ហុង កៀវ ៖ ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន

«ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន» ឃ្លានេះគឺជាការឆ្លើយតបរបស់ ហុង កៀវ ទៅកាន់សំណួរអំពីវិធីសាស្រ្តដើម្បីធ្វើការកាត់ចិត្ត កុំឱ្យនឹករឭកដល់កូនៗរបស់គាត់ចំនួនបួននាក់ដែលបានបាត់ខ្លួន និងស្លាប់ក្នុងរបបខ្មែរក្រហម។ កូនៗរបស់ ហុង កៀវ ដែលបានបាត់ខ្លួននិងស្លាប់មានឈ្មោះដូចជា៖ ជ្រុង, អេង, ប៉ុក និង ឡង់ ឌី ហៅ អុល[1]។
យោងតាមខ្លឹមសារពាក្យព្រះពុទ្ធនៅតែចូលនិព្វាន ហុង កៀវ ចង់សំដៅទៅលើជីវិតកូនៗរបស់គាត់ ដែលសុទ្ធតែជាកម្លាំងមនុស្សយើង ហេតុនេះជៀសមិនផុតពីសេចក្ដីស្លាប់។ រីឯពាក្យ កាលៈទេសៈស្រុកទេសវាត្រូវបត់បែន គឺគាត់ចង់សំដៅទៅលើប្រទេសដែលត្រូវធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម ក្នុងនាមកូនៗរបស់គាត់ជាប្រជាពលរដ្ឋល្អ និងលង់គំនិតជឿលើការអប់រំអំពីទ្រឹស្ដីសីលធម៌ទាំង១២ប្រការរបស់ជនបដិវត្តន៍មានដូចជា៖១)ស្រឡាញ់ គោរព ហើយបម្រើប្រជាជន កម្មករកសិករជាប់ជានិច្ច។ ២) នៅកន្លែងណា បម្រើប្រជាជននៅកន្លែងនោះឱ្យអស់ពីចិត្តថ្លើម។ ៣) មិនធ្វើអ្វីដែលប៉ះពាល់ដល់ប្រជាជនឱ្យសោះ ទោះជាម្ទេសមួយផ្លែ ឬសម្ដីមួយម៉ាត់ក្ដី។ ៤) បើមានការខុសឆ្គងអីពីប្រជាជន ត្រូវសុំទោសប្រជាជន បើមានធ្វើអ្វីឱ្យខូចខាតដល់ប្រជាជនត្រូវសងប្រជាជនវិញ។ ៥) និយាយស្ដី ដេកដើរ ឈរអង្គុយ ស៊ីចុក ស្លៀកពាក់ លេងសើច តាមសភាពប្រជាជន។ ៦) កុំប្រព្រឹត្តអ្វីដែលល្មើស នឹងស្រ្តីភេទឱ្យសោះ។ ៧) កុំផឹកស៊ីអ្វីដែលមានលក្ខណៈមិនបដិវត្តន៍ឱ្យសោះ។ ៨) កុំលេងល្បែងស៊ីសងឱ្យសោះ។ ៩) កុំប៉ះពាល់លុយកាក់រួម ទ្រព្យសម្បត្តិរួម ទោះជាប្រាក់១រៀលក្ដី អង្ករ១កំប៉ុង ឬថ្នាំមួយគ្រាប់ក្ដី។ ១០) សុភាពរាបសារដាច់ខាតចំពោះប្រជាជន តែមានកំហឹងឆាបឆេះជានិច្ចចំពោះខ្មាំង។ ១១) ស្រឡាញ់ ហើយធ្វើពលកម្មជានិច្ច។ និង១២) ប្រយុទ្ធនឹងខ្មាំង ប្រយុទ្ធនឹងឧបសគ្គដោយអង់អាច ហើយហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងជូនប្រជាជនកម្មករ កសិករជូនបក្ស ជូនបដិវត្តន៍ ដោយឥតលក្ខខណ្ឌក្នុងគ្រប់កាលៈទេសៈ[2]។ ដោយសារចំណុចឃោសនា និងអប់រំល្អៗរបស់ចលនាបដិវត្តន៍ ព្រមទាំងសេចក្ដីស្រឡាញ់ចំពោះសម្ដេចព្រះ នរោត្តម សីហនុ ទើបបានបង្កឱ្យកូនៗរបស់ ហុង កៀវ ដែលសុទ្ធតែជាអ្នករៀនសូត្រ ត្រូវធ្វើការលះបង់ជូនជាតិ ដើម្បីអាចមករស់នៅប្រទេសដែលមានសុខសន្តិភាពឡើងវិញ។
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ ហុង កៀវ នៅតែឆ្ងល់ និងមិនយល់ពីថ្នាក់ដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ហេតុអ្វីមិនព្រមអនុវត្តន៍តាមក្រិត្យវិន័យសីលធម៌ទាំង១២ប្រការ ដែលខ្លួនបានបង្កើតឡើង ហើយថែមទាំងផ្សព្វផ្សាយបង្រៀនយុទ្ធជន យុទ្ធនារី និងកម្មាភិបាលបដិវត្តន៍គ្រប់ជាន់ថ្នាក់ឱ្យជ្រួតជ្រាប ចេះចាំស្ទាត់មាត់ ដើម្បីឈានទៅដល់ការកៀងគរកម្លាំងប្រជាជននៅតាមមូលដ្ឋាន ឱ្យចូលរួមប្រយុទ្ធវាយកម្ទេចខ្មាំងដែលខ្លួនដាក់ទិសដៅ។ ការជ្រួតជ្រាប ចេះចាំអំពីទ្រឹស្ដីសីលធម៌ទាំង១២ប្រការនេះ ទើបធ្វើឱ្យកូនៗរបស់គាត់ និងយុវជនជាច្រើនក្នុងប្រទេសសម្រេចចិត្តចូលរួមបម្រើចលនាបដិវត្តន៍ដោយស្ម័គ្រចិត្ត រហូតគាំទ្រឱ្យកងទ័ពបដិវត្តន៍ទទួលបានជ័យជម្នះក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប៉ុន្ដែចុងក្រោយបង្កឱ្យមានការកាប់សម្លាប់កូនៗរបស់គាត់ និងប្រជាជនស្លូតត្រង់ជាច្រើនបានទទួលរងការអត់ឃ្លាន ធ្វើការហួសកម្លាំង និងបាត់បង់ជីវិត។
ហុង កៀវ[3] អាយុ៨៣ឆ្នាំ (ក្នុងឆ្នាំ២០០៤) កើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិសំរោង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(ខេត្តត្បូងឃ្មុំ)។ កៀវ មានប្ដីឈ្មោះ អួង វ៉ាន់ (ស្លាប់ ក្នុងឆ្នាំ២០០១) កើតនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ក្រោយពីរៀបការហើយ កៀវ មានកូនចំនួន៧នាក់ ក្នុងនោះមានកូនស្រីចំនួន២នាក់។ កូនៗរបស់ កៀវ បានបាត់ខ្លួន និងស្លាប់ចំនួន៤នាក់ក្នុងរបបខ្មែរក្រហម។ ស្ថិតក្នុងវ័យចំណាស់ និងរស់នៅជាមួយកូនស្រី ដែលមានជីវភាពខ្វះខាត កៀវ បាននិយាយរៀបរាប់ទៅកាន់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបាននាំយកឯកសារប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងមួយសន្លឹក ភ្ជាប់ដោយរូបថតកាត ដែលមានលេខសម្គាល់២៤២, ឈ្មោះ ឡង់ ឌី ហៅ អុល មានតួនាទីជាយោធាវរសេនាតូច កងពល៣១០ ដូចខាងក្រោម៖
ឡង់ ឌី គឺជាកូនទី៥របស់ខ្ញុំ ដែលកើតក្នុងឆ្នាំម្សាញ់ កូនៗរបស់ខ្ញុំម្នាក់ៗសុទ្ធតែធ្លាប់រៀនចប់ត្រឹមថ្នាក់ឌីប្លូម ជាពិសេសកូនឈ្មោះ ឡង់ ឌី នៅពេលដែលប្រឡងជាប់ឌីប្លូមរួច ក៏ស្រាប់តែមានព្រឹត្តការណ៍លោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែងប្រមុខរដ្ឋក្នុង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយមកប្រជាពលរដ្ឋក្នុងភូមិក៏ចលាចល រត់ឆ្លេឆ្លា និងអ្នកខ្លះទៀតបាន នាំគ្នាឡើងទៅធ្វើបាតុកម្មដើម្បីទាមទារឱ្យសម្ដេច ព្រះ នរោត្តម សីហនុ យាងមកប្រទេស និងទទួលកាន់តំណែងវិញ។ ចាប់តាំងពីពេលនោះមក សាលារៀនក៏ត្រូវបិទទ្វារពីព្រោះគ្មានគ្រូមកបង្រៀន ហេតុនេះ ឡង់ ឌី ក៏ត្រូវឈប់រៀន។ បន្ទាប់ពីរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ កូនរបស់ខ្ញុំឈ្មោះ ជ្រុង ត្រូវជាបងប្រុសរបស់ ឡង់ ឌី បានស្ម័គ្រចិត្តចូលរួមក្នុងចលនាបដិវត្តន៍។ នៅក្នុងឆ្នាំ១៩៧២ ឡង់ ឌី ក៏ចេញពីផ្ទះ ដោយស្ម័គ្រចិត្តដើម្បីចូលទៅបម្រើចលនាបដិវត្តន៍ម្នាក់ទៀត។ ខ្ញុំមិនដឹងទេថា ឡង់ ឌី ទៅតាមរយៈបងប្រុសឬយ៉ាងម៉េច ពីព្រោះខ្ញុំមិនសូវចាប់អារម្មណ៍លើបញ្ហាប្រទេសជាតិឡើយ។ កាលនោះ ឡង់ ឌី និងយុវជនក្នុងភូមិជាច្រើននាក់ទៀត បាននាំគ្នាចេញទៅធ្វើកងទ័ពបដិវត្តន៍។ ខ្ញុំដឹងថាកូនខ្ញុំ ចេញពីផ្ទះ ពិតជាចូលទៅធ្វើកងទ័ព ព្រោះកូនខ្ញុំចចេសចង់ធ្វើតែកងទ័ពមួយមុខគត់។ ចាប់ពីនោះមក ខ្ញុំក៏លែងបានទទួលដំណឹងពីកូនផ្ទាល់ គ្រាន់តែបានឮពីអ្នកភូមិ ដែលប្រកបរបរដឹកអ្នកដំណើរចុះឡើងតាមផ្លូវទឹកថា ឡង់ ឌី បានទៅធ្វើទាហានកងទ័ពរំដោះ ប្រចាំក្នុងតំបន់ព្រៃទទឹង ស្រុកព្រៃឈរ។
បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះក្នុងឆ្នាំ១៩៧៥ ឡង់ ឌី បាននាំប្រពន្ធឈ្មោះ បាន សារ៉ន ហៅ លីន រស់នៅក្នុងភូមិស្លែង ឃុំខ្វិតធំ ស្រុកព្រៃឈរ តំបន់៤១ ខេត្តកំពង់ចាម បានមកលេងផ្ទះ ព្រមទាំងមកមើលជីដូនឈឺ។ កាលនោះ ឡង់ ឌី ធ្វើដំណើមកដោយម៉ូតូពីរគ្រឿង ដោយមានអង្គរក្សម្នាក់មកតាម ខ្លួន។ ស្នាក់នៅផ្ទះបានរយៈពេលពី៣ ទៅ៤យប់ សភាពការណ៍ក្នុងភូមិមិនស្រួល ព្រោះមានការចាប់ប្រធានភូមិ និងអ្នកភូមិមួយចំនួនទៀតយកទៅបាត់។ ហេតុនេះ ប្ដីខ្ញុំក៏ដេញកូនឱ្យប្រញាប់ឡើងទៅភ្នំពេញវិញ។ មិនបានប៉ុន្មានម្តាយរបស់ខ្ញុំក៏ស្លាប់ ឡង់ ឌី ក៏បានមកផ្ទះម្ដងទៀត ក្នុងអំឡុងអង្គការចាត់តាំងឱ្យហូបបាយរួម។ ការមកលើកនេះ គឺជាពេលចុងក្រោយដែលខ្ញុំលែងទទួលបានដំណឹងពីកូនរហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់[4]។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ យុទ្ធជន និងយុទ្ធនារី ជាច្រើនក្នុងភូមិបានត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។ ឃើញដូច្នេះ ខ្ញុំកាន់តែលែងមានសង្ឃឹមថាកូនរបស់ខ្ញុំនៅរស់រានមានជីវិត។ ខ្ញុំពិតជានឹក រឭកដល់កូនៗរបស់ខ្ញុំណាស់ ជាពិសេសនៅពេលឃើញមិត្តភក្តិរបស់កូនៗខ្ញុំដែលធ្លាប់បាត់ខ្លួនទៅដែរ ហើយនៅរស់រានមានជីវិតត្រឡប់មកកាន់ផ្ទះសម្បែងវិញក្នុងពេលបច្ចុប្បន្ន។ ដោយការនឹករឭកខ្លាំងពេក ខ្ញុំមានតែនឹកក្នុងចិត្តថា «ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន» ហេតុនេះមានតែធ្វើម្ហូប អាហារ និងឧទ្ទិសហៅព្រលឹងកូនឱ្យមកសេពសោយ៕
អត្ថបទដោយ មីន សាណាស់
[1] ឯកសារលេខ I09778, ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឡង់ ឌី ហៅ អុល, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, ថ្ងៃឃាត់ខ្លួនថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៧៧។
[2] ឡុង ដានី សម្ភាសន៍ជាមួយ ហុង កៀវ ឯកសារលេខKCI1109, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, ទីតាំងសម្ភាសន៍នៅក្នុងភូមិសំរោង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(ត្បូងឃ្មុំ), នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៤។
[3] ឯកសារលេខ D21408, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, និង ទស្សនាវដ្តីស្វែងរកការពិត, សីលធម៌១២ប្រការរបស់ជនបដិវត្តន៍, ផ្សាយនៅលេខ១៥១ ខែកក្កដា ឆ្នាំ២០១២។
[4] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥។ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។