អង្គការជាទី១

សមមិត្ត សុន សេន (រូបកណ្តាល) និងទីប្រឹក្សាចិន (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៧ អង្គការរៀបការ ឲ្យ ប៊ុនថេង ជាមួយឈ្មោះ ចាន់ អឿន។ មុនថ្ងៃរៀបការមួយថ្ងៃ អង្គការ បានផ្ដល់ដំណឹងឲ្យ ប៊ុនថេង ត្រៀមខ្លួន។ ពេលនោះ ប៊ុនថេង បានប្រាប់អង្គការថាចាំសួរឪពុកម្ដាយសិនប៉ុន្តែអង្គការ​បានតបថា ឪពុកម្ដាយជាទី២ អង្គការជាទី១។ ខាងក្រោមនេះជាសេចក្ដីសង្ខេបរបស់ប៊ុនថេង៖

អ៊ុន ប៊ុនថេង[1]  ភេទប្រុស  អាយុ៧១ឆ្នាំ មានស្រុកកំណើតភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រពន្ធខ្ញុំឈ្មោះចាន់ អឿន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិដើមពោធិ៍ ឃុំក្ដឿងរាយ ស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខ្ញុំមានកូនស្រី៤នាក់(ស្លាប់ ម្នាក់)។ ឪពុកខ្ញុំឈ្មោះ អ៊ុន សៀងអ៊ូ(ស្លាប់) និងម្ដាយឈ្មោះ ឆេង អៀង(ស្លាប់)។ ខ្ញុំជាកូនទី១ នៅក្នុងគ្រួសារដែល មានកូន៥នាក់។

កាលពីកុមារខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៧(សម័យសង្គម)។ ខ្ញុំរៀននៅសាលាបឋមសិក្សាមេមត់បានបីខែ។ ឪពុកម្ដាយខ្ញុំបញ្ចូនឲ្យទៅរៀននៅជីហែ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ខ្ញុំនៅជីហែយាយចុងវាយធ្វើបាបពេក។ ម្ដាយខ្ញុំក៏យកត្រឡប់មករៀននៅសាលាមេមត់វិញ។ ពេលមានរដ្ឋប្រហារខ្ញុំឈប់រៀន។ ខ្ញុំជួយធ្វើចម្ការ ឪពុកម្ដាយ។ ពេលវៀតកុងចាប់ផ្ដើមចូលមករស់នៅតាមព្រៃក្បែរភូមិ។ ចំណែកទាហានអាមេរិកចូលមកធ្វើបន្ទាយនៅតាមចម្ការ ប្រជាជន។  អាមេរិកបានទម្លាក់គ្រាប់បែកបេណាំហាយ មួយគ្រាប់នៅភូមិឆ្ងរ ឃុំមេមត់ ធ្វើឲ្យប្រជាជនស្លាប់យ៉ាងច្រើន​។ ពេលនោះខ្ញុំកំពុងដឹកនាំក្រុមវេជម្រះចម្ការមានសមាជិកប្រហែល១០នាក់ ។

នៅឆ្នាំ១៩៧២ខ្ញុំបានចូលធ្វើទ័ពស្ម័គ្រចិត្តជាមួយនឹងយុវជន៦នាក់ផ្សេងទៀត ក្នុងស្រុកមេមត់។ យុវជននៅ ភូមិសង្គមមានជ័យនៅជាមួយខ្ញុំមានឈ្មោះ លាងសែ និងឈ្មោះ សម្រិត។ យុវជននៅភូមិដារ ឈ្មោះចាន់ និងយុវជន ផ្សេងទៀត។ ប៉ុន្តែយុវជនទាំង៦នាក់នោះបានស្លាប់អស់ហើយ។ ដំបូងខ្ញុំត្រូវបញ្ជូនទៅហ្វឹកហាត់នៅស្រុកអូរាំងឪ ខេត្តកំពង់ចាម។ ខ្ញុំហ្វឹកហាត់រយៈពេល៣ខែ។ ពេលខ្ញុំចេញពីហ្វឹកហាត់ ខ្ញុំបានចូលកងស៊ើបការណ៍ក្នុងកងពល លេខ៤។ ខ្ញុំនៅក្នុងកងស៊ើបការណ៍”ឃ៣០”មានទ័ពប្រហែលជា១០០នាក់និងមានប្រធានឈ្មោះសារិន(ស្លាប់)។ ប្រធានគឈ្មោះធឹម។ ខ្ញុំបានទៅប្រចាំការនៅជាយៗខេត្តព្រៃវែង។ ខ្ញុំចូលទៅវាយនៅខាងបឹងទី សែ្រតូច ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង។ ខ្ញុំបានត្រូវរបួសខ្នងដោយសារខ្ទាតអំបែងគ្រាប់ ។ ពេលត្រូវរបួសត្រូវសែងពីសមភូមិ មក។ នៅតាមផ្លូវមានគ្រាប់ផ្លោងដេញតាមរហូត។ ពេលដែលឮគ្រាប់ផ្លោងមកអ្នកសែងរបួសទម្លាក់ខ្ញុំចោលរួចរត់ទៅ ពួនដល់ពេលស្ងាត់គ្រាប់រត់មកសែងទៅតទៀត។ ខ្ញុំហូរឈាមចង់អស់ពីខ្លួនព្រោះមួយអាទិត្យបានមកដល់ពេទ្យ។ ខ្ញុំត្រូវបញ្ជូនមកមន្ទីរពេទ្យព-២នៅស្រែសៀម ខេត្តកំពង់ចាម។ ខ្ញុំបានឮពេទ្យពិភាក្សាគ្នាអំពីរបួសរបស់ខ្ញុំជាចុងក្រោយ ពេទ្យមិនហ៊ានវះទេ ព្រោះរបួសមួយអាទិត្យទៅហើយខ្លាចស្លាប់។ ខ្ញុំមកដល់ពេទ្យដាក់សារ៉ូម និងចាក់ថ្នាំទៅបានធូរខ្លះ។ ខ្ញុំដេកពេទ្យរយៈពេលបីខែធ្វើឲ្យដៃលើកមិនរួច។  ខ្ញុំស្ដាប់តាមលោកតា និងលោកយាយនៅជិតៗនោះប្រាប់ឲ្យបូត ទឹកសន្សើមពីស្លឹកគ្រៃមករឹតជារៀងរាល់ព្រឹកទើបអាចលើកដៃបានវិញ។

ពេលចេញពីពេទ្យមក ខ្ញុំបានចូលកងបាញ់អាមេរីន នៅខេត្តកំពង់ចាម។ កងបាញ់អាមេរីនជាទាហានចាំស្ទាក់ បាញ់អាមេរីនដែលចេញពីភ្នំពេញមកកំពង់ចាម។ ខ្ញុំស្ទាក់បាញ់នៅម្ដុំជីហែ។ កងបាញ់អាមេរីនចំណុះឲ្យកងពលលេខ៤ ដែលមានបងហេងសំរិនជាប្រធាន។ ខ្ញុំនៅបាញ់អាមេរីនទាល់តែខ្មែរក្រហមចូលមក។

នៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ខ្ញុំមកឈរជើងនៅភូមិកណ្ដាច់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅប្រចាំការ”១ឃ”។ ប្រធានគឈ្មោះបងធឹម។ ខ្ញុំនៅធ្វើក្បឿងក្បាច់ ក្បឿងលាតនិងចុះជួយប្រជាជន។ នៅពេល អង្គការជម្លៀសប្រជាជន១៧មេសាមក ខ្ញុំឮប្រជាជននាំគ្នានិយាយថា ឪអាយ៉េដែលជាទាហានអាមេរិកាំងស្បែកខ្មៅ មិនទាន់ទៅណាទេ ហើយអង្គការជម្លៀសឪអាយ៉េ និងប្រជាជនក្នុងភូមិសង្គមមានជ័យទាំងអស់ទៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម។ អង្គការឲ្យឪអាយ៉េនៅរកអូសឲ្យចុងភៅនៅកន្លែងចង្រ្គាន។ នៅចន្លោះភូមិសង្គមមានជ័យ ទៅពាក់កណ្ដាលចម្ការម្រេចមានទីតាំងមួយហៅថាពោធិ៍ចិនតុង។ ពោធិ៍ចិនតុងជាកន្លែងឃុំឃាំងដូចមន្ទីរសន្តិសុខ។ ខ្ញុំឮប្រជាជនថាមានជនជាតិអាមេរិកាំងស្បែកខ្មៅម្នាក់ឈ្មោះឪអាយ៉េ។

នៅឆ្នាំ១៩៧៧ អង្គការចាប់គូឲ្យខ្ញុំជាមួយទ័ពនារីឈ្មោះចាន់ អឿន។ មុនថ្ងៃរៀបការមួយថ្ងៃអង្គការបានមក ប្រាប់ខ្ញុំដើម្បីឲ្យត្រៀមខ្លួនរៀបការ។ ពេលនោះខ្ញុំនិយាយថាចាំសួរឪពុកម្ដាយសិន។ ឪពុកម្ដាយខ្ញុំនៅស្រុកមេមត់ ខេត្តកំពង់ចាម។ អង្គការតបថាឪពុកម្ដាយទី២ អង្គការជាទី១។ បើអង្គការឲ្យរៀបការត្រូវរៀបការមិនបាច់សួរម៉ែឪទេ ព្រោះឪពុកម្ដាយនៅក្រោមអង្គការ។ ខ្ញុំឃើញអង្គការរៀបចំរោងមួយយ៉ាងធំ មានរៀបចំកៅអីសម្រាប់អង្គុយ និងមាន រោងមួយដែលមានបន្ទប់ចំនួន២២។ ព្រឹកឡើងខ្ញុំបានដើរទៅរោងដែលអង្គការបានរៀបចំសម្រាប់ពីធីជ្រើសរើសគូ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចឡើងញ័រជើងដៃ។ ពេលអង្គការហៅឈ្មោះឲ្យមកអង្គុយជិតគ្នា ខ្ញុំជាមួយប្រពន្ធមើលមុខគ្នា ព្រោះមិនដែលស្គាល់គ្នាសោះ។ ខ្ញុំមិនទាន់ចេះស្រលាញ់ផង។ អង្គការឲ្យប្រធានឡើងនិយាយប្ដេជ្ញា ដើម្បីជំនួសឲ្យទាំង អស់គ្នា។ នៅពេលចប់កម្មវិធីខ្ញុំជាមួយប្រពន្ធទៅហូបបាយ។ លុះយប់ឡើងអង្គការរៀបចំចងមុងនៅតាមបន្ទប់ទាំង ២២។ អង្គការឲ្យចូលទៅតាមបន្ទប់នីមួយៗ។ យប់នោះខ្ញុំរត់ចោលប្រពន្ធទៅដេកជាមួយគ្នាឯង។ ពេលព្រឹកឡើង ប្រពន្ធខ្ញុំទៅរាយការណ៍ប្រាប់អង្គការ។ អង្គការបានចាប់ខ្ញុំដាក់គុកនិងបង្អត់បាយមួយអាទិត្យ។ ចំណែក២១គូទៀត ប្រលឹមឡើងមានគូខ្លះដាច់មុខគូខ្លះចេញឈាមពេញខ្លួនព្រោះមិនត្រូវគ្នា។ អង្គការយកទៅវាយចោលអស់។ មួយ អាទិត្យក្រោយមកខ្ញុំក៏ចុះសម្រុងជាមួយប្រពន្ធ។ ខ្ញុំរៀបការក្នុងនៅភូមិកណ្ដាច់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

នៅពាក់កណ្ដាលឆ្នាំ១៩៧៨ ខ្ញុំជាមួយប្រពន្ធបានរត់មកនៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម។ ខ្ញុំធ្វើដំណើរចេញពីភូមិកណ្ដាច់មក៧គូ។ អំឡុងពេលធ្វើដំណើរតាមផ្លូវ៦គូទៀត ត្រូវអង្គការចាប់យកទៅសម្លាប់ចោល ដោយសារមានឯកសណ្ឋានកងទ័ព។ ខ្ញុំជាមួយប្រពន្ធបានដោះឯកសណ្ឋានកងទ័ពចេញ ហើយស្លៀកពាក់សម្លៀកបំពាក់ធម្មតា និងបង់ករក្រមា។  ខ្ញុំជាមួយប្រពន្ធធ្វើដំណើរមកដល់ផ្ទះដោយសុវត្ថិភាព។ លុះមកដល់ផ្ទះម្ដាយខ្ញុំមិន ពេញចិត្តប្រពន្ធទៀត។

នៅបាន១០ថ្ងៃអង្គការជម្លៀសឪអាយ៉េទៅចម្ការថ្មីនៅជិតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម។ ដែលជាតំបន់សម្លាប់។ ពេលនោះខ្ញុំប្រាប់ឪពុកខ្ញុំថាពុករត់ទៅអង្គការយកទៅសម្លាប់ហើយ ឪពុកខ្ញុំយកក្រមាមួយនិង ខោខ្លីមួយដើរទៅបាត់។ នៅវេលាម៉ោង៩:០០នាទីយប់ ខ្ញុំបានឃើញឪពុកខ្ញុំត្រឡប់មកវិញ។ ឪពុកខ្ញុំយំរួចនិយាយថា អញមិនចិត្តដាច់ពីកូនទេ។ លុះព្រឹកឡើងភ្លឺល្អះៗ ពួកមជ្ឈិមមកព័ទ្ធផ្ទះចាប់ឪពុកខ្ញុំប្រាប់ថាយកទៅរៀន។ ឪពុកខ្ញុំធ្វើ ប្រធានផ្ទះបាយនៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់។ ខ្ញុំបានដំណឹងថាអង្គការចាប់ឪពុកខ្ញុំយកទៅសម្លាប់ត្រពាំងសង្កែ។ ពេលអង្គការយកឪពុកខ្ញុំទៅបានមួយអាទិត្យ អង្គការចាប់ផ្ដើមជម្លៀសប្រជាជនចេញពីភូមិទួលថ្ម។ ម្ដាយខ្ញុំបាន និយាយថាមិនទៅតាមអង្គការទេ ហើយបានប្រាប់ខ្ញុំទៀតថាម៉ែទៅរកឪពុកកូន។ម្ដាយខ្ញុំដែលមានផ្ទៃពោះប្រាំបីខែ បាន ដើរកាន់ដៃប្អូនស្រីខ្ញុំទាំងពីរ។ ពេលនោះអង្គការបានយកកាំភ្លើងភ្ជង់ប្រធានកងតូច៧នាក់ ហើយបំផ្ទុះអាបេ៦៩ហៅ អាត្រយូងចេកមួយគ្រាប់។ អង្គការជម្លៀសខ្ញុំ​ទៅបានប្រហែលជា១០០ម៉ែត្រ មានប្រជាជនរត់មកប្រាប់ខ្ញុំថា ម្ដាយខ្ញុំត្រូវ អង្គការសម្លាប់ដោយឈូសកប់ក្នុងរណ្ដៅបេក្នុងភូមិលោ។ ខ្ញុំបានទុកប្អូនប្រុសពីរនាក់ឲ្យនៅជាមួយប្រពន្ធ។ ខ្ញុំបានរត់ មកមើលម្ដាយនិងប្អូនស្រីទាំងពីរ។ នៅតាមផ្លូវខ្ញុំត្រូវតាបុតហាមឃាត់មិនឲ្យមកខ្លាចអង្គការសម្លាប់ព្រោះមានប្រជាជន រាយការណ៍ថាខ្ញុំធ្លាប់ធ្វើជាទាហាន។ បើខ្ញុំស្លាប់បាននរណាមើលថែគ្រប់គ្រងប្អូន។ តាបុតចាប់ខ្ញុំញាត់ក្នុងរទេះគោឲ្យដេកជាមួយអ៊ីវ៉ាន់។ ខ្ញុំដេកលើរទេះប្រហែលជា២គីឡូម៉ែត្របានអង្គការឈប់តាម។ លុះបានមួយអាទិត្យខ្ញុំទៅមើល រណ្ដៅអាបេនោះឃើញចាប់ផ្ដើមប្រេះ។ ខ្ញុំឃ្លុំក្រមាមកកាយដីរកមើលសពម្ដាយ ប៉ុន្តែសពចាប់ផ្ដើមហើម។ តាមខ្ញុំស្មាន ក្នុងរណ្ដៅនោះមានសាកសពប្រហែលជា១០០នាក់។

ក្រោយមកខ្ញុំបានឮប្រជាជននិយាយថាអង្គការយកឪអាយ៉េទៅវាយចោលនៅភូមិលោ។ ជនជាតិអាមេរិកាំង ស្បែកខ្មៅនោះមិនព្រមទៅណាទេ នៅតែជាមួយខ្មែរ។ ជនជាតិអាមេរិកាំងស្បែកខ្មៅនោះមានមាឌធំ ខ្ពស់ និងមាន សម្បុរខ្មៅប្រជាជនច្រើនហៅថាឪអាយ៉េ។ បានជាខ្ញុំដឹងថាអង្គការយកទៅវាយចោលនៅភូមិលោជាតំបន់នោះពោរ ពេញទៅដោយការសម្លាប់។

ពេលខ្ញុំទៅដល់កំពង់បឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង អង្គការបានចែកផ្ទះសម្បែងឲ្យនៅ។ ខ្ញុំនៅជាមួយសហករណ៍ធ្វើស្រែចម្ការជាមួយប្រជាជន។ ការហូបចុកអង្គការចែកតាមរបប។ ខ្ញុំបានមួយឆ្នាំជាងទើបត្រឡប់មកផ្ទះ នៅសង្គមមានជ័យចាស់វិញ។

ពេលត្រឡប់មកផ្ទះវិញខ្ញុំបានដើរទៅរកស្រូវនៅស្រុកអូរាំងឪ ខេត្តកំពង់ចាម។ ពេលលត្រឡប់មកវិញប្អូនប្រុស ខ្ញុំម្នាក់ត្រូវផ្ទុះគ្រាប់ស្លាប់នៅវាលស្រែភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់។ ពូមីងខ្ញុំហាមឃាត់មិនឲ្យជួបមុខប្អូនទេ។ ឪពុកមារខ្ញុំ បានបញ្ជូនប្អូនប្រុសខ្ញុំទៅព្យបាលនៅមន្ទីរពេទ្យសួង។ ប្អូនប្រុសខ្ញុំក៏បានស្លាប់នៅសួង។

ខ្ញុំមកនៅភូមិសង្គមមានជ័យបានមួយឆ្នាំប្រជាជនបានបោះឆ្នោតចាត់តាំងខ្ញុំឲ្យធ្វើជាប្រធានភូមិ។ កាលនោះខ្ញុំ អាយុប្រហែលជា២៨ឆ្នាំ។ ខ្ញុំមានកូនមួយ។ ខ្ញុំធ្វើប្រធានភូមិបាន២ឆ្នាំ។ ខ្ញុំឃើញសភាពការណ៍មិនល្អក៏ឈប់ធ្វើ ហើយ រត់ទៅនៅជាមួយម្ដាយមីងនៅផ្សារមេមត់។ ខ្ញុំបើកកន្លែងលក់របស់ក្មេងលេងបាន១ឆ្នាំ៦ខែក៏ឈប់លក់។ ខ្ញុំបានទៅធ្វើបុគ្គលិកក្រុមហ៊ុនប្រេងបានរយៈពេល១ឆ្នាំ។ ខ្ញុំនៅបែកគ្នាជាមួយប្រពន្ធរហូតដល់៩ឆ្នាំបានខ្ញុំវិលត្រឡប់ទៅរកប្រពន្ធវិញ។

អត្ថបទដោយ វី ស៊ីថា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា ,អ៊ុន ប៊ុនថេង , បទសម្ភាសន៍ដោយ: ឡុង ដានី, ២១ ខែមេសា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin