វើ​ដំណើរទៅ​សាលា​រៀន​​បាន​។​ នៅពេលនោះ​ ខ្ញុំ​ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ ភាព​​វឹក​វរ​ចេះ​តែ​កើត​មានជា​​បន្ត​បន្ទាប់​រហូត​ដល់​ឆ្នាំ​១៩៧០​ នៅ​តាម​សាលា​រៀន។ ​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ ​​ត្រូវ​បាន​បិទ​ទាំង​ស្រុង។ ​​ចំណែក​ឯ​គ្រូ​បង្រៀន​ក៏បាន​​បែក​ខ្ញែក​គ្នា​អស់ចាប់​តាំង​ពី​ពេល​នោះ​មក​​។​

នៅ​ចន្លោះ​ឆ្នាំ​១៩៧១​ និង​ឆ្នាំ​១៩៧២​ ការ​ទម្លាក់​គ្រាប់​បែក​យ៉ាងខ្លាំង​ក្លា​បា​ន​កើតឡើងនៅ​ក្នុង​​ភូមិ​តាំង​បន្ទាយ​។​ ​ខ្ញុំ​និង​គ្រួសារ​មិន​ទាន់​ជម្លៀស​ចេញ​ពី​ភូមិ​កំណើត​នោះ​ទេ។ ​ប្រជាជន​នៅ​ក្នុង​ភូមិ​អាចឆ្លៀត​ពេល​​ចេញ​​ចូល​ទៅ​ធ្វើ​ស្រែ​បាន​បន្តិច​បន្តួចដែរ​​។​ ​ក្រោយមក យន្ត​ហោះ​ទាហាន​ លន់​ នល់​ បាន​ទម្លាក់​គ្រាប់​បែក​ប្រភេទ​(បេ៥២​)​ នៅ​តាម​វាល​ស្រែ។ ​ប្រជាជន​មាន​ការ​ភ័យ​ខ្លាច​ និង​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ​ស្រែ​ទៀត​នោះ​ទេ​។ ការ​ទម្លាក់​គ្រាប់​បែក​នេះ​បាន​ធ្វើ​ឲ្យមាន​ការ​​ខូច​ខាត​របស់​របរ​ សម្ភារ​ និងធ្វើ​ឲ្យ​​ស្លាប់​ប្រជាជន​​អស់​ជា​ច្រើន​នាក់​ក្នុង​ភូមិ​ព្រៃ​មិច​​។

នៅ​ដើម​​ឆ្នាំ​១៩៧៣ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​ជាមួយ​​ខ្មែរ​ក្រហម។ បន្ទាប់​មក ​ខ្ញុំ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ស្ករ​​ក្រុង​ឧដុង្គ​នៃទី​រួម​ខេត្ត​កំពង់​ស្ពឺ​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ​ខ្ញុំ​​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​និង​បង​ប្អូន​។ ចំណែក​ឯ​ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ខាង​ខេត្ត​កោះ​កុង​។ ​ខ្ញុំ​ត្រូវ​បាន​ខ្មែរ​ក្រហម​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​ខាង​កិន​ស្ករ​ និង​រែក​ស្ករ​ ដែល​​មួយ​ក្រុម​ខ្ញុំ​មាន​សមាជិក​ចំនួន​១០​នាក់ មាន​ទាំងមនុស្ស​​ប្រុស​ មនុស្ស​​ស្រី​​។ ចំណែក​ឯ ​ការ​ហូប​ចុក​មិន​មាន​ការ​ខ្វះ​ខាត​អ្វី​ឡើយ​។ ចំពោះ​បង្អែមដែល​យើង​អាចទទួល​ទានបាន​មាន​​​ដូច​ជា​ស្ករ​ស​ ល្ពៅ​ ដំឡូងជា​ដើម​​​។ ​ក្នុង​មួយ​ថ្ងៃប្រជាជន​ទទួល​បាន​អាហារ​​ហូបចំនួន​​បី​ដង​ មាន​ពេល​ព្រឹក​ហូប​បបរ​ ពេលថ្ងៃ​ហូប​​បាយ​ និង​ល្ងាច​ហូប​បាយ។ អ៊ំ​ ឆយ គឺជា​ប្រធាន​មន្ទីរ​នៅ​ក្នុង​រោង​ចក្រ​ស្ករ​ស​។​ ការ​គ្រប់​គ្រង​របស់​ អ៊ំ​ឆយ​ គឺ​ល្អ​ណាស់​។ គាត់​មិន​ដែល​ស្ដី​បន្ទោស ​​ឬ​វាយ​ធ្វើ​បាប​​កម្ម​ករ​នោះ​ទេ​​។ ខ្ញុំ​នៅ​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ស្ករ​ស​ រហូត​ដល់​ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហមក៏​​បាន​ទទួល​ជ័យ​ជម្នះ​។​

បន្ទាប់​មក​​ ខ្ញុំ​រួម​ទាំង​កម្ម​ករ​ជា​ច្រើន​នាក់​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ភ្នំ​ពេញ​ ដើម្បី​អប​អរការ​ទទួល​បាន​ជ័យ​ជម្នះលើ​ លន់​ នល់​។ ​​ប្រធាន​មន្ទីរ​យក​​​ឡានមក​ដឹកកម្លាំង​កម្ម​ករ​ទៅ​ភ្នំ​ពេញ​ ដោយ​​​​ក្នុង​មួយ​ឡានមាន​​គ្នា​ចំនួន​៣០​នាក់​។ ខ្ញុំ​មើល​ឃើញ​ពី​ស្ថាន​ភាព​នៅ​ពេល​នោះ ​គឺ​ពោរពេញ​ទៅ​ដោយ​ផ្សែងភ្លើង​ដែល​កំពុង​ឆេះ​។ ​ខ្ញុំ​បាន​សម្លឹង​ទៅ​​ខាង​មុខឃើញ​​មាន​តែ​គ្រោង​ឆ្អឹង ​ផ្ទះ និងអគារ​​​បាក់​បែក​។​

លើស​ពី​នេះ​ទៅ​ទៀត​ ទិដ្ឋ​ភាព​ពេល​នោះ​មាន​ការ​លាយ​ឡំ​ជា​មួយក្លិន​ស្អុយ​សាក​សព ​ដែល​​ពុំ​ទាន់​បាន​យក​ចេញ។​ ចំណែក​ឯ ​ប្រជាជន​ដែល​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ត្រូវ​បាន​ជម្លៀស​​ទៅទី​​ជន​បទ​ទាំង​អស់​។​ ​មួយ​សប្ដាហ៍ក្រោយមក​​​​ ខ្មែរ​ក្រហម​​បាន​​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រធ្វើ​​មង ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ជិត​វិទ្យាល័យ​បាក់​ទូ​​​ក​។ កម្ម​ករទាំងអស់​​មាន​​ចំនួន​៣០០​នាក់​​។ ប្រធាន​គ្រប់​គ្រង​នៅ​រោង​ចក្រ​​មោង​ឈ្មោះ​ អ៊ំ​ តុង​ ដែល​​ជា​មនុស្ស​មាន​សីល​ធម៌​ល្អ​ និងមិន​ដែល​បង្ខំ​ឲ្យ​កម្ម​ករ​ធ្វើ​ការ​ធ្ងន់ៗនោះ​ឡើយ​​​។ គាត់​មិន​​​វាយ​ធ្វើ​បាប​ ឬ​ស្ដី​បន្ទោស​ឡើយ​​។

ចំពោះ​ការ​ហូប​ចុក​ ខ្ញុំ​ទទួល​បានការ​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​​។​ អ៊ំ​តុង​ បាន​បញ្ជា​ឲ្យ​ចុង​ភៅ​ធ្វើ​ម្ហូប​ពិសេស​ជា​រៀង​រាល់​ថ្ងៃ​សម្រាប់​ក្រុម​កម្ម​ករ​ទាំង​អស់​។ នៅ​ព្រឹក​​ព្រលឹម​​ ខាង​ចុង​ភៅ​បាន​ធ្វើ​​មី​សួទុក​​ឲ្យ​ម្នាក់​មួយ​ចាន​​ជា​រៀង​រាល់​ថ្ងៃ​។ នៅ​ពេល​ដែល​រដ្ឋមន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម ​វ៉ន​ វេត​​ ​ចុះ​មក​ទស្សន​កិច្ច​​ម្ដងៗ ​អ៊ំ​តុង​មិន​ដែល​រាយ​ការណ៍​ប្រាប់​ពី​កម្ម​ករ​ដែលមាន​ភាព​​ខ្ចិលច្រអូសឬ​មិន​​​ធ្វើ​ការឡើយ​។ មង​ត្រូវបាន​​​បញ្ជូន​ទៅ​​តាម​សហករណ៍​​ និង​តំបន់​។ ​ជា​រៀង​រាល់​ថ្ងៃសៅរ៍ ​និង​ថ្ងៃ​អាទិត្យ​ ខ្ញុំ​រួម​ទាំង​កម្ម​ករ​ដទៃ​ទៀត​ត្រូវ​ទៅ​កាប់​ដី​ជីក​ប្រឡាយ​លើក​ភ្លឺ​ ដើម្បី​ធ្វើ​ស្រែ​។​ នៅ​ពេល​​ទំនេរ​ពី​ការ​ងារ​ កម្ម​ករ​ក្នុង​រោង​ចក្រមង ​អាច​ទៅ​ដាំ​បន្លែ​ និង​ឪឡឹក​ទុក​សម្រាប់​ហូប​ខ្លួន​ឯង​បាន​ថែម​ទៀត​។

នៅ​​រដូវ​រស្សា​ ​ ខ្ញុំ​ និង​កម្ម​ករ​ទាំង​អស់​នាំ​គ្នា​ឡើង​ទៅទន្លេរយៈ​ពេល​​កន្លះ​ខែ​ ឬ​មួយ​ខែ​ ដើម្បីរកត្រី​​​ធ្វើ​ប្រហុក​១០០​ពាង​ ផ្អក១០០​ពាង​ទុក ​សម្រាប់​ហូបក្នុង​រោង​ចក្រ​មង​​។ ថ្ងៃ​មួយ​ ​ខ្ញុំ​បាន​ឮ​កម្ម​ករ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​កង់ ​និយាយ​ពី​ការ​យក​មនុស្ស​ទៅ​សម្លាប់​ចោល និង​យក​ទៅ​ដាក់​គុក​ព្រៃ​ស​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ធ្វើ​អ្វី​ខុស​ពី​បទ​បញ្ជា​របស់​ប្រធាន​ ឬ​ធ្វើ​ខុស​សីលធម៌​នៅ​ក្នុង​រោង​ចក្រថែម​ទៀត​ផង​​។​ ខ្ញុំ​​ធ្វើ​ការក្នុង​​រោង​ចក្រមង​រហូត​ដល់​ឆ្នាំ​១៩៧៩​ កង​ទ័ព​វៀត​ណាមស្ម័គ្រ​ចិត្ត​វៀត​ណាម​​​បាន​ចូល​មក​រំដោះ​​ទី​ក្រុង​ភ្នំ​ពេញ​។​ ខ្ញុំ​រួម​ទាំង​ប្រជាជនជា​ច្រើន​នាក់​ទៀត​​បាន​​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ភ្នំ​ពេញ​ដោយ​ថ្មើរជើង​ ដើម្បី​គេច​ពី​កង​ទ័ព​វៀត​ណាម​។ ​ប្រជាជន​ជា​ច្រើន​នាក់​បាន​ដើរលើ​ផ្លូវ​ថ្នល់​​បន្ត​បន្ទាប់គ្នា​រាប់​ពាន់​នាក់​សំដៅ​ទៅ​ព្រំ​ដែន​ថៃ​។​ ខ្ញុំ និង​អ្នក​រួម​ដំណើរ​ទាំង​អស់​​បាន​ធ្វើ​ដំណើរ​ឆ្លងពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ រហូត​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​នៃ​ខេត្ត​បាត់​ដំបង។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​ហើយ ​អ្នក​នាំ​ផ្លូវ​ក៏​បាន​ឲ្យ​ឈប់​សម្រាក​នៅ​ស្រុក​បរវិល​​រយៈពេល​​មួយ​សប្ដាហ៍​​សិន​ ហើយ​បាន​បន្ត​​ដំណើរ​ទៅ​មុខ​ដោយ​​មាន​គោល​ដៅ​ឆ្ពោះ​ទៅ​ភ្នំ​​១០០២។

នៅ​ក្នុងឆ្នាំ​១៩៨០​ ខ្ញុំ​​បាន​ធ្វើ​ដំណើរ​ដល់​​ភ្នំ​១០០២​។​ ​ខ្ញុំ​​បាន​ចូល​ធ្វើ​ជា​កង​នារី​ដឹក​ជញ្ជូន​។​ ការ​ងារ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​​គឺ​ដឹក​ជញ្ជូន​គ្រាប់​ផ្ដល់​ឲ្យ​​កង​ទ័ព​ដែល​នៅ​សមរភូមិ​ខាង​​មុខ។​ គោល​ដៅ​ដែល​ខ្ញុំ​ទៅ​​ញឹក​ញាប់​គឺ​តំបន់​​​​​ជាំ​ក្សាន្ត។ នៅ​ចុង​ឆ្នាំ​១៩៨០​ ខ្ញុំ​ក៏​បាន​រៀប​ការជាមួយប្ដី​ខ្ញុំ​ដែល​ជា​កង​ទ័ព​​។​ បន្ទាប់​ពី​មាន​គ្រួសារ​​ ​ខ្ញុំ​ក៏​បាន​ផ្លាស់​ទៅ​តាម​ប្ដី​ខ្ញុំ​នៅមុខ​សញ្ញា​​អណ្ដែងមុត ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដីអូរ​​ស្មាច់​។ ខ្ញុំ​ និង​គ្រួសារ​រស់​នៅ​ទី​នោះ​បាន​រយៈ​ពេល​៨ខែ ខ្ញុំ​​បាន​​ផ្លាស់​មក​នៅកង​អង្គភាព​​៨០៨​វិញ និង​បន្ត​​ផ្លាស់​ទៅ​​​ច្រក​ជាំ​សាងាំទៀត​​។​ ខ្ញុំ​រស់​នៅ​លើ​ភ្នំ​​​រហូត​ដល់​ឆ្នាំ​១៩៩០​។ តាម៉ុក​បាន​បញ្ជា​ឲ្យ​ប្រជាជន​ចុះ​មក​នៅ​អន្លង់​វែង​។ ចំណែក​ឯខ្ញុំ​ ក៏​បាន​ទៅ​ធ្វើ​ផ្ទះ​រស់​នៅ​ក្នុង​ភូមិ​លំទង​។

រហូត​ដល់​​ឆ្នាំ​១៩៩៣​ អ៊ុន​ តាក់ ​​បាន​ចូល​មក​ដល់​ទឹក​ដី​អន្លង់​វែង​។ ខ្ញុំ​រួម​ទាំង​ប្រជាជន​មួយ​ចំនួន​ធំ​​បាន​រត់​ទៅ​នៅ​ទឹក​ដី​ថៃ​ក្នុង​ជំរំ​ភូណយ​។​ ការ​រស់​នៅ​ក្នុង​ជំរំ​ភូណយ ​ប្រជាជន​មាន​ការ​ហូប​ចុក​គ្រប់​គ្រាន់​ ។​ តាម៉ុក​គឺជា​អ្នក​បើក​របបអាហារ​ ​ដូច​ជា​ អង្ករ​ អំបិល​ ប៊ីចេង​ ទឹក​ដោះ​គោ​ ត្រី​ខ​ មី​ ខ្លាញ់​ ជា​ដើម​។ ប្រជាជន​ អាច​ទៅ​លក់​ដូរ​ និង​​រក​ប្រាក់​ចំណូល​ជា​មួយ​ជន​ជាតិ​ថៃ​បាន​ថែម​ទៀត​។​ ​ខ្ញុំ​ នៅ​ក្នុង​ជំរំ​ភូណយ​រហូត​ដល់​ឆ្នាំ​១៩៩៨​។ អន្លង់​វែង​​ចាប់​ផ្ដើម​ធ្វើ​​សមាហរណកម្មផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​បញ្ចប់​​សង្គ្រាមនៅក្នុង​ប្រទេស​​។​

បន្ទាប់​ពី​អន្លង់​វែង​ទទួល​បាន​សន្តិភាព​​ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​រស់​នៅ​ក្នុង​ភូមិ​អូរ​គគីរ​កណ្ដាល​។  តាម៉ុក​​ បញ្ជា​ឲ្យ​ចែក​ដី​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ក្នុង​មួយ​គ្រួសារ​ចំនួន​៥០​ម៉ែត្រ​ដើម្បី​ធ្វើ​ជា​ផ្ទះ​សម្បែង​សម្រាប់​រស់​នៅ​។ ក្នុង​ឆ្នាំ​១៩៩៩​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចូល​បង្រៀនដល់​​ក្មេងៗ នៅ​កម្រិត​មតេ្តយ្យសិក្សា​ដោយ​ស្ម័គ្រ​ចិត្ត​។​ ដោយ​សារ​តែ​ខ្ញុំ​មាន​ចំណេះ​ដឹង​បន្តិច​បន្តួច ហើយ​ប្រជាជនមាន​ការ​​គោរព​ស្រឡាញ់​ ខ្ញុំ​ក៏​ត្រូវ​បាន​លើកទឹក​ចិត្ត​ឲ្យ​​ធ្វើ​​ជា​ប្រធាន​ភូមិ នៅ​​ក្នុង​ឆ្នាំ​២០០៦​។​​ ខ្ញុំ​​​បាន​បន្តបង្ហាត់​​បង្រៀន​សិស្ស​ និងធ្វើ​តួនាទី​ជា​​ប្រធាន​​ភូមិ​រហូតមក​​ដល់​បច្ចុប្បន្ននេះ​​​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន​ សម្ភាសន៍​ជាមួយ មាស ពៅ នៅក្នុង​ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ នៅក្នុង​ឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin