ឆៃ គ្រី រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

រូបថតឆ្នាំ១៩៧៨ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ធាវ ឆៃគ្រី[1] អាយុ ៧១ឆ្នាំ  មានទីកន្លែងកំណើតនៅ ភូមិដំបងដែក  ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទិត ណៃហុង និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ រិទ្ធ ធាវ និងម្ដាយឈ្មោះ តាំង ឡាំង ហើយមានបងប្អូនចំនួន៦នាក់ ខ្ញុំជាកូនទី៣ក្នុងគ្រួសារ។ នៅពីក្មេងខ្ញុំបានរៀនសូត្រតិចតួចពីសង្គមចាស់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិ។

នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវណែនាំឲ្យចូលបដិវត្តន៍ដែលមានអ្នកឃោសនា និងរៀបចំឲ្យខ្ញុំចូលធ្វើកងឈ្លប ហើយក្រោយមកទៀតចូលកងទ័ពក្នុងព្រៃដើម្បីតស៊ូ។​ នៅពេលនោះមានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលទាហានលន់ នល់ និងសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែកនេះមិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។​ ការទម្លាក់គ្រាប់បែកនេះបានធ្វើឲ្យអ្នកភូមិបន្តចូលរួមស្ម័គ្រចិត្តចូលបដិវត្តកាន់តែច្រើនឡើង ហើយមិត្តនារីៗក៏ស្ម័គ្រចិត្តចូលផងដែរ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យរែកដីនៅក្នុងភូមិឃុំ។ នៅក្នុងសម័យខ្មែរក្រហមខ្ញុំមានអាយុ២២ឆ្នាំ ខ្មែរក្រហមបានឲ្យខ្ញុំទៅជីកប្រឡាយ លើកទំនប់ជ្រោយចេក​។ នៅពេលយប់វាយកណ្ដុរក្នុងស្រូវ ខ្ញុំត្រូវក្រោកពីម៉ោង៦ចេញទៅធ្វើការដល់ម៉ោង១១ និងធ្វើការបន្តនៅម៉ោង១ ដល់ម៉ោង៥ បានឈប់សម្រាក។ នៅកន្លែងលើកទំនប់ប្រើកម្លាំងមនុស្សច្រើនទំនប់មានកម្ពស់ជិត១០ម៉ែត្រ ខ្ញុំធ្វើការនៅកន្លែងនឹងយូរខែតែមិនចាំរយៈពេល។ ក្នុងអំឡុងពេលធ្វើការងារបើធ្វើការមិនគ្រប់ផែនការត្រូវខ្មែរក្រហមស្ដីបន្ទោស។

ក្រោយមកខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវនៅវិហារធំ មានប្រជាជនជាច្រើនដែលខ្មែរក្រហមបានឲ្យទៅច្រូតស្រូវរួមគ្នា។ ពេលធ្វើការងារចប់យប់ឡើងខ្មែរក្រហមបានឲ្យទៅដេកនៅក្នុងរោងការដ្ឋានរួមគ្នាមានស្រីមានប្រុស ដោយប្រុសៗដេកមួយចំហៀង និងស្រីៗដេកមួយចំហៀងដេកទល់ក្បាលគ្នា។ ចំពោះការស្លៀកពាក់មានតែសម្លៀកបំពាក់មួយឈុតសម្រាប់ពាក់ធ្វើការរាល់ថ្ងៃគឺឈុតខ្មៅ។  ពេលព្រឹក​ឡើងទៅធ្វើការងារដល់ម៉ោងហូបបាយត្រូវហូបបាយត្រូវជុំគ្នាដោយមានសំឡេងជួងជាសញ្ញាពេលឮសំឡេង​ជួងប្រជាជនដែលធ្វើការត្រូវឈប់សម្រាកមកហូបបបរត្រូវមានកាន់ចានមកជាមួយម្នាក់មួយៗសម្រាប់ដាក់បបរហូបរៀងៗខ្លួន សម្រាប់បបរមានតែអង្ករប៉ុន្មានគ្រាប់លាយជាមួយទឹក ប្រៀបដូចជាបបររាវ​។

ក្រោយពេលធ្វើការងារលើកដីរួចស្រីៗខ្មែរក្រហមបានឲ្យលើកអាចម៌គោយកមកធ្វើជីយកទៅបាចស្រូវមួយហិកតាឬពីរហិកតា ស្ទូងស្រូវ ច្រូតស្រូវ លើកភ្លឺស្រែទប់ទឹក ចំណែកប្រុសៗធ្វើការធ្ងន់ៗ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវអង្គការឲ្យរៀបការជាមួយប្តី-ប្រពន្ធចំនួន ៣០គូ។ ខ្ញុំមិនដែលឃើញខ្មែរក្រហមយកមនុស្សទៅសម្លាប់ប៉ុន្តែខ្ញុំនៅពីរថ្ងៃទៀតខ្មែរក្រហមត្រូវយកទៅសម្លាប់នៅអង្គួញដី ខ្ញុំមានសំណាងដោយសារប្រទេសជាតិត្រូវបានរំដោះ។

យើងទាំង ២នាក់រួចផុតពីទុក្ខវេទនា និងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។[2] ខ្ញុំ និងប្ដីបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទដោយ លី ដេវីត


[1] បទសម្ភាសន៍ ជាមួយ ធាវ ឆៃគ្រី  នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin