អ៊ើ ខទីយ៉ាស់៖ ទុក្ខលំបាករបស់ ខទីយ៉ាស់ និង គ្រួសារ ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ អ៊ើ ខទីយ៉ាស់[1] ភេទស្រី អាយុ៥៨ឆ្នាំ (ក្នុងឆ្នាំ២០០៥) ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្រី២នាក់)។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម។ ប្តីខ្ញុំ គាត់ធ្វើជាគ្រូបង្រៀន។ នៅក្នុងសម័យ លន់ នល់ ខ្ញុំ និង គ្រួសារបានទៅរស់នៅទីក្រុងភ្នំពេញដើម្បីគេចពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។

ក្រោយបែកទីក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥ គ្រួសារខ្ញុំ បានត្រឡប់មកភូមិកំណើតវិញតាមការជម្លៀសរបស់ខ្មែរក្រហម។ ប៉ុន្តែ បន្ទាប់ពីគ្រួសារខ្ញុំ មកដល់ភូមិកំណើត ខ្មែរក្រហម មិនអនុញ្ញាតឱ្យគ្រួសារខ្ញុំចូលផ្ទះវិញទេ។ ខ្មែរក្រហម បានជម្លៀសគ្រួសារខ្ញុំបន្តទៀត ឱ្យទៅរស់នៅខាងត្បូងភូមិកំពង់ស្វាយ និង ប្រើឱ្យគ្រួសារខ្ញុំធ្វើពលកម្ម នេសាទត្រី និងស្ទូងដកនៅទីនោះ។

នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ខ្មែរក្រហមបានកេណ្ឌក្រុមបងប្រុសមួយភូមិ រួមទាំងប្តីខ្ញុំដែរ ឱ្យទៅលើកប្រព័ន្ធភ្លឺស្រែ។ រយៈពេល១សប្តាហ៍ ប្តីខ្ញុំបានត្រឡប់មកផ្ទះវិញ។ ដោយសម្រាកនៅផ្ទះបាន១យប់ ខាងសន្តិសុខ ក៏មកចាប់ប្តីខ្ញុំយកទៅមន្ទីរសន្តិសុខទួលម្រេញ ដោយប្រាប់ថាយកទៅលត់ដំរៀនសូត្របន្ថែម ព្រោះមានអ្នករាយការណ៍មកថា ស្វាមីខ្ញុំមានពាក់សក្តិ២ សក្តិ៣។ ប្តីខ្ញុំត្រូវអង្គការប្រើឱ្យធ្វើការងារនៅមន្ទីរសន្តិសុខទួលម្រេញអស់រយៈពេល៣ខែ ប៉ុណ្ណោះក៏យកទៅសម្លាប់។ ក្រោយប្តីខ្ញុំ បានស្លាប់ទៅ ខ្ញុំបានសុំអង្គការមកនៅជាមួយម្តាយខ្ញុំ។ ពេលនោះ ខាងអង្គការបានបង្ខំឱ្យយកជ្រូកទៅចិញ្ចឹម ហើយបើខ្ញុំមិនចិញ្ចឹមទេ អង្គការមិនឱ្យអំបិលខ្ញុំហូបឡើយ។ ប៉ុន្តែទោះបីជា ពុំមានអំបិលហូបក៏ដោយ ក៏ខ្ញុំមិនយល់ព្រមចិញ្ចឹមដាច់ខាត។ បន្ទាប់ពីខ្ញុំ មិនអាចធ្វើកិច្ចការនេះបាន អង្គការបានប្រើឱ្យខ្ញុំធ្វើការងារពលកម្ម បុកស្រូវ រែងស្រូវ កិនស្រូវ និងធ្វើស្រែ ដកស្ទូង ឥតឈប់ឈរ។ ខ្ញុំមិនហ៊ានបដិសេធ នឹងការងារទាំងនេះទេ ព្រោះខ្ញុំខ្លាចអង្គការកាត់របបអាហារ។ ខ្ញុំអាណិតដល់កូនៗ ដែលពុំមានអ្វីហូប ជាពិសេសកូនតូចរបស់ខ្ញុំពុំទាន់ទទួលបានរបបអាហារនៅឡើយទេ។ ខ្ញុំតែងទុកចំណែករបស់ខ្ញុំខ្លះឱ្យទៅកូន។ កាលនោះខ្ញុំមានកូនចំនួន៣នាក់។ កូនទី១ និង ទី២ ត្រូវអង្គការយកទៅដាក់នៅមណ្ឌលកុមារ។ ចំណែកកូនពៅ(មិនទាន់ចេះដើរ) ត្រូវផ្ញើនៅម្តាយខ្ញុំមើលថែ។

នៅឆ្នាំ១៩៧៨ នៅពេលទឹកឡើងខ្លាំង អង្គការបានជម្លៀសគ្រួសារខ្ញុំទាំងអស់ ឱ្យទៅរស់នៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង ឱ្យទៅធ្វើការនៅដាច់ដោយឡែកពីគ្នា។ ទៅដល់ទីនោះ អង្គការបានយកខ្ញុំទៅលត់ដំ ធ្វើពលកម្មកាប់ព្រៃ។ ដោយក្រុមប្រុសៗ ជាអ្នករំលំដើមឈើ ចំណែកឯក្រុមស្រីៗ ជាអ្នក កាប់មែក និងស្លឹកឈើយកមកចិញ្ច្រាំ រួចយកមកដាក់ក្នុងចម្ការពោត និង សណ្តែក។ ក្រុមខ្ញុំ សុទ្ធតែជាស្រីៗទាំងអស់ចំនួន១៥នាក់។ នៅក្នុងក្រុមខ្ញុំ ជួនកាល ក៏មានបាត់មនុស្សដែរ ព្រោះអង្គការបានយកទៅសម្លាប់ទាំងគ្រួសារ។ ជួនកាល ពេលនាំអ្នកទាំងនោះទៅសម្លាប់ ប្រធានភូមិ ឈ្មោះ ហ៊ួន មើលការខុសត្រូវបន្ទាប់ពីប្រធានឃុំ ឱ្យអ្នកទាំងនោះតដៃ វាយប្រតាយប្រតប់ តដៃជាមួយអ្នកសម្លាប់វិញ។ បើតាមខ្ញុំដឹង មានឈ្មោះ ហូ សាន់ ដែលជាជនជាតិចាម បានប្រតាយប្រតប់តបតទៅវិញ ជាមួយអ្នកសម្លាប់នោះរហូតដល់ត្រូវបានសម្លាប់។ នៅពេលត្រឡប់មកវិញ ហួន  កាន់សម្លៀកបំពាក់ ហូ សាន់ ប្រឡាក់សុទ្ធតែឈាម និង និយាយថា «យ៉ឺស! អាកូនចាមនេះសាហាវដែរ»។  ហ៊ួន ជាជនដៃដល់សម្លាប់ មនុស្សដែរ។ ខ្ញុំមិនបានឃើញផ្ទាល់ភ្នែកទេ ប៉ុន្តែខ្ញុំតែងឃើញ ហ៊ួន កាន់អាវប្រឡាក់សុទ្ធតែឈាម ពេលត្រឡប់មកពីក្នុងព្រៃវិញរហូត។ ជួនណា ហ៊ួន យកបេះដូង និង យកសាច់មនុស្ស មកឱ្យចុងភៅឆា ហូបក៏មានដែរ។ ទោះជាយ៉ាងនេះក្តី នៅកន្លែងខ្ញុំនេះ មិនមាននរណាហ៊ានប៉ះបោរប្រឆាំងទេ។ ប៉ុន្តែខ្ញុំឮអ្នកនៅខាងកោះផល មានបំណងចង់ប៉ះបោរ។ ខ្មែរក្រហម ក៏បំបែកអ្នកទាំងនោះ ឱ្យនៅដាច់ឆ្ងាយពីគ្នា។ ក្រោយមកខ្ញុំឮម្តងទៀតថា ប្រជាជនអ៊ីស្លាមនៅក្រៅប្រទេស ចង់យកប្រេង មកដោះដូរ យកប្រជាជនអ៊ីស្លាមចេញពី របប ប៉ុល ពត។ ខ្ញុំត្រេកអរណាស់។ ខ្ញុំខំបន់ស្រន់ ឱ្យតែគេមកជួយទេ។

នៅដើមខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និង សង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[2] ពេលនោះ របបខ្មែរក្រហមបានដួលរលំហើយ។ ខ្ញុំបានចេញពីស្រុកមោងឫស្សី តាមខេត្តកំពង់ឆ្នាំង។ ខ្ញុំដើររែកខោអាវ របស់របរខ្នើយមុង និង រែកកូនៗ២នាក់, ប្អូនខ្ញុំវិញរែកស្បៀង, កូនខ្ញុំម្នាក់ទៀត យួរកំសៀវ, និងម្តាយខ្ញុំដើរទូលអីវ៉ាន់។ ម្តាយខ្ញុំ ឈឺតាមផ្លូវមករហូត។ គាត់ពិបាកចិត្ត បែកពីកូនចៅស្ទើរតែទាំងអស់។ លុះទៅដល់រាជធានីភ្នំពេញ គីឡូលេខ៦ ខ្ញុំបានទៅសុំផ្ទះគេស្នាក់មួយរយៈ ដើម្បីទៅរកបងប្អូន។ ខ្ញុំបានចងអង្រឹងនៅក្រោមផ្ទះគេឱ្យម្តាយខ្ញុំសម្រាក។ ចំណែកខ្ញុំ ដើររកបងប្អូនពីគីឡូលេខ៧ រហូតដល់គីឡូលេខ៩ បានជួបបងប្អូន មានស្រុកកំណើតនៅខេត្តកំពង់ចាម។ បងប្អូនខ្ញុំ ក៏យកម្តាយខ្ញុំទៅមើលថែនៅខេត្តកំពង់ចាម  ហើយគាត់បានស្លាប់នៅទីនោះតែម្តង។ ខ្ញុំសូមបញ្ជាក់ដែរថា ពីឆ្នាំ១៩៧៥ រហូតដល់ ឆ្នាំ១៩៧៩ នេះ ខ្ញុំបាត់បង់សមាជិកគ្រួសារចំនួន៧នាក់។ ដោយប្អូនប្រុសខ្ញុំ១នាក់ គឺជាទាហានជំនាន់សម្តេចព្រះនរោត្តមសីហនុ ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់នៅឆ្នាំ១៩៧៥, ប្អូនប្រុសខ្ញុំ ២នាក់ ត្រូវជម្លៀសទៅខេត្តបាត់ដំបង ត្រូវអង្គការប្រើឱ្យមុជទឹកយកថ្មធ្វើស្ពាន បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ និង ស្លាប់នៅស្រុកមោងឫស្សី, ប្អូនស្រី និងឪពុកម្តាយរបស់ខ្ញុំ បានឈឺ និង ស្លាប់នៅតាមផ្លូវ អំឡុងពេលធ្វើដំណើរមកកាន់ស្រុកកំណើតវិញ។ សរុបមក គ្រួសារខ្ញុំ ដែលជាសាច់ញាតិបង្កើតបានស្លាប់ទាំងអស់ នៅសល់តែខ្ញុំ និង កូនខ្ញុំចំនួន៣នាក់ទេ។ ខ្ញុំបានស្នាក់នៅរាជធានីភ្នំពេញ គីឡូលេខ៨ រង់ចាំបងប្អូនសាច់ញាតិ នៅស្រុកកំណើតអ៊ំទូកមកយកទៅកាន់ស្រុកកំណើតវិញ។

អត្ថបទដោយ ថុន ស្រីពេជ្រ


[1] ឯកសារ D៤១៤៩៧ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«អ៊ើ ខទីយ៉ាស់ ភេទស្រី អាយុ៥៨ឆ្នាំ ក្នុងឆ្នាំ២០០៥រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៥»។ សម្ភាសដោយ ហ៊ិនសុធានី,សា ហ្វាទីលី និង សូ ហ្វារីណា ជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។ ប្រតិចារឹក អ៊ើ ខទីយ៉ាស់ មានចំនួន៤១ ទំព័រ។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin