យុវនារី អតីតគ្រូបង្រៀនកុមារ

ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង និងវិជ្ជាជីវៈជ្រៅជ្រះនោះទេ ដោយសារតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលអាចអាន សរសេរអក្សរបានខ្លះៗ។ ខាងក្រោមនេះ គឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបច្ចុប្បន្នរស់នៅខេត្តក្រចេះ៖
អ៊ី សុផាន[1] ហៅ ចាត នៅក្នុងប្រវត្តិរូបមានឈ្មោះ អ៊ី ស្រីនាង អាយុ៤៦ឆ្នាំ (២០០៦) មានប្ដីឈ្មោះ រ៉ាវុធ និងមានកូនប្រុសម្នាក់ រស់នៅភូមិស្រែស្ដៅ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។ សុផាន រៀនបានត្រឹមថ្នាក់ទី៧ (ចាស់) នៅអនុវិទ្យាល័យឆ្លូង។ សុផាន មានឪពុកឈ្មោះ យ៉េន ម្ដាយឈ្មោះ ទង ជិន និងមានបងប្អូនចំនួន៦នាក់ (ស្រី២នាក់)។
នៅក្នុងរបបខ្មែរក្រហម មិនមានប្រជាជនណាម្នាក់ដែលនៅផ្ទះទំនេរមិនចេញទៅធ្វើការងារនោះទេ។ កុមារត្រូវបានប្រើឲ្យធ្វើការងារស្រាលៗ។ ចំណែកមនុស្សចាស់ៗ ត្រូវទទួលតួនាទីមើលថែទាំកុមារតូចៗ និងសត្វពាហនៈ ព្រមទាំងត្បាញកញ្រ្ចែងល្អី។ មនុស្សដែលមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ (កុមារវ័យជំទង់) ត្រូវទទួលការងារធ្ងន់ៗ និងលំបាក។ កុមារជំទង់ៗទាំងនេះ ត្រូវទទួលបញ្ជាឲ្យជីកប្រឡាយ ឬអាងស្តុកទឹក, លើកទំនប់, កាប់ឈើធ្វើផ្ទះ, រានដីដើម្បីធ្វើស្រែចម្ការ ក៏ដូចជាស្ទូង និងច្រូតកាត់ស្រូវ។ ប្រជាជនស្ទើរគ្រប់រូបធ្វើការច្រើនជាង១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយគ្មានពេលសម្រាក ឬទទួលទានអាហារបានគ្រប់គ្រាន់ទេ។ ប្រជាជន ជួនកាល ត្រូវធ្វើការតាំងពីព្រលឹមស្រាងៗរហូតដល់ពាក់កណ្ដាលយប់ទើបអាចឈប់សម្រាកបាន។[2]
តាមការបញ្ជាក់របស់ សុផាន កុមារចាប់ពីអាយុ១២ឆ្នាំឡើងទៅ ត្រូវអង្គការប្រមូលឲ្យចូលជួរ ហើយកុមារមួយចំនួនទៀតដែលមានមាឌធំ ប៉ុន្តែមានអាយុមិនទាន់គ្រប់១២ឆ្នាំ ត្រូវអង្គការកេណ្ឌទៅជាមួយដែរ។ អ្នកទាំងអស់នោះ ត្រូវអង្គការជម្លៀសទៅធ្វើការងារនៅតំបន់ឆ្ងាយពីភូមិ និងសមាជិកគ្រួសារ។ នៅពេលដែលចេញទៅ គឺមិនងាយនឹងបានត្រលប់មកផ្ទះជួបជាមួយនឹងសមាជិកគ្រួសារទេ។ អ្នកដែលមានប្ដី-ប្រពន្ធ អាចធ្វើការងារនៅក្នុងភូមិ-ស្រុករបស់ខ្លួន ដោយមិនត្រូវបានជម្លៀសទៅតំបន់ឆ្ងាយ។ សុផាន បាននិយាយថា៖ “នៅក្នុងរបបខ្មែរក្រហម សូម្បីជាបងប្អូនក៏មិនហ៊ាននិយាយរកគ្នាដែរ ត្រូវផ្ដាច់មនោសញ្ចេតនាទាំងអស់”។ នៅអំឡុងពេលនោះ មិនមានបុរស និងស្រ្តីណាហ៊ានជជែកគ្នាលេង នៅពេលដែលគាត់កំពុងធ្វើការងារឡើយ ព្រោះខ្លាចត្រូវអង្គការចោទប្រកាន់ថាខូចសីលធម៌ ហើយត្រូវចាប់យកទៅធ្វើទារុណកម្ម និងសម្លាប់។
ឪពុករបស់ សុផាន ត្រូវបងប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ ឌន មានតួនាទីជាប្រធានភូមិ ចោទប្រកាន់ថាក្បត់ជាតិ និងចាប់យកទៅឃុំនៅមន្ទីរឃុំ។ មូលហេតុដែលឪពុករបស់គាត់ត្រូវចោទប្រកាន់ថាក្បត់ជាតិគឺ ដោយសារតែគាត់លួចលាក់ស្រានៅក្នុងស្រូវ ទុកសម្រាប់ម្ដាយរបស់ សុផាន ហូបបន្ទាប់ពីសម្រាលកូនរួច។ សុផាន បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម មនុស្សស្រីតែងមានផលលំបាកក្នុងការរស់នៅ ព្រោះមនុស្សស្រីត្រូវមានអនាម័យសម្រាប់ខ្លួនឯង ប៉ុន្តែនៅក្នុងរបបនោះគឺគ្មានសូម្បីតែសាប៊ូកក់សក់។ អង្គការចែកសម្លៀកបំពាក់ក្នុងមួយឆ្នាំឲ្យម្នាក់ពីរសម្រាប់។ ក្នុងករណីសម្លៀកបំពាក់ទាំងនោះដាច់រហែក គឺត្រូវយកក្រណាត់មកប៉ះលើបំណែកដែលមានចន្លោះ។ ក្នុងគោលការណ៍របស់ខ្មែរក្រហម សម្លៀកបំពាក់ត្រូវតែជាពណ៌ខ្មៅ។ ប្រសិនជាប្រជាជនណាដែលទទួលបានខោអាវដែលអង្គការចែកឲ្យ មិនមែនជាពណ៌ខ្មៅ គឺត្រូវតែយកទៅជ្រលក់ឲ្យទៅជាពណ៌ខ្មៅ។
នៅឆ្នាំ១៩៧៦ សុផាន បានចូលធ្វើការងារនៅក្នុងកងពល៣១០ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អឿន ប៉ុន្តែបន្ទាប់ពីមេកងពលឈ្មោះ អឿន ត្រូវបានចាប់ខ្លួន កងពល៣១០ត្រូវរំលាយ ហើយសុផាន ត្រូវអង្គការបញ្ជូនទៅភូមិភាគបូព៌ា[3]។ ដោយសារតែការចាប់ខ្លួនរបស់មេកងពល និងប្រធានក្រុម ប្រជាជនទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងពលនោះ តែងតែមានភាពភ័យខ្លាចថា នឹងមានថ្ងៃណាមួយអង្គការចាប់ខ្លួនរូបគាត់យកទៅសម្លាប់។ ដូច្នេះ អ្នកទាំងនោះបានលួចខ្សិបប្រាប់គ្នាថា ត្រូវតែខិតខំធ្វើការងារឲ្យអង្គការ។ ហេតុការណ៍នោះ ធ្វើឲ្យមានផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនជាច្រើននាក់ ព្រោះតែការខិតខំធ្វើការងារមិនហ៊ានឈប់សម្រាក ខិតខំធ្វើការងារទាំងដែលខ្លួនមានជំងឺ មិនទទួលយកការព្យាបាល និងប្រជាជនមួយចំនួនទៀតទទួលការព្យាបាលរួចហើយ ប៉ុន្តែថ្នាំមិនត្រូវនឹងស្ថានភាពជំងឺ។
នៅចុងឆ្នាំ១៩៧៨ យោធារបស់ខ្មែរក្រហម ទទួលរងការវាយប្រហារ បណ្ដាលឲ្យយោធារបស់ខ្មែរក្រហមជាច្រើនស្លាប់ និងរបួស។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។[4] នៅអំឡុងពេលនៃការវាយប្រហារ សុផាន បានរត់ចូលពៃ្រចម្ការកៅស៊ូ និងបន្ដដំណើររហូតទៅដល់ព្រំដែនថៃ។ នៅឆ្នាំ១៩៨០ សុផាន បានត្រលប់មកស្រុកកំណើតរបស់គាត់ និងប្រកបរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមគ្រួសារ។ ចំពោះតួនាទីជាគ្រូបង្រៀនដែលធ្លាប់ធ្វើនៅក្នុងរបបខ្មែរក្រហម គាត់មិនបានយកមុខរបរនោះមកអនុវត្តបន្តទៀតឡើយ ព្រោះរូបគាត់ដឹងពីសមត្ថភាពរបស់ខ្លួនឯងច្បាស់ថា មិនអាចបង្រៀនសិស្សនៅជំនាន់ក្រោយបានឡើយ ដោយហេតុថាគាត់គ្មានចំណេះវិជ្ជាគ្រប់គ្រាន់៕
អត្ថបទដោយ នេន ស្រីមុំ
[1] ឯកសារលេខ KRI0048, អ៊ី សុផាន ហៅ ចាត (យុទ្ធនារី) បទសម្ភាសដោយ ឡុង ដានី, នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៦, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ទំព័រ ៤៧។
[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ទំព័រ ៣៣ “ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្ថឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល, ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់, ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួន៣ក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។”
[4] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា, ២០២៥), ទំព័រ ៤១។