ហង់ ខែម៖ បានឮ និងឃើញអង្គការសម្លាប់ប្រជាជនថ្មី

កងទ័ពបដិវត្តន៍បានជម្លៀសប្រជាជនពេញពីផ្ទះសម្បែងបន្ទាប់ពីឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ហង់ ខែម[1] អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ ខែម កើតនៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារ និងមានអាហារហូបគ្រប់គ្រាន់។ ចូលដល់សម័យ លន់ នល់ គ្រួសាររបស់ខែម ប្រឈមមុខជាមួយការគំរាមកំហែង, ប្លន់យកទ្រព្យសម្បត្តិ និងវាយដំពីសំណាក់ទាហានវៀតណាម។ នៅពេលដែលទាហានវៀតណាមចុះមកម្ដងៗ ខែម និងនារីក្រមុំផ្សេងទៀត ត្រូវលាក់ខ្លួន ពួននៅទីកន្លែងផ្សេងៗ ដើម្បីកុំឲ្យត្រូវធ្វើបាប។ ក្រោយមក ខែម បានរៀបការជាមួយបុរសម្នាក់នៅក្នុងភូមិ ហើយជីវភាពគ្រួសារប្ដីរបស់គាត់ ក៏ធូរធារដូចគ្រួសារខែម ដែរ។ បន្ទាប់ពីរៀបការរួច ខែម បានពពោះ និងបង្កើតបានកូនម្នាក់។ អំឡុងពេលនោះនៅក្នុងភូមិរបស់គាត់ចាប់ផ្ដើមធ្វើស្រែប្រវាស់ដៃគ្នាជាក្រុម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះ និងគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល។ ប្រជាជន១៧ មេសា ជាច្រើនគ្រួសារបានជម្លៀសមកនៅក្នុងភូមិដែលខែម រស់នៅ និងស្នាក់នៅជាមួយប្រជាជនមូលដ្ឋានមួយរយៈពេលខ្លី ក្នុងនោះក៏មានអ្នកស្នាក់នៅជាមួយគ្រួសារខែមដែរ។ ថ្ងៃមួយ កងឈ្លបបានមកប្រាប់គ្រួសារជិន ដែលរស់នៅជាមួយខែម និងប្រជាជន ១៧​ មេសា ជាច្រើនគ្រួសារទៀត ឲ្យរៀបចំសម្លៀកបំពាក់សម្រាប់ថ្ងៃស្អែក ដើម្បីធ្វើដំណើរទៅភូមិថ្មី។ ពេលឮដូច្នេះ ជិន បានទម្លាក់ទឹកមុខចុះ ប៉ុន្តែប្រពន្ធសប្បាយចិត្តព្រោះគិតថាបានទៅភូមិថ្មីមែន។

ខែម បានឲ្យដឹងថា ប្រជាជនថ្មីដែលចម្លៀសចេញពីភូមិ គឺអង្គការយកទៅសម្លាប់ទម្លាក់ក្នុងរណ្ដៅ ធំមួយ។ ខែម បានដឹងថាមានការសម្លាប់ ដោយសារតែបងប្អូនជីទួតមួយឈ្មោះ ឃុន រស់នៅផ្ទះក្បែរខែម បានមករៀបរាប់ភាពភ័យខ្លាចដែលប្ដីរបស់ខ្លួនឈ្មោះ ញែម បានធ្វើ។ ឃុន បានរៀបរាប់ថា ញែម បានយកសម្លៀកបំពាក់ប្រជាជនថ្មីជាច្រើននាក់ដែលគាត់បានសម្លាប់ និងកាត់សុដន់ ស្ដ្រីម្នាក់យកមកផ្ទះ។ ស្ដ្រីដែល ញែម សម្លាប់គឺទើបតែរៀបការរួចបានរយៈពេលមួយខែ និងជម្លៀសមកនៅផ្ទះឃុន បន្ទាប់ពីថ្ងៃទី១៧ ខែមេសា។ ខែម បានឲ្យដឹងទៀតថា ញែម មាននាទីជាកងឈ្លប ហើយនៅពេលដែលមានការសម្លាប់មនុស្ស អង្គការនិងហៅ ញែម ទៅជាមួយ។ លើសពីនេះទៅទៀត ញែម ក៏ជាអ្នកយកអវយវៈមនុស្សហូប ហើយភ្នែករបស់គាត់ឡើងពណ៌ក្រហម។

មួយវិញទៀត នៅពេលដែល ខែម ក្រោកទៅអូសកំពិស និងត្រីនៅអូចាន់យួន នៅម៉ោងប្រមាណ៥ ទៅ៦ភ្លឺ គាត់បានឃើញ និងឮសម្លេងវាយសម្លាប់ប្រជាជនថ្មីនៅ ទួលតាសូង ក្បែរនោះ។ ខែម បានរៀបរាប់ថា អង្គការបានយកដងចបវាយមនុស្សពីក្រោយ លាន់សំឡេងផូង និងមានសម្រែកមនុស្សឡើង។ បន្តិចក្រោយមក ខែម បានឮក្មេងម្នាក់និយាយជាមួយកងឈ្លបថា “វាយតែម្ដាយខ្ញុំ អត់វាយខ្ញុំផង”។ នៅពេលដែលកុមារនោះនិយាយចប់ កងសន្តិសុខបានសម្លាប់ក្មេងនោះម្នាក់ទៀត។ ចាប់ពីពេលនោះមក ខែម លែងទៅអូសកំពិស និងត្រីបន្តទៀតបើទោះបីជាអង្គការកសាងគាត់យ៉ាងណាក៏ដោយ។

ក្រោយមក នៅក្នុងភូមិរបស់ ខែម ចាប់ផ្ដើមបង្កើតជាសហករណ៍ ប្រមូលទ្រព្យសម្បត្តិរួម, ហូបអាហាររួមគ្នា និងធ្វើការរួមគ្នា។ នៅពេលចូលសហករណ៍ កូនរបស់ខែម ត្រូវទៅរស់នៅក្នុងមណ្ឌលកុមារ ហើយ ខែម ត្រូវទៅធ្វើការងារ និងហូបអាហារជាមួយកងម៉ែៗនៅក្នុងភូមិ។ នៅក្នុងកងម៉ែៗ ខែម ធ្វើការងារបញ្ជូលទឹកក្នុងស្រែប្រាំង ហើយប្រសិនបើស្រូវស្វិតនោះអង្គការនឹងដាក់ពិន័យ។ នៅក្នុងសហករណ៍ ខែម ជាមនុស្សសកម្មជាមួយការងារណាស់ ប៉ុន្តែអង្គការមិនបានឲ្យគាត់ធ្វើជាប្រជាជនពេញសិទ្ធិនោះទេ គឺបានត្រឹមប្រជាជនត្រៀមជម្លៀស ព្រោះកាលពីសម័យមុនគ្រួសាររបស់គាត់ជាអ្នកមានទ្រព្យ។ ចំណែករបបអាហារវិញ ក្នុងមួយថ្ងៃ ខែម ទទួលបានភាគច្រើនគឺបបរមួយការក្នុងមួយពេល ប៉ុន្តែនៅរដូវប្រមូលផលគាត់ទទួលបានបាយរយៈពេលប្រមាណ១ខែ។ ពេលទទួលបានអាហារ ខែម បានលួចលាក់កាកបបរទៅឲ្យកូននៅក្នុងមណ្ឌលដែលយំខ្លាំងដោយសារតែអត់ឃ្លាន ហើយខ្លួនឯងហូបតែទឹកបបរប៉ុណ្ណោះ។

ខែម ធ្វើការងារនៅក្នុងសហករណ៍បានមួយរយៈ ទើបអង្គការប្ដូរគាត់ទៅក្នុងក្រុមកងរយ ដើម្បីធ្វើការងារ ជីកព្រែក, លើកប្រឡាយ និងធ្វើការស្ទូងដកនៅរដូវវស្សា។ នៅរដូវធ្វើស្រែ ខែម បានឃើញអ្នកធ្វើការងារជាមួយគ្នាលួចចាប់សត្វកង្កែប, សត្វក្ដាម ឬខ្យងហូបទាំងឆៅ ដោយសារតែអត់ឃ្លានខ្លាំងពេក។ ចំណែក ខែម មិនហ៊ានហូបដូច្នេះទេ ប៉ុន្តែគាត់ហ៊ានលួចចាប់យកមកចំអិននៅផ្ទះ ឬក៏លួចចាប់មាន់ដែលគាត់ចិញ្ចឹមនៅផ្ទះស្ងោហូប ដោយលើកហេតុផលថាដាំទឹក។

នៅក្នុងសម័យខ្មែរក្រហម ខែម បានពពោះ និងបង្កើតកូនពីរនាក់បន្ថែមទៀត។ នៅពេលដែលមានគ័ភ៌ អង្គការមិនបានបញ្ជូន ខែម ទៅការដ្ឋានការនោះទេ គឺឲ្យគាត់ធ្វើជី កាប់ស្លឹកឈើ, ប្រមូលជី, កើបលាមកនៅក្នុងបង្គន់។ ពេលប្រមូលលាមក ខែម បានក្អួតជាច្រើនដងដោយសារតែចាញ់កូន និងខ្ពើមដង្កូវធំៗដែលនៅក្នុងបង្គន់។ ខែម ត្រូវធ្វើការងាររហូតដល់ថ្ងៃឈឺពោះបង្កើតកូននៅផ្ទះ។ នៅពេលសម្រាលកូន មានឆ្មបម្នាក់មកជួយបង្កើត ប៉ុន្តែមិនបានផ្ដល់ថ្នាំ ឬក៏ណែនាំឲ្យថែរក្សាខ្លួននោះទេ។ ចំណែកប្ដីវិញ អង្គការបញ្ជូនគាត់ឲ្យទៅធ្វើការនៅកងចល័ត ធ្វើការងារនៅស្ទឹងបទអន្លង់ព្រៃ និងនៅស្លែង ហើយមិនបានមកមើលថែប្រពន្ធសរសៃខ្ចីនោះទេ។ បន្ទាប់ពី សម្រាលកូនបាន១ខែ ខែម ត្រូវយកកូនទៅផ្ញើយាយនៅក្នុងមណ្ឌល ហើយខ្លួនត្រូវទៅធ្វើការងារតាមអង្គការចាត់តាំងវិញ។ នៅពេលចូលទៅធ្វើការងារ ខែម កើតជំងឺទាស់ ស្គមស្បែកដណ្ដប់ឆ្អឹង រហូតដល់និយាយមិនរួច ប៉ុន្តែអង្គការបានឲ្យតែថ្នាំអាចម៍ទន្សាយលេប។

បន្ទាប់ពីសម្រាលកូនបាន៤ខែ អង្គការបានបញ្ជូន ខែម ទៅធ្វើការងារ ជីកព្រែក និងលើកប្រឡាយនៅក្រៅសហករណ៍។ ពេលចេញធ្វើការងារនៅការដ្ឋាន ខែម បានសុំអនុញ្ញាអង្គការមកបំបៅកូននៅមណ្ឌល ប៉ុន្តែប្រធានកងបានបដិសេធគាត់ ព្រមទាំងកសាង ខែម ថាគាត់នៅកម្មសិទ្ធក្រាស អត់ជម្រះខ្លួនឲ្យស្អាត នៅគិតរឿងផ្ទាល់ខ្លួន។ ចំណែក កូនរបស់ខែម វិញ ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ ហើយខែម មិនបានមកបំពៅកូនបាន ទើបធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺ ក្ដៅខ្លួនរហូតដល់ស្លាប់។

ថ្ងៃមួយ ខែម មានអាការៈរាកយ៉ាងខ្លាំង ហើយគាត់បានសុំប្រធានកងឈប់សម្រាកពីការងារមួយថ្ងៃ។ នៅថ្ងៃដែល ខែម មិនទៅធ្វើការងារ គាត់ក៏មិនទទួលបានអាហារដែរ ព្រោះប្រធានកងមិនបានប្រាប់ទៅប្រធានរោងបាយ។ ខែម មានការហួសចិត្ត ព្រោះនៅពេលគាត់ចូលទៅហូបបាយក្នុងរោង មានកម្មាភិបាលខ្មែរក្រហមដកចានបាយគាត់ចេញមិនឲ្យគាត់ហូប រួចនិយាយថាគាត់ឈឺសតិអារម្មណ៍។ អំឡុងពេលនោះ ខែម ត្រូវបានអង្គការធ្វើការទិតៀនជាច្រើនដង និងមានបំណងបញ្ជូនគាត់ទៅអង្គរបូរី។

នៅចុងឆ្នាំ១៩៧៨ អង្គការបានប្រាប់ឲ្យ ខែម ត្រៀមខ្លួនទៅ ជ្រៃព្នៅ ប៉ុន្តែមិនទាន់ដល់ថ្ងៃជម្លៀសផងស្រាប់តែមានកងទ័ពរំដោះសហការជាមួយកងទ័ពវៀតណាមវាយចូលមក។ នៅពេលវៀតណាមចូលមក អង្គការបានជម្លៀស ខែម និងប្រជាជនផ្សេងទៀត ចេញពីភូមិទៅទិសខាងលិច។ ពេលចេញពីភូមិ ប្ដីរបស់ខែម មិនបានធ្វើដំណើរជាមួយនោះទេ ព្រោះគាត់ត្រូវនៅកំដរឪពុកចាស់។ ខែម ធ្វើដំណើរទៅដល់អង្គអេង ទើបសម្រាកនៅទីនោះមួយយប់។ ពេលសម្រាកនៅអង្គអេង ខែម បានសម្រាលកូនម្នាក់ទៀតឈ្មោះ គឿន។ នៅពេលសម្រាកសម្រាលកូន ខែម មិនបានដឹងថាគាត់សម្រាកលើខ្មោចនោះទេ រហូតដល់ពេលព្រឹកទើបគាត់មើលឃើញថាមានអ្នកស្លាប់។ បន្ទាប់ពីក្រោកឡើង ខែម បានបន្តដំណើរតាមរទេះរហូតដល់ក្រាំងស្លែង និងបានជួបម្ដាយ និងប្ដីនៅទីនោះ។ នៅក្រាំងស្លែង ខែម មិនបានសម្រាកនោះទេ ព្រោះពេលនោះមានការបាញ់គ្នា និងផ្លោងគ្រាប់ខ្លាំង ហើយនៅពេលដែលគ្រួសារគាត់ចេញពីលេណដ្ឋានបន្តិច មានគ្រាប់បែកធ្លាក់ចូល។

គ្រួសាររបស់ខែម បានធ្វើដំណើរទៅមុខបន្តទៀត ប៉ុន្តែនៅតាមផ្លូវមានកងឈ្លប មកដណ្ដើមរទេះដែលគាត់ជិះ។ នៅពេលកងឈ្លបយករទេះទៅបាត់ ខែម បានចូលមកជិះរទេះគ្រួសាររបស់គាត់មួយទៀត រហូតទៅដល់វត្តអង្គសឹង។ នៅក្នុងវត្តអង្គសឹក ខែម បានឃើញគោមួយក្បាល ដែលអង្គការសម្លាប់យកសាច់ភ្លៅមួយ។ ពេលឃើញដូច្នេះ គ្រួសារខែម បានសម្រេចចិត្តត្រលប់មកក្រោយវិញ និងបានជួបទាហានវៀតណាម ឲ្យត្រលប់មកផ្ទះរៀងៗខ្លួនវិញ។ ពេលមកដល់ផ្ទះ ខែម បានយកមាសដែលគាត់លួចលាក់បាននៅក្នុងរបបខ្មែរក្រហម យកទៅដូរអង្ករមួយចំនួន និងខ្លះទៀតដូរយកស្រាមកលក់បន្តទៀត ដើម្បីចិញ្ចឹមជីវិត។

បន្ទាប់មកទៀត នៅពេលដែលប្រទេសមានសន្តិភាព កម្មាភិបាលមួយចំនួនដែលធ្លាប់ធ្វើការងារនៅក្នុងភូមិ និងឃុំត្រលប់ចូលស្រុកវិញ។ ពេលឃើញដូច្នេះ ប្រជាជនបានត្រៀមតំបង វាយកម្មាភិបាលខ្មែរក្រហមរូបណាដែលធ្វើបាបប្រជាជនខ្លាំង ក្នុងនោះឈ្មោះ ចែម ធ្វើជាប្រធានឃុំ និង វន គណស្រុក។ ចំពោះឈ្មោះទាំងពីរនេះ បន្ទាប់ពីវាយរួច ប្រជាជននាំគ្នាចាប់គាត់យកទៅកប់ត្រឹមក នៅខាងត្បូងមន្ទីរពេទ្យ ព្រោះគាត់ទាំងពីរនាក់សម្លាប់មនុស្សច្រើនពេក៕

អត្ថបទដោយ ភា រស្មី


[1] ហង់ ខែម ភេទស្រី អាយុ៦៨ឆ្នាំ, សម្ភាសដោយ គ្រី ភាព នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១, ក្នុងគម្រោង ការលើកកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាព សុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin