សារ៉ុងសូត្រ និងកាំបិតត្នោត

ផេង ឃឿន[1] មានអាយុ ៥៧ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) មានភូមិកំណើត និងរស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឃឿន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ឃឿន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ដោយទី១ ឈ្មោះ ផេង ភាច, ទី២ ផេង ភឺន, ទី៣ ផេង ខន និងទី៤ ផេង ឃឿន។
នៅឆ្នាំ១៩៧០ នៅទីក្រុងភ្នំពេញ គឺមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំដដែល ឃឿន បានរៀបការជាមួយប្តី ដែលជាទាហាន លន់ នល់។ នៅឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមនៅក្នុងព្រៃ បានចូលមកវាយឆ្មក់ ដោយប្លន់សម្ភារ និងស្បៀងរបស់ប្រជាជននៅជិតសាលាតាអន។ អំឡុងឆ្នាំ១៩៧២ នៅភូមិសំរោង គឺមានការទម្លាក់គ្រាប់បែក និងធ្លាក់ចំខាងក្រោយផ្ទះរបស់ឃឿន ប៉ុន្តែសំណាងល្អគ្រាប់បែកនោះមិនផ្ទុះនោះទេ។ ភ្លាមៗនោះ ឃឿន និងម្ដាយក៏ប្រញាប់ប្រញាលរត់ចូលលេណដ្ឋាន។ ការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងសេនាជនបន្តរហូតដល់ឆ្នាំ១៩៧៥ ទើបកងទ័ពខ្មែរក្រហមចូលគ្រប់គ្រងភូមិសំរោងបានទាំងស្រុង។
ថ្ងៃមួយក្នុងឆ្នាំ១៩៧៥ ឪពុករបស់ឃឿន បានត្រលប់មកពីទីក្រុងបាងកក ប្រទេសថៃ និងមកដល់ខេត្តបាត់ដំបង នៅប្រហែលម៉ោង ៧យប់។ នៅម៉ោង ១១យប់ នៅទីក្រុងបាត់ដំបង គឺមានការប្រយុទ្ធយ៉ាងខ្លាំងរវាងកងទ័ពរំដោះ និងទាហាន លន់ នល់។ នៅព្រឹកស្អែក ឪពុករបស់ឃឿន បានព្យាយាមឆ្លងស្ពានថ្មចូលទីក្រុងបាត់ដំបង ក្នុងគោលបំណងដើម្បីទទួលសម្ដេចព្រះ នរោត្តម សីហនុ បន្ទាប់ពីឮដំណឹងថាខ្មែរក្រហមទទួលបានជ័យជំនះ។ នៅពេលទៅដល់ ឪពុករបស់ឃឿន ឃើញតែកងទ័ពរំដោះ ដែលមានឯកសណ្ឋានពណ៌ខ្មៅចូលមកទីក្រុងបាត់ដំបង។ ឃឿន និយាយថា ឪពុកគាត់បានចាញ់បោកការឃោសនារបស់ខ្មែរក្រហម។ ខ្មែរក្រហមបានជម្លៀសប្រជាជនទៅរស់នៅភូមិតាគ្រាម និងហូបបាយតាមផ្ទះ។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានរឹបអូសស្រូវអង្កររបស់ប្រជាជន និងបង្កើតសហករណ៍ ដោយប្រជាជនទាំងអស់ត្រូវហូបរួម និងធ្វើការរួម។ ខ្មែរក្រហមបានបែកចែកប្រជាជន គឺប្រជាជនចាស់ ដែលរស់នៅតាមមូលដ្ឋាន និងប្រជាជនថ្មី ដែលខ្មែរក្រហមជម្លៀសមកពីទីក្រុង។ ប្រជាជនទាំងអស់ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ យុវជន-យុវនារី ត្រូវទៅធ្វើការនៅ ឆ្ងាយពីភូមិ ដោយបែងចែកទៅតាមភេទ, វ័យ និងក្រុម ហើយមនុស្សចាស់ រួមទាំងម្ដាយរបស់ឃឿន ត្រូវមើលថែកុមារតូចៗនៅតាមមូលដ្ឋាន។ ប្តីរបស់ឃឿន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យឡើងដើមត្នោត និងធ្វើស្ករត្នោត។ ដោយសារឃ្លាន ឃឿន បានបេះស្លឹកឈើហូប បណ្ដាលឲ្យកើតជំងឺហើម។ ការហូបចុកក្នុងរបបខ្មែរក្រហម គឺបបរមួយខ្ទះសម្រាប់ប្រជាជនជាច្រើនរយនាក់ហូបក្នុងមួយពេល។ ឃឿន និយាយថា “នៅពេលប្រជុំគេឲ្យធ្វើការ កុំឲ្យខុសសីលធម៌ កុំឲ្យធ្វើពុតជាឈឺ,” សម្រាប់អ្នកធ្វើពុតជាឈឺ នោះខ្មែរក្រហមមិនឲ្យអាហារហូបនោះទេ។
នៅរបបខ្មែរក្រហម គឺមានមន្ទីរពេទ្យនៅវត្តព្នៅសម្រាប់ព្យាបាលអ្នកជំងឺ។ ក្រោយរបបខ្មែរក្រហម ប្រជាជនក្នុងភូមិ និយាយថា មានសាកសពជាច្រើនត្រូវបានរកឃើញក្នុងរណ្ដៅនៅជិតវត្តព្នៅ។ ប្តីរបស់ឃឿន តែងតែយកស្ករខ្លះទុកឲ្យគាត់ហូប។ នៅថ្ងៃមួយ នៅពេល ឃឿន ទៅធ្វើពលកម្ម ប្តីរបស់ឃឿន ត្រូវបានខ្មែរក្រហមចាប់ខ្លួនពីលើផ្ទះ។ ឃឿន ថាប្អូនគាត់បានឃើញដោយផ្ទាល់នៅពេលខ្មែរក្រហមចាប់ប្តីគាត់ចងស្លាបសេក។ ឃឿន និយាយថា ជារៀងរាល់យប់ ខ្មែរក្រហមចង និងបណ្តើរមនុស្សជាជួរៗទៅគុកធំ នៅវត្តសំរោង។ នៅក្នុងវត្តសំរោង មានសាលាបាលី ដែលអ្នកភូមិស្គាល់ថា ជាកន្លែងវាយសម្លាប់មនុស្ស រួមទាំងប្តីរបស់ឃឿន។
បន្ទាប់មក ឃឿន ត្រូវបានខ្មែរក្រហមចាត់ទុកជាស្ត្រីមេម៉ាយដែលគ្មានកូន និងត្រូវបញ្ជូនទៅសមរភូមិមុខ (ការដ្ឋាន ឬវាលស្រែ)។ នៅសមរភូមិមុខ កងបុរស រែកសំណាប និងលើកភ្លឺស្រែ, ចំណែកកងនារី ត្រូវដកស្ទូង និងដកស្មៅ ដោយទទួលបានរបបអាហារ បាយមួយវែកកន្លះ ឬពីរវែកប៉ុណ្ណោះ។ ឃឿន និយាយថា នៅសមរភូមិមុខ ប្រធានកង រួមទាំងគណៈតំបន់៤ ឈ្មោះ ហ៊ាន បានធ្វើខុសសីលធម៌ ប៉ុន្តែប្រជាជនមិនហ៊ាននោះទេ។ ឃឿន និយាយថា គាត់ត្រូវដកស្ទូង, លើកភ្លឺស្រែ, ជីកប្រឡាយ, និងកាប់ឆ្ការព្រៃផងដែរ។ ក្រោយមក ឃឿន បានរស់នៅជាមួយស្ត្រីមេម៉ាយដូចគ្នា ឈ្មោះ លាង ដែលបាត់បង់ប្តី និងកូនស្រីបីនាក់ ដោយសល់តែកូនតូចម្នាក់ប៉ុណ្ណោះ។
ក្រោយពេលរបបខ្មែរក្រហមដួលរលំ លាង បានទៅរស់នៅសហរដ្ឋអាម៉េរិក។ ចំណែក ឃឿន បន្ទាប់ពីកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជា ឃឿន បានទៅរកសាកសពប្តីក្នុងរណ្ដៅដែលមានសាកសពបីនាក់។ ឃឿន ឃើញសារ៉ុងសូត្រ និងកាំបិតត្នោតរបស់ប្តីគាត់នៅក្នុងនោះ ទើបគាត់សន្និដ្ឋានថា ប្តីគាត់ស្លាប់នៅទីនោះ។ អស់ពេលជាច្រើនឆ្នាំកន្លងផុតទៅ លាង បានត្រលប់មកជួប ឃឿន និងទៅរកផ្នូរប្តី និងកូនរបស់ខ្លួន។ នៅរបបខ្មែរក្រហម ឃឿន បានបាត់បង់ប្តី, បងថ្លៃ និងបាត់ដំណឹងបងប្រុស ឈ្មោះ ផេង ភឺន[2] ដែលត្រូវខ្មែរក្រហមចាប់ខ្លួនទៅនៅពេលប្រជុំនៅសាលាតាអន តំបន់៤៕
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ
[1] ឯកសារលេខ BBI០០១៥. (២០០៦). សម្ភាសជាមួយ ផេង ឃឿន ដោយ សុខ វណ្ណៈ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[2] ឯកសារលេខ K០៩០១០. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ផេង ភឺន. មជ្ឈមណ្ឌលឯកសារកម្ពុជា.