ផូ ស្រី រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

រូបថតឆ្នាំ១៩៧៧ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ផូ ស្រី[1] អាយុ៦៣ឆ្នាំ កើតនិងរស់នៅភូមិគគរ១  ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ចាន់ថា និងមានកូនប្រុសស្រីចំនួន២នាក់។ ឪពុកខ្ញុំឈ្មោះ យោគ ហម និងម្ដាយឈ្មោះ ពិន កន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រតិចតួចណាស់។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០  ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅក្មេងខ្ចីណាស់ នៅពេលដែលប្រទេសកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះតែសង្រ្គាមដែលមិនអាចឲ្យយើងរស់នៅបានក្នុងស្រុក។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនដោយសុវត្តិភាព ទៅរស់នៅភូមិបន្ទាយថ្ម ដែលជាទីកន្លែងមានសាច់ញាតិរស់នៅ។  បន្ទាប់មក នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។

បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់តាមតំបន់រំដោះហើយ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់ដល់អ្នកភូមិអំពីចលនាបដិវត្តន៍របស់ខ្លួន។ អ្នកភូមិភាគច្រើន ចូលរួមជាមួយបដិវត្តន៍។ នៅក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេ ដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែបរបស់សហរដ្ឋអាមរិក មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ បន្ទាប់មក ខ្ញុំត្រូវបានខ្មែរក្រហមឲ្យធ្វើការនៅកងឃ្វៀលគោ ដែលមានក្មេងប្រុសៗចំនួន៥នាក់។ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារដូចជា មើលថែរក្សាសត្វគោ និងក្របី។ នៅឆ្នាំ១៩៧៧ ខ្ញុំមិនត្រូវបានផ្លាស់ប្ដូរកន្លែងធ្វើការងារទេ។ ការងាររបស់ខ្ញុំ មានដូចជា ការចិញ្ចឹមគោចំនួនជិត៥០ក្បាល សម្រាប់ផ្គត់ផ្គង់ការងារស្រែចម្ការក្នុងកងភ្ជួររាស់។ ប្រសិនបើបាត់គោមួយក្បាល, ខ្ញុំនឹងត្រូវទទួលទោស ឬអាចត្រូវបានសម្លាប់ចោល។ ពេលព្រឹកឡើងទៅធ្វើការងារដល់ម៉ោងហូបបាយត្រូវហូបបាយត្រូវជុំគ្នាដោយមានសំឡេងជួងជាសញ្ញា ពេលឮសំឡេងជួងប្រជានជនដែលធ្វើការត្រូវឈប់សម្រាប់មកហូបបបរត្រូវមានកាន់ចានមកជាមួយម្នាក់មួយៗសម្រាប់ដាក់បបរហូបរាងៗខ្លួន សម្រាប់បបរមានតែអង្ករប៉ុន្មានគ្រាប់លាយជាមួយទឹក ប្រៀបដូចជាបបររាវ។ ចំពោះការស្លៀកពាក់មានតែសម្លៀកបំពាក់មួយឈុតសម្រាប់ពាក់ធ្វើការរាល់ថ្ងៃគឺឈុតខ្មៅ។ ក្រោយមកទៀត គឺប្រហែលជាក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅរែកដី និងលើកទំនប់៥កុម្ភៈ ស្ថិតនៅស្រុកចំការលើ រហូតដល់កងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[2]ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទដោយ សាំង ចាន់ធូ


[1] បទសម្ភាសន៍ជាមួយ ផូ ស្រី  នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌល​ឯកសារកម្ពុជាកម្ពុជា សាខាខេត្តកំពង់ចាម

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin