សុខ សុខុម៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ សុខ សុខុម ភេទស្រី អាយុ ៧៦ ឆ្នាំ។ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ជីវិតកុមារភាពរបស់ខ្ញុំពោរពេញដោយសុភមង្គលដោយសារតែក្រុមគ្រួសាររបស់ខ្ញុំរស់នៅទីក្រុង។ ឪពុកម្តាយបានខំប្រឹងធ្វើការដើម្បីឲ្យខ្ញុំបានចូលរៀននៅសាលាសន្ធរម៉ុក ហើយខ្ញុំបានខិតខំសិក្សារហូតប្រឡងជាប់បាក់ឌុប។ ពេលខ្ញុំពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឲ្យខ្ញុំមានគ្រួសារ ជីវិតគ្រួសារមានសុភមង្គលអំឡុងពេលខ្លីមួយប៉ុណ្ណោះ ដោយសារបញ្ហាផ្ទៃក្នុងទើបធ្វើឱ្យប្រទេសបានផ្លាស់ប្តូរកើតមានសង្រ្គាម។
ក្នុងឆ្នាំ ១៩៧០ មានរដ្ឋប្រហារដែលដឹកនាំដោយ លោកលន់ នល់ បណ្តាលឲ្យកើតសង្គ្រាមពេញផ្ទៃប្រទេស។ យ៉ាងណាមិញ គ្រួសារខ្ញុំនៅតែរស់រានមានជីវិតជៀសផុតពីគ្រោះថ្នាក់ដោយសារសង្គ្រាម។ ហើយមានរឿងរ៉ាវដែលខ្ញុំមិនអាចភ្លេចបានគឺ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ប្រហែលម៉ោង ១០ ព្រឹក ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុង។ ប្តីខ្ញុំមិននៅជាមួយខ្ញុំនោះទេ ព្រោះគាត់បានទៅលេងស្រុកកំណើតនៅស្វាយរៀង ក្នុងឱកាសចូលឆ្នាំខ្មែរ ក៏នៅទីនោះរហូតដល់ឆ្នាំ១៩៧៧។ ខ្ញុំបានរត់ជាមួយឪពុក ម្តាយ និងកូនអាយុ ៤ឆ្នាំ។ ខ្ញុំនិងក្រុមគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសមកដល់ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ តាំងពីពេលនោះ ខ្ញុំត្រូវធ្វើការជាប្រចាំ ខ្មែរក្រហមបានដាក់ខ្ញុំចូលកងចល័តធ្វើស្រែ ដកសំណាប ក្រោយមកបន្តជីកទំនប់ជាច្រើនដូចជា ទំនប់ម្លេច ទំនប់កោះស្លា ។ ចំពោះហូបចុក ខ្ញុំទទួលបានអាហារ១ថ្ងៃបានតែ២ពេល តិចតួចនិងមិនគ្រប់គ្រាន់ ជីវិតក្នុងរបបខ្មែរក្រហមពិតជាគួរឱ្យកំសត់និងលំបាកបំផុត។ ខ្ញុំបានបាត់បង់ឪពុក ម្តាយ ប្អូន ៤នាក់ និងកូន ១នាក់ ក្នុងរបបគ្រប់គ្រងរបស់ខ្មែរក្រហម ជីវិតសល់តែខ្ញុំនិងប្អូនម្នាក់។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ ១៩៧៩ ខ្ញុំបានជួបប្តីវិញ គាត់ជាទាហានធ្វើការការពារជាតិ យើងបានរស់នៅជាមួយគ្នាម្តងទៀត ហើយនាំគ្នាចិញ្ចឹមជីវិត។ ដល់ឆ្នាំ ២០០០ ខ្ញុំ និងប្តីបានមករស់នៅជាថ្មីក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សព្វថ្ងៃនេះ ខ្ញុំជាម្តាយរបស់គេមានកូនចំនួន ៤នាក់ ដែលកូនៗទាំងអស់បានរៀបការរួចហើយ។ ខ្ញុំនៅរស់ជាមួយប្តីដែលបានចូលនិវត្តន៍ពីយោធា។ ខ្ញុំធ្វើជាកសិករដូចជាអ្នកស្រុកជាច្រើនទៀត ដើម្បីរកស៊ីជីវភាពដ៏សាមញ្ញនេះ។ ជីវិតខ្ញុំជាជីវិតមួយដែលពោរពេញដោយការបាត់បង់ សោកស្តាយ ខ្ញុំមិនខ្លាចនិងរំឭកឡើងវិញទេ ព្រោះវាជាផ្នែកមួយនៃជីវិតខ្ញុំ។
បន្ទាប់ពីជីវិតលំបាកយូឆ្នាំ ដែលបានឆ្លងកាត់ទាំងសង្គ្រាម ការធ្វើការលើសសមត្ថភាព ការខ្វះអាហារ និងការបាត់បង់សមាជិកគ្រួសារ។
សព្វថ្ងៃនេះ ខ្ញុំក៏ជួបប្រទះនឹងបញ្ហាសុខភាពមួយចំនួនផងដែរ។ ខ្ញុំកំពុងមានជំងឺលើសឈាម និងគ្រោះថ្នាក់ចរាចណ៍ ដែលបណ្តាលឲ្យបាក់ឆ្នឹងថ្ពាល់។ បន្ទាប់ពីគ្រោះថ្នាក់នោះ ខ្ញុំត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក។ ក្រោយព្យាបាលកន្លងផុតឧបសគ្គធ្ងន់ធ្ងរទាំងនោះ ពេទ្យបានផ្ដល់ថ្នាំឲ្យខ្ញុំយកមកលេបបន្តនៅផ្ទះ ហើយបច្ចុប្បន្នសុខភាពក៏នៅក្នុងសភាពអាចគ្រប់គ្រងបាន តែបែបអស់កម្លាំង និងឈឺពោះម្តងៗ។ មូលហេតុដែលបណ្តាលឲ្យខ្ញុំជួបនឹងជំងឺទាំងនេះ ផលវិបាកនៃជីវិតដែលបានឆ្លងកាត់របបខ្មែរក្រហម សង្គ្រាម រស់នៅក្នុងសភាពខ្វះខាតអាហារ និងការធ្វើការលើសកម្លាំង។ ថែមទាំងឥឡូវនេះខ្ញុំមានអាយុច្រើន សាច់ដុំ និងឆ្អឹងក៏ខ្សោយទៅតាមពេលវេលា។យ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តរក្សាសុខភាពឱ្យបានល្អបំផុត ដែលអាចធ្វើទៅបាន ដោយពឹងផ្អែកលើថ្នាំ ពេទ្យ និងការថែរក្សាផ្ទាល់ខ្លួន។ ខ្ញុំសង្ឃឹមថា កូនចៅនឹងស្គាល់និងចងចាំពីជីវិតដ៏ខ្លាំងក្លារបស់ម្តាយ ឬយាយរបស់ពួកគេ មិនមែនតែដោយសារកាលពីកាលមុនទេ តែដោយសារការបន្តរស់នៅជាមួយ និងមិនធ្លាក់ទឹកចិត្តក្នុងការថែរក្សារូបរាង និងស្មារតីរបស់ខ្លួន។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះមកសួរសុខទុក្ខ និងសម្ភាសន៍អំពីជីវិតពិតរបស់ខ្ញុំក្នុងរបបខ្មែរក្រហម។ ការចងចាំទាំងនេះ មិនមែនគ្រាន់តែជាសាច់រឿងសម្រាប់អតីតកាលទេ ប៉ុន្តែវាជាឯកសារដែលមានតម្លៃ សម្រាប់ជំនាន់ក្រោយដើម្បីយល់ ដើម្បីរំឭក ហើយដើម្បីស្គាល់ថា សន្តិភាពដែលខ្ញុំកំពុងរស់នៅមានតម្លៃប៉ុន្មាន។[1]
អត្ថបទដោយ ផាត ពន្លក
[1] សុខ សុខុម៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត