គ្មានការបញ្ចេញមតិ និង បិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង

មាន់ ហំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ មាន់ ហំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ ៥៤ ឆ្នាំ ជាកសិករ​ រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។​ កាលពីរបបខ្មែរក្រហម ក្នុងវ័យកុមារភាពគាត់ធ្វើការនៅក្នុងកងចល័ត ដែលមានភារកិច្ចធ្វើជី ដោយកាត់ទន្រ្ទានខេត្ត ជារុក្ខជាតិតូចៗដែលគេយកទៅធ្វើជីសម្រាប់ការដាំដុះ។ គាត់ក៏ដូចអ្នករស់រានមានជីវិតដទៃទៀតបានលើកឡើងពីការហូបចុកមិនគ្រប់គ្រាន់ មានតែគល់ចេក មើមដំឡូងជាដើម សម្រាប់ការបរិភោគប្រចាំថ្ងៃ មួយថ្ងៃពីរពេល ជាមួយបបររាវដូចទឹក។

មាន់ ហំ បានទទួលការសិក្សាបន្តិចបន្តួចប៉ុណ្ណោះ ដោយគាត់និងក្មេងឯទៀតតម្រូវឲ្យរៀនក្នុងឃ្លាំងសម្រាប់ដាក់ស្រូវ ដែលមានភាពទ្រុឌទ្រោម។ សាលារៀន ព្រះវិហារ វត្តអារាម ត្រូវបានវាយកម្ទេចចោល គឺមិនឲ្យមានការកាន់សាសនាអ្វីឡើយ នាសម័យនោះ។ គ្មានការបញ្ចេញមតិ និង បិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ សម្រាប់អ្នកណាដែលហ៊ានលើកពីហេតុផល គឺត្រូវបានខ្មែរក្រហមយកទៅកសាង(សម្លាប់)នៅកន្លែងណាមួយដែលស្ងាត់។

ការព្យាបាលជំងឺមានតែមានការចាក់ថ្នាំ នឹងលេបថ្នាំអាចម៍ទន្សាយ នេះជាអ្វីដែលគាត់បានដឹង។​ គាត់ក៏ត្រូវបានចាក់ថ្នាំដែរ តែគ្មានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺឲ្យជាសះស្បើយ។ មាន់ ហំ បានជួបជុំគ្រួសារក្រោយបែកពីរបបដ៏ខ្មៅងងឹតនោះនៅឆ្នាំ១៩៧៩។​

គាត់បានចូលបម្រើកងទ័ពខេមៈភូមិន្ទ អស់រយៈពេលជាង១០ឆ្នាំ។ ដោយសារគាត់ជាទាហានម្នាក់ ហំ បានចូលរួមដំណើរការកាត់ទោសនៃមេដឹកនាំខ្មែរក្រហម៕

សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin