ទុយ ថា៖ ប្រធានវរសេនាធំ តំបន់១៣ កងពល២១០

ខ្ញុំឈ្មោះ ទុយ ថា[1] ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានស្រុកកំណើតនៅភូមិស្រែខ្ជាយ ឃុំអង្គកែវថ្មី ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នប្រកបមុខរបរធ្វើស្រែ។ ខ្ញុំមានឪពុកឈ្មោះ ម៉ូញ យ៉ង និងម្ដាយ ខ្យង ហិន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ស្រីចំនួន៣នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ សយ ជិន មានកូនស្រីចំនួន៣នាក់។ ខ្ញុំបានចូលរៀននៅសាលាវត្តអង្គកែវ។ លុះពេលខ្ញុំមានអាយុ១៤ឆ្នាំ រៀន ថ្នាក់ទី៩ នៅវត្តជ្រៃក្បាលធំ។ រយៈពេលប៉ុន្មានខែក្រោយមក ក៏ចូលដល់ថ្ងៃធ្វើរដ្ឋប្រហារខ្ញុំក៏ឈប់រៀន។
នៅឆ្នាំ១៩៧០ ដល់១៩៧៥ ខ្ញុំក៏ចូលបម្រើកងទ័ពខ្មែរក្រហម។ ដំបូងឡើយខ្មែរក្រហម បានចាត់តាំងឲ្យខ្ញុំប្រមូលកម្លាំង យុវជន នារី ឲ្យបានច្រើន បញ្ជូនទៅដាក់ខាងលិចភ្នំដំរីរមៀល។ នៅទីនោះ រយៈពេលកន្លះខែ ខ្មែរក្រហម ក៏បញ្ចូនខ្ញុំ និងឈ្មោះ ចន សឿន ត្រូវជាបងប្អូនជីដូនមួយរបស់ខ្ញុំ ឲ្យទៅធ្វើកងទ័ព។ ចាប់ផ្ដើមដំបូង វាយចេញពីទួលព្រៃសណ្ដែក និងល្វេ ជាមួយទាហានធៀវគី និងកងទ័ព លន់ នល់ នៅស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំ និង ចន សឿន បានសម្រាកនៅខាងលិចបារាយណ៍។ ខ្ញុំក៏រៀនបណ្ដើរ និងធ្វើកងទ័ពបណ្ដើរ។ ពេលនោះ ក៏មានកងទ័ពចូលមកជាហូរហែកាត់តាមផ្លូវអង្គកែវ រហូតទៅដល់ភ្នំដំរីរមៀល។ ខ្មែរក្រហម មើលឃើញថា ខ្ញុំធ្វើការបានល្អ ក៏តំឡើងតំណែង ជាមេបញ្ជាការ គ។ ជាពិសេស ប្រគល់ទាហានចំនួន១០០នាក់ ឲ្យខ្ញុំជាអ្នកដឹកនាំទៀត។ ខ្ញុំបានដឹកនាំទាហានទៅវាយនៅតាមផ្លូវជាតិលេខ៣ ចាប់ពីអង្គតាសោម ស្លាគូ រហូតដល់ថ្នល់បត់។ បន្ទាប់មក ខ្ញុំបានវាយចូលទៅដល់ភ្នំដិន។ ក្នុងនោះ កងទ័ពទី១ គឺជាកងទ័ពដែលវាយក្នុងខេត្តទាំងមូល។ បើតាមខ្ញុំដឹងឈ្មោះ សារី ជាអ្នកប្រមូលផ្ដុំកងទ័ពទាំងអស់។ បើ ខ្ញុំ និង ចនសឿន នៅកាន់ជាប់ជាមួយកងទ័ពខេត្តរហូត។ មួយរយៈ ក្រោយ ចន សឿន បានរត់ចូលក្នុងព្រៃ ព្រោះខ្លួនមិនចង់ធ្វើការឲ្យខ្មែរក្រហមទៀត ហើយក៏បាត់ខ្លួនរហូត។ មួយរយៈពេលកន្លងទៅ ខ្ញុំបានទទួលដំណឹងថា ចនសឿន បានស្លាប់នៅពេលមានសង្រ្គាមនៅកោះអណ្ដែត តាកែវ បាត់ទៅហើយ។ កងទ័ពកាលនោះ ត្រូវបែងចែកមួយក្រុមចំនួន១២នាក់។ នៅកងអនុសេនាតូច មានកងទ័ពចំនួន៣០នាក់ទៅដល់៤០នាក់។ កាលនោះ ខ្មែរក្រហម បានតាំង អក្សរ ក ដល់ឃ ស្ថិតក្នុងវរសេនាតូច អក្សរ ង ចាត់ចូលក្នុងវរសេនាធំ។ នៅក្នុងវរសេនាធំ កងទ័ពមានចំនួនច្រើន ចាប់ពី៣០០០នាក់ ទៅដល់៤០០០នាក់។ ប្រធានកងពលមុនគេបង្អស់ នៅភូមិភាគនិរតីមានចំនួន២នាក់ឈ្មោះ សំ ប៊ិត និងតារ៉ែម។ បន្ទាប់ពី អ្នកពីរបានបាត់ខ្លួនទៅ ភូមិភាគនិរតីនេះ គ្រប់គ្រងដោយ តាម៉ុក វិញ។ ក្រោយមក កម្មាភិបាលខ្មែរក្រហម ក៏បញ្ជូនខ្ញុំឲ្យទៅវាយនៅតាមសមរភូមិវិញ រួមមានអង្គតាសោម បារាយណ៍ និងនៅជុំវិញខេត្តតាកែវទាំងមូល។ មួយរយៈពេលក្រោយមកកងទ័ពភូមិភាគ បានវាយចូលទៅដល់ខេត្តកំពង់ស្ពឺ និងខេត្តកំពត រហូតដល់ស្រុកមួយចំនួនក្នុងខេត្តកណ្ដាលស្ថិតនៅភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយតាម៉ុក។[2]កាលនោះខ្ញុំស្ថិតនៅក្នុងកងពលទី២ ប៉ុន្តែបែងចែកភូមិភាគចំនួន៣កងពល។ អ្នកដែលគ្រប់គ្រងបន្ទាប់ពីខ្ញុំ និងសឿន មាន មានឈ្មោះ សុច និងសារី។ ប៉ុន្តែអ្នកទាំងពីរបានស្លាប់ដោយសារឈ្មោះ បេ ជាអ្នកសម្លាប់។
នៅឆ្នាំ១៩៧៦ ខ្ញុំមិនបានទៅវាយជាមួយវៀតណាមទៀតទេ គឺគ្រាន់តែនៅចាំការពារ ព្រោះ ចំពេលខ្មែរក្រហម ផ្លាស់ប្ដូរទីតាំងកងទ័ពជាច្រើនទីតាំងដូចជា នៅកំពង់ក្រសាំង, ពោធិ៍សង្កែ, កំណប់, យុថ្កា, ដើមត្រសេក, ថ្ម៣ដុំ, កាហាង និងនៅទន្លេបាសាក់ ជាដើម។ សកម្មភាពការងារខាងលើ កម្មាភិបាលខ្មែរក្រហម ពុំបានសរសេរជាលាយលក្ខណ៌អក្សរ ឬចេញលិខិតអ្វីទេ គ្រាន់តែមើលលើបញ្ហាមួយចំនួន និងបង្ហាញតាមរយៈតេអូប៉ុណ្ណោះ។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហម ក៏ណែនាំខ្ញុំ ឲ្យត្រៀមកម្លាំងជំនួយ ដើម្បីវាយបកជាមួយអាមេរិកាំង។
នៅឆ្នាំ១៩៧៧ ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ បានទៅជួបគ្នា នៅព្រៃតាម៉ៅ និងភ្នំដិន។ ខ្ញុំក៏បានការរៀបការនៅទីនោះ ក្រោមការផ្សំផ្គុំពីឪពុកម្ដាយទាំងសងខាង និងបានរៀបចំកម្មវិធីដោយ ឈ្មោះ ឈាង មានតួនាទីវរសេនាធំ។ ការរៀបការពេលនោះ មានចំនួន៦គូ សុទ្ធសឹងតែអនុសេនាតូច និងអនុសេនាធំ។ ការរៀបការពុំបានរៀបចំធំដុំអ្វីទេ គ្រាន់តែអង្គុយទន្ទឹមគ្នា (ផ្សំផ្គុំ) ប្រកាសដល់សមាជិកក្នុងក្រុមទាំងអស់ ឲ្យបានដឹងឮ និងទទួលស្គាល់ថា ជាប្ដីប្រពន្ធនឹងគ្នាពិតប្រាកដមែន។ បន្ទាប់ពីកម្មវិធីចប់រួចរាល់ ខ្ញុំនិងប្រពន្ធ រួមទាំងសមាជិកផ្សេងទៀត បានបំបែកគ្នាទៅធ្វើការតាមកន្លែងរៀងៗខ្លួនវិញ។ លុះពេលរៀបការរួច ខ្ញុំមិនបានរស់នៅជួបជុំជាមួយប្រពន្ធឡើយ។ បន្ទាប់ពីរៀបការ បានរយៈ៣ខែ ខ្ញុំបានទទួលតំណែងជា បញ្ជាវរសេនាធំ១៣ កងពល២១០។ ខ្មែរក្រហម ក៏បានរៀបចំការប្រជុំមួយនៅតាមសមរភូមិ ធ្វើឡើងរយៈពេលខ្លី។ បន្ទាប់ពីប្រជុំចប់ ខ្ញុំបានរៀបចំកម្លាំងសម្រាប់ត្រៀមវាយ និងរៀបចំកម្លាំងអន្តរាគមន៍ថ្មីៗ។ កាលនោះខ្ញុំបានទៅវាយនៅទេពប្រណប ភ្នំរន្ទះ និងអង្គប្រាសាទ នៅស្រុកគិរីវង់ ខេត្តតាកែវ។ ប្រធានខ្ញុំកាលនោះ ជាស្នងការ និងជាអ្នកចែងការងារទាំងអស់។ នៅពេលបម្រើកងទ័ព ខ្ញុំបានត្រូវរបួសចំនួន៤ទៅ៥ដងដែរ ត្រូវចំមាត់ និងត្រូវចំជើងជាដើម។ សំណាងល្អ មិនបង្ក គ្រោះថ្នាក់ដល់អាយុជីវិត។
នៅអំឡុង ឆ្នាំ១៩៧៩ ខ្ញុំចាប់ទាហានវៀតណាមបានចំនួន២នាក់ ក៏បញ្ជូនទៅភូមិភាគនិរតី។ តាមបញ្ជាថ្នាក់លើនៅពេលចាប់បាន ដាច់ខានមិនត្រូវសម្លាប់ គឺទុកធ្វើជាឈ្លើយសឹក។ លុះពេលបន្ទាប់ ខ្ញុំក៏ទៅវាយ នៅផ្លូវជាតិលេខ៤ រហូតដល់ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។ ក្រោយមក ខ្ញុំនិងមិត្តភក្ដិចំនួន៣នាក់ក៏រត់ត្រឡប់មកផ្ទះវិញ ដើរកាត់តាមភ្នំដំរីរមៀល។ ខ្ញុំមកដល់ស្រុកកំណើត និងជួបជាមួយប្រពន្ធវិញ។
ក្រោយឆ្នាំ១៩៧៩ ខ្ញុំត្រូវបានគណៈស្រុកឈ្មោះ សុខ សារុន នាំទៅសួរចម្លើយ និងចាប់ឃុំឃាំងខ្លួនអស់រយៈ៧ខែ នៅសាលាស្រុកទ្រាំង ខេត្តតាកែវ។ មូលហេតុនៃចាប់ខ្លួននេះ ព្រោះខ្ញុំធ្លាប់ធ្វើទាហានខ្មែរក្រហម។ ខ្ញុំគ្រាន់តែជាប់ឃុំខ្លួន ពុំមានដាក់ខ្នោះដៃជើងទេ ប៉ុន្តែស្ថិតក្រោមការតាមដាន ពីនគរបាលឈ្មោះ នេត សេង។ ការសួរចម្លើយនេះគណៈស្រុក ឲ្យខ្ញុំឆ្លើយពីការរស់នៅ ឋានៈ ឬតួនាទីការងារក្នុងរបបខ្មែរក្រហម។ ខ្ញុំបានបញ្ចាក់ពីប្រវត្តិផ្ទាល់ខ្លួន កាលពីមុនមក ខ្ញុំជាកូនចៅរបស់គេដែរ។ បន្ទាប់មក ប្រធានស្រុក ក៏បន្តសួរទៀតថា មេឈ្មោះអ្វី កាច ឬស្លូត។ ខ្ញុំឆ្លើយតាមដំណើររឿងដែលខ្ញុំបានដឹង ទើបគណៈស្រុកឈប់សួរទៀត។ បន្ទាប់ពីសួរចប់ ពេលនោះគណៈស្រុក ក៏មានបំណងឲ្យខ្ញុំចូលបម្រើក្នុងជួរកងទ័ព។ ប៉ុន្តែខ្ញុំក៏បានបដិសេដមិនធ្វើវិញឡើយ៕
អត្ថបទដោយ ជីម សុខគា
[1] ឯកសារ TKIO755, តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសជាមួយ ទុយ ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ, ចំណងជើងអត្ថបទ« ទុយ ថា៖ ប្រធានវរសេនាធំ តំបន់១៣ កងពល២១០» ។ សម្ភាសន៍ ដោយ ស សេងគា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០។ ចំនួន៣៧ទំព័រ។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។