របបខ្មែរក្រហមជាសោកនាដកម្មដែលមិនអាចបំភ្លេចបាន

តែ តន់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ តែ តន់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នមានអាយុ៦២​ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់​បាន​លើកឡើងថា របបកម្ពុជាប្រជាធិបតេយ្យ​គឺ ជាសោកនាដកម្មនៃមនុស្សជាតិដែលមិនអាចបំភ្លេចបាន​ ដែលជីវិតមនុស្សជាងពីរលាននាក់បានបាត់បង់។

តន់ បានចូលរួមក្នុងកងចល័ត និងធ្វើការរែកដី ជីកប្រឡាយនៅតាមទំនប់​ ដែលមានឈ្មោះថា វាលព្នៅ និងចំការដីក្រហម។ គាត់​ត្រូវ​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាក និងទទួលទាន​អាហារគឺមានតែបបរស និងបបរផិលាយជាមួយគល់ល្ហុង ឬគល់ចេក។ គាត់បន្តថា ខ្មែរក្រហមប្រើមនុស្សមិនឲ្យទំនេរនោះទេ មនុស្សម្នាក់ៗត្រូវតែខិតខំធ្វើការ ដោយភាពភ័យខ្លាចនឹងការកាប់សម្លាប់យ៉ាងអមនុស្សធម៌ សាហាវព្រៃផ្សៃជាទីបំផុត។ ខ្មែរក្រហមបានចូលកាន់កាប់តំបន់ដែលក្រុមគ្រួសាររបស់ តន់ រស់នៅតាំងតែពីឆ្នាំ​១៩៧០ គឺសរុបទៅមានរយៈពេល៩ឆ្នាំ ដោយឡែកសម្រាប់អ្នកភ្នំពេញ គឺតែបីឆ្នាំប្រាំបីខែប៉ុណ្ណោះ។

កាលនោះ គាត់មានវ័យ១៥ឆ្នាំ រស់ដាច់ដោយឡែកពីឪពុកម្តាយ។ ជារៀងរាល់ឆ្នាំ គាត់ព្យាយាមស្កាត់ជួបអ្នកមានគុណទាំងពីរ តែជួនកាលមិនបានជួប​ទេ ដោយសារតែឪពុកម្តាយត្រូវទៅធ្វើការបាត់ៗ។ តន់ រស់នៅតាមអង្គភាពធំ ដែលមានលក្ខណៈខុសគ្នាទៅនិងអង្គភាពតាមភូមិដែលឪពុកម្តាយគាត់ធ្វើការ។ តន់​ ត្រូវធ្វើការតាមចំការដោយគាស់ដើមឫស្សី និងធ្វើទំនប់សហករណ៍ ដែលប្រើប្រាស់រយៈពេលប្រហែល៣ ទៅ៤ ខែក្នុងការកសាងទំនប់មួយ។ ជាការពិត គាត់ត្រូវរស់នៅរួម ធ្វើការរួមជាមួយមនុស្សរាប់រយនាក់ផ្សេងទៀតទាំងមិនបានសំណេះសំណាលជាមួយគ្នា និងមិនស្គាល់សូម្បីតែឈ្មោះ នៅពេលដែលត្រូវទៅយាមចំការនៅពេលយប់។

ទោះបីមានការកាត់ទោសមេដឹកនាំខ្មែរក្រហមក៏ដោយ អ្នកបានបាត់បង់ជីវិតទៅហើយ មិនអាចរស់ឡើងវិញបានទេ ដោយឡែកមេដឹកនំាខ្មែរក្រហមបានត្រឹមតែដាក់ទោសមួយជីវិតប៉ុណ្ណោះ គាត់បាននិយាយទាំងសេចក្តីនឹករលឹកចំពោះអ្នកដែលស្គាល់គ្នា ដែលបាត់បង់ជីវិតនៅសម័យនោះ៕

សម្ភាសន៍ដោយ សុង ថានី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin