វ៉ាត វ៉ាន់នី៖ បើអត់ពីម៉ែ កូនទៅរស់នៅជាមួយអង្គការ

វ៉ាត វ៉ាន់នី រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

វ៉ាត វ៉ាន់នី[1] ហៅ នី អាយុ៦៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ នី មានឪពុកឈ្មោះ ស វ៉ាត ម្ដាយ ទេព ប៉ាច និងមានបងប្អូនចំនួន៣នាក់។ បងប្រុសច្បងរបស់នី ដែលធ្វើការក្នុងកងពលលេខ១៣ របស់ទ័ពចន្ទរង្សី បានបាត់ដំណឹងចាប់ពីឆ្នាំ១៩៧០។ នី បានចូលរៀនដំបូងនៅអាយុ១១ឆ្នាំ នៅខេត្តកំពង់ស្ពឺ។ នី ឈប់រៀននៅថ្នាក់ទី៥ ដោយសារជីវភាពខ្វះខាត។

នៅឆ្នាំ១៩៧០ នី រស់នៅជាមួយម្ដាយមីងនៅសង្កាត់លេខ៦ ក្រុងភ្នំពេញ ហើយឪពុកម្ដាយរបស់នី រស់នៅក្បែរផ្លូវជាតិលេខ៦។ នៅអំឡុងឆ្នាំ១៩៧១ ម្ដាយឪពុករបស់នី បានឡើងទៅយកកូននៅក្រុងភ្នំពេញ រួចទៅរស់នៅជុំគ្នានៅខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ដោយសារតែមានសង្គ្រាមបាញ់ផ្លោងនៅក្នុងភូមិ គ្រួសាររបស់នី បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញវិញ។ នៅទីក្រុងភ្នំពេញ ឪពុករបស់នី ឈប់ធ្វើជាទ័ព រួចចូលទៅធ្វើការងារក្នុងក្រុមហ៊ុន សេងថៃ នៅចាក់អង្រែ។ គ្រួសាររបស់នី ស្នាក់នៅផ្ទះឪពុកមា ក្រោយពេទ្យកាលម៉ែត។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសារនី សប្បាយចិត្តអបអរចំពោះការទទួលជ័យជម្នះរបស់ខ្មែរក្រហម និងបានគិតថាប្រទេសជាតិមានសន្តិភាពហើយ។ ឪពុករបស់នី បានធ្វើដំណើរទៅចាក់អង្រែ ដើម្បីយកសម្ភារជាងរបស់គាត់នៅក្នុងរោងចក្រ។ បន្ទាប់ពីឪពុករបស់ នី ធ្វើដំណើរចេញបានបន្តិច យោធាខ្មែរក្រហមប្រាប់ឲ្យប្រជាជនទាំងអស់ជម្លៀសចេញពីទីក្រុង។ នី, ម្ដាយ, ប្អូនប្រុស និងក្មួយតូចម្នាក់ បានរៀបបង្វិចចេញទៅទិសខាងជើង តាមផ្លូវជាតិលេខ៥ និងសម្រាកនៅព្រែកក្ដាម។ នៅព្រែកក្ដាម អង្គការបានបែងចែកប្រជាជនឲ្យធ្វើដំណើរទៅខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥ ប៉ុន្តែដោយសារសមាជិកគ្រួសារបានជុំគ្នាគ្រប់ចំនួន ទើបគ្រួសារនី ត្រូវបន្តធ្វើដំណើរតាមផ្លូវជាតិលេខ៦វិញ។

ពេលធ្វើដំណើរតាមផ្លូវមានភ្លៀងធ្លាក់ ដែលជាហេតុធ្វើឲ្យគ្រួសាររបស់នី និងប្រជាជនផ្សេងទៀតពិបាករកកន្លែងសម្រាក។ ប្អូនរបស់នី ចាប់ផ្ដើមក្ដៅខ្លួន ដោយសារត្រូវទឹកភ្លៀង ហេតុនេះហើយបានជា នី ត្រូវឡើងទៅលើផ្លូវជាតិ ដើម្បីសុំជំនួយ។ នី ដើរដល់ពាក់កណ្ដាលផ្លូវ បានឮម្ដាយស្រែកប្រាប់ឲ្យដើរប្រយ័ត្នជាន់សត្វពស់ ព្រោះម្ដាយរបស់គាត់ត្រូវពស់ ហុលលាមាណ ចឹកមុននេះ។ នៅពេលដឹងថាពស់ចឹកម្ដាយ នី បានសំពះសុំឲ្យយោធាខ្មែរក្រហមជួយ ហើយយុវជនបានឲ្យ នី ទៅរកថ្នាំខ្លាំងឲ្យម្ដាយហូប។ អំឡុងពេលនោះ ម្ដាយរបស់នី បានផ្ដាំទៅកូនថា ប្រសិនបើអត់ពីម៉ែទៅ កូនឯងទៅរស់នៅជាមួយអង្គការ ហើយកុំរត់ទៅណា ព្រោះគាត់គិតថាអង្គការល្អ។ ម្ដាយរបស់នី បានបញ្ជាក់ម្ដងទៀតថា៖ “កូនឯងចាំណា កូនឯងទៅនៅជាមួយអង្គការ”។

នៅពេលព្រឹកឡើង ប្រជាជនបន្តធ្វើដំណើរទៅមុខទៀត ប៉ុន្តែម្ដាយរបស់នី ហើមជើងដើរទៅមុខលែងរួច។ ឃើញដូច្នេះ នី បានសំពះសុំឡានយោធាខ្មែរក្រហម​ ឲ្យជួយដឹកម្ដាយទៅពេទ្យស្គន់។ មុនដំបូង យោធាបដិសេធ និងធ្វើដំណើរចេញទៅ ប៉ុន្តែដោយសារតែការអាណិតទើបយោធានោះបកត្រលប់មកវិញ និងជូនគ្រួសារនី ទៅផ្ញើយោធាខ្មែរក្រហមនៅ បាធាយ។ យោធាចិត្តល្អ បានប្រាប់យោធានៅបាធាយថា គ្រួសាររបស់នី គឺជាគ្រួសារកម្មករ។ មូលហេតុដែលយោធាចិត្តល្អ ប្រាប់ដូច្នេះ ដោយសារ នី បានឆ្លើយប្រាប់គាត់នៅលើឡានថាឪពុករបស់ខ្លួនគឺជាកម្មករ។ ពេលចុះពីឡាន យោធាខ្មែរក្រហមដែលបានជួយ នី ផ្ដាំថាឲ្យឈប់សំពះអ្នកផ្សេង និងឈប់អរគុណអ្នកផ្សេង ព្រោះរបបថ្មី មិនធ្វើសកម្មភាពដូច្នេះទេ។

នៅបាធាយ អង្គការបានរៀបចំគ្រួសារនី ឲ្យសម្រាកនៅក្រោមផ្ទះប៉ិតធំមួយ ដើម្បីកុំឲ្យទទឹកភ្លៀង។ នៅយប់នោះ នី បានឃើញយោធាខ្មែរក្រហមមកចុចពិលហៅគ្រួសារក្បែរៗនោះចេញទៅ។ គ្រួសារនី បានរួចខ្លួន ដោយសារតែមានយោធាខ្មែរក្រហមដឹកឡានយកមកផ្ញើ និងប្រាប់ថាជាគ្រួសារកម្មករ។ បន្ទាប់មកទៀត យោធា ត្រូវធ្វើដំណើរបន្តទៀត និងបានយកគ្រួសារនី ទៅផ្ញើនៅភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅសហករណ៍ភូមិជ្រែក ប្រធានភូមិបានសួរនាំប្រវត្តិរូបរបស់គ្រួសារនី បន្ថែមទៀត និងតាមដានជាបន្តបន្ទាប់។

នៅសហករណ៍ជ្រែក មិត្តដែលធ្វើការងារជាមួយ នី ដែលជាអ្នក១៧មេសាដូចគ្នា បានសុំឲ្យ នី ជួយយកអាវទៅប្ដូរយកកន្ទក់ មកឲ្យឪពុកហូប ព្រោះឪពុករបស់មិត្តនី ធ្លាក់ខ្លួនឈឺ។ នី បានយល់ព្រម និងទៅសុំអង្គការបាន អង្ករ, កន្ទក់ និងស្រូវ យកមកឲ្យមិត្តក្នុងកង។ ប៉ុន្តែនៅពេលដែលមិត្តម្នាក់នោះយកស្រូវទៅលីង អង្គការចាប់បាន និងសួរនាំពីមូលហេតុថាបានស្រូវមកពី នី។ អង្គការ បានចាប់ នី យកទៅដាក់ច្រវ៉ាក់ និងយកអង្រែបុកស្រូវវាយជើងគាត់។ នី បានរៀបរាប់ថា នៅយប់នោះខែភ្លឺ គាត់បានឃើញអង្គការលើកអង្រែវាយជើងគាត់។ ដំបូង នី គិតថាប្រសិនបើអង្រែធ្លាក់មកត្រូវជើងរបស់គាត់ គាត់នឹងស្រែឲ្យខ្លាំងៗ ប៉ុន្តែនៅពេលដែល អង្គការ វាយមួយអង្រែដំបូង នី បានសន្លប់បាត់ស្មារតីទៅហើយ។ ម្ដាយរបស់នី បានទៅលួចមើល ហើយនៅពេលឃើញកូនសន្លប់ដូច្នេះ គាត់គិតថា នី បានស្លាប់ក្នុងពេលនោះទៅហើយ។ នៅម៉ោង ១២ អធ្រាត្រ សន្សើមចាប់ផ្ដើមធ្លាក់ទៅចំ នី ដែលធ្វើឲ្យគាត់ដឹងខ្លួន។ នី បានឃើញ អ្នកមូលដ្ឋានលើកគាត់ឡើង។ ក្រោយមក នី ត្រូវទៅធ្វើការងារទាំងឈឺ និងជាប់ខ្នោះជើង រហូតដល់យោធាមកពីខាងភូមិភាគនិរតីចូលមកក្នុងសហករណ៍ជ្រែក។

កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនីរតី បានសួរពីមូលហេតុប្រើអ្នកឈឺដើរមិនចង់រួចដូចជា នី ឲ្យធ្វើការងារ ហើយអង្គការនៅមូលដ្ឋានឆ្លើយថា នី ជាចោរ។ ពេលឮដូច្នេះ អង្គការមកពីនិរតី បន្តសួរទៀតថា មកពីឲ្យប្រជាជនហូបមិនឆ្អែតទេដឹងបានជាលួច ប៉ុន្តែអ្នកនៅមូលដ្ឋាននៅតែបដិសេធ និងនិយាយថា នី ជាចោរ។ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី មិនអស់ចិត្ត ហើយបានហៅ នី ទៅសួរថាលួចអ្វីអង្គការ។ នី បានឆ្លើយទៅតាមសាច់រឿង ថាយកអាវទៅដូរ កន្ទក់ មកឲ្យមិត្តភក្ដិដែលមានឪពុកឈឺហើមខ្លាំង  ប៉ុន្តែអង្គការឲ្យស្រូវវិញ។ អ្នកនិរតី បានសួរ២សំណួរបន្ថែមទៀតថា តើ នី ចេះស្ទូងដែរឬទេ? ហើយស្រុកកំណើតនៅឯណា? នៅពេលនីឆ្លើយសំណួររួច អង្គការបានបញ្ជាឲ្យដោះខ្នោះជើងចេញ។ នៅពេលដែលដោះខ្នោះជើងចេញ នី ធ្លាក់ខ្លួនឈឺដើរលែងរួច រហូតដល់ម្ដាយបីទៅធ្វើការងារ។

នៅក្នុងសហករណ៍ ម្ដាយរបស់នី បានសុំប្រធានសហករណ៍ឲ្យបញ្ជូនគ្រួសាររបស់គាត់ទៅដីខ្លាញ់ជាច្រើនដង ព្រោះគាត់គិតថានៅដីថ្មីសម្បូរអាហារហូប។ ប្រធានសហករណ៍ បានសួរនាំពីប្រវត្តិរូបគ្រួសារនី ម្ដងហើយម្ដងទៀត និងបានប្រាប់ម្ដាយនី ថានឹងបញ្ជូនទៅពេលក្រោយ។ នី សប្បាយចិត្តណាស់ និងបានប្រាប់ទៅម្ដាយធម៌ ដែលធ្វើជាប្រធានកងថាគាត់នឹងយកដំឡូងមកផ្ញើ នៅពេលដែលគាត់ដាំបាននៅដីថ្មី។ ពេលឮដូច្នេះ ម្ដាយធម៌របស់នី ស្រក់ទឹកភ្នែក ព្រោះគាត់ដឹងថាទៅដីថ្មី គឺយកទៅសម្លាប់។ ដោយសារតែទទួលបានការអាណិតស្រឡាញ់ពីអ្នកមូលដ្ឋាន ទើបគ្រួសាររបស់នី ធ្វើការនៅក្នុងសហករណ៍ជ្រែក រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។

នៅពេលដែលរបបខ្មែរក្រហមដួលរលំ នី បានធ្វើដំណើរត្រលប់ទៅភ្នំពេញវិញ។ ក្រោយមក នី បានត្រលប់ទៅរស់នៅភូមិតានប់ ខេត្តតាកែវវិញ។ ពេលមកដល់ភូមិតានប់ នី បានឮបងប្អូនប្រាប់អំពីការស្លាប់របស់ឪពុកខ្លួន។ នៅពេលជម្លៀសចេញពីភ្នំពេញ ឪពុករបស់នី បានធ្វើដំណើរទៅនៅខេត្តតាកែវ ហើយអង្គការចាប់គាត់ទៅសម្លាប់នៅព្រៃព្នៅ ដោយសារតែមានបងប្អូនស្គាល់គាត់ថាធ្លាប់ធ្វើជាទាហាន លន់ នល់។

បន្ទាប់មក នី បានរៀបការជាមួយឈ្មោះ បេ បាន និងមានកូន៣នាក់​ឈ្មោះ បាន ពុទ្ធារូ, បាន សុធីតា, និងបាន ចន្ទបញ្ញា។  គាត់តែងរៀបរាប់រឿងរ៉ាវដែលគាត់បានឆ្លងកាត់សម័យខ្មែរក្រហម ប្រាប់កូនៗ ឲ្យមានការចងចាំ និងកុំឲ្យកូនៗសប្បាយរហូតដល់ភ្លេចពីការរងទុក្ខរបស់ម្ដាយ-ឪពុក និងចាស់ៗពីជំនាន់មុន។ នី ចង់ឲ្យកូនដឹងថារបបខ្មែរក្រហមមានពិត ព្រោះគាត់ដែលជាម្ដាយផ្ទាល់បានអ្នកឆ្លងកាត់។ នី មិនចង់ឲ្យរបបនេះត្រល់មកវិញទេ ព្រោះរបបខ្មែរក្រហម បង្កើតឲ្យមានវិនាសកម្ម និងយកមនុស្សទៅសម្លាប់ទាំងដែលគ្មានទោសកំហុស៕

អត្ថបទដោយ ភា រស្មី


[1] កិច្ចសម្ភាសឈ្មោះ វ៉ាត វ៉ាន់នី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយ កែប ម៉ៃសុជាតា, មជ្ឈមណ្ឌលឯកសារកម្ពុជា, ក្នុងគម្រោង ការលើកកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin