ខ្មែរក្រហមយកខ្ញុំទៅសម្លាប់

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះសួន ស៊ីម[1]  អាយុ៧១ឆ្នាំ ភេទស្រី។ ខ្ញុំមានឪពុកឈ្មោះកែម, ម្ដាយឈ្មោះ ប៉ាត់ និង មានបងប្អូន៧នាក់ (ប្រុស៤/ស្រី៣) ស្លាប់នៅសម័យខ្មែរក្រហម៤នាក់ បច្ចុប្បន្ននៅមានជីវិត ៣នាក់សុទ្ធតែជាស្រី។ ខ្ញុំមានស្វាមីឈ្មោះសោម សន មានកូន៩នាក់ (ស្រី៧/ប្រុស២)។ ខ្ញុំមានស្រុកកំណើតនៅ ស្រុកព្រះស្ដេច ខេត្តព្រៃវែង សព្វថ្ងៃខ្ញុំរស់នៅភូមិឫទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពីមុនមកខ្ញុំមិនបានរៀនសូត្រទេ ដោយសារតែគ្រួសារខ្ញុំក្រីក្រពេកទើបខ្ញុំមិនបានទៅរៀនសូត្រ ។

នៅសម័យខ្មែរក្រហមរឿងដែរខ្ញុំចងចាំមិនអាចបំភ្លេចបាន ខ្មែរក្រហមបាននាំខ្ញុំទៅសម្លាប់ ខ្ញុំមិនព្រមទៅក្រុមទាហានខ្មែរក្រហមបានយកកាំភ្លើងមកគំរាម និងបង្ខំខ្ញុំ បណ្ដើរយកខ្ញុំទៅកន្លែងសម្លាប់។ ឪពុកក្មេកខ្ញុំឃើញដូច្នេះបានយកកាំបិតដើរតាមខ្ញុំពីក្រោយរហូត បន្ទាប់មកខ្មែរក្រហមយកខ្ញុំទៅដល់កន្លែងមួយខ្មែរក្រហមបានឲ្យខ្ញុំបរិភោគនំបញ្ចុកឆ្អែត បានបន្តនាំខ្ញុំទៅដល់រណ្ដៅដែលត្រូវសម្លាប់នោះ ពេលទៅដល់ខ្ញុំឃើញនៅក្នុងរណ្ដៅនោះជ្រៅណាស់សុទ្ធសឹងតែសាកសពមនុស្ស ខ្ញុំនិយាយថាខ្ញុំមិនមើលទេព្រោះខ្ញុំខ្លាច។ បន្ទាប់មកឪពុកក្មេកខ្ញុំក៏បានមកដល់ដែរ បាននិយាយថា «ហែងកុំទាន់សម្លាប់កូនអាញ់ហែងទៅតាមដាននៅឃុំជាកំពកសិនបើវាយួនមែនហែងសម្លាប់ ហែងចង់ធ្វើអ្វីក៏ធ្វើចុះតែកូនអាញ់ខ្មែរសុទ្ធ» បន្ទាប់មកមានសន្តិសុខម្នាក់ជិះសេះទៅពិនិត្យមួយសន្ទុះក្រោយមកក៏ត្រឡប់មកវិញតាមដានរួចហើយសរសេរក្រដាសមកពីនោះមកថាប្រវត្តជាខ្មែរសុទ្ធទេ បានខ្មែរក្រហមដោះលែងឲ្យខ្ញុំវិញ។ ពេលនោះខ្ញុំមានកូន៣នាក់ មកដល់ផ្ទះវិញម្ដាយខ្ញុំកាត់សក់ចោលអស់។ មូលហេតុដែរទាហានខ្មែរក្រហមយកខ្ញុំទៅសម្លាប់ចោលដោយសារឃើញខ្ញុំមានសក់វែងថាខ្ញុំជាយួន។ អង្គការបានប្រើខ្ញុំទៅកាច់ពោត ក្រងស្បូវ ដកសំណាប ស្ទូង និងប្រើឲ្យខ្ញុំទៅធ្វើការផ្សេងៗទៀត ខ្ញុំគ្មានពេលសម្រាក់ទេហត់ណាស់។ ខ្ញុំមានបងប្អូនច្រើន ដែលបានស្លាប់នៅសម័យខ្មែរក្រហម ខ្លះជាគ្រូពេទ្យ ខ្លះជាគ្រូបង្រៀន និងខ្លះទៀតជាទាហាន សុទ្ធសឹងតែជាខ្មែរ ត្រូវបានខ្មែរក្រហមសម្លាប់ទាំងអស់។ ការបរិភោគវិញអង្គការបានឲ្យខ្ញុំបរិភោគតែពោតក្រហម សម្ល ដៃកំប្លោកមិនមានប្រហុក មិនមានអំបិលចេះតែបរិភោគទៅដើម្បីរស់។ ខ្ញុំបានឃើញអង្គការ រៀបការឲ្យប្អូនស្រីខ្ញុំ នៅក្នុងចំណោមមនុស្ស១០០គូផ្សេងទៀត។ ពេលរៀបការអង្គការបានចាប់ដាក់ៗមិនបានស្រលាញ់គ្នា ក៏ត្រូវតែរៀបការដែរព្រោះអង្គការរៀបចំរួចរាល់ហើយ។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។[2]  ខ្ញុំ និងគ្រួសារ មិនបានរត់ទៅតាមទាហានខ្មែរក្រហម ។ ប្រជាជនផ្សេងទៀតត្រូវបានឆ្លងទន្លេធំខ្លះបានហែលទឹកឆ្លងទន្លេមិនរួចបានស្លាប់ជាច្រើន ចេះសំណាងគ្រួសារខ្ញុំបានដឹងស្ថានភាពមុនទើបមិនបានទៅ កុំអីខ្ញុំនិងគ្រួសារប្រហែលត្រូវ ស្លាប់នៅក្នុងពេលនោះបាត់ទៅហើយមិនមានជីវិតមកដល់សព្វថ្ងៃនេះទេ។

ចំពោះបញ្ហាសុខភាព ខ្ញុំមានជំងឺលើសជាតិស្ករ, ជំងឺលើសឈាម, ពិការភ្នែកម្ខាង, ឈឺត្រចៀក និងជំងឺសន្លាក់ដៃ-សន្លាក់ជើង៕

អត្ថបទដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ សួន ស៊ីម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្ភាសដោយ ស្រេង លីដា បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin