អតីតទីតាំងឧក្រិដ្ឋកម្មសម័យខ្មែរក្រហមត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ រួមមានអតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។  ការទទួលស្គាល់ជាផ្លូវការនេះ គឺជាជំហានដ៏ចាំបាច់ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការធានាថាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ដែលបានឆក់យកជីវិតប្រជាជនកម្ពុជា ប្រមាណជាង ១លាន៧សែននាក់ នឹងមិនត្រូវបានបំភ្លេច ហើយមេរៀននៃសោកនាដកម្មនេះ នឹងត្រូវបានសិក្សារៀនសូត្រមិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងនៅទូទាំងពិភពលោកថែមទៀតផង។

អស់រយ:កាលជាច្រើនទសវត្សរ៍ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង តែងត្រូវចាត់ទុកថាជាទីតាំងនិមិត្តរូប ដែលរំឭកអំពីទារុណកម្មជាប្រព័ន្ធ ការសួរចម្លើយដោយបង្ខំ និងការសម្លាប់ប្រជាជន ដែលបានកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ចំណែកឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានដើរតួនាទីជាបូជ នីយដ្ឋានរំឭកជានិមិត្តរូបចំពោះប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

អតីតមន្ទីរឃុំឃាំងម-១៣

យោងតាមគម្រោងស្រាវជ្រាវទីតាំងឧក្រិដ្ឋកម្មរបបខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មន្ទីរម-១៣ ស្ថិតនៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ[1] ជាមន្ទីរដែលបានបង្កើតឡើងដោយចលនាតស៊ូខ្មែរក្រហម ដើម្បីសួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់លើអ្នកទោសដែលខ្មែរក្រហមចោទថា ជាគិញមកពីតំបន់ដែលគ្រប់គ្រងដោយ លន់ នល់ ។ កាំង ហ្គេចអ៊ាវ ហៅ ឌុច ជាប្រធានមន្ទីរនេះ និងបានស្លាប់កាលពីឆ្នាំ២០២០ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត ធ្លាប់បានលើកឡើងក្នុងបន្ទប់សវនាការថា ការសម្លាប់ជាគោលការណ៍ចម្បងនៅមន្ទីរនេះ [អតីតមន្ទីរឃុំឃាំងម-១៣] និងបន្តថាបេសកកម្មរបស់គាត់នៅម-១៣ គឺការពារប្រជាជននៅតំបន់រំដោះ។ ឌុច ក៏បានលើកឡើងពីគោលបំណងរបស់ម-១៣ គឺជាតម្រូវការរបស់បដិវត្តន៍ខ្មែរក្រហម[2]។ ហម អ៊ីន ដែលជាឆ្មាំនៅអតីតមន្ទីរឃុំឃាំង​ម-១៣ បាននិយាយថា មនុស្សចំនួន ៣០០០០នាក់ បានសម្លាប់, ស្លាប់ដោយសារជំងឺ និងស្លាប់ដោយសារទឹកជំនន់នៅ ម-១៣។ គាត់អះអាងថា នេះជាការទទួលខុសត្រូវរបស់ ឌុច តែម្នាក់គត់ ព្រោះបញ្ជារបស់ ឌុច មិនអាចជំទាស់បាន ។ មន្ទីរ ម-១៣ គ្រប់គ្រងដោយមនុស្សសំខាន់ៗប្រាំនាក់គឺ ឌុច: ជាប្រធាន,ចាន់ អនុប្រធាន, ប៉ុន, ផល និងមាស សមាជិក។ ហើយអ្នកទាំងប្រាំនេះ គឺជា “ជនចម្រើន” របស់បដិវត្តន៍ ដែលអង្គការបក្សទុកចិត្តបំផុត[3]

កងការពារនៅមន្ទីរ ម-១៣ ត្រូវបានចលនាតស៊ូខ្មែរក្រហមជ្រើសរើសតែក្មេងៗ ដែលមានអាយុក្រោម ១៥ ឆ្នាំ ។ ឌុច ជ្រើសរើសកងការពារដោយផ្ទាល់ ដូចជា ស៊ឹម វុន ហៅ ឌិន, ចាន់ វឿន, និង ចាន់ ខន ។ ការគ្រប់គ្រងនៅមន្ទីរម-១៣ មានការប្រយ័ត្នប្រយែងបំផុត ដោយមានរបងឫស្សីកិន និងឈើក្រាក់យ៉ាងខ្ពស់ (៥ ទៅ ៦ ម៉ែត្រ) សង់ព័ទ្ធជុំវិញ ។ ក្នុងនោះមានផ្ទះលើសពីបួនសម្រាប់ជាទីស្នាក់អាស្រ័យរបស់កម្មាភិបាលដឹកនាំ, កន្លែងសួរចម្លើយ និងមន្ទីរមួយទៀតសម្រាប់កងការពារស្នាក់នៅ ។ ដំបូងអ្នកទោសភាគច្រើនជាទាហាន និងប្រជាជនមូលដ្ឋានដែលមិនដើរតាមមាគ៌ារបស់បក្ស ។ រណ្តៅជាច្រើន ទំហំ ៤ ម៉ែត្រការ៉េ ជម្រៅ ៥ ទៅ ៦ ម៉ែត្រ ដែលមានបង្គោលក្រាក់មួយចំកណ្តាល ត្រូវបានជីកសម្រាប់ឃុំឃាំង និងការធ្វើទារុណកម្មអ្នកទោស ។ អ្នកទោសត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់ប្រសិនបើផ្តល់ចម្លើយមិនត្រឹមត្រូវតាមអ្វីដែលអ្នកសួរចង់បាន។ ឧបករណ៍ដែលប្រើសម្រាប់ការសួរចម្លើយរួមាមាន៖ មានម្ជុល, ច្រវាក់, ញញួរ, បន្ទាត់, និងដង្គាប់ ។ វិធីធ្វើទារុណកម្មរួមមានការចងដៃជាប់នឹងបង្គោល ទាញឲ្យជើងហើបពីដី, វាយបញ្ចូលម្ជុលទៅក្នុងក្រចកដៃ, ប្រើកាំបិតចាក់លើរាងកាយ, វាយញញួរឈើលើទ្រូង និងខ្នង, និងបញ្ចុកទឹកសាប៊ូចូលពោះដោយប្រើទុយយោ ។ ឌុច ជាមនុស្សកាចជាងគេក្នុងការសួរចម្លើយ និងធ្វើទារុណកម្មអ្នកទោស។

អ្នកទោសដែលនៅសេសសល់ពីការសម្លាប់ និងអ្នកទោសថ្មី ត្រូវបានបង្ខំឲ្យធ្វើការងារជារៀងរាល់ថ្ងៃ ទាំងជាប់ច្រវាក់ និងចំណង ក្រោមការមើលការខុសត្រូវយ៉ាងម៉ឺងម៉ាត់ពីកងការពារ ។ កងការពារមានសិទ្ធិបាញ់សម្លាប់អ្នកទោសនៅពេលព្យាយាមលួចរត់ ។ អ្នកទោសមួយភាគបានស្លាប់ដោយសារការបាក់កម្លាំង និងគ្មានរបបអាហារគ្រប់គ្រាន់ ។ ការងារអ្នកទោសមានលើកទំនប់, ដាំដំឡូង, កាប់ឆ្ការព្រៃ, និងរានដីធ្វើស្រែ ។ របបអាហាររបស់អ្នកទោសពឹងផ្អែកទាំងស្រុងលើការចាត់ចែងរបស់កម្មាភិបាលកាន់កាប់រោងបាយ។ អ្នកទោសម្នាក់ទទួលបានបបររាវមួយបំពង់ឫស្សីតូចៗប៉ុណ្ណោះក្នុងមួយពេល។ របបអាហាររបស់កងការពារវិញ គឺបាយមួយចានលាយជាមួយដំឡូងមី និងពោត។ របបអាហាររបស់ថ្នាក់កម្មាភិបាលគឺបាយគ្រប់ពេល និងម្ហូបគ្រាន់បើ។

ការទទួលស្គាល់ជាផ្លូវការរបស់ អង្គការយូណេស្កូនាពេលថ្មីៗនេះ មានសារសំខាន់ យ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា។ នេះជាការទទួលស្គាល់ លើកដំបូងរបស់ប្រទេសកម្ពុជា សម្រាប់ “រមណីយដ្ឋានបុរាណវិទ្យាសម័យទំនើប និង មិនមែនបុរាណ” និង ជាផ្នែកមួយក្នុងចំណោមរមណីយដ្ឋានដំបូងបង្អស់ក្នុងពិភពលោកដែលត្រូវបានទទួលស្គាល់ថាជារមណីយដ្ឋានដែលទាក់ទងនឹងជម្លោះសហសម័យ។  ការទទួលស្គាល់របស់អង្គការយូណេស្កូ លើទីតាំងទាំងនេះជាបេតិកភណ្ឌលាតសន្ធឹងហួសពី ប្រាសាទបុរាណ និងអច្ឆរិយៈធម្មជាតិ គឺជាការទទួលស្គាល់ផ្លូវការនៃទីតាំង​ដែលជាសាក្សី នៃសោកនាដកម្មមនុស្សដ៏ជ្រាលជ្រៅ និងការតស៊ូ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារលិខិតមួយបន្ទាប់ពីការចុះបញ្ជីបានសង្កត់ធ្ងន់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ រួមមានអតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង​ឯក ដែលជាទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺ​ជា​អំណោយដ៏អស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះ​ផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (មន្ទីរ-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក 

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បច្ចុប្បន្នស្ថិតនៅខណ្ឌ​​បឹងកេងកង រាជធានី​ភ្នំពេញ គឺជាមជ្ឈមណ្ឌលសន្តិសុខសំខាន់បំផុតក្នុងរបបខ្មែរក្រហម។ គោលបំណងរបស់ មន្ទីរ ស-២១ គឺឃុំ និងធ្វើទារុណកម្មអ្នកទោសដើម្បីយកចម្លើយសារភាព, បន្ទាប់មកអ្នកទោសនឹងត្រូវសម្លាប់ ហើយចម្លើយសារភាព ត្រូវបានបញ្ជូនទៅឲ្យថ្នាក់ដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។

យោងតាមបញ្ជីអ្នកទោសនៅមន្ទីរស-២១ ដែលធ្វើបច្ចុប្បន្នភាពដោយការិយាល័យសហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅក្នុងខែមករា ឆ្នាំ២០១៨ មានអ្នកទោសសរុបចំនួន ១៨,០៦៣ ត្រូវបានចាប់ខ្លួន និងបញ្ជូនមកឃុំឃាំងនៅមន្ទីរ​ស-២១។ ក្នុង​ចំណោម​នោះ​ក៏​មាន​សមាជិក​នៃ​ចលនា​ខ្មែរ​ក្រហម​ដែល​ជាប់​ចោទ​ពី​បទ​ក្បត់​បដិវត្តន៍​, មេដឹកនាំនយោបាយ, កម្មាភិបាលភូមិភាគបូព៌ា, ពាយ័ព្យ, ជនជាតិបរទេស និងបុគ្គលិកស៊ីវិល និងយោធាវៀតណាមជាដើម។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។

បុគ្គលិក មន្ទីរ ស-២១ តែងតែវាយអ្នកទោសជាប់ឃុំជាទៀងទាត់។ ដោយដាក់អ្នកឃុំឃាំងក្នុងលក្ខណៈអមនុស្សធម៌ដូចគ្នានឹងបុរសដែរនោះស្រ្តី និងកុមារ ក៏ត្រូវបានសួរចម្លើយ, វាយដំ, ធ្វើបាបដោយយង់ឃ្នង, ធ្វើទារុណកម្ម និងសម្លាប់។ ការចាប់ខ្លួន និងការប្រហារជីវិតស្រី្តជាភរិយា និងកុមារ ត្រូវបានធ្វើឡើងតាមគោលនយោបាយរបស់បក្សកុម្មុយនីស្តកម្ពុជាដែលថា «ជីកស្មៅត្រូវជីកទាំងឫស»។

មន្ទីរ ស-២១ ជាអង្គភាពរដ្ឋបាលមានការរៀបចំកម្រិតខ្ពស់ បានរក្សាការកត់ត្រាដោយលម្អិតនូវ បញ្ជីអ្នកទោសចូល និងរូបថតរបស់អ្នកទោស។ នៅពេលអ្នកទោសមកដល់ សៀវភៅកំណត់អំពីការប្រើទារុណកម្ម, បញ្ជីឈ្មោះអ្នកដែលត្រូវកម្ទេច និងឯកសារដទៃទៀតស្តីពីការឃុំឃាំងអ្នកទោស។ ចំនួនអ្នកជាប់ឃុំក្នុងមន្ទីរ ស-២១ ប្រែប្រួលពីមួយពេលទៅមួយពេល តែចំណុះច្រើនបំផុតគឺ​ប្រមាណ ១,៥០០នាក់ ក្នុងនោះមានស្ត្រី និងកុមារផងដែរ។

អ្នកទោសថ្មីនៅមន្ទីរ ស-២១ ត្រូវបានដឹកមកដោយរុំមុខ និងស្ថិតក្រោមកិច្ចការពារដោយអាវុធ ជារឿយៗតែងតែត្រូវបានដឹកតាម​រថយន្តធំៗធ្វើដំណើរមកជាច្រើនម៉ោង ពេលខ្លះមកម្តងជាង១០នាក់ក៏មាន​។ អ្នកទោសត្រូវបានគេដាក់ខ្នោះជើង, បង្ខំឲ្យដេកលើឥដ្ឋប្រជ្រៀតគ្នាណែន ក្នុងបន្ទប់តូច និងបង្អត់បាយ​។ អ្នកទោសត្រូវដាក់ឲ្យស្ថិតនៅក្រោមការយាមកាមដោយអាវុធគ្រប់ពេលវេលា ហើយអង្គការវិន័យត្រូវបង្ខំឲ្យគោរពជាដាច់ខាត។ អ្នកទោសមិនត្រូវអនុញ្ញាតឲ្យនិយាយរកគ្នា, ហាត់ប្រាណឬលប់លាងខ្លួនប្រាណទេ ហើយអ្នកទោសបានទទួលរងទារុណកម្មដើម្បីបង្ខំទាញយកចម្លើយសារភាព។ វិធីធ្វើទារុណកម្មរួមមាន៖ ការវាយដំនឹងព្រនង់, ខ្សែភ្លើង, វាយនឹង​រំពាត់, ខ្សែតី, ឆក់ខ្សែភ្លើង, ដុតនឹងអំពូលភ្លើងអគ្គិសនី, ចាក់ឬដកក្រចកដៃ ក្រចកជើង, ជ្រមុជក្បាលក្នុងធុងទឹក, បញ្ច្រកក្បាលនឹងថង់ផ្លាស់ស្ទីក ចងព្យួរជើងឡើងលើ និងបង្ខំឲ្យស៊ីលាមក និងផឹកទឹកនោម។

កាំង ហ្គេចអ៊ាវ ហៅឌុច ជាប្រធានមន្ទីរនេះ និងបានស្លាប់កាលពីឆ្នាំ២០២០ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត។

អ្នកជាប់ឃុំនៅ មន្ទីរ ស-២១ ភាគច្រើនត្រូវបាននំាទៅសម្លាប់នៅជើងឯក (បច្ចុប្បន្នជាមជ្ឈ​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ) ដែលស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចម្ងាយប្រមាណ១៤គីឡូម៉ែត្រភាគខាងត្បូង រាជធានីភ្នំពេញ។ ពេលយប់អ្នកជាប់ឃុំត្រូវបានដឹកពីមន្ទីរ-ស២១ ទៅបឹងជើងឯកដោយរំភ្នែកតាមរថយន្តធំៗមានអ្នកទោសចំនួនពី៣០ ទៅ៤០នាក់ ត្រូវបានដឹកម្តងៗ។ នៅទីនោះអ្នកទោសត្រូវបានសម្លាប់ដោយមធ្យោបាយផ្សេងៗ រួមទាំងការវាយនឹងដំបងរហូតដល់ស្លាប់។ នៅបឹងជើងឯក អ្នកទោសបានស្លាប់ក្នុងពេលធ្វើទារុណកម្ម, គ្មានអាហារបរិភោគ, ជំងឺ និងលក្ខខណ្ឌរស់នៅអមនុស្សធម៌ ព្រមទាំងអ្នកទោសខ្លះបានធ្វើអត្តឃាត។ ពេលរបប​ខ្មែរក្រហមដួលរលំ នៅដើមឆ្នាំ១៩៧៩ អ្នកទោសនៅជើងឯកភាគច្រើនត្រូវបានដឹកចេញតាមឡានធំៗដើម្បីយកទៅសម្លាប់​ចំណែកអ្នកទោសដែលមានឋានៈខ្ពស់ៗត្រូវបានសម្លាប់នៅនឹងកន្លែង ហើយមានអ្នកទោសតិចតួចណាស់ដែលមានជីវិត។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា «នៅតែតស៊ូជាមួយនឹងកេរដំណែលដ៏ឈឺចាប់នៃអំពីប្រល័យពូជសាសន៍, ការធ្វើទារុណកម្ម និងអំពើឃោរឃៅទ្រង់ទ្រាយធំ»។ ប៉ុន្តែការដាក់ឈ្មោះទីតាំងទាំងបីទៅក្នុងបញ្ជីយូណេស្កូ នឹងដើរតួនាទីសំខាន់ក្នុងការអប់រំយុវជនខ្មែរជំនាន់ក្រោយ និងមនុស្សដទៃនៅទូទាំងពិភពលោក។ លោកបានមានប្រសាសន៍ថា៖ «ទោះបីជាទីតាំងដែលបានដាក់បញ្ចូលជាកន្លែងធ្លាប់ប្រព្រឹត្តិអំពើហិង្សាក៏ដោយ ប៉ុន្តែទីតាំងទាំងនោះក៏អាចនឹងរួមចំណែកព្យាបាលរបួសដែលបានបង្កឡើងកាលពីអតីតកាល ដែលនៅមិនទាន់ជាសះស្បើយនៅឡើយ»។

[1] ទស្សនាវដ្តីស្វែងរការពិតលេខ២២ ខែតុលា ឆ្នាំ២០០១, មន្ទីរម-១៣ របស់ឌុច, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រ២២

[2] អ្នកឃ្លាំមើលតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម (៦_៩ មេសា ឆ្នាំ២០០៩) តំណភ្ជាប់ Microsoft Word – monitoring Report on Duch Trial W2, 06-09 Apr 09, Final kh.doc

[3] ផេង ពង្សរ៉ាស៊ី, ប្រព័ន្ធសន្តិសុខភូមិភាគពិសេស ម-១៣, មជ្ឈមណ្ឌលឯកសារកម្ពុជា, តំណភ្ជាប់

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin